ក្រុមហ៊ុនវិនិយោគហុងកុងដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ការយកពន្ធរបស់រដ្ឋាភិបាលលើការនាំចេញអាហារសមុទ្រធ្វើឲ្យឧស្សាហកម្មកែច្នៃត្រីនៅប្រទេសកម្ពុជាមានការរអាក់រអួល។
សម្ពន្ធ សាន់វ៉ា (Sunwa) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានចាប់ផ្តើមដំណើរការរោងចក្រកែច្នៃបង្គាមួយកន្លែងនៅខេត្តព្រះសីហនុ កាលពីឆ្នាំ១៩៩៤ ហើយផែនការរបស់សម្ពន្ធនេះនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានផែនការសាងសង់អគារខ្ពស់មួយកន្លែងដែលមានទំហំទឹកប្រាក់វិនិយោគចំនួន៤០០លានដុល្លារនៅណ្តាលរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ លោក ចូណាថាន់ ឈ័រ (Jonathan Choi) ប្រធានសម្ពន្ធ សាន់វ៉ា បានមានប្រសាសន៍ថា ការយកពន្ធចំនួន១០ភាគរយលើការនាំចេញអាហារសមុទ្រ បានធ្វើឲ្យក្រុមហ៊ុននេះមិនអាចបង្កើនប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជាបាន ហើយវាជាកត្តាដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាហារសមុទ្រដែលមានទ្រង់ទ្រាយតូចនៅប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើអ្នកយកពន្ធចំនួន១០ភាគរយ លើការនាំចេញនោះផលិតផលដែលផលិតនៅទីនេះមិនអាចប្រកួតប្រជែងបានទេ។ អ្នកនេសាទឆ្លាតណាស់ គឺថា ប្រសិនបើអ្នកបញ្ចុះថ្លៃ១០ភាគរយដោយសារតែពន្ធដែលអ្នកបង់ឲ្យរដ្ឋាភិបាល ពេលនោះពួកគាត់នឹងលក់ទៅឲ្យប្រទេសថៃ ពួកគាត់នឹងលក់ទៅឲ្យប្រទេសវៀតណាម [ដែលគេមិនយកពន្ធលើការនាំចេញអាហារសមុទ្រ]”។
លោក ឈ័រ បានមានប្រសាសន៍ថា លោកបានឃើញទូកនេសាទកម្ពុជាទៅលក់ផលនេសាទរបស់ខ្លួននៅកំពង់ផែវៀតណាម ដែលពួកគាត់អាចទទួលបានតម្លៃខ្ពស់ជាង។
លោក បានឲ្យដឹងទៀតថា សម្ពន្ធ សាន់វ៉ា ដែលមានរោងចក្រកែច្នៃអាហារសមុទ្រនៅប្រទេសថៃ និងវៀតណាម ហើយមានផែនការសាងសង់គម្រោងអចលនទ្រព្យទំនើបលើផ្ទៃដីមួយប្លង់នៅជិតកាស៊ីណូ ណាហ្គាវើល(NagaWorld) ផងដែរនោះ បានកាត់បន្ថយបុគ្គលិករបស់ខ្លួនពីជាច្រើនរយនាក់មកនៅមិនដល់១០០នាក់ផង ហើយបុគ្គលិកទាំងនោះទៀតសោតធ្វើការតាមរដូវកាល ដោយសារកង្វះវត្ថុធាតុដើមសម្រាប់យកមកកៃច្នៃ។
លោកបានមានប្រសាសន៍ថា “រោងចក្ររបស់យើងស្ថិតនៅកំពង់ផែខេត្តព្រះសីហនុអស់រយៈពេល២០ឆ្នាំហើយ ហើយមិនអាចធ្វើការងារបានទេ។ [វាផលិត] បានបរិមាណតិចតួចតែប៉ុណ្ណោះ”។
លោក ឈ័រ បានបន្ថែមទៀតថា លោក បានបង្ហាញគំនិតរបស់លោកដល់រដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលកម្ពុជាហើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគាត់ថា ប្រសិនបើលោកចង់ពង្រីកឧស្សាហកម្មរបស់លោក លោកគួរតែលើកទឹកចិត្តចំពោះការនាំចេញ ជាជាងដាក់ទណ្ឌកម្មចំពោះការនាំចេញ”។
លោក សុខ សុវិទ្យា អនុប្រធានអង្គភាពទំនាក់ទំនងសាធារណៈនៅឯអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានមានប្រសាសន៍ថា ការ
យកពន្ធចំនួន១០ភាគរយត្រូវបានយកលើផលិតផលជាក់លាក់មួយចំនួនតែប៉ុណ្ណោះដូចជា អាហារសមុទ្រ ដែលត្រូវបានគេចាត់ទុកថាជាធនធានធម្មជាតិ។
លោកបានឲ្យដឹងថា “ការយកពន្ធចំនួន១០ភាគរយគឺសម្រាប់ត្រីមិនទាន់កែច្នៃ។ សម្រាប់ត្រីដែលបានកែច្នៃរួច ការយកពន្ធមានកម្រិតទាប” ហើយលោកបានបន្ថែមទៀតថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ចំពោះការលើកឡើងទាំងនេះពីសំណាក់ក្រុមហ៊ុន៕
ប្រែសម្រួលដោយ ហួង កុកទៀន