លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកាលពីម្សិលមិញថា គណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ រួមទាំងសមាជិកនៃក្រុមបដិវត្តន៍ផ្ដាច់ខ្លួនបីក្រុមផ្សេងទៀត មានបំណងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជារបស់លោក និងរាជានិយមររបស់ប្រទេសកម្ពុជា ហើយលោកបានបន្ថែមថា មានតែលោកទេដែលអាចការពារព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សបាន។
ដោយណែនាំឲ្យកាម៉េរ៉ាទូរទស្សន៍ចាប់រូបភាពលោកឲ្យបានជិត អំឡុងពេលថ្លែងសុន្ទរកថា នៅវត្តមួយក្នុងខេត្តព្រៃវែងកាលពីម្សិលមិញ លោក ហ៊ុន សែន លើកបង្ហាញទង់ជាតិមួយចំនួន ដែលលោកមានប្រសាសន៍ថា វាតំណាងឲ្យកងកម្លាំងបះបោរផ្ដាច់ខ្លួនចំនួនបីក្រុម ដែលបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិដោយសម្ងាត់ និងក៏កំពុងបង្កើតជំរំហ្វឹកហាត់ទាហាន នៅក្រៅប្រទេសកម្ពុជា ដោយមានបំណងផ្ដួលរំលំគណបក្សកាន់អំណាច និងលុបបំបាត់រាជានិយមនៅកម្ពុជា។
ក្នុងនាមជាបុគ្គលតែម្នាក់គត់ ដែលព្រះមហាក្សត្របានប្រទានគោរមងារតេជោ ដែលមានន័យថា ជាអ្នកមានអំណាចខ្លាំងនៅក្នុងសតវត្សរ៍ទី២១របស់ប្រទេសកម្ពុជានោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថាលោកគឺជាបុរសម្នាក់គត់ក្នុងប្រទេសកម្ពុជាដែលអាចរារាំងកងកម្លាំងទាំងនេះមិនឲ្យបំផ្លិចបំផ្លាញសណ្ដាប់ធ្នាប់សង្គមសព្វថ្ងៃ។
លោកបានថ្លែងថា “ [ក្រុមទាំងនេះ] អះអាងថា គោលដៅរបស់ពួកគេ គឺទម្លាក់លោកហ៊ុន សែន ប៉ុន្ដែ គោលដៅចម្បង គឺទម្លាក់ព្រះមហាក្សត្រ នរោត្ដម សីហមុនី។ ពួកគេត្រូវតែឆ្លងកាត់គណបក្សប្រជាជនកម្ពុជា និង ហ៊ុន សែន ដែលជាជញ្ជាំងការពារព្រះមហាក្សត្រជាមុនសិន មុនពេលទៅផ្ដួលរំលំព្រះមហាក្សត្រ”។
លោក ហ៊ុន សែន បានអះអាងថា គណបក្សប្រឆាំងមួយក្រុម គឺជាគណបក្សស្របច្បាប់នោះ ក្រុមផ្សេងទៀតកំពុងតែដឹកនាំចលនាយោធា និងចង់ផ្លាស់ប្ដូរទង់ជាតិរបស់ប្រទេសកម្ពុជា។ ដោយនៅសល់តែត្រឹម១០សប្ដាហ៍ទៀតដល់ថ្ងៃបោះឆ្នោតជាតិ នៅខែកក្កដា លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើអ្នកនយោ
បាយមកពីគណបក្សប្រឆាំងត្រូវចាប់ខ្លួន វាគឺដោយសារតែសម្ពន្ធភាពរបស់ខ្លួនជាមួយនឹងក្រុមបដិវត្តន៍ផ្ដាច់ខ្លួន។
លោក ហ៊ុន សែន បានថ្លែងថា ខ្ញុំចង់ប្រាប់គណបក្សប្រឆាំងថា ប្រសិនបើមានការចាប់ខ្លួនសមាជិករបស់ខ្លួន កុំចោទប្រកាន់យើងពីបទចាប់ខ្លួនសមាជិកគណបក្សនយោបាយឲ្យសោះ។ ពួកគេគឺជាភេរវករពិតមែន”។
ក្រុមទាំងបីដែលលោក ហ៊ុន សែន បានលើកឡើងថា កំពុងមានបំណងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក និងព្រះមហាក្សត្រ គឺរណសិរ្សរំដោះជាតិខ្មែរ ជាក្រុមប្រឆាំងមិនប្រើអំពើហិង្សា ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ ដោយមានសមាជិកប្រាំមួយរូបកំពុងស្ថិតក្នុងពន្ធនាគារព្រៃស ក្រុមចលនាអំណាចប្រជាពលរដ្ឋខ្មែរជាអង្គការនយោបាយ ដែលតែងតែរិះគន់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន យ៉ាងខ្លាំង ហើយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងក្រុមមួយផ្សេងទៀតដែលមិនបានឮឈ្មោះពីមុនមក ហើយគេសង្ស័យថា មានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះ គឺឈ្មោះចលនារំដោះក្បាលខ្លា។
លោកបានមានប្រសាសន៍ថា “ ចលនាមួយផ្សេងទៀត ដែលសមាជិករបស់ខ្លួនត្រូវយើងចាប់ខ្លួនជាមួយនឹងភ័ស្ដុតាង គឺរណសិរ្សរំដោះជាតិខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសថៃ ហើយត្រូវបានរដ្ឋាភិបាលថៃបញ្ជូនមកប្រទេសកម្ពុជា”។
រណសិរ្សរំដោះជាតិខ្មែរ ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ហើយបានបង្ហោះអត្ថបទនៅតាមអុីនធើណិត អំពាវនាវឲ្យមានការទម្លាក់លោក ហ៊ុន សែន ពីតំណែង ប៉ុន្ដែ រដ្ឋាភិបាលមិនអាចរកភ័ស្តុតាងណាមួយអំពីគោលបំណងបង្កអំពើហិង្សារបស់ក្រុមដែលគេស្គាល់តិចតួច ឬក៏លទ្ធភាពបង្កហិង្សាណាមួយបានឡើយ
ចាប់តាំងពីរដ្ឋាភិបាលបានចាប់ខ្លួនសមាជិកចំនួនប្រាំមួយរូបរបស់ពួកគេមកឃុំឃាំងកាលពីខែមេសា បន្ទាប់ពីពួកគេត្រូវបញ្ជូនភ្លាមៗមកពីប្រទេសថៃ។
ចលនាអំណាចប្រជាជនខ្មែរ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩ ហើយទោះបីជាពួកគេបានជំទាស់ជាចំហ ទៅនឹងរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ក៏ដោយ ក៏ពួកគេមិនដែលបានគំរាមកំហែងប្រើអំពើហិង្សា ឬក៏ប្រកាន់ខ្ជាប់នូវស្មារតីប្រឆាំងរាជានិយមដែរ។
សុន្ទរកថាកាលពីម្សិលមិញ មិនមែនជាសុន្ទរកថាលើកដំបូង ដែលលោក ហ៊ុន សែនបានបង្ហាញថា គណបក្សប្រឆាំងជាប់ទាក់ទងទៅនឹងផែនការនិងសកម្មភាពភេរវកម្ម ដែលត្រូវបានចោទប្រកាន់នោះទេ។
កាលពីឆ្នាំ២០១០ លោក ហ៊ុន សែន បានមានប្រសាសន៍ថា សមាជិកគណបក្ស សម រង្សុី បានចូលរួមក្នុងចលនាកងទ័ពសេរីជាតិកម្ពុជា ដែលជាក្រុមប្រឆាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងបានធ្វើសកម្មភាពវាយប្រហារមួយប្រាវប៉ុន្តែមានការបង្ហូរឈាម ទៅលើការិិយាល័យនានារបស់រដ្ឋាភិបាល កាលពីឆ្នាំ២០០០ ដែលបានបណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ ក្នុងនោះភាគច្រើនជាសមាជិកចលនាកងទ័ពសេរីជាតិកម្ពុជា។
ក្នុងឆ្នាំ២០០៥ លោក ជាម ច័ន្ទនី សមាជិកសភាមកពីគណបក្ស សម រង្សុី ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទបង្កើតកងទ័ពស្រមោល ដែល លោក ហ៊ុន សែន អះអាងថា ជាកម្លាំងពួកឧទ្ទាម ដែលមានគោលបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។ អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិនានាបានថ្កោលទោសចំពោះ
ការកាត់ទោស លោក ជាម ច័ន្ទនី ពីសំណាក់តុលាការយោធា ហើយបានចាត់ទុកទង្វើនេះជាការផ្តន្ទាទោសដោយមិនត្រឹមត្រូវ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍កាលពីម្សិលមិញថា ការព្រមានរបស់លោក ហ៊ុន សែន ចំពោះក្រុមឧទ្ទាម និងភេរវកម្ម គឺជាទង្វើបែបទាល់ច្រករបស់លោកនាយករដ្ឋមន្ត្រីរូបនេះដែលមានបំណងបំបាក់ទឹកចិត្ត និងធ្វើឲ្យសមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំងមានអារម្មណ៍
ភ័យខ្លាច នៅមុនពេលបោះឆ្នោតជាតិ។
លោក កឹម សុខា បានមានប្រសាសន៍ថា “ ទី១ វាគឺជាសកម្មភាពគំរាមកំហែង ដល់ប្រជាជនដែលកំពុងតែបង្កើនកម្លាំងគាំទ្រគណបក្សសង្គ្រោះជាតិ។ ទី២ គណបក្សសង្គ្រោះជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគាំទ្រសន្តិភាព និងស្ថិរភាព ហើយនឹងមិនប្រើសង្គ្រាម ឬក៏បដិវត្តន៍ ដើម្បីផ្លាស់ប្តូរឡើយ”។
លោក ហ៊ុន សែន ក៏បានរិះគន់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតប្រធានខុទ្ទកាល័យអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ហើយបច្ចុប្បន្នកំពុងតែឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រខេត្តព្រះសីហនុមកពីគណបក្សសង្គ្រោះជាតិ ដោយអះអាងថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានអះអាងដោយមិនត្រឹមត្រូវថា ជាតំណាងអតីតព្រះមហាក្សត្រនរោត្តម សីហនុ ក្នុងយុទ្ធនាការនយោបាយរបស់ព្រះអង្គ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ [ព្រះអង្គម្ចាស់ធម្មិកោ] បានមានបន្ទូលថា ព្រះអង្គកំពុងធ្វើការក្នុងនាម រាជានិយមកម្ពុជាក៏ប៉ុន្តែ ព្រះអង្គម្ចាស់ [នរោត្តម] រណឫទ្ធិបានផ្ញើលិខិតមួយច្បាប់មកឲ្យខ្ញុំ ដោយបានបដិសេធការអះអាងនេះ”។
លោក ហ៊ុន សែន បានបន្តទៀតថា “ ខ្ញុំសន្យាក្នុងជីវិតរបស់ខ្ញុំថា អតីតព្រះមហាវីរក្សត្រ និងព្រះអង្គម្ចាស់ក្សត្រី មិនជាប់ពាក់ព័ន្ធក្នុងបញ្ហានយោបាយទាំងនេះទេ។ មានតែព្រះអង្គម្ចាស់តែមួយអង្គគត់ ដែលបានចូលរួមពាក់ព័ន្ធក្នុងរឿងនយោបាយ ហើយព្រះអង្គកំពុងធ្វើខុសពីព្រះដំបូន្មានរបស់សម្តេចឪ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើង ទាក់ទងទៅនឹងអង្គការចាត់តាំងនយោបាយនាសម័យសង្គមរាស្ត្រនិយម ដែលដឹកនាំដោយប្រមុខរដ្ឋនរោត្តម សីហនុ ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ ផងដែរថា “ នរណាគេជាព្រះអង្គម្ចាស់ធម្មិកោ? ព្រះអង្គគឺជាទាហានរបស់ លន់ នល់។ ព្រះអង្គមិនមានសិទ្ធិមានព្រះបន្ទូលអំពីការការពាររាជានិយមទេ ពីព្រោះរបប លន់ នល់ បានផ្តួលរំលំសម្តេចឪ នរោត្តម សីហនុ និងបានបញ្ចប់របបសង្គមរាស្ត្រនិយម”។
លោក ហ៊ុន សែន មានប្រសាសាន៍បន្ថែមទៀតថា “ រាជានិយមមិនមែនជារបស់ព្រះអង្គ [ព្រះអង្គម្ចាស់ធម្មិកោ] ទេ ក៏ប៉ុន្តែ គឺជារបស់អ្នករាល់គ្នា។ ព្រះមហាវីរក្សត្រ បានមានព្រះរាជបន្ទូលថា សង្គមរាស្ត្រនិយមបានរលត់ទៅហើយ ហើយគណបក្សប្រជាជនកម្ពុជា គឺជាប្អូនប្រុសរបស់សង្គមរាស្ត្រនិយម”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា “ ទោះបីជាព្រះមហាវីរក្សត្របានប្រទានឲ្យយើងនូវឋានៈខ្ពស់ជាច្រើនក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា មិនបានប្រើប្រាស់រាជានិយម ដើម្បីធ្វើយុទ្ធនាការនយោបាយរបស់ខ្លួនដែរ”។
លោក ហ៊ុន សែន និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀត កាលពីទសវត្សរ៍មុន ជាពិសេស កាលពីពេលថ្មីៗនេះ នៅពេលព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា ពិធីបុណ្យថ្វាយព្រះភ្លើងដ៏ធំរៀបចំឡើង ដោយគណបក្សប្រជាជនកម្ពុជា ដែលត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនហួសហេតុ ដើម្បីថ្វាយព្រះភ្លើងអតីតមហាព្រះវីរក្សត្រ នរោត្តម សីហនុ គឺផ្ទុយពីឆន្ទៈរបស់ព្រះអង្គ ពីព្រោះព្រះអង្គបានស្នើឲ្យមានការថ្វាយព្រះភ្លើងសាមញ្ញមួយ ដើម្បីសន្សំថវិកាជាតិ។
ព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលកាលពីម្សិលមិញថា ទោះបីជា សម្តេចឪ បានព្យាយាមរក្សារាជានិយមឲ្យនៅក្រៅឆាកនយោបាយក៏ដោយ ក៏ព្រះអង្គបានទតឃើញថា ប្រជាជនកម្ពុជាជាច្រើនបានបាត់បង់ដីធ្លី និងផ្ទះសំបែងរបស់ខ្លួនទៅលើក្រុមហ៊ុនឯកជន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលជាគណបក្សកាន់អំណាច។
ព្រះអង្គម្ចាស់សីុសុវត្ថិ ធម្មិកោ មានបន្ទូលបន្ថែមទៀតថា “ សម្តេចឪមិនដែលគាំទ្រឲ្យមានការបណ្តេញប្រជាជន ចេញពីដីធ្លីរបស់ពួកគាត់ ឬក៏បណ្តេញចេញពីលំ នៅដ្ឋានរបស់ពួកគាត់ទេ។ អាម្មរណ៍ផ្ទាល់របស់ខ្ញុំគឺថា ខ្ញុំមិនអាចនៅក្រៅឆាកនយោបាយ ដែលមានរឿងកំពុងកើតឡើងចំពោះប្រជាជនខ្ញុំបានទេ”។
ទាក់ទងទៅនឹងការងាររបស់ព្រះអង្គ កាលពីពេលធ្វើជាទាហាន នៅក្នុងជួរកងទ័ពរបស់សេនាប្រមុខ លន់ នល់ ព្រះអង្គម្ចាស់សីុសុវត្ថិ ធម្មិកោ មានបន្ទូលថា សមាជិកជាច្រើនក្នុងគណបក្សកាន់អំណាច ក៏ធ្លាប់បានបម្រើការងារក្នុងរបបមួយ ដែលបានបំផ្លាញរបបរាជានិយមយ៉ាងចាស់ដៃផងដែរ។
ព្រះអង្គម្ចាស់សីុសុវត្ថិ ធម្មិកោ មានបន្ទូលថា “ ក្នុងសម័យខ្មែរក្រហម ព្រះមហាក្សត្រត្រូវបានឃុំក្នុងព្រះរាជដំណាក់ ហើយបុត្រាបុត្រីបួនអង្គរបស់ [សម្តេចឪ] និងសមាជិករាជវង្សានុវង្ស១៤អង្គ ត្រូវបានធ្វើគត ហើយសមាជិកគណបក្សប្រជាជនកម្ពុជាបានចូលរួមក្នុងរបបនោះ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
និង កង សុធា