33 C
Phnom Penh

អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​និយាយ​ការ​ពារ​លទ្ធផល​សវនកម្ម​របស់​ខ្លួន​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​អង្គារ វិទ្យាស្ថាន​ជាតិ​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ (NDI) ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​ បាន​និយាយ​ការ​ពារ​លទ្ធផល​សវនកម្ម​របស់​ខ្លួន​នាពេល​ថ្មី​ៗ​​េនះ​​លើ​​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែកក្កដា និង​បាន​ប្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ថា ខ្លួន​មិន​យល់​សោះថា ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​​លទ្ធផល​សវនកម្ម​របស់​ខ្លួន។

សវនកម្ម​ដែល​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ខែ​មីនា ដោយ​វិទ្យាស្ថាន​ជាតិ​ ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​គណៈកម្មាធិការ​អព្យាក្រឹត​ ន​ិង​​​មិន​លម្អៀងដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​សេរី និង​​យុត្តិធម៌​​ នៅ​កម្ពុជា​ (និក​ហ្វិច​) និង​មជ្ឈ​មណ្ឌល​
​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​​បាន​រក​ឃើញ​ថា ​អ្នក​បោះ​ឆ្នោត​ជាង​មួយ​នាក់​ក្នុងចំណោម​អ្នក​បោះ​ឆ្នោត​១០​នាក់​ដែល​បាន​ចុះ​ឈ្មោះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី ហើយ​៩​ភាគរយ​នៃ​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោតក្នុង​បញ្ជី​​កាល​ពី​លើក​មុន​ ត្រូវ​បាន​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ដោយ​
​​មិន​ត្រឹម​ត្រូវ​។

បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​លទ្ធផល​សវន​កម្ម​នេះ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​និយាយ​ថា លទ្ធផល​នេះ​ “ គួរ​ឲ្យ​សង្ស័យ​ និង​អះអាង​​ថា ខ្លួន​ “ ​ពុំ​មាន​ទំនុក​ចិត្ត​លើ​សវនកម្ម​​លើ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​នេះ​ទេ​” ព្រោះ​សវនកម្ម​មួយ​ផ្សេង​ទៀត​ ដែល​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និងយុត្តិធម៌​ នៅ​កម្ពុជា​ (ខុមហ្វ្រែល) បាន​​រក​ឃើញ​លទ្ធផល​​ផ្សេង​ពី​នេះ​។

វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​លើក​ឡើង​ នៅ​ក្នុង​​សេចក្ដី​ថ្លែងការណ៍​មួយ​​កាល​ពី​ថ្ងៃ​អង្គារថា “ ​ខុមហ្វ្រែល​ និង​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ព្រម​ទាំង​និកហ្វិច​ បាន​ធ្វើ​ការ​សិក្សា​ពីរ​ផ្សេង​គ្នា​ ដោយ​ប្រើ​វិធី​សាស្ត្រ​ខុស​​គ្នា​​ និង​គណនា​តាមរបៀប​​ផ្សេង​គ្នា ដូច្នេះ​ទើ​ប​មាន​លទ្ធផល​ខុស​គ្នា​។

សេចក្ដី​ថ្លែងការណ៍​េនះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខណៈ​ដែលវិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ធ្វើ​តេស្ត​ ដើម្បី​ចង់​ដឹង​ថា តើ​មនុស្ស​ដែល​មាន​ឈ្មោះ​នៅ​លើ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​​នោះ​មាន​ពិត​មែន​ ឬអត់​នោះ​ ខុមហ្វ្រែល​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។

វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិប​តេយ្យ​ បាន​លើក​ឡើង​តាំង​ពី​ខែ​មីនា​ថា គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតទំនង​ជា​មិនបាន​​យល់​អំពី​​វិធី​សាស្ត្រ​​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ប្រមូល​ទិន្នន័យ​អំពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទេ​។

​វិទ្យាស្ថាន​នេះ​បាន​បន្ដ​ថា “ ការ​គណនា​នោះ​ផ្អែក​លើ​បទដ្ឋាន​ដែល​ទទួល​ស្គាល់​ជា​អន្ដរជាតិ​ ដែល​​បង្កើត​ឡើង​ដោយ​​ស្ថាប័ន​​គ្រប់​គ្រង​ការ​បោះ​ឆ្នោត”។ ​​

​បញ្ហា​តែ​មួយ​គត់​ដែល​ការ​សិក្សា​ទាំង​ពី​រ​បាន​គណនា​​ គឺ​ភាគរយ​នៃ​អ្នក​បោះ​ឆ្នោត​ដែល​​គិត​ថា ពួកគេ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ប៉ុន្ដែ​មិន​បាន​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី។​ ​វិទ្យា​ស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​លើកឡើង​ថា ហើយ​ក្នុង​ករណី​នេះ​ “ លទ្ធ​ផល​​នៃ​ការ​រក​ឃើញ​ក៏​បាន​គិត​អំពី​កម្រិត​កំហុស​ខាង​ស្ថិតិ​ដែរ”។

​អ្វី​ដែល​អ្នក​សង្កេត​ការ​ណ៍​បោះ​ឆ្នោត​លើកឡើង ​គឺ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​មាន​បញ្ហាដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវ​​នាវ​សុំ​ឲ្យធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​សា​ជា​ថ្មី​ និងសុំ​​ឲ្យ​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​រហូត​ដល់​ភាព​
​មិន​ប្រក្រតី​ទាំង​អស់​ត្រូវ​បាន​ដោះ​ស្រាយ។

យោង​តាម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​នឹង​ប្រ​ព្រឹត្តទៅ​នៅ​​ថ្ងៃ​ទី​២៨​ខែ​កក្កដា ហើយ​ប្រជា​ពល​រដ្ឋ​ចំនួន​៩,៦​លាន​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស