ឪពុករបស់កុមារបីនាក់ដែលទទួលរងការវាយដំដោយដំបងឈើនិងដែកពីសំណាក់កម្មកររបស់ក្រុមហ៊ុនឌីអិមគ្រុប (DM Group)
ដែលមានខ្នងក្រាស់នៅខេត្តរតនគិរី បានដាក់ពាក្យប្ដឹងក្រុមហ៊ុននេះ និងទាមទារសំណងរាប់មឺុនដុល្លារ។
កូនបីនាក់របស់លោក រី សារ៉ុន រួមមានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលពេលនេះកំពុងរង់ចាំការវះកាត់នៅមន្ទីរពេទ្យប្រទេសវៀតណាមដើម្បីសម្អាតឈាមកកនៅក្នុងក្បាលរបស់ក្មេងប្រុសនេះ ដែលអាចមានគ្រោះថ្នាក់ដល់ជីវិតនោះ ត្រូវបានវាយដំ
ជាមួយនឹងអ្នកជិតខាងម្នាក់ទៀត កាលពីថ្ងៃសៅរ៍ ពេលព្យាយាមបញ្ឈប់កម្មកររបស់ក្រុមហ៊ុន ឌី អិម គ្រុប មិនឲ្យរានដីស្រែរបស់ខ្លួន។
សាលាដំបូងខេត្ត បានចោទប្រកាន់កម្មករទាំងបួននាក់នេះពីបទបង្ករបួសស្នាមដោយចេតនា ប៉ុន្តែ បានដោះលែងទាហានវរសេនីយ៍ឯកម្នាក់ឈ្មោះ ស្រី ធឿន ដែលស្ថិតនៅកន្លែងកើតហេតុនេះ ប៉ុន្តែមិនបានចូលរួមក្នុងការវាយដំនេះទេ។
លោក រី សារ៉ុន និងសាក្សីម្នាក់ ដែលឃើញហេតុការណ៍វាយដំនេះ បានអះអាងថា វរសេនីយ៍ឯក ស្រី ធឿន បានការពារកម្មករ
របស់ក្រុមហ៊ុន ឌី អិម គ្រុប ដោយគំរាមបាញ់អ្នកណា ដែលមានបំណងបញ្ឈប់ការឈូសឆាយដីនេះ។
លោក រី សារ៉ុន បាននិយាយកាលពីថ្ងៃអង្គារថា គាត់បានដាក់ពាក្យប្ដឹងក្រុមហ៊ុននេះដើម្បីទាមទារសំណង៤០.០០០ដុល្លារ។
គាត់បាននិយាយថា “ ខ្ញុំចង់ប្ដឹងមនុស្សបីនាក់នេះ ពីព្រោះពួកគេ បានប្រើអំពើហិង្សាមកលើកូនប្រុស និងកូនស្រីរបស់ខ្ញុំ”។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការសិទិ្ធមនុស្សអាដហុកប្រចាំខេត្តរតនគិរីបានមានប្រសាសន៍ថា លោកបានជួយលោករី សារ៉ុន ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃអង្គារ។
លោកមានប្រសាសន៍ថា“ ខ្ញុំបានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្ត នៅថ្ងៃនេះ បន្ទាប់ពីឪពុករបស់ជនរងគ្រោះ បានមកការិយាល័យរបស់ខ្ញុំមួយថ្ងៃមុននេះដើម្បីសុំជំនួយ”។
លោក រី សារ៉ុន បាន និយាយថា គាត់កំពុងត្រៀមស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានបញ្ជាក់ពីប័ណ្ណកម្មសិទិ្ធដី ដែលគាត់បានទទួលនាពេលថ្មីៗនេះលើដីស្រែដែលកូនរបស់គាត់បានការពារ ពេលពួកគេ ត្រូវបានគេវាយដំនោះដើម្បីខ្ចីប្រាក់កម្ចីចំនួន២.០០០ដុល្លារសម្រាប់ព្យាបាលកូនប្រុសរបស់គាត់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។
គាត់បាននិយាយថា វេជ្ជបណ្ឌិតនៅទីនោះបានកំណត់កាលបរិច្ឆេទ ធ្វើការវះកាត់កូនប្រុសរបស់គាត់នៅថ្ងៃសៅរ៍។
លោក វ៉ែន វិបុល អ្នកនាំពាក្យក្រុមហ៊ុន ឌី អិម គ្រុប មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ប៉ុន្តែ កាលពីថ្ងៃសៅរ៍លោក វ៉ែន វិបុល បានចាត់ទុកការវាយតប់គ្នាកាលពីថ្ងៃសៅរ៍នេះថាជាការយល់ច្រឡំគ្នា ពីព្រោះកម្មកររបស់ក្រុមហ៊ុននេះ “ មិនដឹងច្បាស់” ថា ដីនេះជាកម្មសិទិ្ធរបស់នរណាឡើយ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ