សមយុទ្ធយោធាទ្វេភាគីរយៈពេលពីរសប្តាហ៍ ដែលមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទចំនួន៣១៧នាក់និងទាហានអាមេរិកចំនួន១៣៩នាក់ បានចាប់ផ្តើមកាលពីម្សិលមិញនៅក្នុងខេត្តកំពង់ស្ពឺនៅឯសាលាហ្វឹកហ្វឺនសម្រាប់កងកម្លាំងរក្សាសន្តិភាពចម្រុះជាតិសាសន៍។
ដោយធ្វើឡើងមួយឆ្នាំម្តង សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១៣នេះ នឹងផ្តោតលើការហ្វឹកហ្វឺនកងកម្លាំងកម្ពុជាដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាព និងមនុស្សធម៌។
លោក ចេហ្វ ដាយហ្គល (Jeff Daigle) អនុប្រធានបេសកកម្មនៅស្ថានទូតអាមេរិក មានប្រសាសន៍នៅឯពិធីបើកសមយុទ្ធនេះថា “ ការធ្វើសមយុទ្ធ ដូចជា សមយុទ្ធឆ្មាំអង្គរនេះអាចជួយឲ្យយើងដោះស្រាយស្ថានភាពលំបាកដូចជាទឹកជំនន់ និងការគំរាមកំហែងប្លែកៗដែលអាចឆ្លងចូលតាមព្រំដែន”។
ដូចជាការធ្វើសមយុទ្ធក្នុងភាពជាអ្នកដឹកនាំនិងការហ្វឹកហាត់ផ្នែកវេជ្ជសាស្ត្រ មន្ត្រីយោធាបាននិយាយថា ការហ្វឹកហាត់រយៈពេលពីរសប្តាហ៍នេះក៏នឹងផ្តោតលើការបង្កើតទំនាក់ទំនងរវាងកងទ័ពទាំងពីរផងដែរ។ ពលបាលទោ ប៉ូល អេវា៉ន (Paul Evans) ប្រធានផែ្នករៀបចំផែនការវេជ្ជសាស្ត្រប្រចាំតំបន់ប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា“ ខ្ញុំមិនដឹងថានរណាជាអ្នកឈ្នះពិតប្រាកដទេ រវាងយោធាកម្ពុជានិងអាមេរិក”។ លោកបានពន្យល់ថា ទាហានអាមេរិកមិនគ្រាន់ទៅទីនោះដើម្បីបង្រៀនទេ។
ពលបាលទោ អុីវ៉ាន បានមានប្រសាសន៍ថា ខណៈដែលទាហានអាមេរិកឆ្លងកាត់បទពិសោធច្រើនក្នុងការប្រយុទ្ធនោះ ជំនាញ និងបទពិសោធ ដែលកងយោធពលខេមរភូមិន្ទទទួលបានក្នុងប្រទេសស៊ូដង់ខាងត្បូង និងប្រទេសលីបង់ ព្រមទាំងកន្លែងផ្សេងៗ ទៀតមានន័យថា ពួកគេបានចែករំលែកច្រើនជាមួយសមភាគីអាមេរិករបស់ខ្លួន។ លោកបានបន្ថែមថា “ ជាពិសេសក្រុមដោះមីន ពួកគេពូកែណាស់ ហើយពួកគេធ្វើការងារនេះដោយក្តីរីករាយ”។
យុទ្ធនារីកងយោធពលខេមរភូមិន្ទ ចាប ចន្ធីលើកឡើងថា ថ្មីៗនេះគាត់បានទៅប្រទេសលីបង់ ក្នុងបេសកកម្មថែរក្សាសន្តិភាព។ កញ្ញាបន្តថា “ ខ្ញុំបានចូលរួមការហ្វឹកហ្វឺននេះ ហើយអតីតកងកម្លាំងរក្សាសន្តិភាពជាច្រើនមកទីនេះដើម្បីរៀនជំនាញថ្មី និងជួយសិក្ខាកាមថ្មីៗ”។ ពិធីនេះបិទដោយមានការផ្តល់ឈាមពីសំណាក់ទាហានអាមេរិកនិងកម្ពុជាប្រហែល១៥០នាក់ ដើម្បីជំរុញឲ្យមានការផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការប្រមូលជំនួយឈាមក្នុងរាជធានីភ្នំពេញ និងដើម្បីយល់ដឹងអំពីការព្យាបាលក្រុមអ្នកឯកទេសដោះមីនអាមេរិកដែលរងរបួសកាលពីក្នុងខែមករា នៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីការផ្ទុះដោយចៃដន្យមួយ អំឡុងការហ្វឹកហ្វឺន។
ទាហានម្នាក់ក្នុងចំណោមទាហានជាច្រើនដែលបរិច្ចាគឈាមកាលពីម្សិលមិញ គឺវរសេនីយ៍ទោ គីនសី មា៉ក់ហ្វាដិន (Kinsey McFadden) មកពីបញ្ជាការវេជ្ជសាស្ត្រទី៨ បានមានប្រសាសន៍ថា អត្ថប្រយោជន៍នៃសមយុទ្ធឆ្មាំអង្គរ គឺមានប្រាកដមែន។ លោកបាននិយាយដោយធ្វើកាយវិការដាក់ទាហានកម្ពុជានិងអាមេរិក ដែលកំពុងប្រមូលផ្តុំគ្នាថា“ សូមមើលជុំវិញលោកទៅ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ក្រៅពីទិដ្ឋភាពជាក់ស្តែង ដូចជាការហ្វឹកហាត់ផ្នែកវេជ្ជសាស្ត្រ និងវិស្វកម្ម គ្រាន់តែកិច្ចសហប្រតិបត្តិការទំនាក់ទំនងដែលយើងទាំងអស់គ្នាបង្កើតឡើង និងការយោគយល់គ្នា នោះហើយគឺជាចំណុចសំខាន់។ ខ្ញុំសុខចិត្តធ្វើជាមិត្តរបស់លោក ប្រសើរជាងឲ្យលោកបាញ់ខ្ញុំ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី