38 C
Phnom Penh

ក្រុមហ៊ុន​ខេឌី​ស៊ី៖ ទាហាន​ចូលនិវត្ត​បាន​ឈរ​ជើង​ការពារ​ដី​មាន​វិវាទនៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្រុមហ៊ុន​ ខេឌីស៊ី​ ជា​ក្រុម​ហ៊ុន​កសិ​ឧស្សាហកម្មនៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​បាន​បដិសេធ​ថា ក្រុមហ៊ុន ដែល​បាន​ជាប់​ផុង​ក្នុង​វិវាទដីធ្លី​ជាយូរ​មក​ហើយជាមួ​យ​អ្នក​ភូមិ​៥១​គ្រួសារ​នៅ​ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់​ត្រឡាច​នោះ​​ មិន​បាន​ជួល​ទាហាន​កង​យោធពល​ខេមរ​​ភូមិន​្ទឲ្យ​យាម​តំ​បន់​នេះទេ។

កាលពី​ថ្ងៃ​ច័ន្ទ​ នគរ​បាល​ឃុំ បាន​និយាយ​ថាទាហាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ដាក់​ពាក្យ​បណ្តឹង​ ដោយ​លើក​ឡើង​ថា ខ្ទម​ឈើ​ដែល​ពួកគេ​បាន​ឈរ​ជើង​​នោះ​ស្ថិត​នៅ​ក្នុង​ដី​របស់​ក្រុមហ៊ុន​ខេឌីស៊ី​ ត្រូវ​អ្នក​ភូមិ​ដែល​មាន​កំហឹង​ដុត​បំផ្លាញ​កាលពី​ថ្ងៃ​សៅរ៍។

កាលពី​ថ្ងៃអង្គារ​ មេបញ្ជាការ​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ពីរ​រូប​ប្រចាំ​ខេត្ត​​នេះ​បាន​បដិសេធថា ក្រុមហ៊ុន​ ខេឌីស៊ី​ ដែលកាន់​កាប់​ដោយ​ភរិយា​របស់​លោក​ ស៊ុយ សែម រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាម​ពល​ មិន​បាន​ជួល​ទាហាន​​របស់​ខ្លួន​ទេ និង​បាន​បដិសេធ​ថា គ្មាន​ទាហាន​​ណាម្នាក់​​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល​ឡើយ ដោយ​លើក​ឡើង​ថា អ្នក​​ស្លៀកពាក់​ឯកសណ្ឋាន​​ដែល​ឈរ​ជើង​នៅ​ខ្ទម​នោះ​គឺ​ជា​កម្ម​ករ​របស់​ក្រុមហ៊ុន​ខេឌីស៊ី​ មិន​មែន​ជា​ទាហានទេ​។

លោក ថៃ​ ហ៊ី តំណាង​ក្រុមហ៊ុន​ខេឌី​ស៊ី​​​​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញថា “ ​មនុស្ស​​ដែល​ក្រុមហ៊ុន​នេះ​បាន​ជួល​ឲ្យ​ការ​ពារ​ដី​នេះ​គឺ​ជា​ទាហាន​ចូលនិវត្ត​”។

យោង​តាម​អ្នក​ភូមិ​ពីរ​នាក់​បាន​ឲ្យ​ដឹង​ថា ​ពេល​ត្រូ​វបាន​សួរ​ថា តើ​ហេតុអ្វី​បាន​ជាបុរស​ទាំងនេះ​ស្លៀកពាក់​ឯក​សណ្ឋាន​ ហើយ​យ៉ាងហោច​ណាស់​បុរស​ម្នាក់​​មាន​កាំ​ភ្លើង​អាកា-៤៧ទៀត​នោះ លោក ថៃ ហ៊ី ​មានប្រសាសន៍ថាឯកសណ្ឋាន​ទាហានស្រួ​ល​ទិញណាស់។ លោក ថៃ ហ៊ី ​​ថ្លែង​ថា“ សូម្បី​អ្នក​រត់តាក់់ស៊ី​​ក៏ស្លៀកពាក់​ឯក​សណ្ឋាន​យោធា​ដែរ”។

លោក ថៃ​ ហ៊ី ​បដិសេធ​មិន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​អំពី​តម្លៃ​ខ្ទម​ឈើ​បណ្តោះ​អាសន្ន​នោះ​ ឬ​ថា តើ​ក្រុមហ៊ុន​ខេឌីស៊ី នឹង​ដាក់​ពាក្យ​បណ្តឹង​ពី​ការ​ដុត​នោះ​ឬ​យ៉ាងណាឡើយ ដោយ​លើក​ឡើង​ថា“នៅ​ពេល​ណា​ក៏ដោយ ​អ្ន​កភូមិតែង​ប្រើ​អំពើ​ហិង្សា និង​មិន​គោរព​ច្បាប់​ឡើយ…មាន​តែ​ប្រព័ន្ធតុលាការ​ប៉ុណ្ណោះ​​អាច​កែ​តម្រូវ​ពួកគាត់​បាន”។

លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍ឃុំ​តាជេស​​បាន​ប៉ាន់​ប្រមាណពី​ខ្ទម​ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​នេះ​ថា មាន​តម្លៃ​ប្រហែល​៣០០​ដុល្លារ។ លោក រាជ​ សីមា តំណាង​អ្នក​ភូមិ​បាន​មាន​ប្រសាសន៍​ថា ខ្ទម​ទាំងនេះ​​មិន​មាន​តម្លៃ​លើស​​ពី​៥០ដុល្លារ​ទេ ហើយ​ថា អ្នក​ភូម​ិ​មាន​សិទ្ធិ​ពី​ព្រោះ​សំណង់​ទាំងនេះ​​មិន​​គួរ​សង់​​តាំង​ពី​​ដំបូង​មក​ម្លេ៉ះ​។

លោក​ រាជ សីមា បាន​មាន​ប្រសាសន៍​ថា  “ ខ្ទម​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ខុស​ច្បាប់​គឺចំកណ្តាល​ដី​ដែលមាន​វិវាទតែម្តង​”។ លោកបាន​មាន​ប្រសាសន​៍​បន្ថែម​ទៀត​ថា កាល​ពីឆ្នាំ​២០០៨ ក្រុមហ៊ុន​នេះ​បាន​បំផ្លាញ​ផ្ទះ​សំបែង​អ្នក​ភូមិ​ប្រាំ​បី​គ្រួសារ​ ហើយ​មិន​ដែល​ត្រូ​វ​បាន​ផ្ទន្ទាទោស​ឡើយ។

“ ​មិន​សម​​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ខ្ទម ​ដែល​ត្រូ​វបាន​ដុតបំផ្លាញ​នេះ​ឡើយ​…​ប្រសិន​បើ​យើង​ប្រៀប​ធៀប​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ទៅ​នឹង​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​​បំផ្លាញ​ទ្រព្យ​សម្បត្ត​ិ​របស់​យើង​វិញ​នោះ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យើង​គឺ​​ធ្ងន់ធ្ងរជាងនេះ​ឆ្ងាយណាស់”។

កាលពី​ម្សិល​មិញ​ អ្នក​ភូមិ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នេះ​ បាន​លើក​បដា​នៅ​លើដី​ដែលមាន​វិវាទនៅ​ក្នុង​ភូមិ​ឡ​ពាង​ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ដែល​មាន​​ខ្លឹម​សារ​ថា“ អ្នក​ភូមិ​ឡពាង​ស៊ូស្លាប់​ដើម្បី​ការពារ​ដី។ ដី​គឺ​ជា​អាយុ​ជីវិត​របស់​យើង”៕

  ប្រែសម្រួល​ដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស