38.8 C
Phnom Penh

អង្គការ​សុខភាព​ពិភព​លោក​លើក​ឡើង​ថា ការ​ឆ្លង​​មេរោគ​អេដស៍អាច​លុប​បំបាត់ទាំ​ង​ស្រុង​ត្រឹម​ឆ្នាំ​២០២០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិ​បាល​ និង​អង្គការ​សុខភាព​ពិភព​លោក​​បាន​លើកឡើង​កាល​ពីថ្ងៃ​សុក្រ​ថា កម្ពុជា​នឹង​​សម្រេច​បាន​នូវ​គោល​ដៅ​​របស់​ខ្លួន​មិន​ឲ្យ​​មាន​​ករណី​​ឆ្លង​​មេរោគ​​ហ៊ីវ​ថ្មី​ទៀត​ទេ​ ក្នុង​រយៈ​ពេលជិត​​ប្រាំពីរឆ្នាំ​​ទៀត​។

​លោក សាស្ត្រាចារ្យ ដានីញែល​ តារ៉ាន់​តុលា (Daniel Darantola)​​​​ ដែល​ដឹក​នាំ​ក្រុមត្រួត​​​ពិនិត្យ​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​​ថា “ បន្ទាប់​ពីបាន​ពិនិត្យ​ទិន្នន័យ ឯកសារ និង​របាយ​ការណ៍​​ដែល​ទទួល​បាន និងការ​ចុះ​​សង្កេត​និង​សាកសួរ​​ផ្ទាល់​ ការ​ពិនិត្យ​របស់​​ក្រុម​ឆ្លើយ​តប​​ក្នុង​វិស័យ​សុខា​ភិបាល​ជាតិ​ពាក់​ព័ន្ធ​នឹង​​មេរោគ​​ហ៊ីវ​បាន​សន្និដ្ឋាន​ថា កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​​បាន​​
នូវ​គោល​ដៅ​នៃ​ការ​លុប​បំបាត់​ការ​ឆ្លង​​មេរោគ​​ហ៊ីវ​ថ្មីៗ នៅ​ក្នុង​ប្រទេស​នេះ​ ត្រឹម​ឆ្នាំ​២០២០​”។

​ទោះ​ជា​យ៉ាង​ណា ​កាល​ពី​ថ្ងៃ​សុក្រ មន្ត្រី​សុខាភិបាល និង​​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា
គោល​ដៅ​នោះ​មាន​​មហិច្ឆតា​​ខ្ពស់​ពេក និង​អាស្រ័យ​លើ​ការ​បន្ដ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​
គាំ​ទ្រ​ពី​អ្នក​ផ្តល់​ជំនួយ​។

​លោក ស៊ិន សុមុនី នាយក​ប្រតិបត្តិ​​អង្គការ​​មេឌីខាំ​(Medicam)​ដែល​ជា​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ផ្នែក​សុខភាព​ ​មាន​ប្រសាសន៍​ថា“ វា​ពិ​បាក​មែន​ ប៉ុន្ដែ​ វាអាច​ទៅ​រួច​។ ប្រសិន​បើ​មាន​ការ​បន្ដរួម​ចំណែក​ពី​សំណាក់​សហ​គមន៍​កម្ពុជា​និង​អន្ដរជាតិ ព្រម​ទាំង​អនុវត្ត​យុទ្ធ​សាស្ត្រ​ថ្មី​ៗ​មួយ​ចំនួន​នោះ វា​ប្រាកដ​ជា​អាច​សម្រេច​គោល​ដៅ​​នេះ​បាន​​”។

​លោក​វេជ្ជ​បណ្ឌិត​ ឱម សុភាព នាយក​ប្រតិ​បត្តិ​អង្គការ​ខាណា(Khana)ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ហ៊ីវ ​និង​ជំងឺ​អេដស៍​បាន​មានប្រសាសន៍​ថា គោល​ដៅ​នេះ​អាច​សម្រេច​បាន​ ដរាប​ណា​​ការ​ងារ​​ដែល​យើ​ង​កំពុង​ធ្វើ​ដើម្បី​លុប​បំបាត់​ជំងឺ​នេះ​ពី​កម្ពុជា​ ​នៅ​បន្ត​នោះ​។

លោក​បាន​មានប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា គោល​ដៅ​នេះ​ប្រាកដជា​អាច​សម្រេច​បាន។ ​ ប្រសិន​បើ​យើង​នៅតែ​បន្ដ​ធ្វើ​ការ​ងារ​ដូច​ដែល​យើង​កំពុង​ធ្វើ​នាពេល​នេះ យើង​ប្រាកដ​ជា​អាច​ទៅ​ដល់​គោល​ដៅ”។

​ទោះ​បី​ជាមាន​សុទិដ្ឋិនិយម​ក្នុង​ចំណោម​បុគ្គលិក​សុខា​ភិបាល​ក៏​ដោយ ក៏​អត្រា​ឆ្លង​​មេរោគ​​ហ៊ីវ​ ក្នុង​ចំណោម​អ្នក​ប្រើ​គ្រឿង​ញៀន ​និង​អ្នក​រក​សីុ​ផ្លូវ​ភេទ​នៅ​តែ​ខ្ពស់​ដែរ​នៅ​កម្ពុជា​។

ចំពោះ​​ប្រជា​ជន​ទូទៅ អត្រាឆ្លង​មេរោគ​ហីុវ​ធ្លាក់​ចុះ​​ប្រហែល​០,៧​ភាគរយ​ប៉ុន្ដែ​ ចំពោះ​​​​អ្នក​ធ្វើ​ការ​នៅ​​កន្លែង​កម្សាន្ដ​ និង​បុរស​ដែល​រួម​ភេទ​ជា​មួយ​បុរស​ អត្រា​ឆ្លង​គឺ​មាន​ប្រហែល​១២​ភាគរយ។ ​ចំណែក​ អ្នកប្រើ​ប្រាស់​ការ​​ចាក់​ថ្នាំ​ញៀន​ អត្រា​ឆ្លង​នៅ​តែ​ខ្ពស់​​នៅ​ឡើយ​ ​គឺ​ ២៥​ភាគរយ។​

​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​​ករណី​​ឆ្លង​ថ្មី​​ៗមាន​ប្រហែល​១៥.៥០០​នាក់​ក្នុងអំឡុង​ទសវត្សរ៍​​ឆ្នាំ​១៩៩០នោះ​ ចំនួន​នៃ​ការ​ឆ្លង​ថ្មី​ក្នុង​ឆ្នាំ​២០១១​មាន​ត្រឹម​តែ​១.០០០​នាក់​ប៉ុណ្ណោះ។

​លោកវេជ្ជ​បណ្ឌិត​ ឱម សុភាព​ បាន​មាន​ប្រសាសន៍​ថា “ កត្តា​ជា​អាទិភាព​គឺ​បុគ្គលិក​ផ្ដល​់​សេវា​កម្សាន្ដ​ ទី២គឺ​បុរសរួមភេទ​ជាមួយ​បុរស និង​ពួកខ្ទើយ​។ បន្ទាប់​មក​ទៀត​គឺ​អ្នក​ប្រើ​ប្រាស់ថ្នាំញៀន​ដែល​ប្រើ​ប្រាស់​សារ៉ាង​ឬ​ម្ជុល​ចាក់​រួម​គ្នា”។

លោក​​បន្ថែម​ថា គេ​បាន​ផ្ដល់​សេវាអប់​រំ​ជា​ច្រើន​ដើម្បី​ជួយ​ក្រុម​ដែល​ប្រឈម​​នឹង​​ហានិភ័យខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​​នេះ។​

រហូតមក​ដល់​ដើមឆ្នាំ​នេះ​ អ្នក​ជំងឺ​​ផ្ទុក​​មេរោគ​​ហ៊ីវ​ដែល​មាន​កោសិកា​សីុឌី៤ (CD4)​​ទាប​​ អាច​ព្យ​បាល​បាន​ដោយ​ប្រើ​ថ្នាំ​ប្រឆំាំង​មេរោគ​។​​ការ​ស្រាវ​ជ្រាវ​អន្ដរជាតិ​បាន​បង្ហាញ​​ថា គួរ​តែ​ផ្តល់​ថ្នាំ​ឲ្យ​អ្នកជំងឺ​ដែល​មាន​កោសិកា​​ស៊ីឌី៤​ធម្មតា ឬ​ខ្ពស់ជាង​នេះ។

​លោក​វេជ្ជ​បណ្ឌិត ឱម សុភាព បាន​មាន​ប្រសាសន៍​ថា“ ដើមឆ្នាំ​នេះ ​យើង​ក៏​បាន​ចាប់​ផ្ដើម​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​កោសិកា​ស៊ីឌី៤​ [ខ្ពស់​ជាង​នេះ] ​ដែរ​”៕​​​​​​​​​

ប្រែសម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស