40.6 C
Phnom Penh

បក្ស​ប្រជាជន​ថា សមា​ជិក​សភា​​ មកពី​​បក្ស​សង្គ្រោះ​ជាតិ​​ គ្មាន​សិទ្ធិ​អង្គុ​យក្នុង​រដ្ឋ​សភា​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​ជាន់ខ្ពស់​មកពី​គណបក្ស​​ប្រជាជន​កម្ពុជា​ កាលពីម្សិលមិញ​បាន​លើក​ឡើងថា សមាជិក​សភាមកពី​គណ​បក្ស​ ដែល​ទើប​បង្កើ​ត​ថ្មី​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ គ្មាន​សិទ្ធិស្រប​ច្បាប់​ ដើម្បី​អង្គុយ​ក្នុង​រដ្ឋសភា​ឡើយ​ ប៉ុន្តែ​នៅតែទទួល​ការ​អនុគ្រោះ​បែប​ចិត្ត​មេត្តា​ធម៌​របស់លោក​ ហេង​ សំរិន​ ប្រធាន​
រដ្ឋសភា​។​

ចាប់តាំង​ពីគណ​បក្ស​ប្រឆាំង​ គឺ​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ បាន​រួម​បញ្ចូល​គ្នា​ ដើម្បី​​បង្កើត​​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាលពីឆ្នាំ​មុន​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា​ខាង​មុខ សមា​ជិក​សភា​មកពីគណ​បក្ស​ទាំង​ពីរនេះ​ នៅតែ​បន្ត​បម្រើការ​ក្នុង​រដ្ឋ​សភា​ ក្រោម​ឈ្មោះ​គណបក្សថ្មី។​

ប៉ុន្តែ​នៅពេលថ្ងៃ​បោះឆ្នោត​ ដែល​នៅ​សល់​មិនដល់​បីខែ​ផងនោះ គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ក្នុងសប្តាហ៍​នេះ ​បាន​ចាប់​ផ្តើម​​លើកឡើងថាសមាជិកសភាមកពី​គណ​បក្ស​សង្គ្រោះជាតិ​ ត្រូវបានហាម​ឃាត់​មិន​ឲ្យ​អង្គុយ​ក្នុង​រដ្ឋសភា​ឡើយ​ ដោយសំអាង​ទៅ​លើ​មូល​ហេតុថា ពួកគេ​នៅមិនទាន់មាន​ការ​បោះឆ្នោត​ជ្រើស​រើ​សឲ្យចូល​បម្រើការ​ក្នុង​រដ្ឋសភាឡើយ។​

នៅក្នុង​រដ្ឋ​សភា​កាលពីថ្ងៃ​ពុធ​ លោក ជាមយៀប​ សមា​ជិកសភា​ជាន់ខ្ពស់​មកពី​គណបក្ស​ប្រជាជន​ បាន​ដាក់លិខិត​មួយ​ច្បាប់​ជូន​លោក ហេង សំរិន និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​ស្នើ​ឲ្យបង្កក​ប្រាក់បៀវត្សរ៍​របស់សមា​ជិកសភាមកពី​គណបក្ស​សង្គ្រោះជាតិ​។​

លោកបា​នបន្តការ​វាយ​ប្រហារ​ជាបន្ត​បន្ទាប់​​ កាលពីម្សិលមិញ អំឡុង​ការពិភាក្សា​ដ៏ក្តៅគគុក​មួយ​នៅក្នុង​រដ្ឋសភា​ ដែល​ត្រូវបាន​ធ្វើឡើង​ ដើម្បី​ពិភាក្សា​ និងអនុម័ត​ច្បាប់​ថ្មី​ស្តីពី​ការ​បង្កើតសហការ​ណ៍​​​របស់កសិករ​ ដោយ​សារ​លោក យឹម សុវណ្ណ​ សមាជិក​សភា​​​មកពី​គណបក្ស​សង្គ្រោះជាតិ​ ដែល​​​បាន​​​យក​​​ការ​ពិភាក្សាដេញដោល​ កាលពីម្សិលមិញ​ ដើម្បី​បង្ហាញ​សមាជិក​សភាអំពី​គោល​នយោ​បាយ​របស់គណ​បក្សប្រឆាំង​សម្រាប់​ឃោសនា​បោះឆ្នោត​ជាតិ។​

លោក ជាម យៀប​ បាន​​មាន​ប្រសាសន៍ថា​“ ឈ្មោះរបស់​ឯកឧត្តម​ យឹម សុវណ្ណ​ មាន​តែ​នៅក្នុង​គណបក្ស​សង្គ្រោះជាតិ​ ហេតុដូច្នេះ​លោក​គ្មាន​ឈ្មោះ​ក្នុង​រដ្ឋ​សភា​ឡើយ​។ លោក​គឺជា​សមាជិក​មួយរូប​នៅក្នុង​គណ​បក្សថ្មី​ ដែល​គ្មាន​អាសនៈ​នៅក្នុងរដ្ឋសភា”។​

លោកបានបន្តថា “ ខ្ញុំចង់​និយាយថា​ នេះ​ ដោយសារសេចក្តីមេត្តា​ និងការ​យោគយល់​របស់សម្តេចប្រធាន​រដ្ឋសភា​ដែល​អនុញ្ញាត​ឲ្យលោក​មាន​វត្តមាន​នៅទីនេះ​។​ តាមពិត​ ​ត្រូវដេញលោក​ចេញ​ពីរដ្ឋសភា​ ហើយ​តាម​ច្បាប់​មិន​គួរ​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីនេះ​ឡើយ”។​​

លោក ជាម យៀម​ ក៏បាន​វាយ​ប្រហារ​គណបក្ស​សង្គ្រោះជាតិផងដែរ​ ដែល​បាន​លើកឡើងពី​ឈ្មោះ​ប្រធាន​បក្ស​របស់​គណ​បក្ស គឺលោក សម រង្ស៊ី​ ដែលនិរទេស​ខ្លួន​​​ឯង​ទៅរស់នៅប្រទេស​បារាំង​ ដើម្បី​គេចពី​ការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​រយៈពេល​​១១​ឆ្នាំ​ ដែលត្រូវបាន​កាត់បន្ថយទោស​ដើម​​រយៈ​ពេល​១២ឆ្នាំ​ ពី​​​បទ​ចោទ ដែល​លោក​នឹង​​​​អ្នក​​​គាំទ្រ​លោក​ជឿថា​​ ជាការ​ចោទ​ប្រកាន់​​គ្មាន​​​​មូល​ដ្ឋាន​ និង​ជារឿង​នយោ​បាយ​។

លោក ជាម យៀប​ បានមាន​ប្រសាសន៍​ថា​“ លោកមិនអាច​ប្រើឈ្មោះ​ សម រង្ស៊ី​ បាន​ទេ ព្រោះជាទណ្ឌិត ដែល​ត្រូវ​តុលាការ​​ផ្ដ​​​ន្ទា​ទោស​​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​​១២ឆ្នាំ​ តែមិន​បានទទួលទោស​ជាប់​ពន្ធនាគារ​របស់​ខ្លួន​នោះ”។

លោក ងួន ញុិល​ អនុប្រធាន​រដ្ឋ​សភា​ បាន​ប្រាប់​សមាជិកសភា​មកពីគណបក្ស​សង្គ្រោះ​ជាតិ​ថា​ ពួកគេ​គ្មានសិទ្ធ​ិយក​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ ដើម្បី​និយាយ​អ្វីក្រៅពី​កិច្ចពិភាក្សា​ដេញដោល​អំពី​ច្បាប់​នោះឡើយ។​

លោក ងួន ញុិល បានមាន​​​ប្រសាសន៍​​​អំឡុង​​​ពេល​​​នោះ​​​ថា “ អ្នក​ទាំងអស់​គ្នា​លែង​​​ជា​សមា​​ជិក​សភា​មកពី​គណបក្ស​ សម រង្ស៊ី ទៀត​ហើយ​។​ នៅ​​​ពេល​លោក​អង្គុយ​នៅ​ទីនេះ ខ្ញុំ​មិនដឹង​ថា លោក​តំណាង​ឲ្យ​នរណា​​​ទេ​ ពីព្រោះ​លោក​​​​​​បា​ន​លាលែង​ពីតំណែង​​​​នៅ​​​គណបក្ស​​​នេះ​​​ហើយ” ។​

លោកបានមាន​​​ប្រសាសន៍​បន្ថែម​ថា​“ លោកនាំគ្នា​វាយប្រហារ​គណបក្ស​ប្រជា​ជន​​កម្ពុជា​ និងវាយប្រហារ​រដ្ឋា​ភិបាល​ ដែល​ទង្វើ​បែបនេះត្រូវហាម​ឃាត់​នៅក្នុង​ច្បាប់​ផ្ទៃ​ក្នុង​របស់រដ្ឋសភា”។​

លោក យឹម សុវណ្ណ​ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះជាតិ​ បានមាន​ប្រសាសន៍​នៅក្នុង​រដ្ឋសភា​កាលពី​ម្សិល​មិញ​ថា​​ លោក កឹម សុខា​ អនុប្រធាន​ និង​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ នឹង​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមារបស់កម្មករ​ឲ្យដល់​១៥០ដុល្លារ​ក្នុងមួយខែ​ និង​ផ្តល់​សេវាថែទាំសុខភាព និង​​អប់រំ​នៅទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ ប្រសិនបើ​គណ​បក្សសង្គ្រោះជាតិ​ត្រូវបាន​បោះឆ្នោត​ឲ្យឡើងកាន់អំណាច​នៅក្នុងការ​បោះ​ឆ្នោត​នាខែកក្កដាខាងមុខនេះ។​

លោកបានមានប្រសាសន៍ថា “ ខ្ញុំមិន​ចង់​លើក​ឡើងពី​ឈ្មោះ​របស់​គណបក្ស​នោះទេ​ ប៉ុន្តែ​​បើខ្ញុំ​មិននិយាយទេ​ វាគឺរឿង​លំបាក​ណាស់​។​ ខ្ញុំមកទីនេះ​ក្នុង​នាម​តំណាង​ឲ្យ​ លោក​ប្រធាន​ សម រង្ស៊ី និង​លោកអនុប្រធាន​បក្ស​ កឹម សុខា​”។​

ថ្លែង​បន្ទាប់ពី​ចប់សម័យប្រជុំ​ លោក យឹម សុវណ្ណ​ បានលើកឡើងថា​ ការ​ពិភាក្សា​​កាល​ពីម្សិលមិញ​ បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ច​ពិភាក្សា​ដេញដោល​នៅ​ក្នុងរដ្ឋសភា​នេះនៅ​មាន​ចំណុច​ខ្វះខាត។​

លោកបានមាន​ប្រសាសន៍​បន្ទាប់ពី​សម័យ​ប្រជុំកាលពី​ម្សិលមិញថា​ “ គ្មានច្បាប់​ណា​ចែងថា​ ខ្ញុំមិនអាច​លើក​ឡើង​ពីឈ្មោះ​នរណា​
ម្នាក់ឡើយ​។​ គេ​ឃើញ​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងកើនឡើង​ ហេតុ​ដូច្នេះ​ទើបគេ​ព្យាយាម​បញ្ឈប់​គណបក្ស​សង្គ្រោះជាតិ​មិន​ឲ្យនិយាយស្តី​”។​
ទោះជាយ៉ាង​ណា​ លោក ហង្ស​ ពុទ្ធា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យា​ក្រឹត្យ និង​មិន​លម្អៀង​​ សម្រាប់​ការបោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិ​ធម៌​នៅក្នុង​ប្រទេស​កម្ពុជា​​ បាន​មាន​ប្រសាសន៍ថា​ ការលើកឡើង​របស់​គណ​បក្ស​កម្ពុជា​​ដែលថា ​គណបក្ស​សង្គ្រោះ​ជាតិ​​គ្មាន​សិទ្ធិស្របច្បាប់​​ ដើម្បីអង្គុយ​នៅក្នុង​រដ្ឋសភានោះ គឺត្រឹមត្រូវ​។​ លោក​បាន​​​​​មាន​​​ប្រសាសន៍​​​ថា​ “ យោង​​​តាម​​​​ច្បាប់​ គឺ​វាអ៊ីចឹងមែន​ នេះជាក្រឹត្យ​ក្រម​របស់​ច្បាប់​”។​

ច្បាប់ស្តីពីការ​បោះឆ្នោត​ ដែល​និយាយ​​អំពី​សមាជិក​​រដ្ឋសភា​ចែងថា​ សមាជិក​សភា​ត្រូវតែ​បាត់បង់​អាសនៈ​របស់ខ្លួន​ នៅក្នុង​ករណីណាខ្លួនបា​នបាត់​បង់​សមាជិក​ភាពនៅ​ក្នុងគណបក្ស​នយោបាយ​របស់ខ្លួន​។​

ប៉ុន្តែច្បាប់ដដែលនេះ​ ក៏ផ្តល់​សិទ្ធិ​ឲ្យ​គណបក្ស​ជ្រើសរើស​អ្នកជំនួសដែរ​ ប្រសិន​បើ​សមាជិក​បាត់​បង់​អាសនៈ​របស់​ខ្លួន​ក្នុង​រយៈពេល​ប្រាំមួយខែ​នៅមុនពេល​ចប់​អាណត្តិ​សភា៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង​​ ​​​​​​​​​​​​​​  ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស