26 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​ជាតិរិះ​គន់​តុលាការ​ក្នុង​សម័យ​ប្រ​ជុំសភា​លើក​ចុង​ក្រោយ​មុន​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​សម័យ​ប្រ​ជុំលើកចុង​ក្រោយ​របស់​រដ្ឋ​សភា​នៅមុន​ការ​បោះ​ឆ្នោតជាតិ​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ​កាល​ពី​ថ្ងៃ​សុក្រ សមា​ជិក​សភា​គណ​បក្ស​ប្រ​ឆាំង​ បាន​រិះ​គន់​ចៅ​ក្រមក្នុង​ប្រទេស​កម្ពុជា ចំពោះ​ការ​ផ្តល់​កិច្ច​ការ​ស៊ើប​អង្កេត​ទៅ​ឲ្យ​ក្រឡាបញ្ជី​របស់​ខ្លួន ហើយ​បាន​រិះ​គន់​នគរ​បាល​យុត្តិ​ធម៌​ចំពោះ​ការ​បក​ស្រាយ​មិន​ត្រឹម​ត្រូវ​ពី​សំណុំ​រឿង​រដ្ឋប្បវេណី​ទៅ​ជា​សំណុំរឿង​ព្រហ្ម​ទណ្ឌ។

អំឡុង​សម័យ​ប្រ​ជុំរវាង​សមាជិក​សភាមក​ពីគណបក្ស​ប្រជាជនកម្ពុជាកំពុង​កាន់អំណាច និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ទើប​បង្កើតថ្មី លោក កែត ឃី សមាជិក​សភា​មក​ពីគណ​បក្ស​ប្រឆាំង​បានមានប្រ​សាសន៍​ថា ជា​ញឹក​ញាប់​នគរ​បាលសរសេរ​របាយ​ការណ៍​បញ្ជូនទៅ​តុលាការដែល​បណ្តាល​ឲ្យ​មានការ​ចោទ​ប្រកាន់​បទព្រហ្ម​ទណ្ឌទៅលើ​ជន​សង្ស័យ​ដែល​គ្រាន់​តែ​បាន​ប្រព្រឹត្ត​បទល្មើស​តូច​តាច​។

លោកមានប្រសាសន៍ផង​ដែរថា ជា​ញឹក​ញាប់​នគរបាល​មិន​អនុញ្ញាត​ឲ្យ​​មេធាវី​មាន​វត្ត​មាន​អំឡុង​ពេលសាកសួរ​ទេ។

លោកបានបន្តរិះគន់ថា ជួនកាល​ចៅ​ក្រម​ក្នុង​ប្រទេសកម្ពុជា​មិនស៊ើបអង្កេត​សំណុំ​រឿង​​រួមគ្នា​ទេ ហើយ​ស៊ើបអង្កេត​តែ​ភ័ស្តុតាង​ដាក់​​បន្ទុកលើជន​សង្ស័យតែ​ប៉ុណ្ណោះ។ លោកបានថ្លែង​ទៅកាន់សភា​ទាំង​មូល​ថា  “ ចៅក្រមក្មេងៗ​​មានបំណង​ធ្វើ​សកម្មភាព​ទាំង​អស់​នេះ ប៉ុន្តែ​ចៅក្រម​ចាស់ៗមិន​ដូច្នោះ​
ទេ ពួកគាត់​តែង​តែមាន​លេសថា ពួកគាត់​ជាប់​រវល់​ខ្លាំងណាស់់​ ហើយទុកឲ្យក្រឡាបញ្ជី​ជា​អ្នកសាក​សួរ​ជន​សង្ស័យ។​ធ្វើ​បែប​នេះ​មិន​ត្រឹម​ត្រូវទេ។បន្ទាប់ពីមានឧបទ្ទវ​ហេតុ​កើត​ឡើងចៅក្រម​ចាស់ៗ​មិនស៊ើប​អង្កេត​ ដើម្បី​ឲ្យ​ដឹងថា តើ​ការ​រាយការណ៍​របស់​នគរ​បាល​ជាការពិត ឬយ៉ាង​ណា​នោះទេ”។

លោកក៏​បានមាន​ប្រសាសន៍ដែរថា ចំនួន​ជនសង្ស័យដែលត្រូវបាន​សម្រេច​ឲ្យ​ជាប់​ពិរុទ្ធ ភាពពីបទល្មើសមជ្ឈិម ជា​ញឹកញាប់ត្រូវ​ជាប់ពន្ធនាគារ​រយៈ​ពេល​យូរ​ជាង​ទោសពិត​ប្រាកដ​របស់ខ្លួន។

លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​បានមាន​ប្រសាសន៍​ឆ្លើយ​តបនឹង​លោក កែត ឃី ថា លោក​យល់ស្របភាគ​ច្រើនតាម​​ចំណុច​ដែល​សមាជិក​សភា​មកពីគណ​បក្សសង្គ្រោះ​ជាតិ​រូប​នេះបានលើក​ឡើង។ លោក​មានប្រសាសន៍ថា “ និយាយ​​​ជារួម ខ្ញុំយល់ស្របតាម​​​ឯក​ឧត្តម កែត ឃី។ ​យើង
កំពុង​​​តែដោះស្រាយ​​​បញ្ហា​​​ទាំង​​​អស់​​​នេះ”។

ជាញឹកញាប់ អង្គ​​​ការសិទ្ធិ​​​មនុស្ស​​​បាន​ចោទ​​​​ប្រកាន់តុលាការ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​បុគ្គ​លិក​​​របស់ខ្លួនពីបទ​​​ញុះញង់ ជាបទល្មើស​​​ព្រហ្មទណ្ឌ បន្ទាប់ពី​​​ពួកគេ​​ជួយ​អ្នកភូមិ​រៀប​ចំ​ធ្វើបាតុកម្ម​​​ ឬពន្យល់ប្រាប់​​​ប្រជា​​​ពលរដ្ឋ​​​ឲ្យ​​​យល់ដឹងពីសិទ្ធិ​​​របស់​​​ខ្លួនក្នុងនាម​​​ជា​​ពលរដ្ឋ។

ឧទាហរណ៍​​​មួយ​​​ដែលសាធារណជន​​​ទូ​ទៅបាន​​​ដឹងថា តុលាការ​​​បានកែប្រែការ​​​ចោទ​​​ប្រកាន់សំណុ​​​ំរឿង​​​រដ្ឋប្បវេណីទៅជា​​​សំណុំ​រឿងព្រហ្ម​​​ទណ្ឌនោះ ពាក់ព័ន្ធ​​​នឹង​លោក ​មឿង សុន ប្រធាន​​​មូលនិធិ​​​អរិយធម៌ខ្មែរ​ដែល​ត្រូវ​បាន​​​តុលាការ​​​សម្រេច​​​ថា​មាន​ពិរុទ្ធភាពពីបទ​​​ផ្សព្វ​​ផ្សាយ​​​ព័ត៌មានមិនពិតក្នុង​​​ឆ្នាំ​២០០៩​ជុំ​វិញការ​​​អះអាងរបស់លោក​​​ថា អំពូលភ្លើង​​​អគ្គិសនី​​​ដែលដំឡើង​​​នៅខាងក្នុង​​​បរិ​វេណ​​​​ប្រាសាទ​​​អង្គរ​​​វត្តអាចធ្វើឲ្យខូច​​​ប្រាសាទ។

​​​កាល​​​ពីឆ្នាំ២០០១ សាលាឧទ្ធរណ៍​បាន​​​តម្កល់​​​សាលក្រម​នេះ​ទុក​​​ជា​​​បាន​ការ ​ប៉ុន្តែ​បានកែ​​​ប្រែការចោទប្រ​​​កាន់ទៅជា​​​បទ​ញុះ​ញង់​​​​វិញ​​​ ដែល​​​មានទោស​​​ធ្ងន់​ជាង។​លោក ​មឿង ​សុន ពេល​​​នេះ​​​កំពុង​​​រស់​​​នៅ​​​ដោយនិរទេស​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង។

លោក ហ៊ី សុភា រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​សភា​​​ថា ​មេ​ធាវី​ត្រូវបាន រារាំងមិនឲ្យជួបជា​​​មួយ​​​កូនក្តី​​​របស់​ខ្លួនតែអំឡុង​​​ពេល​​​សាកសួរ​​​២៤​ម៉ោង​ដំបូង​ប៉ុណ្ណោះ គឺ​​​ដូច​​​ដែល​​​មានចែង​​​នៅ​​​ក្នុងក្រម​​​នីតិវិធី​​​ព្រហ្មទណ្ឌ។

លោក សុភា  ​មាន​​​ប្រសាសន៍​​​ថា​ “ ​ប្រសិន​​​​បើ​​​ពួកគាត់​​​ជួប​​​ជា​​​មួយ​​​កូនក្តីរបស់​​​ខ្លួនមុនពេល​​​នោះ គឺមានពេល​​​ជជែក​​​គ្នា​​​ច្រើន​ពេក ​ហើយ​​​វា​​​អាច​​​ធ្វើ​​​ឲ្យ​​​ខ្ជះ​​​ខ្ជាយ​​​ពេល​​​វេលា​​​របស់​​​នគរ​​​បាល”។

លោក​​​ សុភា ក៏​​​បានច្រាន​​​ចោល​​​ការ​​​អះ​អាងរបស់លោក ឃី ដែល​​​ថា ចៅក្រម​​​មិ​ន​​សើុប​អង្កេត​​លើ​ភ័ស្តុតាងដោះ​បន្ទុក​​នោះ​ទេ។​លោក​​​បានមាន​​​ប្រសាសន៍បន្ថែម​ទៀត​ថា “ ចៅក្រម​ស៊ើប​​​​សួរ​​​មិន​​​ពិនិត្យ​​​តែ​​​ភ័ស្តុតាង​​​ដាក់បន្ទុក​​ដូច​ការ​លើក​​​ឡើង​របស់​លោក​កែត ឃី នោះទេ”។

អំឡុងពេលជជែក​​​ដេញដោល​​​កាល​​​ពីថ្ងៃ​​​សុក្រ រដ្ឋសភា​​​បាន​​​ធ្វើ​​​វិសោធនកម្ម​បួន​​​មាត្រា​​​នៃ​​​ក្រមព្រហ្ម​​​ទណ្ឌ​​​ ដើម្បី​​​ផ្តល់និយម​​​ន័យ​​​ច្បាស់​លាស់ជាងមុន​​​ចំពោះ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ៕

ប្រែសម្រួលដោយ តែម សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស