ចាប់តាំងពីឆា្នំ១៩៩៨មក ចំនួនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញបានកើនឡើងទ្វេដង ដល់ទៅជាងពីរលាននាក់។ អគារខ្ពស់ៗ បានលេចឡើងនៅចំកណ្តាលរាជធានី ការអភិវឌ្ឍក្នុងការសាងសង់លំនៅដ្ឋានកាន់តែរីកដុះដាលយ៉ាងខ្លាំង។
ប៉៉ុន្តែប្រព័ន្ធលូបង្ហូរទឹកចាស់ហួសសម័យ និងមានអាយុរាប់ទសវត្សរ៍នៅក្នុងរាជធានី មានការប្រែប្រួលតិចតួចណាស់នៅក្នុងពេលនោះ ហើយអ្នកជំនាញលើកឡើងថា កំណើនប្រជាជនក្នុងរាជធានីដ៏ឆាប់រហ័សនាពេលបច្ចុប្បន្ននេះ អាចលឿនជាងសមត្ថភាពបង្ហូររបស់ប្រព័ន្ធលូទឹកក្នុងការបញ្ជូនទឹកភ្លៀង និងកាកសំណល់រាវចេញពីរាជធានីភ្នំពេញ។
បើទោះជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Japan International Cooperation Agency)បាននិងកំពុងតែសហការជាមួយសាលារាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩៩ មក ដើម្បីស្តារប្រព័ន្ធលូបង្ហូរទឹកក៏ដោយ ក៏នៅតែមិនទាន់មានផែនការច្បាស់លាស់ ដើម្បីដំឡើងរោងចក្រចម្រោះទឹកស្អុយ សម្រាប់ទប់ស្កាត់ទឹកស្អុយដ៏ច្រើន ដែលត្រូវបូមចាក់ចូលក្នុងបឹង និងផ្លូវទឹកផ្សេងៗក្នុងរាជធានី។
បន្ថែមទៅនឹងការលំបាកនេះ សាលារាជធានីគ្មានផែនការសង់បណ្តាញលូបង្ហូរទឹកក្រោមដីឲ្យបានពេញលេញ និងដាក់ឧបករណ៍មានកំណត់ ដើម្បីធានាដល់ការថែរក្សាបំពង់បូមទឹកឲ្យបានត្រឹមត្រូវ។ អាជ្ញាធរក៏គ្មានទិន្នន័យដើម្បីបញ្ជាក់អំពីបរិមាណទឹកសម្អុយនាពេលបច្ចុប្បន្ននេះ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បច្ចុប្បន្ននេះកំពុងតែសាងសង់បណ្តាញបង្ហូរទឹកប្រវែង២០គីឡូម៉ែត្រថែមទៀតនៅចំកណ្តាលរាជធានីភ្នំពេញ។ នៅពេលបង្គន់ត្រូវបានបង្ហូរចេញ ទឹកស្អុយអាចហូរទៅតាមបំពង់បង្ហូរតាមប្រឡាយ ឬតាមប្រព័ន្ធលូក្រោមដី ហើយទីបំផុតហូរចាក់ទៅក្នុងបឹងត្របែក ជាទីដែលមានត្រកួន និងឈូក សម្រាប់ស្រូបយកជាតិស្អុយតាមបែបធម្មជាតិ។រុក្ខជាតិនៅក្នុងអាងនេះបានស្រូបយកបាក់តេរី ក្នុងទឹកស្អុយ និងជួយចម្រោះទឹក ដែលកំពុងហូរចាក់ទៅសា្ថនីយបូមទឹកបឹងត្របែក ។
បន្ទាប់មកទឹកស្អុយទាំងនេះ ក៏ហូរចាក់ទៅក្នុងបឹងទំពុន ហើយចុងក្រោយហូរចូលទៅក្នុងទន្លេបាសាក់។ លោក សេង សូឡាឌី មន្ត្រីកម្មវិធីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានលើកឡើងក្នុងអុីម៉េលមួយថា “ រាជធានីភ្នំពេញបាន និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សហើយសកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្មជាច្រើន ស្ថិតនៅចំកណ្តាលរាជធានី និងតំបន់ជុំវិញ ហើយទឹកស្អុយចេញពីសកម្មភាពនេះ ជាទូទៅមានភាពកខ្វក់បំផុត។
ចំពោះស្ថានភាពបែបនេះ ការសាងសង់រោងចក្រចម្រោះកាកសំណល់រាវ មានសារៈសំខាន់ណាស់សម្រាប់ចម្រោះទឹកស្អុយនៅក្នុងរាជធានី មុនពេលបង្ហូរវាចូលទៅក្នុងទន្លេ ដើម្បីចៀសវាងកុំឲ្យបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពមនុស្ស”។
លោក អ៊ូឈីដា តូហ្គោ (Uchida Togo)ទីប្រឹក្សាផ្នែកគម្រោងប្រព័ន្ធលូបង្ហូរទឹកមានទឹកប្រាក់១០៥លានដុល្លាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០១៥ ក៏បានលើកឡើងដែរថា គម្រោងសាងសង់សំណង់ធំៗ ដូចជាផ្សារទំនើបថ្មីៗ និងអគារខ្ពស់ៗ ក៏កំពុងតែដាក់ បន្ទុកថែមទៀតដល់ប្រព័ន្ធលូបង្ហូរទឹក ដែលកាន់តែចាស់ទៅនៅក្នុងរាជធានី។
ដោយមានប្រសាសន៍សំដៅដល់ចំនួនគម្រោងសាងសង់កាន់តែកើនឡើងបែបនេះ លោកបានមានប្រសាសន៍ថា “ វាប៉ះពាល់អ្វីៗទាំងអស់។ ពិតមែនហើយ ចំនួនលូទឹកស្អុយកើនឡើង ឬមិនកើនឡើងនោះ វាអាស្រ័យលើគម្រោងប៉ុណ្ណោះ”។
គ្រាន់តែឆ្នាំមុន តម្លៃគម្រោងសាងសង់ ដែលត្រូវបានសម្រេចសរុបនៅទូទាំងប្រទេសបានកើនឡើងដល់៧២ភាគរយ គឺ២,១១ពាន់លានដុល្លារ បើប្រៀបធៀបទៅឆ្នាំ២០១១ ដែលមានតែ១,២៣ពាន់លានដុល្លារប៉ុណ្ណោះ។
ក្នុងករណីជាច្រើន គម្រោងកើនឡើងក្នុងរាជធានីភ្នំពេញដោយមិនបានជូនដំណឹងប្រាប់អាជ្ញាធរមូលដ្ឋានមានន័យថា មានការដឹងតិចតួចណាស់អំពីលទ្ធភាពទឹកស្អុយហូរចូលក្នុង ប្រព័ន្ធលូក្រោមដីនៅក្នុងរាជធានី។
លោក អ៊ូឈីដា តូហ្គោ បានបន្តថា“ វាពិតជាពិបាកដឹងអំពីសកម្មភាពរបស់ផ្នែកឯកជនណាស់។ យ៉ាងហោចណាស់គួរដឹងភាគីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែរ យើងចង់ផ្តល់ព័ត៌មានគ្នា និងចង់ចូលរួមគាំទ្រ ដើម្បីឲ្យគម្រោងរបស់យើងមានន័យ ប៉ុន្តែអាចមានករណីជាច្រើន ដែលយើងមិនបានដឹង ហើយរដ្ឋាភិបាលក៏មិនដឹងដែរ”។
របាយការណ៍មួយក្នុងឆ្នាំ២០០៨របស់អង្គការសហប្រជាជាតិលើកឡើងថាការបូមទឹកសម្អុយចូលក្នុងបឹងរបស់រាជធានី ជាការ “ គំរាមកំហែងយ៉ាងខ្លាំងដល់បរិស្ថានទីក្រុង និងបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់មនុស្ស”។
របាយការណ៍ ដែលមានចំណងជើងថា “ ទស្សនវិស័យផ្នែកបរិស្ថានក្នុងប្រទេសកម្ពុជា” បានលើកឡើងថា “ ការចោលកាកសំណល់រាវ និងកាកសំណល់រឹង ដែលមិនចេះឈប់ឈរ នៅតែបណ្តាលឲ្យមានការ គំរាមកំហែងយ៉ាងខ្លាំងដល់បរិស្ថានក្នុងទីក្រុង។ ទឹកស្អុយក្នុងមូលដ្ឋាន និងក្នុងរាជធានី គឺជាប្រភពចម្បងនៃការបំពុលទឹកនៅតាមមូលដ្ឋាន និងនៅតាមរដូវ”។
នៅបឹងត្របែក ជាទីមានទឹកស្អុយរាប់តោនត្រូវបានបូបចាក់ទៅជារៀងរាល់ថ្ងៃ តែប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខ្ទមឈើ បាននិយាយថា ពួកគាត់បាននិងកំពុងតែរស់នៅជាមួយក្លិនទឹកដ៏ស្អុយបែបនេះរាប់សិបឆ្នាំមកហើយ។
អ្នកស្រី ពេជ្រ ស្រីពៅ អាយុ២៨ឆ្នាំ និយាយថា “ នៅរដូវវស្សាម្តាយរបស់ខ្ញុំបេះត្រកួនពីទីនេះ រួចយកទៅលក់នៅឯផ្សារ។ ទឹកហូរពីប្រឡាយពិតជាមានក្លិនអាក្រក់នៅពេលភ្លៀងធ្លាក់ និងពេលជន់លិចតំបន់នេះទាំងមូល ប៉ុន្តែវាមិនស្អុយដូចក្នុងប៉ុន្មានឆ្នាំនេះទេ”។
លោក ប៉េះ ពេជ្រភារុណ ជាបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម បាននិយាយថា លោកតែងតែដឹកជញ្ជូនសំរាមពីរជើងក្នុងមួយថ្ងៃ ដើម្បីទៅចាក់នៅវាលចាក់សំរាម និងចោលកាកសំណល់រាវសរុប១០.០០០លីត្រ ដែលប្រមូលពីតាមធុងសំរាមនៅទូទាំងរាជធានីភ្នំពេញ។
លោក ប៉េះ ពេជ្រភារុណ បានបន្តថា “ ខ្ញុំមិនគិតថា វាជាការល្អក្នុងការទុកទឹកស្អុយនៅទីនេះទេ ពីព្រោះវាហូរចូលទៅក្នុងទន្លេ ហើយវាធ្វើឲ្យទឹកកខ្វក់។ ប៉ុន្តែប្រសិនបើខ្ញុំមិនចាក់នៅទីនេះ ខ្ញុំមិនដឹងយកវាទៅចាក់នៅកន្លែងណាទេ”។ លោកបដិសេធមិនប្រាប់ឈ្មោះក្រុមហ៊ុន ដែលលោកធ្វើការឡើយ។
លោក នួន ឫទ្ធី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ប៊ុណ្ណា រៀលីធី គ្រុប (Bonna Reality Group) បានទទួលស្គាល់ថា ក្រុមហ៊ុនឯកជនជាច្រើនជារឿយៗតែងតែបន្សល់ទុកបញ្ហា ដល់ការបង្ហូរទឹកសម្អុយនេះ ដូចដែលគេឃើញស្រាប់។
បញ្ហានេះអាជ្ញាធររាជធានីភ្នំពេញត្រួតពិនិត្យបានតិចតួចណាស់អំពីការសង់ប្រព័ន្ធលូបង្ហូរទឹក នៅតាមបណ្តាគម្រោងសាងសង់ថ្មីៗ។
លោក នួន ឫទ្ធី បានបន្ថែមថា “ យើងចង់ឲ្យបណ្តាម្ចាស់ក្រុមហ៊ុន គួរយកចិត្តទុកដាក់ចំពោះប្រព័ន្ធលូបង្ហូរទឹកស្អុយ។ ជាឧទាហរណ៍សម្រាប់ខ្លោងទ្វារ និងរបងបុរី គេធ្វើបានល្អណាស់” មើលទៅមានទេសភាពស្រស់បំព្រងហើយអគារស្អាតណាស់។ ប៉ុន្តែ នៅក្រោមដី លូបង្ហូរទឹកមានគុណភាពអន់ ហើយយើងមិនដឹងថាវាមានអាយុប៉ុន្មានឆ្នាំហើយនោះទេ។ ការត្រួតពិនិត្យពីក្រសួងនានា ក៏មិនខ្លាំងដែរ នៅពេលពិនិត្យគុណភាព និងបទដ្ឋាន”។
លោក នួន ឫទ្ធី បន្ថែមថា ការខ្វះរោងចក្រចម្រោះទឹកស្អុយមួយ ក៏មានន័យថា ទឹកស្អុយកាន់តែកើនឡើង កំពុងតែហូរចាក់ចូលទៅក្នុងប្រឡាយ និងបឹងក្នុងរាជធានីភ្នំពេញ អាចប៉ះពាល់ដល់បរិស្ថាន និងអនាម័យ។
លោក នួន ឫទ្ធី មានប្រសាសន៍ថា“ ទឹកកខ្វក់ទាំងអស់ហូរចេញពីប្រព័ន្ធលូមិនល្អសម្រាប់បរិស្ថាន និងសុខភាពប្រជាជនទេ ហើយក្លិនស្អុយបែបនេះ ធ្វើឲ្យប្រជាជនមានអារម្មណ៍មិនសប្បាយចិត្តឡើយ។
ក្នុងខណ្ឌចំការមន ដែលអង្គការ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបច្ចុប្បន្នកំពុងតែដាក់បង្កប់លូទំហំ១,៨ ម៉ែត្រ ក្រុមហ៊ុននូរីឌីអេនសុី (Nury D&C) កំពុងតែសាងសង់គម្រោងអគារខុនដូមាន៤១៤បន្ទប់ ឈ្មោះឌឹខាសល រ៉ូយា៉ល់ (De Castle Royal) ។
លោក ហុងស៊ុក យ៉ាង (Hongsuk Jang) ប្រធានផ្នែកផែនការរបស់ក្រុមហ៊ុនឌឹខាសល រ៉ូយា៉ល់ បានមានប្រសាសន៍ថា អគារ៣៣ជាន់នេះ គ្រោងនឹងបើកក្នុងខែមករា ឆ្នាំ២០១៤ ហើយសមត្ថភាពរបស់វាអាចឲ្យមនុស្សជាង១.០០០នាក់រស់នៅក្នុងនោះ។ក្នុងគម្រោងនេះ ក្រុមហ៊ុនបានសាងសង់ប្រព័ន្ធលូបង្ហូរ ទឹកស្អុយរបស់ខ្លួនផ្ទាល់ និងមានផែនការភ្ជាប់វាជាមួយប្រព័ន្ធលូបង្ហូរទឹករបស់រាជធានីភ្នំពេញ។ អាងទឹកស្អុយមួយក៏ត្រូវបានសាងសង់ផងដែរដើម្បីប្រមូលកាកសំណល់របស់អ្នករស់នៅទីនោះ ហើយនោះក៏នឹងភ្ជាប់ជាមួយប្រព័ន្ធលូក្រោមដីរបស់រាជធានីទៀតផង។
លោក ហុងស៊ុក យា៉ង មានប្រសាសន៍ថា “ វាជាបច្ចេកវិទ្យាផ្ទាល់របស់យើង វាមិនទាក់ទងនឹងផែនការរៀបចំរបស់រាជធានីទេ”។ លោកបានបន្ថែមថា គម្រោងសាងសង់ទាំងអស់ ត្រូវបានដាក់ជូនសាលារាជធានីភ្នំពេញ ដើម្បីសុំការសម្រេច ហើយអាជ្ញាធរមិនបានព្រួយបារម្ភ អំពីការបន្ថែមសម្ពាធមកលើប្រព័ន្ធលូបង្ហូរទឹកសម្អុយរបស់រាជធានីទេ។
លោក ហុងស៊ុក យ៉ាង បន្តថា “ គម្រោងសាងសង់អគាររបស់យើងត្រូវបានវិភាគរួចរាល់ជាមួយស្ថានភាពបច្ចុប្បន្ន ដូច្នេះយើងអាចរំពឹងថា នឹងមិនមានបញ្ហាអ្វីកើតឡើង នៅពេលយើងប្រើទឹកច្រើនទេ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ បានទទួលស្គាល់ថា បញ្ហាទឹកស្អុយ គឺជារឿងសំខាន់ ដែលអាចប៉ះពាល់ធ្ងន់ដល់បរិស្ថាន។ ទោះជាយ៉ាងណាសាលារាជធានី កំពុងជួបឧបសគ្គដោយសារខ្វះមូលនិធិ។ ដោយមានប្រសាសន៍សំដៅដល់ការដំឡើងរោងចក្រចម្រោះទឹកស្អុយ លោកមានប្រសាសន៍ថា សាលារាជធានី “ គ្មានថវិកាទេ”។
លោកបន្ថែមថា “ មានក្រុមហ៊ុនឯកជនខ្លះ ដែលបានស្នើសុំសិក្សាអំពីលទ្ធភាពបង្កើតរោងចក្រចម្រោះទឹកស្អុយមួយកន្លែង ប៉ុន្តែនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែនៅថ្ងៃអនាគត ប្រសិនបើមានក្រុមហ៊ុនណាវិនិយោគលើគម្រោងនេះ យើងនឹងស្វាគមន៍”។
លោក ឡុង ឌីម៉ង់ ក៏បានស្វាគមន៍ចំពោះជំនួយថែមទៀតណាមួយពីទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន សម្រាប់ដោះស្រាយបញ្ហាចម្រោះទឹកស្អុយ និងការចោលសំរាម។ មន្ត្រីរបស់មន្ទីរអង្គភាពលូទឹករាជធានីភ្នំពេញបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
លោក ទូច សំណាង នាយកប្រតិបត្តិរងរបស់ក្រុមហ៊ុនវិនិយោគកម្ពុជាក្រៅប្រទេស ដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួន បានមានប្រសាសន៍ថា ផែនការសម្រាប់គម្រោងសាងសង់ទាំងអស់ត្រូវតែដាក់ជូនសាលារាជធានី ឬក្រសួងសាធារណការ ដើម្បីការសុំការសម្រេច។
លោក ទូច សំណាង បានបន្តថា “ នោះក៏រាប់បញ្ចូលផែនការសាងសង់ និងផែនការសង់ប្រព័ន្ធលូទឹកស្អុយផងដែរ”។ លោក អូ៊ឈីដា តូហ្គោ មានប្រសាសន៍ថាដើម្បីធានាឲ្យសម្ពាធទឹកមកពីក្រៅទាំងអស់ បង្កឲ្យមានបញ្ហានៅពេលភ្ជាប់ជាមួយប្រព័ន្ធលូទឹកស្អុយនោះ ការថែរក្សាលូ មានសារៈសំខាន់ណាស់។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានផ្តល់ជំនួយសម្រាប់មា៉ស៊ីនសម្អាតបំពង់លូចំនួនបួនគ្រឿងឲ្យសាលារាជធានីនៅឆ្នាំនេះ ដែលពីរគ្រឿងសម្រាប់សម្អាតសំរាម និងកម្ទេចកម្ទីចេញពីបំពង់លូ និងពីរគ្រឿងទៀតសម្រាប់សម្អាតបំពង់លូ ដែលមានវត្ថុធំៗ។
លោក អ៊ូឈីដា តូហ្គោ ថ្លែងថា“ ប្រសិនបើប្រជាពលរដ្ឋមិនចោលសំរាមទៅក្នុងលូទឹកស្អុយទេវាក៏មិនធ្វើស្ទះប្រព័ន្ធលូដែរ ប៉ុន្តែ ទីនេះ មានវប្បធម៌នៃការចោលសំរាមទៅក្នុងលូ។ ប្រសិនបើបំពង់លូមិនស្អាតទេ និងមានភក់កកនៅក្នុងនោះ៨០ភាគរយ ពេលនោះយើងមិនអាចបង្ហូរទឹកភ្លៀងបានច្រើនទេ។ ហើយប្រសិនបើគ្មាននរណាថែទាំទេនោះ ប្រព័ន្ធទាំងមូលនឹងមិនហូរបានល្អឡើយ”។
ក្នុងការត្រៀមរៀបចំការពារកុំឲ្យមានបញ្ហាស្ទះលូនារដូវភ្លៀង សាលារាជធានីកាលពីថ្ងៃពុធបានចេញសេចក្តីប្រកាសមួយ ដោយសំណូមពរឲ្យប្រជាពលរដ្ឋរស់ក្នុងទីក្រុងទាំងអស់ឈប់ចោលសំរាមផ្តេសផ្តាស ដើម្បីកុំឲ្យស្ទះលូ និងបណ្តាលឲ្យមានទឹកជន់លិចធ្ងន់ធ្ងរទៀត។អ្វីដែលមានក្នុងផែនការរបស់សាលារាជធានី ដើម្បីទប់ស្កាត់ការចោលកាកសំណល់រាវ នៅក្នុងសាលារាជធានីនោះ គេយល់ថា ចាំបាច់ត្រូវតែចាត់វិធានការនាពេលនេះ ដើម្បីចៀសវាងកុំឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹក និងបង្កឲ្យមានការព្រួយបារម្ភពីបញ្ហាប៉ះពាល់ដល់បរិស្ថាន និងសុខភាព។
លោក អ៊ូឈីដា តូហ្គោ មានប្រសាសន៍ថា“ យើងមិនដឹងពីផលប៉ះពាល់ដោយផ្ទាល់នោះទេ…យើងមិនអាចនិយាយទេ ទាល់តែយើងត្រួតពិនិត្យអំពីគុណភាពទឹកក្នុងរាជធានីឲ្យល្អិតល្អន់ជាមុនសិន។ ប៉ុន្តែអ្វីដែលយើងមើលឃើញគឺថា វាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរនៅពេលអនាគត”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី