33 C
Phnom Penh

អ្នកភូមិនៅខេត្តស្ទឹងត្រែង​តវ៉ា​ចំពោះ​ការ​កាប់​ឈើនៅក្រៅ​ដី​សម្បទាននៃ​ទំនប់វារីអគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​អង្គារ អ្នកភូមិនៅខេត្ត​​​ស្ទឹង​​​ត្រែងបាន​​​ចោទប្រកាន់​​​ក្រុមហ៊ុន​​​មួយ​​​​ដែល​ទទួល​បន្ទុក​ឈូស​ឆាយ​ដី​ព្រៃ​សម្រាប់​គ​ម្រោង​​​ធ្វើ​​​ទំនប់វារី​​​អគ្គិសនី​​​ដ៏ធំមួយ ពី​បទ​​​​កាប់​​​ឈើជាង​​​៥.០០០​​​ដើម​​​នៅ​​​​ខាង​ក្រៅ​​​តំបន់​​​សម្បទាន​របស់​ខ្លួន​។

អាងស្តុកទឹក​​​សម្រាប់ទំនប់​វារី​អគ្គិសនី​ដែល​​​មាន​​​កម្លាំង​​​៤០០មេហ្គាវ៉ាត់​​​នៅទន្លេ​​​សេសានក្រោម២ ដែល​​​ត្រូវបាន​​​រដ្ឋសភា​អនុម័ត​​​កាលពីខែវិច្ឆិកា​ ចំពេល​មាន​​ការ​ជំទាស់​ពី​​​​​ប្រជា​ជន​មូល​ដ្ឋាននិងក្រុម​អ្នក​​​​បរិស្ថាន​នោះ​​​ នឹង​​​​ធ្វើ​ឲ្យ​​ទឹក​ជន់​លិច​ផ្ទៃដី​៣៦.០០០​ហិកតា​​​ក្នុង​​​ស្រុក​​​សេសាននិង​​​ត្រូវ​​​ជម្លៀស​​​អ្នក​​​ស្រុកប្រ​​​ហែល​​​៥.០០០​​​នាក់​​​ចេញ។

លោក​​​ សៀក​​​ មេកុង​​​ ប្រធាន​​​ឃំុ​​​ស្រែ​​​គរ​​​​មាន​​​ប្រសាសន៍កាលពីថ្ងៃ​​អង្គារ​​​ថា​​​ កម្មករ​​​បាន​​​ចាប់​​​ផ្តើម​​​កាប់​​​ឈើ​​​ចម្ងាយ​​​ប្រ​​​ហែល​​​២០​​​គីឡូម៉ែត្រ​​​ពី​​​ច្រាំង​​​ទន្លេសេសាន​​​ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​ហួស​ឆ្ងាយ​​​ពី​​​តំបន់​​​សម្បទាន​នោះ​​​​។

លោក​​​ សៀក​​​ មេកុ​​​ង​​​ ​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ឈើ​​​​​ជ័រ​​​ជាង​​​៥.០០០​​​ដើម​​​ត្រូវ​​​បាន​​​កម្មករ​​​ក្រុមហ៊ុន​​​​នេះ​កាប់​​​រំលំ។កម្មករ​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​កាប់​​​ឈើ​​​ដោយ​​​មិន​​​ផ្តល់​​​ព័ត៌មាន​​​ដល់​​​អាជ្ញាធរ​​​មូលដ្ឋានឡើយ​​​​”។​​​
លោក​​បាន​មាន​​​ប្រ​​​សាសន៍​​​ថា“ កម្មករ​​​ទាំង​​​នេះ​​​បាន​​​អះអាង​​​ថា​​​ ខ្លួន​​​បាន​​​កាប់​​​ឈើ​​​នៅ​​​​ក្នុង​​​តំបន់​​​អាងទឹក​​​ ប៉ុន្តែ​​ខ្ញុំ​មាន​ជំនឿ​មួយ​រយភាគរយថា​​​ កម្មករ​​​ទាំង​​​នេះ​​​កំពុង​​​កាប់​​​ឈើ​​​នៅ​​​ខាង​​​ក្រៅ​​​តំបន់​​​អាងទឹក​​​។​​​ឈើដែល​​​កម្មករ​​​​​បាន​កាប់​​ទាំង​នោះ​គឺ​​​ជា​​​ឈើមាន​​​តម្លៃ​​​ដូច​​​ជា​​​ឈើទាល​​​ ​​​ឈើគគីរ និង​កកោះ​ជា​ដើម​”។

អ្នក​​​ភូមិ​​​នៅ​​​ឃំុ​​​ស្រែ​​​គរ​​​បាន​​​រាយការ​​​ណ៍​​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ពេល​​​មុន​​​ថា​​​ បានឃើញ​​​កម្មករ​​​ប្រ​​​ហែល​​​ជា​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់គ្រុប ​បាន​ជួល​​​តាមរយៈក្រុមហ៊ុន​មួយ​ឈ្មោះ Ang and Associates Lawyer Ltd កាប់​​​រំលំ​​​ដើម​​​ឈើ​​​នៅ​​​ក្នុង​​​​តំបន់​​​អាងទឹក ​​​ទោះ​​​បី​​​ជា​​​មិនទាន់​​​មាន​​​ព័ត៌មាន​​​ច្បាស់​​​លាស់​អំ​​​ពី​​​កាល​​​បរិច្ឆេទ​​​ចាប់ផ្តើម​​​គម្រោង​
​​​ឬក៏​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​​និង​​​ការ​​​​ផ្តល់​សំណង​ដល់​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​ក៏ដោយ។

លោក មៀច មាន ​​​អ្នក​​​សម្រប​​​សម្រួលឲ្យ​​​​អង្គ​ការ​បរិស្ថាន​​​ក្នុង​​​ស្រុក​​​ គឺ​​​​បណ្តាញ​​​ការពារ​​​ទន្លេ​សេសាន ស្រែពក សេកុង បាន​​​បញ្ជាក់​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​​​​ថា​​​ តំបន់​​​អាងទឹក​​​​នៅ​ជំុវិញ​​​ទន្លេសេសាន​​​គួរ​តែ​លាត​​​សន្ធឹង​​​ចម្ងាយប្រ​​​ហែលពីរគីឡូម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​ការ​កាប់ឈើ​​​​នេះ​ប្រហែល​​​ជា​​​ធ្វើ​​​ឡើងនៅ​​​ខាង​​​ក្រៅ​​​តំបន់​​​សម្បទាន​​​ស្រប​​​ច្បាប់​​​នេះ​​​​ហើយ​។

លោកមាន​​​ប្រសាសន៍​​​​បន្ត​​ថា “ យើង​​​សូម​​​ផ្តល់​​​អនុសាសន៍​ឲ្យ​ក្រសួង​​​បរិស្ថាន​​​និង​​​រដ្ឋា​ភិបាល​​​​​​កំណត់​​​​ព្រំ​​​ដី​​​នៃ​​​តំបន់​​​អាង​​​ទឹក​​​​នោះ​ឲ្យ​បាន​ច្បាស់​។ លោក​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​ថា ​ព័ត៌មាន​​​ស្តី​​​ពី​​​គម្រោង​​​អគ្គិសនី​​​ទាំង​​​មូល​​​ត្រូវ​តែ​​​ឲ្យ​​​សហគមន៍​​​ដែលទទួួល​​​រង​​​គ្រោះ​ដឹង​ឮផង​​​ដែរ​​​។

ដោយ​​​ធ្វើ​ឲ្យ​កាន់​តែ​មាន​​ការ​​​​ភាន់​​​ច្រ​​​ឡំ​នោះ​​​ លោក ចាប ពិសិដ្ឋ នាយ​រង​​​ខណ្ឌ​រដ្ឋបាល​​​​​ព្រៃឈើ​​​​​​ឃំុស្រែគរ និងឃំុក្បាលរមាស ​​​បាន​​​បដិសេធថា​​​​​​ មិន​មាន​ការ​​​​​រុក​រាន​​​​ដី​​​ព្រៃ​​​ណាមួយ​សម្រាប់​ធ្វើ​អាង​ស្តុក​​ទឹក​​​នាពេលអនាគត​នោះ​ទេ​”។

លោក ចាប ពិសិដ្ឋ​​​ បានមាន​​​ប្រសាស​​​ន៍ថា “ ក្រុមហ៊ុននេះមិនទាន់បានចាប់ផ្តើមរានព្រៃនេះទេ​​​ ដូច្នេះកម្មករក៏​​​មិន​បាន​​​​ជាប់​ពាក់ព័ន្ធ​​​​​ក្នុងការកាប់ឈើ​​​​​​ក្រៅ​​​តំបន់អាងទឹកនេះ​​​ដែរ ​​”។ មនុស្ស​​​ម្នាក់ ដែល​​​លើកទូរស័ព្ទ​​​របស់​ក្រុម​ហ៊ុន Ang and Associates Lawyer  បាន​និយាយ​ថាលេខទូរស័ព្ទ​​​នេះ មិន​​​មែន​​​ជាលេខ​​​របស់​ក្រុមហ៊ុន​​​នេះ​​ទៀតទេ និងបាន​​​ប​​​ដិសេធ​​​មិន​និយាយ​អំពី​​ការ​​​ចោទ​ប្រកាន់​របស់ក្រុម​​​អ្នក​ភូមិ​​​ទាំង​​​នេះ​​ទេ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស