កាលពីថ្ងៃសុក្រ នគរបាលប្រឆាំងការជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃបានចាប់ខ្លួនស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ដែលគេជឿជាក់ថា បានជាប់ពាក់ព័ន្ធក្នុងការជួញដូរពលករខ្មែរទៅធ្វើការក្នុងសភាពដូចជាទាសករនៅលើទូកនេសាទតាមឆ្នេរសមុទ្រអាហ្វ្រិក។
ឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋានប្រឆំាងការជួញដូរមនុស្សបានមានប្រសាសន៍ថា ឈ្មោះ លិន យូស៊ីន (Lin Yu Shin) អាយុ៥៣ឆ្នាំម្ចាស់ក្រុមហ៊ុននេសាទអន្ដរជាតិ ចៃអិន អូស៊ិន (Giant Ocean International Fishery and Co.Ltd) ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ នៅក្នុងក្រុងសៀមរាប។
លោក ប៉ុល ពិធេយ្យ មានប្រសាសន៍ថា“ ជនសង្ស័យត្រូវបានចាប់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ…។ វាគឺជាសំណុំរឿងធំ ហើយយើងកំពុងសួរចម្លើយជនសង្ស័យ”។ លោកបានបន្ថែមថា លោកពុំមានតួលេខនៅក្នុងដៃដែលបង្ហាញថា តើអ្នកស្រី ស៊ីន បានជួញដូរមនុស្សប៉ុន្មាននាក់នោះទេ។
អង្គការក្រៅរដ្ឋាភិបាលបានប៉ាន់ប្រមាណថា អ្នកស្រី ស៊ីន ប្រហែលជាបានជួញដូរមនុស្ស១.០០០នាក់ឲ្យទៅធ្វើការនៅលើនាវានៅប្រទេសអាហ្វ្រិក។ សមាជិកគ្រួសារអ្នកនេសាទដែលបាត់ខ្លួនបានដាក់ពាក្យបណ្ដឹងចំនួន២០០ករណីមកអង្គការសិទ្ធិមនុស្ស និងក្រសួងការងារ។
លោក ចូអេល ព្រីស្តុន (Joel Preston) អ្នកពិគ្រោះយោបល់នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា ទោះបីជាក្រុមហ៊ុនចៃអិនអូស៊ិន បានចុះឈ្មោះជាមួយក្រសួងការងារ ក្នុងនាមជាទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុនដែលនៅទីនោះអាចទទួលបានប្រាក់ខែប្រហែល២៥០ដុល្លារក្នុងមួយខែក៏ដោយ ក៏ពលករខ្មែរមួយចំនួនបានធ្លាក់ខ្លួនទៅដល់ប្រទេសអាហ្វ្រិកជំនួសវិញ។
លោក ព្រីស្ដុន បានលើកឡើងថា “ រហូតមកទល់នឹងពេលនេះ យើងបានបញ្ជូនបុរស១៩នាក់មកកម្ពុជាវិញ ហើយយើងទទួលបានបណ្ដឹងចំនួន៣៤បណ្ដឹង ប៉ុន្ដែវាលំបាកណាស់”។ លោកបានបន្ថែមថាបុរសខ្លះត្រូវបានជួយសង្គ្រោះពីនាវានៅក្នុងប្រទេសសេណេហ្គាល់ ប្រទេសម៉ូរីស និងថ្មីនេះត្រូវបានសង្គ្រោះពីកំពង់ផែនៅក្នុងទីក្រុងខេបថោន នៅអាហ្រិកខាងត្បូង។
លោកបានមានប្រសាសន៍ថា “ បុរសដែលត្រូវបានជួយសង្គ្រោះមកវិញបាននិយាយថា នៅមានជនរងគ្រោះយ៉ាងតិច១.០០០នាក់ផ្សេងទៀត”។ លោកបានបន្ដថាមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍កំពុងតែធ្វើការលើសំណុំរបស់ជនរងគ្រោះយ៉ាងតិចចំនួន៦០នាក់ផ្សេងទៀត ដែលត្រូវបានអ្នកស្រី ស៊ីន យកទៅលក់មុនពេលក្រុមហ៊ុនចៃអិនអូសិនត្រូវបានរដ្ឋាភិបាលបិទ បន្ទាប់ពីមានសេចក្តីរាយការណ៍មួយចំនួនពាក់ព័ន្ធនឹងការជួញដូរមនុស្សនោះ។
យោងតាមលោក ព្រីស្ដុន បានឲ្យដឹងថាបុរសចំនួនពីរនាក់ដែលត្រូវបានបញ្ជូនមកវិញកាលពីខែមីនា ពីទីក្រុងខេបថោន បានរៀបរាប់ពីលក្ខខណ្ឌពេលធ្វើការរយៈពេលប្រាំបីខែនៅលើនាវាថា ពិតជាលំបាកខ្លាំងណាស់ ហើយមិនទទួលបានប្រាក់ខែឡើយ។
លោកបានមានប្រសាសន៍ថា “ នៅពេលពួកគេបានទៅដល់ទូក ពួកគេបានធ្វើការប្រហែល២០ម៉ោងក្នុងមួយថ្ងៃ ហើយពួកគេមិនទទួលបានអាហារគ្រប់គ្រាន់ឡើយ។ ពួកគេក៏ទទួលរងការធ្វើបាប ហើយមិនបានលុយសោះ។ លោកបានបន្ថែមថា បុរសដែលត្រូវបានបញ្ជូនមកវិញនោះសុទ្ធតែបានរៀបរាប់ពីលក្ខខណ្ឌស្រដៀងៗគ្នា។
លោក ព្រីស្ដុន លើកឡើងថា ការបញ្ជូនពួកគេមកវិញពិតជាលំបាកខ្លាំងណាស់។ លោកបានបន្ដថា “ ប្រទេសទាំងនេះ ជាប្រទេសដែលគ្មានកិច្ចសហប្រតិបត្តិការគ្មានទំនាក់ទំនង និងគ្មានការបង្កើតទំនាក់ទំនងមិត្តភាពឡើយ។ ហើយការជួយសង្គ្រោះពួកគេ ជាធម្មតាមានរយៈពេលបីថ្ងៃ ពីព្រោះនាវារបស់បុរសដែលត្រូវបានគេជួញដូរបានចេញទៅសមុទ្រម្ដងៗរយៈពេលប្រាំបីខែ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
និង ស៊ា ស៊ុយឈាង