38 C
Phnom Penh

អ្នក​ភូមិ​ប្រមានៅ​តែ​ចងចាំ​ពី​ក្មេងស្រី​ដែល​ត្រូវ​កម្លាំង​សន្តិ​សុខ​បាញ់​ស្លាប់ក្នុង​ខេត្ត​ក្រចេះ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភូមិ​ប្រមា, ខេត្ត​ក្រចេះ - នៅក្នុង​វាល ស្រែ​ធំល្វឹងល្វើយដែលមាន​ពោត​ដុះ​ចោះៗនោះ​ ផ្នូរ​របស់​ ហេង ចន្ថា ស្ថិត​នៅ​ក្រោម​ដំបូល​​ប្រក់​​សង្ក័សី​តូច​មួយ​។

ក្មេង​ស្រី​អាយុ១៤ឆ្នាំ​រូបនេះ​ ជា​កូន​ទី​៧​ក្នុង​ចំណោម​កូន​ទាំង​១០របស់​គ្រួសារ​កសិ​ករ​មួយ​ដែលប្រកប​របរ​ធ្វើស្រែចម្ការ​និង​ដាំ​ដំឡូង​មី ត្រូវ​បាន​កម្លាំង​សន្តិសុខ​បាញ់​ស្លាប់​ ពេល​ឆ្មក់ចូល​ភូមិ​របស់​នាង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២​ បើគិតមក​ដល់​ថ្ងៃ​នេះ​គឺ​​មាន​រយៈពេល​មួយ​ឆា្នាំ​​​គត់​។

រដ្ឋាភិបាល​អះ​អាង​ថា ខ្លួន​ត្រូវ​បណ្តេញ​​ក្រុមបះបោរ​​ប្រដាប់​អាវុធ និង​​ប្រកប​ដោយ​​គ្រោះថ្នាក់​នេះដែល​​បាន​ប្តេជ្ញា​បំបែក​ភូមិ​ដាច់​ស្រយាលនេះ​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​រដ្ឋ​។ អង្គការ​សិទ្ធិមនុស្ស និង​អ្នកភូមិ​មួយ​ចំនួន​លើក​ឡើងថា ពួកគាត់គ្រាន់តែ​ព្យា​យាម​ការ​ពារ​ដី​ស្រែ​របស់​ខ្លួន​ពី​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូតែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ត្រូវ​បាន​បណ្តេញចេញ។ ប្រជា​ពលរដ្ឋ​ពីរ​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​លោក ម៉ម សូណង់ដូ​ ម្ចាស់​ស្ថានីយ​វិទ្យុ​​សម្បុក​ឃ្មុំ​ឯករាជ្យ ដែល​លោកមិន​ដែល​ធ្លាប់​​​បាន​ទៅកាន់ត​ំបន់​នោះ​​សោះ​ ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​បង្កើត​ចលនា​អបគមន៍។

ប៉ុន្តែ​សរុបមក ទុក្ខសោក​បាន​ស្តែង​ឲ្យ​ឃើញ​នៅ​ថ្ងៃនោះ​ គឺ​ក្មេងស្រី​ ហេង ចន្ថា អាយុ​១៤ឆ្នាំ​​តែ​ម្នាក់​គត់ដែលបានស្លាប់​។ អាជ្ញាធរ​បាន​​ចាត់​ទុក​​ភ្លាម​ៗ​ថា ​ការ​ស្លាប់​របស់នាង​ គឺ​ជា​គ្រោះ​ថ្នាក់​​ដោយ​ចៃដន្យ​ហើយ​មិន​អើពើ​នឹង​ការ​អំពាវនាវ​ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស​នានាឲ្យ​ធ្វើការ​ស៊ើប​អង្កេត​
​ពី​ការ​បាញ់​សម្លាប់នេះ​ឡើយ​។ មិន​មាន​ទាហាន​​ណា​​ម្នាក់​ដែល​បាន​ចូល​រួម​​ក្នុង​ការ​ឆ្មក់នោះ​ ត្រូវ​បាន​បង្ហាញ​អត្ត​សញ្ញាណ​​ថា ជា​អ្នក​បាញ់​សម្លាប់​ឡើយ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ផ្តន្ទា​ទោស​ចំពោះ​ការ​ស្លាប់​ក្មេង​ស្រី​រូបនេះ​ឡើយ។

សាច់ញាតិ​ម្នាក់​របស់​ ហេង ចន្ថា ដែល​និយាយ​ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ពី​ផ្ទះ​មួយ​​នៅ​ឆ្លង​​ផ្លូវ​ម្ខាង​ទៀត​ពី​កន្លែង​ដែល​ក្មេង​ស្រី​រូប​នេះ​បានស្លាប់​ថា“ វាមិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ គេ​មិន​បាន​រក​យុត្តិធម៌​ឲ្យ​​ [នាង] ឡើយ”។

ដោយ​សារ​តែ​ការ​ភ័យខ្លាច​​នេះ​​ហើយ​ដែល​ទី​បំផុត​បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​ ហេង ចន្ថា​ បង្ខំ​ចិត្ត​លក់​ដី​ស្រែ​របស់ខ្លួន​ទំហំ​ពីរ​ហិកតានៅ​ក្នុង​ភូមិ​ប្រមា ហើយ​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ខេត្ត​សៀម​រាប​​កាល​ពី​ប្រហែល​ពីរ​សប្តាហ៍មុននេះ។

ស្ត្រី​ជា​សាច់ញាតិ​​ម្នាក់​ទៀតរបស់​ក្រុម​គ្រួសា​រ​នេះ​ដែលកំពុង​រស់នៅ​ក្នុង​ភូមិ​ប្រមា​នៅ​ឡើយ​ និង​និយាយ​ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ដោយ​ខ្លាច​ការ​សងសឹកថា “ នៅ​ពេល​ [ម្តាយ របស់​ ហេង ចន្ថា]​ បានសម្ភាសតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មក អាជ្ញាធរ​បានមក​គំរាម​កំហែងគាត់​ នោះហើយជាមូល​ហេតុ​ធ្វើឲ្យ​គាត់​ផ្លាស់​ទី​លំនៅ។​អាជ្ញាធរ​ ដែល​ខ្ញុំ​មិន​ស្គាល់​ថា ជា​នរណា​នោះ បាន​មក​ប្រាប់​អ្នក​ស្រី​ឲ្យ​ឈប់​និយាយជាមួយ​ជន​បរទេស​…។ [ម្តាយ​របស់​ ហេង ចន្ថា] បាន​និយាយថា ពួកគេ​បាន​ប្រាប់​អ្នក​ស្រី​ថា ប្រសិន​បើ​មាន​ជន​បរទេស​មក​ កំុ​សម្ភាសជាមួយ​ពួកគេ​ឲ្យ​សោះ”។​

សូម​្បី​តែ​មក​ដល់​​ពេល​នេះ​ ​គឺ​មាន​រយៈ​ពេល​​​​មួយ​ឆា្នំ​បន្ទាប់​ពី​ការ​បង្ក្រាប​នេះ​ ​សាច់​ញាតិ​ក្រុម​គ្រួសារ​នេះ​នៅ​តែក្រឡេក​មើល​ ដោយ​ប្រុង​ប្រយ័ត្ន​​ ទៅ​​លើ​ផ្លូវ​ឆ្លង​កាត់​ផ្ទះ​របស់​នាង​ក្រែង​មាន​អាជ្ញាធរ​ទាំង​នោះ​​​។
ទាហាន​លែង​បិទ​ផ្លូវ​ចេញ​ចូល​ភូមិ​ប្រមា​ដូច​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​ការ​បង្ក្រាប​នោះ​ទៀត​ហើយ​ ប៉ុន្ដែ​ពួកគេ​នៅ​តែ​មាន​វត្ត​មាន​ជា​ប្រចាំ​នៅ​ក្នុង​ភូមិ​នេះ។​ទាហាន​ថ្មី​ៗនៅ​តែ​ឃ្លាំ​មើល​ហេតុ​កា​រណ៍ពី​ផ្លូវ​ធំ​ដែល​នៅ​​ចម្ងាយ​ប្រហែល​ពីរបី​រយ​ម៉ែត្រពី​ភូមិ​នេះ​។

​ស្ត្រី​នោះ​បាន​រៀប​រាប់​​ថា ហេង​ ចន្ថា គឺ​ជា​​ក្មេង​ស្រី​ដែល​មិន​សូវ​មាត់​ក មាន​រាង​ខ្ពស់ សម្បុរខ្មៅ និង​ស្អាត​។​នាង​ទៅ​រៀន​នៅ​ក្នុង​វត្ត​ក្នុង​តំបន់នោះ​​ ពេល​នាង​ទំនេរ​ពីការ​ងារ​ផ្ទះ ហើយ​នាង​ពូកែ​គណិត​វិទ្យា​ណាស់។​
​ស្ត្រី​នោះ​បាន​បន្ដថា“ នាង​ឆ្លាតជាង​បងប្អូនប្រុស​ស្រី​របស់​នាង។ នាង​ពូកែ​គណិត​វិទ្យា។ នាង​អាច​គណនា​លេខ​បាន​យ៉ាង​លឿន​”។​​​​​​

ស្ត្រី​នោះ​​បាន​​​រៀប​​​រាប់​​​បន្ថែម​ថា នាង​ក៏​ស្រឡាញ់​សក់របស់​នាង​ដែរ។ “ ពេល​ម្ដាយ​នាង​ឲ្យ​នាង​កាត់​​សក់​នាង​បដិសេធ។ នាង​ធ្លាប់​ប្រាប់​យើង​ថា ពេល​នាង​ធំ​ឡើង​ នាង​នឹង​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ដើម្បី​​កុំ​ឲ្យ​ឪពុក​ម្ដាយ​របស់​នាង​ពិ​បាក”។​

​ព័ត៌មាន​លម្អិត​គឺ​ខុស​ៗ​គ្នា។ ប៉ុន្ដែ​ តាម​រយៈរឿង​រ៉ាវ​របស់​នាង​ ហេង ចន្ថា បាន​​​ព្យាយាម​លាក់​ខ្លួន​ពី​ទាហាន​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​នាង​ មុន​​ពេល​ដែល​ពួកគេ​បាញ់​សម្លាប់​នាង​។​ ​សាច់​ញាតិ​របស់​នាង​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​បាញ់​ប្រហារ​នោះ គាត់​កំពុង​​មើល​ថែទាំ​​ស្រែ​របស់​គ្រួសារ​មួយ​ផ្សេង​ទៀត​ដែល​មាន​​រយៈពេល​ធ្វើ​ដំណើរ​​ប្រាំ​បី​ម៉ោងពី​​ភូមិ​​ដែល​ទាហាន​ចូល​​នេះ​។​សាច់​ញាតិ​នេះ​បានបន្ដថា ប៉ុន្ដែ​ យោង​តាម​ម្ដាយ​របស់​ក្មេង​ស្រី​រង​គ្រោះឲ្យ​ដឹងថា​​ ហេង​ ចន្ថា ត្រូវ​បាន​គេ​បាញ់​ពី​រ​គ្រាប់។

​​គាត់​អង្គុយ​ច្រហោង​ ដូច ​​​ហេង ចន្ថា អង្គុយ​ពេល​ទាហាន​​ចូល​មក​អ៊ីចឹង ហើយ​បង្ហាញ​ពី​កន្លែង​ដែល​គ្រាប់​កាំភ្លើង​ត្រូវ​​ក្មេង​ស្រី​នេះ​។​ គាត់​​ចង្អុល​ទៅ​ភ្លៅ​ឆ្វេង​របស់​គាត់​​ បន្ទាប់​មក បង្អូស​ចង្អុល​ដៃ​​ទៅ​​លើ​ដង​ខ្លួន​​របស់​គាត់​​នៅ​​លើ​ត្រគាក​បន្តិច។

​ហេង ចន្ថា បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​គ្លីនិក​​ក្នុង​ស្រុក​នេះ​​។​ផ្នូររបស់​នាងបញ្ចុះ​នៅ​ក្នុង​ដី​ស្រែ​គ្រួសារ​របស់​នាង​ដែល​នៅ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ពី​កន្លែង​ដែល​នាង​ត្រូវ​គេ​បាញ់​សម្លាប់​។​
ស្ត្រី​នោះ​បាន​បន្ថែម​ថា នាង​ក៏​ស្រឡាញ់​ផ្កា​ណាស់​ដែរ។​ពេល​នាង​ដើរ​មក​ផ្ទះ​ នាង​តែង​តែ​បេះ​ផ្កា​សៀត​សក់​របស់​នាង។​ ដូច្នេះ មុន​ពេល​ចាក​ចេញពី​ផ្នូរ​ ម្ដាយ​របស់​នាង​បាន​ដាក់​ផ្កា​មួយ​ចំនួន​នៅ​លើ​ក្បាល​ផ្នូរ​របស់​នាង​​​។​

​លោក គង់ គា អ្នក​ជិត​ខាង​របស់​នាង​បាន​រៀប​រាប់​​ថា គាត់​បាន​ឃើញ​ ហេង ចន្ថា ជា​រឿយ​ៗ ប៉ុន្ដែ​កម្រ​និយាយ​គ្នា​ណាស់។​ ​ពេល​ឈរ​នៅ​ខាង​ក្រៅ​ទ្វារ​ផ្ទះ​របស់គ្រួ​សារ​នេះ លោក​បាន​បន្ដ​ថា “ នាង​ជា​មនុស្ស​ដាក់​ខ្លួន​ មិន​សូវ​មាត់​ច្រើនទេ។ នាង​ជា​ក្មេង​ស្រី​ដែល​ចូល​ចិត្ត​ស្ងប់​ស្ងាត់”។

លោក គង់ គា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​អង្គុយផឹក​ស្រា​ជាមួយ​មិត្ត​ភក្តិ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​លោក ចម្ងាយ​ប្រហែល​៥០​​​​​​​​ម៉ែត្រ​ពី​ផ្ទះ​របស់​ ហេង ចន្ថា នៅ​ថ្ងៃ​ដែល​ទាហាន​បង្ក្រាប​ភូមិ​នេះ។​
​លោក​បាន​មាន​ប្រសាសន៍​ថា “ ទាហាន​ចេញ​មក​ពី​គ្រប់​ទិស”។ យ៉ាង​ហោច​ណាស់​ក៏​មាន​ចំនួន​១០០​នាក់​ដែរ ដើរ​កាត់​វាល​ស្រែ​ពី​​ខាង​លិច​ផ្លូវ​ធំ និងមាន​​ជា​ច្រើន​ទៀត​មក​​ពី​ទិស​ផ្សេង​ទៀត​​​​។ “ គា្មន​នគរ​បាល​ទេ មាន​តែ​ទាហាន”។

​លោក​បាន​មានប្រសាសន៍​ថា ពី​កន្លែង​ដែល​លោក​ឈរ លោក​ក៏​អាច​មើល​ឃើញ​ ហេង ចន្ថា អង្គុយ​នៅលើគ្រែ​មួយ​​នៅ​ពី​ចំហៀង​​ផ្ទះ​នោះ​។​ ដោយ​សម្លឹង​មើល​ទៅ​ធ្នឹម​ដំបូល​ផ្ទះ​ ​លោក​បាន​បន្ដ​ថា “ ដំបូង​ ហេង ចន្ថា​ អង្គុយ​ក្នុង​ផ្ទះ​​មើល​ទូរ​ទស្សន៍​។ ពេល​នាង​ឃើញ​ទាហាន​ឡោម​ព័ទ្ធ​ផ្ទះ នាង​ក៏​ព្យា​យាម​លាក់​ខ្លួន​នៅ​ក្បែរ​សសរ”។​

ប៉ុន្តែ​នៅ​​កន្លែ​ង​​នោះ​គឺ​ជា​កន្លែង​ដែល​​ទាហា​ន​​សម្រុកចូល​​​។លោក​​ គង់ គា បា​ន​​​រៀប
​​​​រាប់ថា ​នៅ​ពេល​​​ពួ​កគេ​ចាប់​ផ្តើម​​បាញ់​​​ទៅ​​​លើ​​​​អ្នក​ភូមិ​មួ​យ​ក្រុ​ម​នៅ​ក្បែរ​ផ្ទះ​​នោះ​ ដែល​​មា​ន​កា​ន់​កា​ំ​បិត​​ និង​ពូ​ថៅ អាច​​កា​រ​​ពារ​ខ្លួន​បាន​​​​តិចតួច​ណាស់។

​លោក គង់ គា បា​ន​​​​និយាយ​​ថា “ នាង​ត្រូ​វ​គេ​បាញ់​​ ហើយ​​ខ្ញុំ​បា​ន​ឃើញ​​នា​ង​​វារ​​នៅ​លើ​រនា​ប​ផ្ទះ​។ បន្ទាប់​មក ​​ឪ​​ពុ​ក​​​របស់​នា​​ង​​បា​ន​​​ដឹក​នា​ង​ទៅ​មន្ទីរ​​ពេទ្យ​​​បង្អែក​ស្រុក​ ​ប៉ុន្តែ​​​នា​ង​​ស្លាប់​បាត់​​ទៅ​ហើយ ​​នៅ​ពេលពួ​ក​គេ​​ទៅ​ដល់​មន្ទីរ​ពេទ្យ​​”។

​គាត់​​បា​ន​​​និយាយ​​បន្ទាប់​​ពី​ឈប់​យ៉ាង​​យូ​រ​ដោ​យឱន​​សម្លឹង​​​​​ដីថា “ ខ្ញុំ​ស្តាយ​នាង​ណា​ស់​”​​​។ នៅ​​បន្ទាយទាហា​ន​នេះ​​​​ ​​​អ​គារ​​សុី​ម៉ង់​ត៍​​មួ​យ​នៅ​​​​ជាយ​ព្រៃដែល​​​ព័ទ្ធ​​ជុំ​វិញ​​ភូមិ​​ប្រ​មា​ ​​​មា​ន​​​​សភាព​ស្ងប់​ស្ងាត់​។
​ទាហា​ន​ប្រ​​ដាប់​អាវុធ​​ម្នាក់​​​ដែល​ឈរ​​យា​ម​​កណ្តាល​ភ្លៀង​រលឹម​ នៅ​ពី​ក្រោយ​​ផ្ទាំ​ង​អក្សរ​សរសេរ​ដោ​យ​​ដៃថា “ ហាមចូល​” បា​ន​និ​យា​យ​ថា លោក​ វរសេនីយ៍​ឯក ស្រី យ៉ា​ណា ដែល​ជា​មេបញ្ជាការ​​​របស់​ខ្លួន​​មិន​នៅ​ទេ​ ​ហើយ​បា​ន​បដិ​សេធ​​មិន​​ប្រាប់​ឈ្មោះ​​ខ្លួន​ឡើយ​។

​​​ទាហា​ន​រូប​នេះ​​និ​យាយ​ថា​  មាន​​ទា​ហា​ន​​៣៣នាក់​ ដែល​ត្រូវ​បា​ន​​​អា​ជ្ញា​​ធរ​​​ខេត្ត​​​ចាត់​តាំង​ឲ្យ​មក​ឈ​រ​​​​ជើង​​នៅ​ឯ​បន្ទាយ​នេះ​ ​ហើយ​​​​ថា​ ​​ពួ​ក​​​គេ​គ្មាន​​ផែន​ការ​​ចាក​ចេញ​ទេ។

​​ពេល​ដើរ​​​ចូ​ល​ទៅ​ក្នុងប៉ុស្តិ៍យា​ម​​​ ​គាត់​បា​ន​​ព្យួរ​កាំ​ភ្លើ​ង​វែង​​របស់​គាត់​​នៅ​​នឹ​ង​​​ធ្នឹម​​​ឈើ​​នៅ​ចំ​កណ្តាល​​បន្ទប់​នោះ​​ ហើយ​សម្លឹង​​​​មើលទឹក​ភ្លៀង។ ​​គាត់​​នៅ​ទី​នេះ​ជិ​ត​មួ​យ​ឆ្នាំ​​ហើយ ​​បន្ទាប់​​​ពី​​កា​រ​​ឆ្មក់​ចូល​​បា​ន​បន្តិច។
​​ទា​​ហា​ន​រូ​បនេះ​​​បា​ន​​និយា​យ​​ថា “ ខ្ញុំ​មិ​ន​​ដឹង​ថា​​តើ​​បេសកកម្ម​​​នៅ​ភូមិប្រ​​មា​​​​​​ជា​អ្វី​ទេ។ ខ្ញុំ​មិន​ឆ្ងល់​​ទេ ពី​ព្រោះ​​ខ្ញុំ​​ធ្វើ​​តា​ម​​បញ្ជា​​របស់​មេ​បញ្ជា​កា​រ​​របស់​ខ្ញុំ​ប៉ុណ្ណោះ”។

លោក​វរសេនីយ៍​ឯក ស្រី យ៉ា​ណា ​ដែល​​ជា​មេបញ្ជា​ការ​​របស់​គាត់ ​បា​ន​បង្វែរ​​សំ​ណួរ​​ទៅ​​លោក ស ចំ​រុ​ង អភិ​បាល​​ខេត្ត​​។
​គាត់​បា​ននិ​យា​យ​នៅ​ពេល​​​ទាក់​​ទ​ង ​​​កា​ល​ពី​ម្សិល​មិញថា “ ​​យើង​បា​ន​ដាក់​​បន្ទាយ​យោ​ធា​​នៅ​ក្នុង​ភូមិ​ប្រ​មា​​ ដើម្បី​ផ្តល់​សន្តិ​សុខ​សម្រាប់​អ្នក​ភូមិ​។ ​តំបន់​នេះ​​មិន​មា​ន​សុវត្ថិ​ភា​ព​​ទេ​​​ និងមា​ន​​អ​ំ​ពើ​ប្លន់ ​ពី​ព្រោះ​​វា​ជា​​តំ​បន់​​ដាច់​ស្រ​យាល​”។

​​ប៉ុន្តែ​​​អ្នក​​ភូមិ​​​ហាក់​ដូច​ជា​​​កាន់​តែ​បា​រ​ម្ភ​ថែមទៀត​​​​អ​ំ​ពីទាហា​ន​​​ទាំង​នោះ ​ជាង​​សន្តិ​សុខ​​​
​​របស់​​​ពួ​ក​គាត់​។ ​​ស្រី្តម្នាក់​ដែល​ជាសាច់​ញាតិ​របស់នាង ហេង ​ចន្ថា ដែល​សម្លឹង​​​ទៅ​ផ្លូវ​​ដោ​យ​ប្រ​យ័ត្ន​
ប្រយែង​​​ខ្លាច​មាន​​ទាហា​ន​​ដើរកាត់​ទី​​នោះ​​កា​ល​ពី​ថ្ងៃ​អង្គារ ​នៅ​តែ​​ព្រួ​យ​បា​រម្ភ​​នៅ​ឡើ​យ​កា​ល​ពី​ម្សិល​មិញ​។​គាត់​​​​បា​ន​និ​យាយ​​ថា ​ទាហាន​​​​ម្នាក់​​​បា​ន​​ទៅ​ជួប​​គាត់​​និ​ងលោក ​​គា ​នៅ​​ពេល​​ក្រោយ​មក​នៅ​ថ្ងៃ​​​នោះ ​ដើម្បី​​សួរ​​នា​ំ​​អំ​ពី​កា​រ​​ចុះ​​ទៅ​ទី​នោះ​​របស់​​​អ្នក​យក​ព័ត៌​មា​ន​។ ​គាត់​​​​បា​ន​និ​យាយតា​ម​បង្អួច​​​​ថា “ ទាហា​ន​​បា​ន​​​មក​ផ្ទះ​​​របស់​ខ្ញុំ​។​ទាហាន​នោះ​​​បា​ន​និយាយ​​​​​ថា នៅ​​​ពេល​​​ក្រោយ​​ កុំ​និ​យាយ​​ជាមួ​យ​​អ្នក​​​កាសែត​​​ទៀត​”៕

ប្រែ​សម្រួល​ដោ​យ​ សោម សារុន
ហម សុផាណ្ណា និង ចេវ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស