38.1 C
Phnom Penh

រដ្ឋាភិបាលងាកទៅរក​លោក​ម៉ម ​សូណង់​ដូ ដើម្បីរិះគន់​គណ​ បក្សប្រឆាំង​មុន​ពេល​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីខែ​កក្កដា​ លោក ម៉ម សូណង់ដូ អ្នក​រិះគន់រដ្ឋា​ភិបាល​ឥត​សំចៃមាត់​ និង​ជាម្ចាស់​វិទ្យុសម្បុក​ឃ្មុំ​ ត្រូវបាន​ចាប់ខ្លួន​ និងផ្តន្ទា​ទោស​​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ​ពីបទ​ដឹក​នាំ​​​ចលនាបះបោរ​ប្រដាប់​អាវុធ​​ប្រឆាំង​រដ្ឋាភិបាល​​នៅទីជនបទ​មួយក្នុងខេត្ត​ក្រចេះ។​

ជិត​​១០ខែ​ក្រោយ​មក​​ និងត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោកត្រូវបាន​ដោះ​លែង​ពីពន្ធគារ​ព្រៃស​ក្នុង​រាជ​ធានីភ្នំពេញ​ ​​ឥឡូវនេះការ​អត្ថាធិប្បាយ​​នយោបាយ​របស់​លោក​​ត្រូវ​​បាន​ស្ថានីយវិទ្យុ​ដែល​គ្រប់​ដោយរដ្ឋ​​យក​មក​ចាក់​ផ្សាយ​ និង​ត្រូវ​បាន​រដ្ឋាភិបាល​​ចែក​ចាយ​​បន្ត​ទៅ​​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ដើម្បី​ជា​មធ្យោបាយ​មួយ​​វាយបំបាក់​គណបក្ស​ប្រឆាំង​ នៅ​ក្នុងការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា។​

កាលពីសប្តាហ៍មុន​ ខ្សែអាត់សំឡេង​ចំនួន​ពីរ​ដែល​ត្រូវ​វិទ្យុបាយ័ន​ ដែល​គ្រប់គ្រង​ដោយ​កូនស្រីរបស់លោក​ ហ៊ុន សែន​ គឺ​លោកស្រី​ ហ៊ុន ម៉ាណា​​ យកមក​ផ្សព្វផ្សាយ គឺមាន​ការ​អត្ថា​ធិប្បាយ​ចាស់ៗ​ដែល​លោក ម៉ម សូណង់ដូ​បានលើកឡើង​នៅមុនថ្ងៃបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨។​

នៅក្នុងខ្សែអាត់​សំឡេង​ទាំាងនោះ​ ការ​រិះគន់របស់លោក ម៉ម សូណង់ដូ​ ចំពោះ​គណបក្សប្រឆាំង​ គឺគណបក្ស​ សម រង្ស៊ី និង​គណបក្សសិទ្ធិមនុស្ស​ ដែល​ក្រោយ​មក​បានរួមបញ្ចូលគ្នា​ទៅជាគណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវបាន​គេយកមក​កាត់​តបញ្ជូល​​គ្នា​ជាមួយ​ខ្សែអាត់សំឡេង​របស់លោក ​សម រង្ស៊ី និង​លោក​ កឹម សុខា ដោយ​រៀបរាប់​ពីការវាយប្រហារ​គ្នា​ទៅ​វិញ​ទៅមក​រវាង​មេដឹកនាំ​ទាំងពីរនេះ​​ អំឡុង​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​ជាតិឆ្នាំ​២០០៨។​

លោក ម៉ម​ សូណង់ដូ បាន​លើកឡើង​នៅ​ក្នុង​​បទ​អត្ថាធិប្បាយមួយថា “ គោល​នយោ​បាយរបស់​គណ​បក្ស​ប្រឆាំង​ គឺដើម្បីរំខាន​ដល់​ប្រជាធិបតេយ្យ”។​លោកបានបន្ត​ដោយ​ប្រើ​ភាសា​សាមញ្ញៗ​​រៀប​រាប់​ពី​​វិធីសាស្រ្ត​​របស់​គណបក្ស​ប្រឆាំង​ក្នុង​​ការ​វាយ​លទ្ធិ​ប្រជា​ធិបតេយ្យ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​​ នៅពេល​ខ្លួនដឹងថា​មិនអាចឈ្នះការ​បោះឆ្នោត​នោះ​ថា “ ប្រសិន​បើគេ​មិន​បាន​សីុ​បាយ​ទេ​ គេចង់​វាយ​​បំបែកឆ្នាំង​បាយ​ចោល​”។​

ទោះបីជា​ លោក ម៉ម សូណង់ដូ ត្រូវ​ផ្តន្ទា​ទោស​កាលពី​ខែតុលា​ ឲ្យជាប់​ពន្ធនាគារ​​រយៈ​ពេល​២០ឆ្នាំ​​ពីបទ​ញុះ​ញង់​ឲ្យ​​បង្កើត​ចលនា​អបគមន៍​ជា​ករណី​មួយ​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​​បានលើក​ឡើង​ថា ត្រូវបាន​​គេ​ប្រឌិត​ឡើង​ដោយសារ​ការ​និយាយឥត​សំចៃមាត់​​របស់​គាត់​អំ​ពី​បញ្ហា​រសើប​ផ្សេងៗ​ទៀ់ត​​នោះ​ វា​ហាក់​ដូច​ជា​រដ្ឋាភិបាល​កំពុងតែ​ប្រើលោក​ម៉ម សូណង់ដូ​ ដើម្បី​​ផល​ប្រយោជន៍​នយោ​បាយ​ផ្ទាល់ខ្លួន។

លោក មឿន ឈានណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​​កម្ពុជា​សម្រាប់ការសិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ បានលើកឡើងថា​ “ លោក ម៉ម សូណង់ដូ មាន​​ប្រជាប្រិយ​ភាព​យ៉ាងខ្លាំង​ ចាប់តាំងពីលោក​​បាន​ជាប់​​ពន្ធនាគារ​ ហេតុ​ដូច្នេះ​គណបក្ស​នយោបាយ​ណាមួយ​នឹង​ទទួលបាន​ផល​ប្រយោជន៍យ៉ាងច្រើន​ ​ពី​លោក ម៉ម សូណង់ ឬ​ពី​ការ​ដែល​លោក​រិះ គន់​គណប​ក្ស​នយោ​បាយ​មួយ​ទៀត​​”។​លោកបានបន្តថា “ លោក​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​​ប្រជា​ជន​មូល​ដ្ឋាន​។​​លោក​ជាមនុស្ស​ដែល​ហ៊ាន​និយាយ​អ្វី​ដែល​មនុស្ស​ជាច្រើន​មិនហ៊ាន​និយាយ​”។

​​​​​​​យោងតាម​លោកស្រី​ ជា វណ្ណាត​ អ្នក វិភាគ​​នយោបាយ​​ឯករាជ្យ​បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​ទំនងជា​ចែកចាយ​ខ្សែអាត់ វីដេអូដែល​រៀប​រាប់​ពីលោក ម៉ម សូណង់ដូ ដើម្បី​​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​​ការផ្តន្ទាទោស​ពាក់ព័ន្ធ​នឹង​នយោ​បាយ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាមទីជន​បទ​ដែល​លោក​ធ្លាប់​មានប្រជាប្រិយភាព​ជាមួយ​។​

លោកស្រីមាន​ប្រសា​សន៍ថា​ “ ខ្ញុំគិត​ថា​ លោក​ ម៉ម​ សូណង់​ដូ​ មានអ្នក​​គាំទ្រ​ជាច្រើន​។​ ហេតុដូច្នេះការ​ផ្សព្វផ្សាយ​ពី​ការរិះ​គន់​របស់​លោក​ចំពោះ​គណបក្ស​ប្រឆំាង​ និង​អ្វីដែល​រដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើនោះ គឺដើម្បីប្រើ​មនុស្ស​ផ្សេង​ដែល​មាន​ឥទ្ធិពលនៅក្នុងសង្គម​ ឲ្យប្រឆាំង​គ្នា”។​

ពាក់ព័ន្ធនឹង​ភាពផ្ទុយគ្នា​នៃការ​ផ្សព្វ​ផ្សាយ​ទស្សនរបស់​បុរស​ម្នាក់​ដែល​ត្រូវ​ចោទ​ប្រកាន់​ពីបទ​ដឹកនាំ​ចលនា​អបគមន៍​ ដើម្បី​ប្រឆំាង​រដ្ឋាភិបាល​ជិតមួយ​ឆ្នាំ​មក​នេះ លោក​ស្រី ជា វណ្ណាត ​លើក​ឡើង​ថា ការ​ធ្វើ​​បែប​នេះ​របស់​​រដ្ឋាភិបាល​ ដែល​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​“ ជា​មធ្យោបាយ​ ដើម្បី​ទាញ​​
យក​ប្រយោជន៍​”។ លោក​ស្រី​​មានប្រសាសន៍​​​​ថា “ គោល​ដៅ​នោះ​ គឺ​មិន​មែន​លើក​កម្ពស់​លោក ម៉ម សូណង់​ដូ ទេ ​គឺ​ដើម្បី​​ធ្វើ​ឲ្យឥទ្ធិពល​​របស់​គណបក្ស​ប្រឆាំង​ធ្លាក់​ចុះ​”​។

លោក ឯក ថា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ដែល​បាន​ចែក​ចាយ​ខ្សែ​អាត់​សំឡេង​របស់​លោក ម៉ម សូណង់ដូ ​​បដិសេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​​ឡើយ​កាល​ពី​ម្សិលមិញ​ ហើយលោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ដែរ​។

ប៉ុន្ដែ​លោក សត្យា រក្ស ពិធី​ករ​នៅ​ស្ថានីយ​វិទ្យុ​បាយ័ន​ ដែល​បាន​ផលិត​ និង​ផ្សព្វ​ផ្សាយ​ខ្សែ​អាត់​សំឡេង​ចំនួន​បី​​រៀប​​រាប់​ពី​ការ​ប្រកួត​ប្រជែង​គ្នា​របស់​គណបក្ស​ប្រឆាំង​ កាល​ពី​ពីរ​សប្ដាហ៍​​មុន​ បាន​លើក​ឡើង​ថា​ លោក​បាន​​សម្រេច​​ដាក់​បញ្ចូល​ការ​​អត្ថាធិប្បាយ​​របស់​ សូណង់ដូ​ ពីព្រោះ​​វា​បង្ហាញ​ឲ្យ​ឃើ​ញ​ពី​​អ្វី​ដែល​លោក​បាន​លើក​ឡើង​ថា ជា​ការ​ប្រកួត​ប្រជែង​គ្នា​ ដើម្បី​អំណាច​នៅ​ក្នុង​គណបក្ស​ប្រឆាំង​។

លោក​បាន​លើក​ឡើងថា “ ខ្ញុំ​ដាក់​បញ្ចូល​ការ​លើក​ឡើង​របស់​លោក ម៉ម សូណង់ដូ នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​ ពី​ព្រោះ​​​​ខ្ញុំ​គិត​ថា អ្វី​ដែល​លោក ម៉ម សូណង់ដូ បាន​លើក​ឡើង​អំពី​អត្តចរិត​ និង​អាកប្បកិរិយា​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា គឺ​ត្រឹម​ត្រូវ​”។

លោក​បន្ថែម​ថា “ លោក ម៉ម សូណង់ដូបាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មិន​អាច​ខ្លាំង​បាន​ទេ​ នៅ​ពេល​ពួក​គេ​ប្រឆាំង​គ្នា​ នៅ​ក្នុង​គណបក្ស​របស់​ខ្លួន​នោះ​”។ កាល​ពី​ខែ​មីនា បន្ទាប់​ពី​មាន​ការ​រិះ​គន់​ទាំង​នៅ​ក្នុង​ស្រុក និង​អន្ដរជាតិ​សាលា​ឧទ្ធរណ៍​ដែល​បាន​កែ​ប្រែ​ការ​ចោទ​ប្រកាន់​​លោក ម៉ម សូណង់ដូ ពាក់​ព័ន្ធ​នឹង​ចលនា​អបគមន៍​ និង​ការ​ញុះញង់​បាន​កាត់​បន្ថយ​ទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២០​ឆ្នាំ​របស់​លោក​ មក​ត្រឹម​ប្រាំ​ឆ្នាំ​ ហើយ​បន្ទាប់​មក​បាន​ព្យួរ​ទោស​នោះ រួច​​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​ដោះ​លែង​រូប​លោក​​ភ្លាម​ៗ​​​​តែ​ម្តង​។

លោក ម៉ម សូណង់ដូ ក៏​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគារ​អស់​រយៈ​ពេល​បីខែ​ផង​ដែរ កាល​ពី​​ឆ្នាំ​២០០៥​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បរិហារកេរ្តិ៍​លោក ហ៊ុន សែន ដោយ​ការ​​ចាក់​បាន​ផ្សាយ​កិច្ច​សម្ភាសដែល​រិះគន់​​​​កិច្ច​ព្រម​ព្រៀង​ព្រំដែន​របស់​រដ្ឋាភិបាល​​ជាមួយ​ប្រទេស​វៀតណាម​ ដែល​នៅ​ក្នុង​បទ​សម្ភាស​
​នោះ​​អ្នក​សម្ភាស​ម្នាក់​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​​ថា បាន​លក់​ដី​ជាច្រើន​ទៅ​​ឲ្យ​ប្រទេស​វៀតណាម​។

ថ្លែង​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ប៉ារីស​ ​លោក​បាន​លើក​ឡើង​ថា លោក​កំពុង​តែ​រៃអង្គាស​មូល​និធិ​ ដើម្បី​ជួយ​ប្រជាពល​រដ្ឋ​ខ្មែរ​ក្រីក្រ លោក​ ម៉ម សូណង់ដូ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក​នៅ​តែ​មាន​​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​គណបក្ស​ប្រឆាំង​។

លោក ម៉ម សូណង់ដូ បាន​មាន​​​ប្រសាសន៍​​​​ថា “ ​សម្រាប់​បួន​អាណត្តិ​មក​នេះ គណបក្ស​ប្រឆាំង​​មិន​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​នោះ​ឡើយ​។ គណ​បក្ស​ប្រឆាំង​ត្រូវ​តែ​តវ៉ា រហូត​ដល់​រដ្ឋា​​​ភិបាល​ផ្លាស់​ប្ដូរ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​បំពាន​ច្បាប់​ ឬក៏​រំលោភ​សិទ្ធិ​មនុស្ស”។ លោក​បន្ថែម​​ថា គ្រាន់​តែ​និយាយ​តា​ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ក៏​និយាយ​នៅ​ក្នុង​រដ្ឋ​​សភា​នោះ វា​មិន​​​​ទាន់​គ្រប់​គ្រាន់​ ដើម្បី​ជំរុ​ញ​ឲ្យ​គណបក្ស​ប្រជា​​​ជន​កម្ពុជា​ផ្លាស់​ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​​​ឡើយ​​។

លោក​ ម៉ម សូណង់​ដូ ​បន្ថែម​ថា“ មេដឹក​នាំ​​គណបក្ស​ប្រឆាំង​មិន​ត្រូវ​ខ្លាច​គេ​ចាប់​ដាក់​គុក​ ឬក៏​វាយ​ដំ​ឡើយ​”។ ចាប់​តាំង​ពី​ឆ្នាំ​​២០០៩​មក​ លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​និរទេស​ខ្លួន​ទៅ​​រស់​នៅ​​ប្រទេស​​បារាំង ដើម្បី​គេច​ពី​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​១១​​ឆ្នាំ ពី​បទ​ល្មើស​​មួយ​ចំនួន​ រួ​ម​មាន​ការ​ញុះញង់​ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​លោក​បាន​អះអាង​ថា ជា​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​រឿង​នយោបាយ​នោះ​។

លោក​ ម៉ម សូណង់ដូ ក៏​បាន​លើក​ឡើង​ថា លោក​មាន​ការ​ខក​ចិត្ត​ដែល​​ការ​គំរាម​កំហែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​ ដោយ​មូល​ហេតុ​ថា ខ្វះ​កំណែ​ទម្រង់​នៅ​ក្នុង​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ មិន​ដែល​ធ្វើ​​ឲ្យ​បាន​ជោគ​ជ័យ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ គណបក្ស​ប្រឆាំង​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ នៅ​ក្នុង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​​បោះ​ឆ្នោត ហើយ​បាន​ប្រាប់​​សាធារណជន​ថាប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​មិន​ផ្លាស់​ប្ដូរ​ទេនោះ​ ខ្លួន​នឹង​មិន​ចូល​រួម​​ការ​បោះ​ឆ្នោត​ឡើយ​ ប៉ុន្ដែ ឥឡូវ​នេះ​ ពួក​គេ​​បាន​ចូល​រួម​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហើយ​។ ហេតុ​ដូច្នេះ​ ឥឡូវ​នេះ​ ពួក​គេ​បាន​គាំ​ទ្រ​ការ​បោះ​ឆ្នោត​នេះ​៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស