មន្ត្រីបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃមុនបុណ្យចម្រើនព្រះជន្មគម្រប់៦០វស្សាយាងចូល៦១ព្រះវស្សារបស់ទ្រង់ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានអនុញ្ញាតឲ្យមន្ត្រីជាច្រើនរូបមកពីគណបក្សប្រជាជនកម្ពុជា រួមមានរដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រចូលក្រាបបង្គំគាល់នៅឯព្រះបរមរាជវាំង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រួមទាំងឯកឧត្តម សុខ អាន និងឯកឧត្តម ស ខេង [រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] បានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ នៅឯព្រះបរមរាជវាំង”។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា អំឡុងពេលចូលថ្វាយបង្គំគាល់នោះ ព្រះមហាក្សត្រ នរោត្តម សីហមុនីបានកោតសរសើរគណបក្សកាន់អំណាច។
លោក ឈាង វុន បានមានប្រសាសន៍ថា “ ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងបានកោតសរសើេរចំពោះស្នាដៃដ៏អស្ចារ្យក្នុងការអភិវឌ្ឍជាតិ…និងបានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន”។
គួររំឭកផងដែរថា អំឡុងសុន្ទរកថារបស់លោកនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន ក៏បានសម្ដែងការកោតសរសើរចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី និងមានប្រសាសន៍ថា លោកនឹងរៀបចំពិធីបុណ្យចម្រើនព្រះជន្មតាមព្រះពុទ្ធសាសនាថ្វាយព្រះអង្គនៅក្នុងព្រះបរមរាជវាំង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ទូលបង្គំជាខ្្ញុំសូម… ថ្វាយព្រះពរដល់ទ្រង់ សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរដើម្បីគង្សជាម្លប់ដល់យើងទាំងអស់គ្នា។
ព្រះមហាក្សត្រក៏បានសុំឲ្យមានការដោះលែងទណ្ឌិតចំនួន១១៧នាក់ចេញពីពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ទ្រង់ផងដែរ។ លោក សំ ប្រជាមាននិត អ្នកនាំពាក្យក្រសួង
យុត្តិធម៌បានមានប្រសាសន៍ថា រដ្ឋាភិបាលបានចុះហត្ថលេខាយល់ព្រមតាមសំណើរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី រួចហើយ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា