30 C
Phnom Penh

អ្នក​ភូមិ​ប្តឹង​ទៅ​អភិ​បាល​ខេត្ត​កោះ​កុង​រឿង​​ជម្លោះ​ដីធ្លី​ជាមួយ​អង្គការការ​ពារ​​សត្វ​ព្រៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ប្រជា​ពល​រដ្ឋ​ជាង​១០០​នាក់​ ដែល​មាន​ជម្លោះ​ជាច្រើ​ន​​​ឆ្នាំ​ជាមួយ​នឹង​អង្គការ​សម្ពន្ធ​​​​សត្វ​ព្រៃ​​ក្នុង​ស្រុក​មណ្ឌល​សី​មា ខេត្ត​កោះ​កុង​នោះ ​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​លោក​អភិបាល​ខេត្ត​​ ដោយ​​ស្នើ​សុំ​ឲ្យ​គេ​​វាស់​វែង​ដី​របស់​ពួកខ្លួន​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ចែក​ប័ណ្ណ​កម្មសិទ្ធ​ិដី​ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។​​​​​​​​

​តំណាង​អ្នក​ភូមិម្នាក់​ឈ្មោះ ង៉ែត វ៉ន អាយុ​​៥៥​ឆ្នាំ​ បាន​ឲ្យ​ដឹង​​ថា អ្នក​ភូមិ​ត្រូវ​បាន​ហាម​មិន​ឲ្យ​បង្ក​បង្កើន​ផល​លើ​ដីនេះ តាំង​ពី​ឆ្នាំ​២០០៤​ គឺ​នៅ​​ពេល​ដែល​អង្គការ​សម្ពន្ធ​​​​សត្វ​ព្រៃ​បាន​ចុះ​មក​អនុវត្តកម្មវិធី​ការ​ពារ​ព្រៃ​ឈើ​​ក្នុង​តំបន់​​នេះ​ ​។

លោក ង៉ែត វ៉ន បាន​ចោទ​ថា លំនៅ​ដ្ឋាន​ពួកគាត់​​​មួយ​ចំនួន​ត្រូវ​បាន​អង្គការ​នេះ​​ដុត​ចោល​ក្នុង​ឆ្នាំ​២០០៤​ ក្នុង​បំណង​បណ្ដេញ​ពួកខ្លួន​ចេញ​ពី​ព្រៃ​ការ​ពារ​នេះ។
លោក ង៉ែត វ៉ន​ បានមាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​ឧបទ្ទវហេតុ​នោះ​បាន​កើត​ឡើង​ អង្គការ​នេះ​​បាន​ហាម​យើង​មិន​ឲ្យ​ប្រើ​ប្រាស់​ ឬ ​បង្កបង្កើន​ផល​នៅ​លើ​ដី​របស់​​យើង​ទេ”។

​ដោយ​ត្រៀម​ចាំ​និស្សិត​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដី​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី អ្នក​ស្រី ង៉ែត ចន្ធា អាយុ​៣៣​ឆ្នាំ​បាន​មាន​ប្រសាសន៍​​ថា អាជ្ញាធរ​ភូមិ​ និង​អាជ្ញាធរ​ស្រុក​បាន​ប្រាប់​អ្នកភូមិ​ឲ្យ​បោះ​ព្រំ​ដី​ឡូត៍​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ ដើម្បី​ងាយ​ស្រួល​សម្រាប់​និស្សិត​​ស្ម័គ្រ​ចិត្ត​ចុះ​កំណត់​ព្រំ​ដី​ឲ្យ​។

​អ្នក​ស្រី ចន្ធា ​និយាយ​ថា “ នោះ​គឺ​ជា​មូល​ហេតុ ដែល​ប្ដី​របស់​ខ្ញុំ​ឈ្មោះ ប៉ាង ហេង បាន​ទៅ​ត្រួសត្រាយព្រៃ​លើ​​​ដី​របស់​យើង​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដើម្បី​បោះ​ព្រំ​ដី។ ប៉ុន្ដែ​ គាត់​​ត្រូវ​បាន​អង្គការ​សម្ពន្ធ​​​​សត្វ​ព្រៃ​ និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​ នៅព្រឹក​បន្ទាប់”។

​អ្នក​ស្រីបាន​បន្ថែម​ថា “ យើង​បាន​ដាក់​ពាក្យបណ្ដឹង ​[កាល​ពី​ថ្ងៃ​ពុធ​] ​ដើម្បី​សុំ​ជំនួយពី​សម្ដេច ហ៊ុន សែន ក្រែង​លោក​អាច​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ឲ្យ​ជន​ក្រី​ក្រដូច​យើង​”។

លោក ហត សុគន្ធ អ្នកគ្រប់​គ្រង​បច្ចេក​ទេស​ព្រៃ​ឈើ​របស់​អង្គការ​សម្ពន្ធ​​​​សត្វ​ព្រៃ​បាន​មានប្រសាសន៍​ថា ជន​សង្ស័យ​ឈ្មោះ ជា សុខហេង ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​កាប់​ព្រៃ​​នៅ​ចម្ងាយ​១២​គីឡូ​ម៉ែត្រ​ពី​ភូមិ​នេះ។

​លោក សុគន្ធ ​លើកឡើង​​ក្នុងអីុ​ម៉េល​ថា “ នៅ​លើ​ដី​នោះ​គ្មាន​ផ្ទះទេ សូម្បី​តែ​នៅ​ក្បែរ​ៗ​នោះ​ក៏​គ្មាន​ផ្ទះ​ដែរ។ ដូច្នេះ​ការ​​កាប់​ឈើ​ខុស​ច្បាប់​មិន​បាន​ពាក់​ព័ន្ធ​ជាមួយ​គ្រួសារ​ដទៃ​ទេ គឺ​ពាក់​ព័ន្ធតែ​លោក ជា សុខហេងម្នាក់​គត់​”។

​ខណៈពេល​ដែល​លោក​ ហ៊ុន សែន កាល​​ពីមុន​បាន​ថ្លែង​​ថា និស្សិត​ស្ម័គ្រចិត្ត​នឹង​ចែក​ប័ណ្ណ​កម្មសិទ្ធ​ិ​ ជា​ពិសេស​ដល់​គ្រួសារប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​ដី​ព្រៃ​រដ្ឋ​ ពោល​គឺ​ដី​សម្បទាន​សេដ្ឋ​កិច្ច និង​អតី​ត​ដី​សម្បទាន​ព្រៃ​ឈើ​នោះ លោក​ សុគន្ធ​ ​មាន​ប្រសាសន៍​​ថានិស្សិត​ស្ម័គ្រ​ចិត្ត​នឹង​ “ មិន​​​អនុញ្ញាត​” ឲ្យ​វាស់​វែង​ដី​នៅ​ក្នុង​ព្រៃ​ទេ។​

​លោក​បាន​បន្ដ​ថា “ អ្វី​ដែល​ប្រជា​ពល​រដ្ឋ​ព្យាយាម​ធ្វើ​ក្នុង​រយៈពេល​​ប៉ុន្មាន​ខែ​មុនការ​​បោះ​ឆ្នោត​នោះ ​គឺ​ចាប់​យក​ដី​ឲ្យ​បាន​ច្រើ​ន​​​តាម​ដែល​អាច​ទៅរួច ព្រោះ​ពួក​គេ​សង្ឃឹម​ថារដ្ឋាភិបាល​នឹង​អត់​ឱន​ឲ្យពួកខ្លួន​​ ដោយ​សារ​តែ​ការ​​បោះ​ឆ្នោត​ជិត​មកដល់​ ហើយ​ពួកគេ​គិត​ថា ទី​បំផុត​ពួកគេ​នឹង​បាន​ដី​នោះ”។​​​

​លោក ងួន ឡាយ ប្រធាន​ពន្ធ​នាគារ​ខេត្ត​កោះកុង​បាន​មានប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា លោក ជា សុខហេង ត្រូវ​បាន​សាលាដំបូង​ខេត្ត​ចោទ​ប្រកាន់​ពី​បទ​កាប់​ព្រៃ​រដ្ឋ​ទន្ទ្រាន​យក​ដី​។ពេល​នេះ​​គាត់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​៕

(រាយ​ការណ៍​បន្ថែម​ដោយ Dene-Hern Chen)​​
​​​​​​​​​​ប្រែសម្រួល​ដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស