28 C
Phnom Penh

នៅក្នុង​កិច្ច​​ប្រជំ​​ុមុន​ការ​បោះ​ឆ្នោត គណបក្ស​ប្រជាជន​ផ្តល់​អំណោយជាប្រាក់​ដល់គ្រូ​បង្រៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​កិច្ច​ប្រជុំ​សម្ងាត់មួយ​នៅសាល​មហោ​ស្រព​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ មេដឹក​នាំជាន់​ខ្ពស់​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​អំពាវ​នាវ​ដល់គ្រូ​បង្រៀន​ប្រហែល​​៤.៥០០នាក់​ ឲ្យគាំ​ទ្រ​គណ​បក្ស​កំពុង​កាន់​អំណាច​នៅ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ហើយ​បាន​ផ្តល់​ប្រាក់​ចំនួន​៥០.000រៀលដល់​គ្រូ​បង្រៀន​ម្នាក់ៗ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ។

លោក សាយ ឈុំ​ អគ្គលេខាធិការ​គណ​បក្ស​​ប្រជា​ជន​កម្ពុជាបាន​ប្រាប់​អ្នក​ចូល​រួម​ថា​ វាសំខាន់​ណាស់​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជាឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ​ ដូច្នេះ​គណបក្សអាច​បន្ត​លើក​កម្ពស់​គុណ​ភាព​ការ​អប់​រំ​នៅក្នុង​ប្រទេស​ និង​អនុញ្ញាតឲ្យ​គ្រូ​បង្រៀន​ប្រហែល​៩០.០០០​នាក់​ ចូល​រួម​បម្រើការនៅ​តាម​បណ្តាសាលារៀនរបស់រដ្ឋ​នៅ​ក្នុងប្រទេស​កម្ពុជា។

លោក សាយ ឈុំ ថ្លែងទៅកាន់​គ្រូបង្រៀន​​រាប់ពាន់នាក់​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា“ ប្រសិន​បើ​លោក​ពេញចិត្ត​ និង​មាន​ទំនុកចិត្ត​ និង​ជឿជាក់​លើ​សម្តេច​ ហ៊ុន សែន​ សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា។ បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​បោះ​ឆ្នោត​ឲ្យ​ខ្លួន​ឯង”។

លោក សាយ ជុំ ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា គណបក្ស​ប្រឆាំង​បាន​សន្យា​ដំឡើង​ប្រាក់​ខែដល់​គ្រូ​បង្រៀន​ និង​មន្ត្រី​រាជ​ការ​ដទៃ​​ទៀត  ប៉ុន្តែ​នេះ​ គឺ​ជា​យុទ្ធ​សាស្ត្រចាស់ ​ដែល​ត្រូវ​គេយកមកប្រើ​នៅ​រាល់​ការ​បោះ​ឆ្នោត​។

លោក សាយ​ ជុំ បាន​មាន​ប្រសា​សន៍ថា “ ពួកគេ​ [គណបក្ស​ប្រឆាំង] គ្រាន់​តែ​សន្យា ហើយ​កុហក​អ្នក​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ”។
លោក​បន្ថែម​ថា វាជា​រឿង​ធម្មតា ដែល​ការ​អនុវត្ត​របស់​គណបក្ស​ប្រជាជន​ក្នុង​ការ​ផ្តល់​អំណោយ​ដល់​សមាជិក ​និង​ដល់អ្នក​គាំទ្រ ហេតុនេះហើយទើបលោក​ផ្តល់​ប្រាក់​ចំនួន​៥0.០០០រៀល ​ដល់គ្រូ​បង្រៀន​​ម្នាក់​ៗ នៅ​កិច្ច​ប្រជុំ​នេះ។

ប្រាក់​ខែ​ទាបរបស់​គ្រូ​បង្រៀន​ និង​ថវិកា​ជាតិ​មាន​ចំនួន​តិចតួច​ សម្រាប់​វិស័យ​អប់រំ​ ដែល​ជារឿយៗត្រូវ​គេ​លើក​ឡើង​ថា ជា​ហេតុផល​នាំឲ្យ​​ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជាធ្លាក់ក្នុង​ចំណាត់ថ្នាក់​អន់បំផុត​នៅក្នុង​តំបន់ ហើយ​គណបក្ស​ប្រឆាំង​បាន​សន្យា​ធ្វើ​ការ​ទម្រង់ជា​យូរ​មក​ហើយ​ ដោយសន្យាថា គ្រូ​បង្រៀន​នឹង​មាន​ប្រាក់​ខែ​ច្រើន​ ប្រសិន​បើ​ពួកគេ​ឈ្នះ​ឆ្នោត។

ប្រាក់​ខែ​បច្ចុប្បន្ន​របស់​គ្រូបង្រៀន​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ គឺ​ចាប់ពី​៦៥ដុល្លារ​ដល់​ ១១០ដុល្លារ​ក្នុង​មួយ​ខែ​ អាស្រ័យ​លើ​កម្រិត​សញ្ញាបត្រ និង​អតីតភាព​ការ​ងារ។

លោក ជា ជាតិ ប្រធាន​មន្ទីរ​អប់រំ​ យុវជន និងកីឡា រាជ​ធានី​ភ្នំពេញ ដែល​ជាអ្នក​ចែក​ប្រាក់​ជំនួស​ឲ្យ​លោក សាយ​ ឈុំ បន្ទាប់​ពី​កិច្ច​ប្រជុ​ំ​បាន​មាន​ប្រសាសន៍ថា គ្រូ​បង្រៀន​ប្រហែល​៤.៥០០នាក់ នៅក្នុង​រាជ​ធានី​ភ្នំពេញ​ គឺ​ជា​សមាជិក​គណបក្ស​ប្រជា​ជនក​ម្ពុជា។

ទោះ​ជាយ៉ាងណា លោក រ៉ុង ឈុន ប្រធាន​​សមាគមគ្រូ​បង្រៀន​កម្ពុជាឯករាជ្យ​ បានមាន​ប្រសាសន៍កាលពី​ម្សិលមិញថា ភាព​ស្មោះ​ត្រង់របស់​គ្រូ​បង្រៀន​ ចំពោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា តាមពិត គឺ​ដោយ​សារ​គ្រូ​​បង្រៀន​ជារឿយៗ​ តែងតែតម្រូវ​ឲ្យបង្ហាញ​កាត​សមាជិក​គណបក្ស​ប្រជា​ជន​​កម្ពុជា ពេលចង់​មក​បង្រៀន​នៅ​តាម​សាលារដ្ឋ​ ឬ​នៅពេលចង់​ឡើង​តំណែង។

លោក​​មាន​ប្រសាសន៍ថា “ គ្រូ​បង្រៀន​​ចុះ​ហត្ថលេខា​ ដោយ​សារ​ពួកគាត់​ភ័យខ្លាច​តែ​​ប៉ុណ្ណោះ​ មិន​មែន​ដោយ​សារ​ពួកគាត់​គាំទ្រ​គណបក្ស​ទេ”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ប្រាក់​អំណោយ​​ផ្តល់​ដល់​គ្រូ​បង្រៀនទំនង​ជា​មិន​អាច​ផ្លាស់ប្តូរ​ការ​សម្រេច​របស់ពួកគាត់​នៅ​ពេល​បោះ​ឆ្នោត​បាន​ឡើយ។

លោក យឹម សុវណ្ណ បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ពួកគាត់​ភាគ​ច្រើន​ ដែល​បាន​ចូលរួម [ប្រជុំ] ដោយ​សារ​ប្រាក់​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពួកគាត់​មិន​ខ្វល់​អំពី​សម្ពន្ធ​មិត្ត​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទេ ពួក​គាត់​​ខ្វល់​អំពី​ប្រាក់​ខែ​របស់​ខ្លួន​ ព្រោះគាត់​មិន​អាច​រស់បាន​ដោយ​សារ​ប្រាក់​​ខែ​បន្តិច​បន្តួច​ដូច​សព្វថ្ងៃ​នេះ​បាន​ឡើយ”៕

ប្រែសម្រួល​ដោយ ​សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស