28 C
Phnom Penh

បងប្រុសលោក ហ៊ុន សែន លាលែង​ពី​តំណែង​អភិបាលខេត្ត​ មក​ឈរឈ្មោះ​ជា​បេក្ខ​ជន​តំណាងរាស្ត្រវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​ប្រជាជន​​មាន​ប្រសាសន៍​ថា នៅក្នុង​ការ​បន្ត​ផ្លាស់ប្តូរ​តួនាទីមន្ត្រី​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ដ៏មាន​អំណាច​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដានេះ លោក ហ៊ុន ណេង អភិបាល​ខេត្ត​កពង់​ចាម ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើតរបស់​លោក​នាយករដ្ឋ​ន្ត្រី ហ៊ុន សែន​ នោះ បាន​លាលែង​ពី​​តំណែង​របស់​លោក​កាលពី​ម្សិលមិញ ដោយ​ត្រូវជំនួស​ដោយ​លោក លន់ លឹមថៃ​ ដែលធ្លាប់​ជា​អភិបាល​រងខេត្ត។

លោក ហ៊ុន ណេង បាន​ចូលរួម​ជាមួយ​លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន ដើម្បីឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​កំពុង​កាន់​អំណាច​សម្រាប់អាសនៈនៅក្នុង​រដ្ឋ​សភា។

លោក លន់ លឹមថៃ​ ​មាន​ប្រសាសន៍ថា“ ខ្ញុំ​ត្រូវ​បាន​តែ​ងតាំងជា អភិបាល​ខេត្ត​កំពង់​ចាម​ថ្មី​នៅ​ព្រឹកនេះ ហើយ​ឯក​ឧត្តម​ ហ៊ុន ណេងជា​អភិបាល​ខេត្ត​ចាស់នឹង​ក្លាយ​ជា​សមាជិក​សភា​មណ្ឌល​កំពង់​ចាម”។

លោក លន់ លឹមថៃ បាន​មាន​ប្រសាសន៍ថា“ លោក ជឹម លាវ អនុប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ និង​លោកស្រី ស៊ី វ៉ាន់ថា អនុប្រធាន​រដ្ឋបាល​ខេត្ត​ក៏ត្រូ​វបាន​តែ​ង​តាំង​ជា​អភិបាល​រងខេត្ត​ផងដែរ”។

លោក​បាន​បន្ថែម​ថា អភិបាល​ស្រុក​ថ្មី​ចំនួន​បី​រូប​ក៏ត្រូ​វបាន​តែ​ងតាំង​នៅក្នុង​ពិធី​នោះ​ផងដែរ។ ការ​ផ្លាស់ប្តូរតួនាទី​នេះ​ គឺ​ជារឿង​ថ្មី​បំផុត​នៅក្នុង​ការ​ផ្លាស់ប្តូរតួនាតី​ ដែល​បាន​ធ្វើឡើង​ កាលពី​ពេល​ថ្មី​ៗនេះ​ ដោយ គណបក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​​ដល់មន្ត្រី​ខេត្ត​ឈរ​ឈ្មោះ​ជា​សមាជិក​សភា​សម្រាប់​អាណត្តិ​​ទី​៥របស់រដ្ឋសភា។

សរុបមក អភិបាល​ខេត្ត​-ក្រុងថ្មី​ៗមួយ​ចំនួន​​ត្រូវ​បាន​តែងតាំង​ នៅក្នុងរាជ​ធានី​ភ្នំពេញ ខេត្ត​បន្ទាយ​មាន​ជ័យ ឧត្ត​រ​មាន​ជ័យ កណ្តាល កំពង់​ធំ កំពង់​ស្ពឺ មណ្ឌលគិរី ស្ទឹង​ត្រែង សៀម​រាបនិង​​ខេត្ត​កំពង់​ចាម ដូច្នេះ​អតីត​អភិបាល​ខេត្ត​ទាំងនោះ​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​​រាស្ត្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បាន។

លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​បានមានប្រសាសន៍​ថា អ្នក​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី គឺដើម្បីឲ្យកាន់​តំណែង​បន្តពី​អ្នក​ជំនាន់​មុន​ៗដែល​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​រួច​ហើយ។

លោក​បាន​មាន​ប្រសាសន៍ថា “ យើង​បាន​តែងតាំង​មន្ត្រី​របស់​យើង​ជា​សាធា​រណៈ យើង​មិន​បាន​ផ្លាស់ប្តូរ​កូតា​គណបក្ស​ទេ”។
ប៉ុន្តែ​យោង​តាម​លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​តួនាទី​នេះ​ទំនង​ជា​មិន​ផ្លាស់​ប្តូរ​របៀប​ធ្វើការ ដែល​ខេត្តធ្លាប់​បាន​អនុវត្ត​ឡើយ។

លោក​​មាន​ប្រសាសន៍ថា “ ការ​តែង​តាំង​អភិបាល​ខេត្ត​​ ឬ​អភិបាល​ក្រុង​ថ្មីៗទាំង​នេះ​​​គ្រាន់តែ​ជាការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹក​នាំ​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​កម្មវិធី​នយោបាយ​នឹង​នៅ​ដដែលដូច​ពី​មុន​អ៊ីចឹង​។ តួនាទី​សំខាន់ៗភាគច្រើន​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ពួកគេ​តែ​ងតាំង​តែ​សមាជិករបស់​ខ្លួន​​ប៉ុណ្ណោះ”៕

ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស