មន្ត្រីតុលាការបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងខេត្តព្រះសីហនុបានចោទប្រកាន់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ពីបទនិយាយភូតកុហក កាលពីម្សិលមិញ បន្ទាប់ពីក្មេងស្រីនេះបានហៅទូរស័ព្ទទៅស្ថានីយវិទ្យុដ៏ល្បីឈ្មោះមួយ ដោយអះអាងថា នាងត្រូវបានគេចាប់ជំរិត ហើយកលល្បិចនេះនាំឲ្យនគរបាលស្វែងរកនាងអស់រយៈពេល១៩ម៉ោង។
លោក រាម ច័ន្ទមុន្នី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានមានប្រសាសន៍ថា សិស្សអនុវិទ្យាល័យអាយុ១៥ឆ្នាំម្នាក់នេះ បានទូរស័ព្ទទៅវិទ្យុអេប៊ីស៊ី (ABC) ១០៧.៥ ដែលជាស្ថានីយវិទ្យុភាសាខ្មែរដ៏ល្បីឈ្មោះ ដែលផ្សព្វផ្សាយផ្ទាល់ពីបទល្មើសនានា និងការសង្គ្រោះបន្ទាន់។ កាលពីថ្ងៃអាទិត្យ នាងបានទូេស័ព្ទទៅវិទ្យុនេះដោយនិយាយថា នាងត្រូវបានគេចាប់ជំរិត ហើយត្រូវឃុំខ្លួន នៅកន្លែងមួយ ក្នុងខេត្តព្រះសីហនុ។
លោក ច័ន្ទមុន្នី បានមានប្រសាសន៍ថា នាងត្រូវបានចាប់ខ្លួន កាលពីថ្ងៃច័ន្ទ និងត្រូវបានតុលាការសាកសួរកាលពីម្សិលមិញ។ លោក ច័ន្ទមុន្នី បានមានប្រសាសន៍បន្ដថា “ ក្មេងស្រីនេះបានសារភាពថា នាងក្លែងបន្លំរឿងមួយថា នាងត្រូវបានចាប់ជំរិត និងឃុំខ្លួននៅក្នុងផ្ទះមួយ ក្នុងខេត្តព្រះសីហនុ”។ លោកបន្ដថា “ ក្មេងស្រីនេះត្រូវបានចោទប្រកាន់ពីបទនិយាយភូតកុហក”។
ទោះជាយ៉ាងណា លោក ច័ន្ទមុន្នី ក៏បានមានប្រសាសន៍ផងដែរថា លោកសង្ឃឹមថា ទោសនេះនឹងអាចស្រាល ព្រោះក្មេងស្រីនេះ គឺជាអនីតិជន ប៉ុន្ដែ លោកមានប្រសាសន៍ថា វាអាស្រ័យលើចៅក្រម។លោកបានមានប្រសាសន៍បន្ថែមថា “ យោងតាមច្បាប់ ការចោទប្រកាន់របស់នាងអាចមានទោសពីរមួយខែ ទៅប្រាំឆ្នាំ”។
លោក កុល ផល្លី នាយការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីវិទ្យុអេប៊ីស៊ីប្រកាសអំពីដំណឹងចាប់ជំរិតក្លែងក្លាយតាមរលកធាតុអាកាសនៅម៉ោងប្រហែលប្រាំល្ងាចថ្ងៃអាទិត្យនោះមក លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យមន្ត្រីរបស់លោកស្វែងរកក្មេងស្រីនេះ។
លោក ផល្លី មានប្រសាសន៍បន្ដថា“ បន្ទាប់ពីការស្វែងរកនាងទូទាំងក្រុងព្រះសីហនុអស់រយៈពេលប្រហែល១៩ម៉ោងមក នៅម៉ោងប្រហែល១២ និង៣០នាទីថ្ងៃត្រង់ កាលពីថ្ងៃច័ន្ទ យើងបានរកឃើញក្មេងស្រីនេះ កំពុងលេងជាមួយនឹងសាច់ញាតិ នៅផ្ទះមីងរបស់នាង។
លោក ផល្្លី បានបដិសេធមិននិយាយថា តើនគរបាលបានទៅដល់ផ្ទះរបស់ក្មេងស្រីនេះ នៅពេលចាប់ផ្ដើមស្វែងរកនាង ឬក៏ ថាតើពួកគេបានសាកសួរគ្រួសាររបស់នាងដែរ ឬអត់នោះទេ។ លោកបានបន្ដថា“ ការស្វែងរកត្រូវបានធ្វើឡើងដោយប្រើបច្ចេកទេសរបស់នគរបាល”។
លោកបានមានប្រសាសន៍ថា អំឡុងពេលសាកសួរ ក្មេងស្រីនេះបានសារភាពថា អ្វីដែលនាងនិយាយគឺជារឿងភូតកុហកទាំង អស់ “ នាងមិនស្មានថា រឿងនោះទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់នគរបាលខ្លាំងដូច្នេះសោះ”។
លោក ផល្លី បានមានប្រសាសន៍បន្ថែមទៀតថា “ ខ្ញុំសំណូមពរឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកុំក្លែងបន្លំរឿង ដែលបណ្ដាលឲ្យខូចសណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យនគរបាលរវល់។ ការក្លែងបន្លំរឿងបែបនេះ គឺរំលោភច្បាប់ ហើយជនល្មេើសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា