29 C
Phnom Penh

សាលា​​​ដំបូងខេត្តចោទ​​​ប្រកាន់​បុរសពីរនាក់​​​ពីបទរំលោភ​អនីតិជន​ក្នុងករណីពីរដាច់ដោយឡែកពីគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការបានឲ្យដឹងថា កាល​​​ពី​​​​​​​​​ម្សិល​មិញ សាលាដំបូង​​​ខេត្ត​​​ពីរ​​​ផ្សេង​​​គ្នា​​​ បាន​ចោទ​ប្រកាន់​​​បុរសពីរនាក់​​​ពីបទ​​​រំលោភ​អនីតិជន​​​នៅក្នុងករណី​ដាច់​ដោយ​ឡែកពីគ្នា។

កងរាជអាវុធហត្ថបាន​​​ឲ្យដឹងថា នៅ​​​ក្នុង​ខេត្តកំពង់ធំ ឈ្មោះ សន ប៉េ ត្រូវ​សាលា​ដំបូង​ខេត្ត​​ចោទ​ប្រកាន់​​​ពីប​​​ទ​រំលោភ​ក្មេងស្រី​អាយុ៧ឆ្នាំ​​​ រីឯនៅខេត្តបន្ទាយ​មានជ័យវិញ​​​សាលាដំបូង​​​បាន​​​ចោទ​ប្រកាន់បុរស​​​អាយុ​២០ឆ្នាំ ម្នាក់ឈ្មោះ​​​ សឿន រ៉ា​​​ ពីបទ​​​រំលោភ​ក្មេងស្រី​​​អាយុ៥​​​ឆ្នាំ​​​នៅ​​​ក្នុងក្រុងប៉ោយប៉ែត។

ឈ្មោះ សន ប៉េ ត្រូវតុលាការ​​​ចោទ​ប្រកាន់​​​​ពីប​​​ទ​​​ចាប់​ពង្រត់ក្មេង​ស្រី​អាយុ​៧ឆ្នាំ​​​កាល​​​ពីថ្ងៃ​​​សៅរ៍​​​នៅ​​​ម៉ោង​ប្រហែល​៨យប់។ពេល​​​នាង​​​កំពុងដេក​​​នៅ​ក្បែរជីដូន និងប្អូន​​​ស្រី​​​របស់នាង។ ជន​ល្មើស​នេះ បានយក​​​ភួយ​​​រំុនាង​​​ និងបីនាង​​​ទៅ​វាលស្រែមួយ​​​ចម្ងាយ​​​ប្រហែល​​​៤០០​​​ម៉ែត្រ​​​ទី ដែលជនល្មើស​​​នេះ បានរំលោភ​នាង។

លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអម​​​សាលាដំបូងខេត្តកំពង់​ធំបានមាន​ប្រសាសន៍​​​កាលពីម្សិលមិញ “ ជនល្មើស​​​នេះ​​​ត្រូវបាន​​​ចោទប្រកាន់​​​ពីបទរំលោភ​មាន​​​ស្ថានភាព​ទម្ងន់​ទោស​​​ ពីព្រោះជននេះ​​​បានរំលោភ​​​ក្មេងស្រី​​​មិន​​​ទាន់គ្រប់​​​អាយុ”។

លោក ប៉ែន សារ៉ាត់ បាន​មានប្រសាសន៍​​​បន្ថែមថា “ ជន​​​នេះ មិន​​​បាន​​​សារភាពថា​​​បាន​រំលោភ​​​នាង​​​ទេ។ជន​​​នេះ បាននិយាយ​​​ថា ខ្លួន​​​គ្រាន់​​​តែ​​​ស្ទាប​​​នាង​​​ប៉ុណ្ណោះ​​​។​​​ ប៉ុន្តែ​​​យើង​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​”។ បន្ទាប់​​​ពីជនល្មើស​​បាន​​​រំ​​​លោភ​​នាង​គ្រួសារ​របស់​​​ជនរងគ្រោះ​​ បាន​​​ប្តឹង​​​ទៅ​នគរបាល​​​ភ្លាមៗ​​​។​​​ នគរបាល​​​មាន​​​ភស្តុតាង​​​បញ្ជាក់ថា​​​ឈ្មោះ សន​​​ ប៉េ​​​ ដែល​​​ទុក​​​ក្មេង​​​ស្រី​​​អាយុ​​​៧ឆ្នាំ​​​ចោលនៅ​​​ចម្ងាយ​​​ប្រហែល​​​៣០ម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់នាង​​​ រួចដើរត្រឡប់​​​ទៅ​​​ផ្ទះ​​​ខ្លួន​​​វិញ​​​។

បុគ្គលិក​​​មន្ទីរ​​​ពេទ្យបង្អែកខេត្តកំពង់ធំ​បាន​​​បញ្ជាក់​​​ថា​​​ ក្មេង​​​ស្រី​​​នេះ​​​បាន​​​ចូល​សម្រាក​​​ព្យា​បាលក្នុងមន្ទីរពេទ្យ​​ប៉ុន្តែ​​​បាន​​​ចេញពី​​​​​​មន្ទីរ​ពេទ្យ​​​​កាល​​​ពី​​​ម្សិលមិញ​​​។ ​​​ក្នុង​​​ករណី​​​រំលោភ នៅ​ខេត្ត​​​បន្ទាយ​​​​​​​​មាន​ជ័យ​​​
លោក​​​ ហម​​​ មុត​​​ មេ​​​​​បញ្ជា​ការ​​​កងរាជ​​​អាវុធ​​​ហត្ថ​​​​ក្រុង​​​ប៉ោយបែ៉ត​​​ បានមាន​​​ប្រសាសន៍​​​ថា ​ជន​រងគ្រោះម្នាក់​ត្រូវ​​​អ្នក​​​ជិត​​​ខាង​​​របស់​​​នាង​​​ឈ្មោះ ​​​សឿន រ៉ា​​​ ចាប់រំលោភ​​​នាង​​​ កាល​​​ពីថ្ងៃ​​​សៅរ៍​​​ នៅ​​​ក្នុងផ្ទះ​​​របស់​​​ខ្លួន ​​​បន្ទាប់​​​ពី​​​ឪពុក​​​ម្តាយ​​​នាង​​​បាន​​​ចេញ​​​ទៅ​​​ធ្វើការបាត់​​​។

លោក​​​ ហម​​​ មុត ​​​បានមាន​​​ប្រសាស​​​ន៍ថា“ ជនសង្ស័យ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូងខេត្តរួចហើយ ​​​ដើម្បី​​​ឲ្យតុលា​ការ​​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ៥ឆ្នាំ​​​”។ លោកស្រី ​​​លឹម មុនី អនុ​​​ប្រធាន​​​ទទួល​​​បន្ទុក​ផ្នែក​​​កម្មវិធី​​​ការពារ​សិទ្ធិកុមារ​​​ និងស្រ្តី​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​បានមា​​​ន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​​​ មានករណី​​​ចាប់​​​រំលោភ​​​ពីរលើក ​​​​បានកើតឡើងនា​​​ពេលថ្មី​​​ៗនេះ ដែលត្រូវ​​​បាន​​​រាយការណ៍មកថា ប្រព្រឹត្តឡើង​​​ដោយ​ជន​​​ល្មើស​​​ ដែល​ត្រូវ​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ចោទ​​​ប្រ​​​កាន់ ​​​ប៉ុន្តែ​​​ ករណី​​​ផ្សេង​​​ជា​​​ច្រើន​​​ទៀត​​​នៅ​​​ទូ​​​ទាំង​​​ប្រ​​​ទេស​​​មិន​​​ត្រូវ​​​បានគេ​​​រាយការណ៍​​ឲ្យ​​​ដឹង​​​នោះ​​​ទេ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“ ​​​ករណី​​​ចាប់​​​រំលោភ​​​ ដែលត្រូវបាន​​​រាយ​ការណ៍​​​កន្លង​មកបានឲ្យ​​​ដឹងថា​​​​ ភាគ​​​ច្រើន​​​មាន​កើត​ឡើង​ចំពោះក្មេង​​​ស្រី​​​មិន​​​ទាន់​​​គ្រប់​​​អាយុ​​​ ហើយ​​​តុលាការ​​​ជួនកាល​​​បាន​​​ដោះ​​​លែង​​​ជន​សង្ស័យ​​​​ទាំង​​​នេះ​​​ ឬដូរបទ​​​ចោទ​​​ប្រ​​​កាន់​​​ ឬក៏បន្ធូរ​បន្ថយ​​​ទោស”។

រហូត​​​មក​​​ដល់​​​ឆ្នាំ​​​នេះ​​​ កាសែត ខេមបូឌា​ដេលី​​​ បាន​ធ្វើសេចក្តី​​រាយការណ៍​​​អំពីករណី​​​ចាប់​​​រំលោភ​​​កុមារ​​ចំនួន​​​១១​ករណី​​​ ក្នុង​នោះ​មានជនរង​​​គ្រោះ​​​ម្នាក់​​​ត្រូវ​​​បាន​​​ជន​​​ល្មើស​​​សម្លាប់​​នៅក្នុង​​​វត្ត​​​មួយ នៅ​​​ខេត្ត​​​ព្រៃវែង​​​។ ជន​​​រង​​​គ្រោះ​​​នោះទើបតែ​មាន​អាយុ​​​ពីរឆ្នាំ​​​ប៉ុណ្ណោះ​​​៕​​​​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស