អតីតប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា ម្ចាស់ទីភ្នាក់ងារជ្រើសរើសពលករ ដែលត្រូវតុលាការចោទប្រកាន់ កាលពីថ្ងៃអាទិត្យពីបទជួញដូរពលករខ្មែរ ដើម្បីឲ្យទៅធ្វើការនៅលើទូកនេសាទនៅតាមសមុទ្រអាហ្វ្រិក គឺជាផ្នែកមួយ នៃបណ្ដាញរបស់ក្រុមហ៊ុនប្រចាំប្រទេសយ៉ាងហោចណាស់បីទៀត។
អ្នកស្រី លីន យូសុីន (Lin Yushin) អាយុ៥៣ឆ្នាំ ជាម្ចាស់ក្រុមហ៊ុននេសាទ តាមមហាសមុទ្រអន្តរជាតិ (Giant Ocean International Fisheries Co.Ltd) ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន នៅក្នុងក្រុងសៀមរាប និងត្រូវតុលាការ ចោទប្រកាន់កាលពីថ្ងៃអាទិត្យពីបទជួញដូរកម្មករខ្មែរដោយខុសច្បាប់ឲ្យទៅធ្វើការយ៉ាងលំបាកនៅលើទូកនេសាទនៅតាមតំបន់ឆ្នេរសមុទ្រក្នុងប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសម៉ូរីស និងប្រទេសសេណេហ្គាល់។ការសើុបអង្កេតចំពោះទីភ្នាក់ងាររបស់អ្នកស្រី លីន យូសុីន កំពុងបន្តទៅទៀតតាំងពីចុងឆ្នាំ២០១១មក នៅពេលក្រុមគ្រួសាររបស់ជនរងគ្រោះបានដាក់ពាក្យ
បណ្ដឹងប្តឹងសមាគមនៃទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាទៅក្រសួងការងារ និងនៅក្រសួងមហាផ្ទៃ។
លោក អាន ប៊ុនហាក់ អតីតប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ដែលបានចាប់ផ្ដើមសើុបអង្កេតសកម្មភាពរបស់ក្រុមហ៊ុននេសាទ តាមមហាសមុទ្រអន្តរជាតិ អំឡុងពេលលោកកាន់តំណែងជាប្រធាន កាលពីខែតុលាឆ្នាំ២០១១ និងបានបណ្ដេញក្រុមហ៊ុននេះចេញពីសមាគមនេះ កាលពីខែកុម្ភៈឆ្នាំ២០១២ ដោយសារការរំលោភបំពានរបស់ក្រុមហ៊ុននេះ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុននេសាទតាមមហាសមុទ្រអន្តរជាតិ គឺជាបណ្តាញការងារដ៏ធំ ដែលមានវត្តមាននៅទូទាំងតំបន់នេះ។
លោក អាន ប៊ុនហាក់ បានមានប្រសាសន៍ថា “ អំឡុងពេលសើុបអង្កេត យើងបានរកឃើញថា មានក្រុមហ៊ុនពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី នៅហុងកុង និងនៅកោះតៃវ៉ាន់”។ លោកមានប្រសាសន៍បន្ថែមថា លោកមិនចាំឈ្មោះក្រុមហ៊ុនទាំងនេះទេ។
លោកបានមានប្រសាសន៍ថា ដោយចាំបាច់មានឯកសារផ្លូវច្បាប់សម្រាប់ស្នើសុំទិដ្ឋាការ និងលិខិតឆ្លងដែនពីក្រសួងការងារ និងក្រសួងមហាផ្ទៃ អ្នកស្រី លីន យូសុីន បានបញ្ជូនពលករខ្មែរ តាមរយៈទិដ្ឋាការទេសចរណ៍ទៅប្រទេសសិង្ហបុរី និងហុងកុង ដែលនៅទីនោះពលករខ្មែរ ត្រូវឡើងជិះនាវានេសាទឆ្ពោះទៅតំបន់អាហ្វ្រិក។
លោក អាន ប៊ុនហាក់ ក៏បានមានប្រសាសន៍ផងដែរថា ការធ្វើប្រតិបត្តិការរបស់អ្នកស្រីលីន យូសុីន បានធ្វើសកម្មភាពយ៉ាងពេញលេញរួចមកហើយ និងអស់រយៈពេលជាច្រើនឆ្នាំ មុនពេលអ្នកស្រីបានទទួលការអនុញ្ញាតពីក្រសួងការងារកាលពីខែធ្នូឆ្នាំ២០០៩មក ។
រហូតមកទល់នឹងពេលនេះមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានទទួលពាក្យបណ្ដឹងចំនួន៣៤ករណីពីអ្នកនេសាទ ដែលក្រុមហ៊ុននេសាទ តាមមហាសមុទ្រអន្តរជាតិបានជួញដូរ ហើយបាននាំអ្នកនេសាទ១៩នាក់ផ្សេងទៀតមកកាន់មាតុប្រទេសវិញ។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានវាយតម្លៃថា ក្រុមហ៊ុនរបស់អ្នកស្រី លីន យូសុីន គឺជាអ្នកទទួលខុសត្រូវចំពោះការជួញដូរមនុស្សប្រហែល១.០០០នាក់៕
(រាយការណ៍នបន្ថែមដោយ ឃួន ណារីម )
ប្រែសម្រួលដោយ ស៊ុំ សុខភុំ