26 C
Phnom Penh

សកម្មជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញពី​លំនៅ​ដ្ឋាន​នាំ​​​គ្នា​​​​តវ៉ា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​មក​​ពី​សហគមន៍​បឹង​កក់​បាន​ធ្វើ​ការ​តវ៉ា​រួម​​គ្នា​​ក្នុង​គោល​បំណង​សុំ​ជំនួយ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ទាំង​នៅ​ស្ថាន​ទូត​របស់​ប្រទេស​នេះ​ប្រចាំ​​​​រាជធានី​ភ្នំពេញ​ និង​នៅ​ស្ថាន​ទូត​​ខ្មែរ​ក្នុង​ទីក្រុង​សេអ៊ូល​។

ការតវ៉ា​នៅក្នុង​ទី​ក្រុង​សេអ៊ូល​នេះ​គឺ​ជា​លើក​ទី១​ហើយ​ ដែល​សកម្មជន​បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្រៅ​ប្រទេសប្រឆាំង​នឹង​ការ​បណ្ដេញ​​
ប្រជា​ពល​រដ្ឋ​ប្រ​មាណ​៣.០០០​គ្រួ​សារ​ចេញ​ពី​សហគមន៍​បឹង​កក់។ ​

​ពេល​ទាក់​ទង​​​តាម​ទូរ​ស័ព្ទ​ទៅ​ក្រុង​សេអ៊ូលអ្នកស្រី បូវ សុភា សកម្មជន​បឹង​កក់​បាន​ឲ្យ​ដឹង​​ថា អ្នកស្រី​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​​ទៅ​​​ចូល​រួម​សិក្ខា​សាលា​​មួយ​ស្ដី​អំពី​សិទ្ធិ​មនុស្ស​​ដែល​ឧប​ត្ថម្ភ​ដោយ​អង្គការ​លើកលែង​ទោស​អន្ដរជាតិ ដែល​ពេល​នោះ​អ្នក​ស្រី​ និង​អ្នក​ចូល​រួម​ប្រហែល​៣០​នាក់​ផ្សេង​ទៀត​ ភាគ​ច្រើន​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​សម្រេច​ឲ្យ​​​​សកម្មជន​សហគមន៍​បឹង​កក់​ធ្វើ​ការ​តវ៉ា​នៅ​ស្ថាន​ទូត​​ខ្មែរ​នៅ​ទី​នោះ។​

អ្នក​ស្រី​បាន​មានប្រ​សាសន៍​ថា អ្នកតវ៉ា​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​​កំណត់​ព្រំ​ប្រទល់​​តំបន់​បឹង​កក់​​
មួ​យផ្នែក​ដែល​រដ្ឋាភិបាល​បាន​​លៃ​ទុក​​ឲ្យ​​​ពួកគេ​​សង់​សំនៅ​ដ្ឋាន​ ដោយ​​មិន​​​បណ្ដេញ​​អ្នក​ភូមិ​ចេញ​​ទៀត​​ឡើយ​ និង​សុំ​ឲ្យ​ដោះ​លែង​អ្នក​ស្រីយ៉ម បុុប្ផា​ សកម្មជន​​បឹង​កក់​ដែល​ត្រូវគេចាប់​​​ដាក់​ពន្ធ​នាគារ​។

​អ្នកស្រី សុភា ដែលគ្រោង​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ស្អែក​នោះ​​មាន​ប្រសាសន៍​ថា “ ស្ថាន​ទូត​​ខ្មែរ​នៅ​ទី​នោះ​​បាន​ទទួល​យក​ញត្ដិ​​​​របស់​យើង​ហើយ និង​បាន​និយាយ​ថា ពួកគេ​​នឹង​បញ្ជូន​សំណើ​នោះ​​មក​រដ្ឋាភិបាល​កម្ពុជា ប៉ុន្ដែ​ពួកគេ​មិន​បាន​និយាយ​អ្វី​ផ្សេង​ទៀត​ទេ​​”។

​អ្ន​ក​​​ស្រី ទេព វន្នី​ សកម្មជន​សហគមន៍​បឹង​កក់​​ដែល​បាន​ដឹក​នាំ​ការ​តវ៉ាព្រម​ពេល​គ្នានៅ​ស្ថាន​ទូត​កូរ៉េខាង​ត្បូង​ក្នុង​រាជធានី​ភ្នំពេញបាន​និយាយ​ថា ខ្លួន​សង្ឃឹម​ថា ការ​តវ៉ា​នៅ​កូរ៉េ​ខាង​ត្បូង​​នេះ​អាច​ជួ​យ​ឲ្យ​​​អន្ដរ​​​ជាតិ​​​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​​បញ្ហា​នេះ។
អ្នកស្រី​​បន្ដ​ថា ​ហើយ​ក្នុង​នាម​ជា​អ្នក​ប្រជា​​​​ធិបតេយ្យ​ ដែល​ផ្ដល់​ជំនួយ​ដល់​កម្ពុជា និង​​បាន​វិនិយោគ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា កូរ៉េ​ខាង​ត្បូង​អាច​ដាក់​សម្ពាធ​ខាង​នយោ​បាយ​​លើកម្ពុជា​ ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ។​

​អ្នកស្រី​វន្នី​ ​បាន​និយាយថា “ ខ្ញុំ​គិត​ថា កូរ៉េ​​ខាង​ត្បូង​ជា​ដៃ​គូរ​របស់​រដ្ឋាភិបាល​ ដូច្នេះ​កូរេ៉ខាង​ត្បូងអាច​សហការ​ ដើម្បី​ឲ្យ​កម្ពុជា
គោ​រព​សិទ្ធិ​មនុស្ស​​ និង​ដើម្បី​អភិវឌ្ឍ​តម្លា​ភាព។

កូរ៉េខាង​ត្បូង​គឺ​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​។ ខ្ញុំ​គិត​ថា កូរ៉េ​ខាង​ត្បូង​មាន​កាតព្វ​កិច្ចអន្តរា​គមន៍​​ក្នុង​បញ្ហា​នេះ”។
​មន្ត្រី​ស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង​ ដែល​​គ្រាន់​តែ​ប្រាប់​ថា ​ឈ្មោះ​ ចាង (Jang)​​​​​​​​​​​​​​​​​​​​​​នោះ​បាន​ចេញ​មក​​ទទួល​ញត្ដិរបស់​អ្នក​តវ៉ា និង​បាន​និយាយ​ថា ខ្លួន​នឹង​ពិនិត្យ​មើល​​​។ ​ស្ថាន​ទូត​​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយទេ៕

ប្រែសម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស