29 C
Phnom Penh

បន្ទាប់​ពី​​ពន្យារ​ពេល​មួយ​រយៈ​​ គណ​បក្ស​សង្គ្រោះ​ជាតិ​ចុះ​ឈ្មោះ​សម្រាប់​ការបោះ​ឆ្នោត​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កាល​ពី​ថ្ងៃសុក្រ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ឈ្មោះ​បេក្ខ​ជន​របស់​ខ្លួន​ចំនួន​២៦៤​រូប ជាមួយ​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃទី​២៨ ខែ​កក្កដា ដែល​ការ​ចុះ​ឈ្មោះ​នេះ​ធ្វើ​ឡើង​មុន​ពេល​​ផុត​កំណត់​​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ។

​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិបាន​មាន​ប្រសាសន៍​ថា គណបក្ស​បាន​សម្រេច​រៀប​ចំ​ឯក​សារ​ចុះ​ឈ្មោះ​​ បន្ទាប់​ពី​បាន​គិត​អំពី​ការ​គាំ​ទ្រ​​គណ​បក្ស​ ប៉ុន្តែ​លោក​បាន​មានប្រសាសន៍​ថា គណ​បក្ស​នេះ​នឹង​​នៅ​តែបន្ដ​ប្រឆាំង​​ចំពោះ​ការ​​មិន​​កែ​ទម្រង់​​នៅ​​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។​

​លោក​បាន​មានប្រសសន៍​ថា“ យើង​ទើប​តែ​ចុះ​ឈ្មោះ​​នៅ​រសៀល​នេះ ព្រោះ​យើង​យល់​ថា យើង​មាន​ការ​គាំទ្រ​ច្រើន។ ប្រជា​ពលរដ្ឋ​ជា​ច្រើន​នឹង​បោះ​ឆ្នោត​ឲ្យ​យើង។​ យើង​ត្រូវ​តែ​ការ​ពារ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​កំុឲ្យ​ពួកគាត់​ខក​ចិត្ត​”។​​​​​

​លោក កឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ សម រង្ស៊ី លោក សុន ឆ័យ ព្រម​ទាំ​លោក យឹម សុវណ្ណ គឺ​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ទាំង​នោះ ប៉ុន្ដែ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ ​មិន​បាន​ស្ថិត​ក្នុង​ចំណោម​​អ្នក​ទាំង​នោះ​ទេ ព្រោះ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ កាលពី​ពីរ​បី​ខែ​មុន​នេះ។​

​លោក យឹម សុវណ្ណ ​ថ្លែង​ថា“ យើង​ត្រូវ​​ដាក់​បញ្ជី​​ឈ្មោះ​បេក្ខ​ជន​របស់​យើង និង​​តវ៉ា​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​សមាស​ភាព​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ យើង​ត្រូវ​តែ​ធ្វើ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​មួួ​យ​ទៀត។ ពីរ​សប្ដាហ៍​​ទៀត​ យើង​នឹង​ធ្វើបាតុ​កម្ម​​​មួយ​ទៀត​”។

​លោក ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​បញ្ចាក់​​ថា​បាន​​ទទួល​បែប​បទ​នោះ​ហើយ​ ហើយ​​មន្ត្រី​មួយ​ក្រុម​​នឹង​ពិនិត្យ​​​ឯកសារ​ទាំង​នោះ​ភ្លាមៗ​តែ​ម្តង​៕

ប្រែសម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស