ស្រុកគងពិសី, ខេត្តកំពង់ស្ពឺ-កម្មករពីរនាក់បានស្លាប់ និងប្រាំបួននាក់ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីម្សិលមិញ បន្ទាប់ពីបាក់ប្លង់សេរោងចក្រផលិតស្បែកជើងរបស់តៃវ៉ាន់ ដែលមានកម្មករ៧.០០០នាក់ធ្វើការ។
យោងតាមសាក្សីឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា ភ្លាមៗក្រោយពីកម្មករចាប់ផ្ដើមការងាររបស់ពួកគេ នៅម៉ោង៧ព្រឹក ផ្នែកមួយនៃប្លង់សេទំហំប្រាំបួនម៉ែត្រគុណនឹង១៥ម៉ែត្រនៅរោងចក្រវីងស្ដាស៊ូ (Wing Star Shoes) ដែលផលិតស្បែកជើងកីឡាឲ្យក្រុមហ៊ុនលក់សម្ភារកីឡារបស់ជប៉ុនហីហោអាស៊ីក (Asics) បានបាក់ភ្លាមៗតែម្តង ហើយធ្វើឲ្យកម្មករនៅជាប់ក្រោមគំនរដែក និងបេតុង។
ឧបទ្ទវហេតុនេះបានធ្វើឲ្យមានការបារម្ភអំពីបទដ្ឋានសុវត្ថិភាព នៅតាមរោងចក្រស្បែកជើង និងរោងចក្រកាត់ដេរសម្លៀកបំពាក់ប្រហែល៤០០នៅទូទាំងប្រទេសដែលរួមចំណែកដល់ការនាំចេញប្រហែល៨០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។ កាលពីម្សិលមិញ ក្រុមមន្ត្រីរដ្ឋាភិបាលបានសន្យា នឹងចុះធ្វើអធិការកិច្ចលើអគារនៅតាមរោងចក្រទាំងអស់ ក្រោយពីមានឧបទ្ទវហេតុនេះ ដែលបានកើតឡើងក្រោយពីករណីបាក់អគាររោងចក្រដ៏ធំមួយ នៅប្រទេសបង់ក្លាដែស ដែលមានកម្មករជាង១.១០០នាក់បានស្លាប់។
សពជនរងគ្រោះឈ្មោះ ស៊ុន ស្រីទូចអាយុ២២ឆ្នាំ និង រឹម សារឿន អាយុ២២ឆ្នាំត្រូវបានគេទាញចេញពីគំនរបែកបាក់ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់នេះ ចំណែកឯអធិការនគរបាលស្រុកលោក គឹម សុផាណ្ណារ៉ា បានឲ្យដឹងថា កម្មកររងរបួសប្រាំបួននាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯពីរនាក់ផ្សេងទៀតសម្រាកព្យាបាលរបួសស្រាល នៅមណ្ឌលសុខភាពស្រុក។
សពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ផ្ទះរបស់ពួកគេ នៅក្បែររោងចក្រដ៏ធំនោះដែលមានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងឃុំមហាឫស្សី និងឃុំព្រៃវិហារ ក្បែរផ្លូវជាតិលេខ៣ ជាព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
ក្រោយពីសពក្មួយប្រុសរបស់គាត់ឈ្មោះ រឹម សារឿន ត្រូវបានបញ្ជូនដល់ផ្ទះ និងដាក់ក្នុងមឈូសក្រោមផ្ទះឈើតូចមួយនៅស្រុកបាទី ខេត្តតាកែវ កាលពីម្សិលមិញ លោករឹម រ៉ន អាយុ២៩ឆ្នាំ ជាឪពុកមារបស់ជនរងគ្រោះដែលធ្វើការនៅរោងចក្រវីងស្ដា ស៊ូ ដែរបានរៀបរាប់អំពីការបាក់ ដែលគាត់
បានឃើញផ្ទាល់ភ្នែកពីបន្ទប់ជាប់គ្នា នៅក្នុងរោងចក្រនោះ។
លោកបាននិយាយថា “ គ្មានសំឡេងឲ្យដឹងមុនទេ វាស្រាប់តែបាក់ស្រឹបតែម្ដង ខ្ញុំបានរត់ចេញទៅរកក្មួយប្រុសរបស់ខ្ញុំ។ ខ្ញុំមិនឃើញនរណាម្នាក់ទេ មានតែគំនរបេតុង និងដែកប៉ុណ្ណោះ”។ ភ្លាមៗនោះ លោក រឹម រ៉ន និងកម្មករផ្សេងទៀតបាននាំគ្នាកាយបំណែកបែកបាក់នោះ។ លោកបាននិយាយថា “ ខ្ញុំបានឃើញស្ត្រីម្នាក់និងបុរសម្នាក់ ដេកស្លាប់ជិតគ្នា។ បុរសនោះជាក្មួយប្រុសរបស់ខ្ញុំ”។
ប្រពន្ធរបស់សព រឹម សារឿន ឈ្មោះ នួន ឆវី អាយុ២១ឆ្នាំ បាននិយាយថា អ្នកស្រីទើបតែសម្រាលកូនបានមួយខែប៉ុណ្ណោះ។“ គាត់ស្លាប់ហើយ ឥឡូវនេះគ្មាននរណាអាចផ្គត់ផ្គង់គ្រួសារបានទេ”។ នៅឃុំព្រៃវិហារឯណោះវិញ គ្រួសារនិងមិត្តភក្ដិរបស់សព ស៊ុន ស្រីទូច ដែលភាគច្រើនពាក់អាវយឺតប៉ូឡូរបស់រោងចក្របានចោមរោមមើលសពមានស្នាមដាច់រយះ និងជាំរបស់ជនរងគ្រោះ ដែលគ្របក្រណាត់ស។
អ្នកស្រី នូ ង៉ែត អាយុ៤១ឆ្នាំ ជាម្ដាយរបស់ជនរងគ្រោះនិយាយថា កូនស្រីរបស់គាត់ដែលអ្នកស្រីអះអាងថា មានអាយុ២២ឆ្នាំហើយនៅរៀនថ្នាក់ទី៩ នាវិទ្យាល័យក្បែរផ្ទះនៅឡើយ ក្នុងពេលទំនេរនោះ ទើបតែចាប់ផ្ដើមធ្វើការផ្នែកបិទកាវបាតស្បែកជើងនៅរោងចក្រវីងស្ដា ស៊ូ បានតែពីរសប្ដាហ៍ប៉ុណ្ណោះ។ អ្នកស្រីបាននិយាយអំពីការទទួលដំណឹងដ៏សោកសង្រេងអំពីកូនស្រីខ្លួនថា “ ខ្ញុំចង់សន្លប់ និងស្ទើរតែគាំងបេះដូងទៅហើយ”។
ពីរនាក់ក្នុងចំណោមកូនៗប្រាំនាក់ ដែលនៅរស់របស់អ្នកស្រី នូ ង៉ែត សុទ្ធតែធ្វើការនៅរោងចក្រនេះ ដែលការផ្ដល់ប្រាក់បៀវត្សរ៍ថេរ៨០ដុល្លារក្នុងមួយខែ គឺជាប្រភពការងារដែលអាចពឹងអាស្រ័យបានតែមួយនៅក្នុងតំបន់នោះ។ អ្នកស្រីបាននិយាយថា “ ខ្ញុំបារម្ភមិនដឹងថាពួកគេទៅធ្វើការវិញ ឬអត់ទេ”។
តំណាងក្រុមហ៊ុនបានឧបត្ថម្ភគ្រួសារនីមួយៗជាប្រាក់ចំនួន១.០០០ដុល្លារសម្រាប់រៀបចំពិធីបុណ្យសព ប៉ុន្ដែ មិនទាន់បានពិភាក្សាបន្ដអំពីប្រាក់សំណងសម្រាប់អ្នកស្លាប់ និងអ្នករងរបួសទេ។
អ្នកនយោបាយក៏បាននាំយកអំណោយមួយចំនួនចុះទៅសួរសុខទុក្ខគ្រួសារទាំងនោះផងដែរ ក្នុងនោះមានលោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលកំពង់ស្ពឺ ក្នុងការបោះឆ្នោតជាតិ នាខែកក្កដា។
លោក ភីតធើ លី (Peter Li)នាយកប្រចាំប្រទេសរបស់អង្គការសាយបាយសាយ(Side by Side)ដែលផ្ដល់ជំនួយ និងបណ្ដុះបណ្ដាលបុគ្គលិកសង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលចំនួន១១៩នាក់ បានមានប្រសាសន៍ថា ក្រុមអ្នកជួយសង្គ្រោះដំបូងដែលបានទៅដល់កន្លែងកើតហេតុនោះគឺរថយន្ដសង្គ្រោះក្នុងមូលដ្ឋាន បន្ទាប់មកទៀតគឺសមាជិករបស់អង្គភាពយោធាកងពលលេខ៧០។
បុគ្គលិកសង្គ្រោះ និងមន្ត្រីយោធាដែលប្រើប្រាស់ត្រាក់ទ័រកាយគំនរបាក់បែកមួយកន្លែងបានរកឃើញជើងដាច់ម្ខាង និងមានឈាមយ៉ាងច្រើន ទើបពួកគេបង្កើនការខំប្រឹងប្រែង ដើម្បីរុករក ក្រែងលោមានជនទី៣កប់នៅក្រោមគំនរបាក់បែកនោះ។ លោក ភីធើ លី មានប្រសាសន៍ថា “ យើងគ្រាន់តែធ្វើឲ្យប្រាកដថា គ្មានមនុស្សនៅក្រោមគំនរបាក់បែកនោះ”។ លោកបន្ថែមថា តាមពិតជើងដែលដាច់នោះគឺជាជើងរបស់ រឹម សារឿន ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករពីរនាក់ ដែលត្រូវប្លង់សេបាក់សង្កត់នេះ។
នៅក្នុងគំនរបេតុងបាក់បែកដែលមានបំណែកស្បែកជើង ថង់ប្លាស្ទីករហែក និងប្រអប់ដាក់ស្បែកជើងនោះ គឺជាប្លង់សេស្តើងមានដែកតូចៗដែលបានបាក់។
លោក ភីធើ លី បានមានប្រសាសន៍បន្តថាលោកព្រួយបារម្ភអំពីសុវត្ថិភាពរបស់ក្រុមអ្នកជួយសង្គ្រោះ ព្រោះសំណង់នោះ ដូចជាមិនស្រួលសោះ។ លោកបានមានប្រសាសន៍ថា “ តាមពិត សំណង់នោះ គឺជាកន្លែងផ្ទុកអីវ៉ាន់ ដែលគេគ្រាន់តែផ្សារដែកភ្ជាប់ធ្វើជាធ្នឹមប៉ុណ្ណោះ។ខ្ញុំសង្ឃឹមថា ពួកគេនឹងមិនអនុញ្ញាតឲ្យមនុស្សចូលក្នុងកន្លែងនោះទៀតទេ។ ពួកគេត្រូវតែឲ្យក្រុមវិស្វកកម្មចូលទៅពិនិត្យ។ វាជាអគារដ៏ធំមួយ ហើយវានឹងអាចបាក់ជាថ្មីម្ដងទៀត។
លោក ម៉ម ណារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា កន្លែងដែលបានបាក់ធ្លាក់ក្នុងរោងចក្រនោះគឺជាផ្នែកមួយដែលក្រុមហ៊ុនបានសាងសង់ពង្រីកដោយគ្មានការអនុញ្ញាត ដើម្បីតភ្ជាប់អគារពីរនៅក្នុងរោងចក្រនោះ។
លោកបានមានប្រសាសន៍ថា “ មានតែអគារដែលគេសាងសង់បន្ថែម ដោយគ្មានការអនុញ្ញាតនោះទេ ដែលបានបាក់។ ពួកគេបានសាងសង់ខុសបច្ចេកទេស និងបានផ្ទុកអីវ៉ាន់លើនោះធ្ងន់ពេក”។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថា ត្រូវធ្វើការត្រួតពិនិត្យនៅទូទាំងប្រទេសអំពីសុវត្ថិភាពរោងចក្រ។ លោកបានបន្តទៀតថា “ យើងនឹងបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតឲ្យបានច្បាស់អំពីករណីនេះ ហើយយើងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកជាប់ពាក់ព័ន្ធ។ ទី២ ក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធផ្សេងទៀត ត្រូវពិនិត្យការសាងសង់រោងចក្រទាំងអស់ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា”។
លោក កាត់ស៊ូមី ហ្វូ៊ណាកូស៊ី (Katsumi Funakoshi) អគ្គនាយកនៅក្រុមហ៊ុន អេហ្ស៊ិក ខបប៉ូរេសិន (Asics Corporation) នៅក្នុងប្រទេសជប៉ុន បានលើកឡើងថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតដើម្បីរកឲ្យឃើញអ្វីបានកើតឡើង។
លោកបានបន្តថា “ យើងសង្ឃឹមថានឹងបញ្ជូនមនុស្សទៅទីនោះដើម្បីធ្វើឲ្យប្រាកដថា ព័ត៌មានទាំងអស់ពិតប្រាកដ។ រោងចក្រនេះ គឺជាសាខាមួយនៃរោងចក្រម៉ៅការរបស់យើង។ មុនថ្ងៃនោះ គ្មាននរណាម្នាក់មកពីក្រុមហ៊ុន អេហ្ស៊ិក បានដឹងអំពីរឿងនេះទេ។វាមិនមែនជារោងចក្រផ្ទាល់របស់យើងទេ”។
លោក ទៀ សុខឡេង វេជ្ជបណ្ឌិតនៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា មន្ទីរពេទ្យបានព្យាបាលមនុស្សចំនួនប្រាំបួននាក់ គឺបុរសម្នាក់និងស្រ្តីប្រាំបីនាក់ ដែលរងរបួសក្នុងហេតុការណ៍នេះ ប៉ុន្តែអ្នកទាំងអស់គ្នា មិនធ្ងន់ធ្ងរទេ។
លោកបានមានប្រសាសន៍បន្តថា “ ស្ត្រីម្នាក់រងរបួសធ្ងន់។ នាងដាច់មេជើងនិងម្រាមជើងឆ្វេងដោយសារបាក់ប្លង់សេ”។ អ្នកស្រី លី ហួរ តំណាងរបស់ក្រុមហ៊ុន វីងស្តា ស៊ូ បានចុះសួរសុខទុក្ខអ្នករបួសនៅក្នុងមន្ទីរពេទ្យ ដោយជួយជាប្រាក់សំណងម្នាក់១.៥០០ដុល្លារ។ អ្នកស្រីបានបន្តថា “ វាជាការធ្វេសប្រហែសរបស់កម្មករសំណង់។ខ្ញុំមិនដឹងច្បាស់ថាអ្វីបានកើតឡើងទេ ព្រោះខ្ញុំមិនមែនជាអ្នកជំនាញ។ បន្ទាប់ពីឧបទ្ទវហេតុនេះ ម្ចាស់ក្រុមហ៊ុននឹងពិចារណាឡើងវិញ
អំពីការសាងសង់ទាំងមូលដើម្បីឲ្យប្រាកដថាវាមានសុវត្ថិភាពក្នុងការងារ”។
អ្នករបួសម្នាក់ក្នុងចំណោមអ្នករបួសនៅមន្ទីរពេទ្យកាល់ម៉ែត ឈ្មោះ ហែម ណាវី អាយុ៣៥ឆ្នាំ ដែលបានបាក់ជើងម្ខាង មានឈាមហូរ និងមានស្នាមជាំស្ទើរពេញរាងកាយរបស់គាត់នោះ បាននិយាយថា នៅដើមសប្តាហ៍នេះ អ្នកស្រីបានឮសូរសំឡេងខ្លាំងចេញពីអគារនេះ និងឮម្តងទៀត មុនពេលបាក់។ អ្នកស្រីបានមានប្រសាសន៍បន្តថា “ យើងបានឮវា ហើយយើងមិនបានឃើញស្នាមនៅក្នុងអគារនេះទេដូច្នេះយើងមិនហ៊ានប្រាប់អ្នកគ្រប់គ្រងទេ”។ ឈ្មោះ រឹម សាម៉ុក អាយុ៣៣ឆ្នាំ បាននិយាយថា គាត់មិនឮស្នូរអ្វីទេ មុនពេលបាក់នេះ ពីព្រោះគាត់អង្គុយនៅក្បែរមា៉ស៊ីនភ្លើង។ គាត់បានរៀបរាប់អំពីការបាក់នេះថា “ ខ្ញុំជាប់ក្រោមរបារដែក និងប្លង់សេ។ វាបោកត្រូវក្បាលខ្ញុំនិងធ្វើឲ្យខ្ញុំសន្លប់។ ពេលខ្ញុំបានដឹងខ្លួន ខ្ញុំបានវារចេញ”៕
(រាយការណ៍ដោយ ឆន ចាន់ស៊ី
Simon Lewis សាំង សុឥន្ទរិទ្ធ និង Dene-Hern Chen)
ប្រែសម្រួលដោយ ឌឿង សាវតា
ហម សុផាណ្ណា និង ចេវ ប៊ុននី