ជាកិច្ចខិតខំប្រឹងប្រែងបង្កើនល្បឿននីតិវិធីធ្វើស្លាកលេខយានយន្តឲ្យម្ចាស់យានយន្តដែលមកធ្វើស្លាកលេខឲ្យបានកាន់តែលឿនជាងមុននោះ អគ្គនាយកដ្ឋានដឹកជញ្ជូនបានសម្រេចថា ប្រជាពលរដ្ឋមិនចាំបាច់យកក្រដាសបង់ពន្ធនាំចូល ទៅបញ្ជាក់នៅការិយាល័យប្រៃសណីយ៍ក្នុងរាជធានីភ្នំពេញទៀតទេ។
ម្ចាស់យានយន្តបាននាំគ្នាត្អូញត្អែរថា ចាប់តាំងក្រសួងសាធារណការ និងដឹកជញ្ជូន កែទម្រង់នីតិវិធីធ្វើស្លាកលេខយានយន្ត កាលពីខែកុម្ភៈ ដើម្បីលុបបំបាត់អំពើពុករលួយរួចមកនីតិវិធីនេះបានធ្វើឲ្យមានការិយាធិបតេយ្យកាន់តែខ្លាំង និងនាំឲ្យមានការរង់ចាំកាន់តែយូរថែមទៀត។
ចាប់តាំងពីមានការកែទម្រង់នេះមក ប្រជាពលរដ្ឋដែលមានបំណងធ្វើស្លាកលេខយានយន្ត ត្រូវតែចំណាយពេលជាច្រើនថ្ងៃឈរតម្រង់ជួរគ្នារង់ចាំទាំងកណ្តាលថ្ងៃក្តៅ នៅខាងក្រៅការិយាល័យរដ្ឋាភិបាល ហើយក៏ត្រូវធ្វើដំណើរជាច្រើនលើកច្រើនសាទៅកាន់ការិយាល័យរដ្ឋាភិបាលផ្សេងៗគ្នាផងដែរ។
សុរបទៅ នីតិវិធីធ្វើស្លាកលេខយានយន្តចប់រួចរាល់ត្រូវចំណាយពេលជាច្រើនសប្តាហ៍។ កាលពីពេលមុន ប្រជាពលរដ្ឋត្រូវតែយកក្រដាសបង់ពន្ធនាំចូលទៅកាន់ការិយាល័យសាធារណការ និងដឹកជញ្ជូនខណ្ឌ ហើយបន្ទាប់មកទៀតត្រូវយកទៅការិយាល័យប្រៃសណីយ៍រាជធានី ដើម្បីឲ្យគេត្រួតពិនិត្យក្រដាសពន្ធនាំចូលរបស់ខ្លួន ហើយក្រោយមកទៀតត្រូវត្រឡប់ទៅកាន់ការិយាល័យសាធារណការ និងដឹកជញ្ជូនម្តងទៀត។
បើយោងតាមលោក ពៅ ម៉ាលី អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្ននេះ ចាប់តាំងពីមានការកែប្រែកាលពីខែមេសាមក កិច្ចការទាំងអស់ត្រូវធ្វើនៅកន្លែងតែមួយប៉ុណ្ណោះ។
លោក ម៉ាលី មានប្រសាសន៍ថា“ ហេតុផលដែលយើងកំពុងតែធ្វើក្នុងពេលនេះគឺដើម្បីផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស និងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល” ហើយលោកបានបន្ថែមទៀតថា ប្រសិនបើវាចំណាយពេលយូរជាងមួយសប្តាហ៍ទើបទទួលបានស្លាកលេខយានយន្តនោះ ប្រជាពលរដ្ឋមានសិទ្ធិតវ៉ា។
ជាកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អំពើពុករលួយ គេដាក់បង្ហាញតារាងតម្លៃនៅឯការិយាល័យធ្វើស្លាកលេខយានយន្ត ដូច្នេះម្ចាស់យានយន្តអាចសួររកវិក្កយបត្របាន។ ការធ្វើស្លាកលេខរថយន្តធុនតូចត្រូវចំណាយប្រហែល៥០ដុល្លារ ការធ្វើស្លាកលេខរថយន្តធុនធំត្រូវចំណាយប្រហែល៦០ដុល្លារ ហើយការធ្វើស្លាកលេខម៉ូតូត្រូវចំណាយអស់២០ដុល្លារ។
លោកបានឲ្យដឹងថា ម្ចាស់យានយន្តមិនចាំបាច់បង់ប្រាក់ក្រៅសេវាចំនួន១០ដុល្លារឲ្យមន្ត្រីដើម្បីបំពេញឯកសារចាំបាច់នានានោះទេ ពីព្រោះប្រជាពលរដ្ឋអាចបំពេញឯកសារបានដោយខ្លួនឯង។ លោក ម៉ាលី បានបន្ថែមទៀតថា ប្រជាពលរដ្ឋណាដែលមិនអាចបំពេញទម្រង់បែបបទដោយខ្លួនឯងបាន ប្រហែលជានៅតែត្រូវបង់ថ្លៃសេវាដើម្បីឲ្យគេជួយបំពេញឲ្យដដែល៕
ប្រែសម្រួលដោយ ហួង កុកទៀន