បុគ្គលិកធនាគារមួយបានឲ្យដឹងថា កំណើនជាបន្តបន្ទាប់នៃសិទ្ធិធ្វើអាជីវកម្មមកពីក្រៅប្រទេស ទំនងជាបន្តកើតឡើង ដោយសារប្រជាជនវ័យក្មេង និងអ្នកមានធនធានក្នុងស្រុកចាប់យកឱកាសនាំយកម៉ាកយីហោជាច្រើនមកកាន់ប្រទេសកម្ពុជា។
ដោយសង្ឃឹមថា នឹងជួយអតិថិជនរបស់ខ្លួន និងប្រជាជនផ្សេងៗទៀត ក្នុងការវិនិយោគ លើគម្រោងទិញសិទ្ធិធ្វើអាជីវកម្មធនាគារ ស៊ីអាយអិមប៊ី ដែលមានមូលដ្ចាននៅម៉ាឡេស៊ី កាលពីម្សិលមិញ បានរៀបចំកិច្ចពិភាក្សាមួយ អំពីសិទ្ធិធ្វើអាជីវកម្ម ក្នុងស្ថានទូតម៉ាឡេស៊ី ប្រចាំរាជធានីភ្នំពេញ។
អ្នកនាង ហេង ធីតា ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុរាយ នៅធនាគារ ស៊ីអាយអិមប៊ី មានប្រសាសន៍ថា សិទ្ធិធ្វើអាជីវកម្មគឺជាជម្រើសវិនិយោគគួរឲ្យទុកចិត្ត សម្រាប់ប្រជាជនវ័យក្មេងកម្ពុជា ដែលចង់ប្រឡូកក្នុងអាជីវកម្ម និងចង់ចាកចេញពីគម្រោងវិនិយោគ លើវិស័យអចលនវត្ថុ បន្ទាប់ពីវិបត្តិទីផ្សារអចលនវត្ថុ បានកើតឡើងក្នុងឆ្នាំ២០០៨។ អ្នកនាងបានលើកឡើងថា “ អាជីវកម្មតូចៗ ឬក៏សហគ្រិននៅកម្ពុជា កំពុងស្វែងរកអ្វីដែលថ្មី។ ពួកគេមានប្រាក់ មួយចំនួនមានប្រាក់សន្សំ ហើយមួយចំនួនទៀតទទួលបានទុនពីឪពុកម្តាយ”។
សិទ្ធិធ្វើអាជីវកម្មផ្នែកម្អូបអាហារ និងភេសជ្ជៈកំពុងតែកើនឡើងជាលំដាប់ ក្នុងប្រទេសកម្ពុជា ហើយទទួលបានឱកាសចាប់យកចំណែកទីផ្សារ ស្របពេលដែលប្រជាជនមានប្រាក់ចាយវាយកាន់តែច្រើន។
ហាងកាហ្វេ ហាតរ៉ក់ (Hard Rock Cafe) ដំបូងនៅកម្ពុជា ត្រូវបានរំពឹងថា នឹងបើកដំណើរការក្នុងខេត្តសៀមរាប ក្នុងឆ្នាំនេះ ហើយកាលពីពេលថ្មីៗនេះ ហាង បឺហ្គ័រ ឃីង (Burger King) បានបើកដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រុមហ៊ុនរបស់អ្នកស្រី ហ៊ុន គឹមឡេង ក្មួយស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែនាំចូលនូវសិទ្ធិធ្វើអាជីវកម្ម លើយីហោហាងកាហ្វេ ហាតរ៉ក់។
សិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ បឺហ្គ័រ ឃីង ស្ថិតក្រោមការកាន់កាប់របស់ក្រុមហ៊ុន អុីមិច ប៉ាន់ ប៉ាស៊ីហ្វិក (Imex Pan-Pacific) នៅវៀតណាម ហើយក្រុមហ៊ុននេះមានកិច្ចសហប្រតិបត្តិការ ជាមួយលោក សុខ ហុង កូនប្រុសរបស់លោក សុខ គង់ ប្រធានក្រុមហ៊ុន សូគីមុិច។ សិទ្ធិធ្វើអាជីវកម្មលើយីហោផ្សេងៗ
ទៀត ដូចជា ខេអេហ្វស៊ី (KFC) និងដាយអឺរី ឃ្វីន (Dairy Queen) ជាយីហោមកពីអាមេរិក ក៏បានបើកឲ្យអនុវត្តនៅកម្ពុជាផងដែរ។
លោក លូ ម៉េង ដែលបានបើកភោជនីយដ្ឋានបីកន្លែងក្នុងរាជធានីភ្នំពេញ ក្រោមយីហោ ស៊ីគ្រីត រីស៊ីបភី (Secret Recipe) មកពីម៉ាឡេស៊ី បានឲ្យដឹងថា គំរូអាជីវកម្មដោយប្រើយីហោបែបនេះ បានទទួលជោគជ័យ ហើយលោករំពឹងថា និងមានអាជីវកម្មបែបនេះកាន់តែច្រើនថែមទៀត។ លោកមានប្រសាសន៍ថា
“ អាជីវកម្មបែបនេះកើនឡើងលឿនណាស់។ កាលពីមុន យើងត្រូវបង្កើតអាជីវកម្ម និងកិត្តិនាមយីហោ ប៉ុន្តែ ឥឡូវ យើងមានសិទ្ធិធ្វើអាជីវកម្មលើយីហោ ដែលអាចប្រើបាន”៕
ប្រែសម្រួលដោយ កង សុធា