26 C
Phnom Penh

កង្វះទឹកនៅក្នុង​ខេត្តកោះកុង បណ្ដាលឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារគ្មាន​​​ទឹកប្រើប្រាស់គ្រប់​គ្រាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​មូលដ្ឋាន បាន​​​ឲ្យដឹងកាលពី​​ថ្ងៃ​ពុធ ថា ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្រុងខេមរ​ភូមិន្ទខេត្តកោះកុង បានរងគ្រោះពីការខ្វះទឹកប្រើប្រាស់ ដែល​​​ត្រូវ​​​បាន​​​ ផ្គត់ផ្គង់​ដោយ​អាង​​​​ទឹក​​​មួយ ដែលរីងស្ងួតអំឡុងរដូវប្រាំង។

លោក ពេជ្រ សុីយុន ប្រធានមន្ទីរ​​​ឧស្សា​ហ​កម្ម រ៉ែ និងថាមពលខេត្ត ​​​មាន​​​ប្រសាសន៍​ថា​សង្កាត់ស្មាច់មានជ័យ និង​​​សង្កាត់ដងទង់​បាន​ទទួល​​​ទឹកជា​​​ធម្មតា​​​ពីអាងទឹក​​​ចាំយាម​​​នៅ​ស្រុក​មណ្ឌល​​​សីមា។ លោក​បាន​មាន​ប្រសាសន៍​ថា​ទឹក​​​នេះ ត្រូវ​​​បាន​​​បូមចេញពីអាងទឹក​នេះដែលស្ថិតនៅចម្ងាយប្រហែលប្រាំពីរគីឡូម៉ែត្រ​​​ពីក្រុងនេះ ទៅ​សង្កាត់ពីរ​ដោយ​ក្រុម​ហ៊ុនលីយ៉ុងផាត់គ្រុប ជាក្រុមហ៊ុនមួយរបស់​​​លោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា​​​មក​​​ពី​គណបក្ស​ប្រជាជនកម្ពុជា។

លោក ពេជ្រ សុីយុន ​​​មានប្រសា​​​សន៍ថា“ កង្វះទឹកប្រើបណ្ដាល​​​មកពីគ្មាន​ភ្លៀង។ បើគ្មាន​​​ភ្លៀង​​​ធ្លាក់​​​ក្នុង​រយៈពេល​​​ពីរឬបីថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​ទេ វានឹង​មាន​​​បញ្ហាធំមួយ”។ លោកនិយាយ​ថា “ មន្ត្រី​​​មន្ទីរ​ខ្ញុំ បាន​​​ចុះ​ទៅពិនិត្យ​​​អាង​​​ទឹក​​​នេះ និងបានរាយការណ៍​​​​​ទៅ​​​ក្រសួងឧស្សាហ​កម្ម រ៉ែ ​និង​ថាមពល។​

នៅ​​​ទីនេះយើង​​​ទាំងអស់គ្នា​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​អំពីកង្វះការផ្គត់ផ្គង់ទឹក ប​​​៉ុន្តែ យើង​​​មិន​​​ដឹងថាធ្វើអ្វីនោះ​​​ទេ”។លោកមាន​​​ប្រសាសន៍​​​​បន្ថែមថា ប្រជាពលរដ្ឋប្រហែល​​​៨០០​គ្រួសារ​បានទទួលរងអំពីការខ្វះទឹក​​​ប្រើប្រាស់នេះ។ ប៉ុន្តែ លោក លឹម ឌី ចៅសង្កាត់ដងទង់ បាន​មាន​​​ប្រសាសន៍ថា បញ្ហានេះមាន​​​សភាព​​​ធ្ងន់​ធ្ងរ​
ជាង​​​សេចក្ដីរាយការណ៍​​​របស់​​​អាជ្ញាធរ​ខេត្ត​​​ទៅទៀត។លោក​​​មាន​​​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋទាំងអស់ជាង​​​២.០០០គ្រួរសារ​​​នៅ​ក្នុង​សង្កាត់របស់​​​លោក បានរងគ្រោះ​​​ ដោយ​គ្មានទឹកប្រើប្រាស់​​​កាល​​​ពីពីរសប្ដាហ៍​មុន​មក។

លោក លឹម ឌី ​​​មាន​​​ប្រសាសន៍ថា “ ពេល​ខ្លះ ទឹក​​​ចេញនៅពេលយប់ ប៉ុន្តែ មាន​​​ចំនួន​​​តិចតួច​​​ប៉ុណ្ណោះ”។ លោក ឡុង ប៉ៅហ្សុី អ្នកស្រុក​​សង្កាត់​ដងទង់ បាន​​​​​​និយាយថា កង្វះទឹក​​​ប្រើ​ប្រាស់ ​ធ្វើឲ្យគ្រួសារ​​​មានកូនប្រាំ​​​នាក់​របស់​គាត់ ​លំបាក​យ៉ាងខ្លាំង។ លោក​ឲ្យ​ដឹង​ថា “ យើង​មាន​​​ការ​លំបាក​ក្នុងជីវភាពរស់​​​នៅ​​​របស់​យើង​ពេលគ្មាន​​​ការ​​​ផ្គត់ផ្គង់ទឹក ពីព្រោះ​​​វាជា​ការ​ចាំបាច់​​​សម្រាប់​ធ្វើអ្វីៗ​​​ទាំង​​​អស់”។ ​គាត់បន្ថែម​ថា ​ពួក​គាត់​បាន​ប្រើប្រាស់ទឹក ​ដែលគាត់​រែក​ទឹក​​​​មក​​ផ្ទះ​​​ពី​អណ្ដូងមួយ ស្ថិតនៅ​​​ចម្ងាយ​ពីរ​​​គីឡូ​ម៉ែត្រ។ កាលពីខែមេសា ក្រុងព្រះសីហនុក៏បានជួបប្រទះនឹង​​​បញ្ហាកង្វះទឹក​​​ប្រើ​​​ប្រាស់​​​​​​ដ៏​ធ្ងន់ធ្ងរផងដែរ បន្ទាប់ពីបឹងព្រែកទប់​​​របស់រដ្ឋ ​បាន​រីងស្ងួត​​​ដោយសារមាន​​​ភ្លៀង​​​ធ្លាក់​​​តិចតួច៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស