27.5 C
Phnom Penh

អ្នក​គ្រប់​គ្រង​រោង​ចក្រ​ថា​ ការ ស្លាប់​ដោយ​ការ​បាក់​ប្លង់​សេសង្កត់​ លើ​គឺជា ឧបទ្ទវហេតុ​តូច​តាច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​សាក​សួរ​មនុស្ស​ពីរ​នាក់ពាក់​ព័ន្ធនឹង​ការ​បាក់​ប្លង់​សេ​​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​រោង​ចក្រ​ស្បែក​ជើង​របស់​ជន​ជាតិ​តៃវ៉ាន់​មួយ​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ ដែល​​ធ្វើ​ឲ្យ​​មនុស្ស​​ស្លាប់​ពីរ​នាក់ និង​រងរបួស​​​១១​នាក់​ ប៉ុន្ដែ​បាន​ដោះ​លែង​ពួកគេ​វិញ​នៅ​ថ្ងៃ​ដដែលដោយ​គ្មាន​ការ​ចោទ​ប្រកាន់​​ឡើយ​។

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​ម្នាក់​នៅ​រោង​ចក្រ​វីង​ស្ដាស៊ូ (Wing Star Shoes) ដែល​ផលិត​ស្បែក​ជើង​កីឡា​ឲ្យ​ក្រុម​ហ៊ុន​លក់​សម្ភារកីឡា​របស់​​ជប៉ុន យីហោ​អាស៊ីក​ (Asics) ​មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រថា ក្រុម​ហ៊ុន​របស់​លោក​​សោក​ស្ដាយ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​ស្លាប់​​កម្មករ​វ័យ​ក្មេង​ពីរ​នាក់ ដែល​លោក​ចាត់​ទុក​ថា ជា​“ ឧប​ទ្ទវ
ហេតុ​តូច​តាច​” ដែល​មិន​ចាំ​បាច់​​មាន​ការ​ស៊ើប​អង្កេត​ ដើម្បី​រក​អ្នក​​ទទួល​ខុស​ត្រូវ​​ចំពោះ​មុខ​ច្បាប់នោះទេ​។

លោក គៀត ចន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​​មាន​ប្រសាសន៍​កាលពីថ្ងៃ​សុក្រថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់​ ដែល​បាន​ហៅ​មក​សាក​សួរ​នោះ គឺ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​វីង​ស្តាស៊ូ​ រីឯ​មនុស្ស​ទី២គឺ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សាង​សង់​ប្លង់​សេ​​ទំហំ​ប្រហែល​​៩ម៉ែត្រ គុណ​នឹង​១៥​ម៉ែត្រ ដែល​បាន​បាក់​សង្កត់​កម្មករ​នោះ។

លោក គៀត ច័ន្ទថារិទ្ធ មាន​ប្រសាសន៍​ថា “ យើង​បាន​អញ្ជើញ​បុរស​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ មក​សាក​សួរ​កាលពីថ្ងៃ​ព្រហស្បតិ៍។ ពេល​នេះ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​អស់​ហើយ ហើយ​យើង​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ករណី​នេះដដែល”។ លោក​បាន​បន្ថែម​ថា ការ​ស៊ើប​អង្កេត​កំពុង​បន្ត​ ប៉ុន្ដែ​លោក​មិន​អាច​និយាយ​បាន​ទេ​ថា នឹង​អាច​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ដែរ​​ឬអត់​នោះ។

មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​កាសែត​នៅ​សណ្ឋាគារ​ភ្នំពេញ ដែល​ចូល​រួម​ដោយ​អ្នក​គ្រប់​គ្រង​រោង​ចក្រ និង​តំណាង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ អ្នក​គ្រប់​គ្រង​ផ្នែក​ដឹក​ជញ្ជូន​របស់​រោង​ចក្រ​វីង​ស្ដាស៊ូ ឈ្មោះ ចាន់ កុសល បាន​សង្កត់​ធ្ងន់​ថា ការ​បាក់​ប្លង់​សេ​សង្កត់​កម្មករ​ គ្មាន​អ្វីក្រៅ​អំពី​ “ ឧបទ្ទវហេតុ​” អកុសល នោះទេ​។
លោក កុសល បាន​មាន​ប្រសាសន៍​ថា “ [កាលពីថ្ងៃ​ព្រហស្បតិ៍​] មាន​ឧបទ្ទវហេតុ​តូច​មួយ​បាន​កើត​ឡើង​…​ក្រុម​ហ៊ុន​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​ ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​ខ្លួន​” ហើយ​នឹង​ចេញ​ប្រាក់​សំណង​ដល់​ពួកគេ​។ លោក​ កុសល បាន​មាន​ប្រសាសន៍​បន្ត​ថា “ខ្ញុំ​គិត​ថា វាមិន​មែន​ជាបញ្ហា​ធំរហូត​ ​ឲ្យ​យើង​ត្រូវ​រត់​គេច​ខ្លួនឬ​ក៏​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​នោះ​ទេ​”។ លោក​បាន​បន្ថែម​ថា តាម​យោបល់​របស់​លោក អ្នក​គ្រប់​គ្រង​រោង​ចក្រ​គួរ​តែ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ ប្រសិន​បើ​ពួកគេ​មិន​បាន​សង​ប្រាក់​សំណង​ទៅ​ឲ្យ​អ្នក​ស្លាប់​ ឬ​អ្នក​របួស​។ លោក​​បានថ្លែង​ថា “ ពាក់​ព័ន្ធនឹង​ការចាប់​ខ្លួន​គួរ​តែ​​ធ្វើ​ឡើង​​ បើ​គ្មាន​ដំណោះស្រាយ​[អំពី​ប្រាក់​សំណង​] សម្រាប់​​ជន​រង​គ្រោះ”។

នៅ​ពេល​សួរ​ថា តើ​រោង​ចក្រ​វីង​ស្តាស៊ូ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​សាង​សង់​ប្លង់​សេ​ដែល​បាក់​នោះ​ដែរ​ ឬអត់​ លោក​ កុសល បាន​បង្វែរ​ការទទួល​ខុស​ត្រូវ ដោយ​និយាយ​ថា ក្រុម​ហ៊ុន​សំណង់​ គឺ​ជា​អ្នក​ទទួល​​ខុស​ត្រូវ​ចំពោះ​ប្លង់​សេ​ដែល​បាក់នោះ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​នោះទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ រោង​ចក្រ​របស់​ខ្ញុំ​បាន​ជួលអ្នក​ម៉ៅ​ការ​បន្ត​ឲ្យ​សាងសង់​ យើង​គ្រាន់​តែ​ប្រើ​ប្រាស់​សំណង់​នោះ​ ដើម្បី​ការងារ​ប៉ុណ្ណោះ”។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “ រោង​ចក្រ​នោះ​មិន​ចាំ​បាច់​មាន​ការ​អនុ​ម័ត​​
សម្រាប់​ការ​ងារ​សាង​សង់​ទាំង​អស់​ ដែល​ពួកគេត្រូវ​ធ្វើ​នោះ​ទេ។ និយាយ​ឲ្យ​ចំ​ រោង​ចក្រ​មិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​សម្រាប់សំណង់​
តូច​តាច​នោះ​ទេ”។

លោក វ៉ាន់ ស៊ូអៀង ​​មាន​ប្រសាសន៍​ថា ទោះជា​យ៉ាង​ណា​ ចាប់​ពីពេល​នេះ​តទៅ​ រោង​ចក្រ​គួរ​តែ​ពិនិត្យ​សុវត្ថិ​ភាព​អគារ​របស់​ខ្លួន​។ លោក ម៉ម ណារី ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី នគរូប​នីយកម្ម និង​សំណង់ ​ខេត្ត​កំពង់​ស្ពឺ បានមាន​ប្រសាសន៍​នៅ​ឯ​រោងចក្រ​នោះ កាលពីថ្ងៃ​ព្រហស្បតិ៍ថា ប្លង់​សេ​ដែល​បាន​បាក់​នោះ គឺ​ជា​ផ្នែក​មួយ​ដែល​ក្រុម​ហ៊ុន​បាន​សាងសង់​ពង្រីក​តភ្ជាប់​​អគារ​រោង​ចក្រ​ពីរ ដោយ​គ្មាន​ការ​អនុញ្ញាត​ ​​។“ ពួកគេ​សង់​វា​ខុស​បច្ចេកទេសហើយ ​ដាក់​អីវ៉ាន់​នៅ​លើ​នោះ​ធ្ងន់ទៀត​”។

លោក មឿន​ តុលា ប្រធាន​កម្មវិធី​ការ​ងារ​របស់​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍ ​ថ្លែងកាលពីថ្ងៃ​សុក្រថា ការ​និយាយ​សម្រាល​ឧប្ប​ត្តិ​ហេតុនោះ គឺ​ជាការ​​មាក់​​ងាយ​ដល់​ជន​រង​គ្រោះ​ និង​គ្រួសារ​របស់ពួកគេ​។ លោក​មាន​ប្រសាសន៍​ថា “ មនុស្ស​ដល់​ទៅ​ពីរ​នាក់​បាន​ស្លាប់ កោត​តែ​អ្នក​និយាយ​ថា វា​ជា​ឧប្បត្តិ​ហេតុ​តូច​តាច​ទៅ​កើត​!​”។

លោក តុលា ​​មាន​ប្រសាសន៍​ថា អាជ្ញាធរនិង​ម្ចាស់​រោង​ចក្រ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ​ពោលគឺ​ពួកគេ​ត្រូវ​តែ​​ដំឡើង​រោង​ចក្រ​ឲ្យ​បានប្រសើរ​ និង​ការ​ត្រួត​ពិនិត្យ​ឲ្យ​ហ្មត់ចត់​។ លោក​បាន​បន្ត​ថា “ សូម្បី​តែ​អាជ្ញាធរ​ក៏​បាន​ត្អូញ​ត្អែរអំពី​ម្ចាស់​រោង​ចក្រ​ដែរ ហើយ​ការសាង​សង់​ក៏គ្មាន​ការ​អនុញ្ញាត​ទៀត ពេល​នេះ​ពួកគេ​គ្រាន់​តែ​យក​លេស​ប៉ុណ្ណោះ​”។

លោក សូ បញ្ញា អគ្គនាយកកង​វិស្វកម្ម​ជំនាញ​កម្ពុជា បាន​បដិសេធ​មិន​​ធ្វើ​​អត្ថា​ធិ​ប្បាយពាក់​ព័ន្ធ​នឹង​បទ​ដ្ឋាន​សំណង់​​នៅ​រោងចក្រ​វីង​ស្តាស៊ូ នេះ​ទេ ប៉ុន្ដែ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ឲ្យ​លោក​ត្រួត​ពិនិត្យ​ និង ​ធ្វើ​របាយការណ៍​អំពី​​កន្លែង​នេះ។ លោក​​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ចុះ​ទៅ​​ទីនោះនៅ​ថ្ងៃ​ច័ន្ទ ជាមួយ​នឹង​វិស្វករ​ពីរ​បីនាក់​ផ្សេង​ទៀ​ត ហើយ​ខ្ញុំ​មិន​អាច​វាយ​តម្លៃ​បាន​ទេ​ ប្រសិន​បើ​មិន​បាន​ចុះ​ទៅ​ដល់​ទីនោះ”។

ការ​វាយ​តម្លៃ​តាម​រូប​ភាព​ប្លង់​សេ​ដែល​បាន​បាក់​នោះ លោក​ ម៉ៃឃើល ស (Michael Shaw) មក​ពី​អង្គការ​វិស្វកម្ម​គ្មាន​ព្រំ​ដែន​បាន​សន្និដ្ឋាន​ថា សំណង់​នោះមិន​មែន​​សង់​​សម្រាប់​ប្រើ​ប្រាស់​រយៈ​ពេល​យូរ​ទេ ព្រោះ​ធ្នឹម​ដែក​ទាំង​នោះ​​​គ្រាន់​តែផ្សារ​​ភ្ជាប់​​គ្នា​​ប៉ុណ្ណោះ។

លោក ម៉ៃឃើល ស បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​ថា “ បើ​​ដំឡើង​ខុស​បច្ចេក​ទេស មុខ​តំណភ្ជាប់​ដោយ​ទឹក​អន្សា​មិន​មែន​ជា​សំណង់​ល្អ​នោះទេ ​[ហើយ​] ធ្នឹម​គួរ​តែ​ចាប់​បាឡុង​ផង ផ្សារ​ផង និង​ទុក​ឲ្យ​នៅ​សល់់​ចុង​សម្រាប់​ដាក់​គង​ពីលើ​គ្រឹះ​ទៀត”។​​​​​

លោក ម៉ៃឃើល ស បាន​សន្និដ្ឋាន​ថា “ សំណង់​នេះ [មិន​ត្រូវ​បាន​] រចនា​ និង​សាង​សង់​ឡើង​ស្រប​តាម​បទ​ដ្ឋាន​សុវត្ថិ​ភាព​ត្រឹម​ត្រូវ​ទេ”។ លោក​បាន​បន្ថែមថា កម្ពុជា​ក៏គ្មាន​បទ​ដ្ឋាន​សុវត្ថិ​ភាព​បែប​នោះដែរ ហើយ​ថា ឧប្បត្តិ​ហេតុ​ស្រដៀងគ្នា​នេះ​អាច​នឹង​​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត។

លោក​ស្រី​ ជីល ថាក់ឃើ (Jill tucker) អ្នក​គ្រប់​គ្រង​បច្ចេកទេសនៅ​​​កម្មវិធី​រោង​ចក្រ​​ល្អ​​ប្រសើរ​ បានថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រោង​ចក្រ​វីង​ស្ដាស៊ូ​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​កម្មវិធីរោង​ចក្រ​​ល្អ​​ប្រសើរ​របស់​អង្គ​ការ​ពល​កម្ម​អន្តរជាតិ​នៅ​កម្ពុជា​ទេ។ អង្គការ​ពល​កម្ម​អន្តរជាតិ​បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​រោង​ចក្រ​ស្បែក​ជើង​មួយ​ចំនួន​កាលពីឆ្នាំ​មុន​ ហើយ​ក្នុង​ចំណោម​រោង​ចក្រ​ស្បែក​ជើង​ទាំង​៤៥​ ដែល​ពេល​នេះ​នាំ​ស្បែក​ជើង​ចេញ​​ពី​កម្ពុជា​ មាន​តែ​រោង​ចក្រ​ចំនួន​ប្រាំ​បួន​ប៉ុណ្ណោះ ដែល​បាន​ត្រួត​ពិនិត្យ​ដោយ​កម្ម​វិធី​រោង​ចក្រ​​ល្អ​​ប្រសើរ​នៅ​កម្ពុជា។ លោក​ស្រី​បាន​បក​ស្រាយ​​ថា ការ​ចូល​រួម​​ក្នុងកម្មវិធី​រោង​ចក្រ​​ល្អ​​ប្រសើរ​ គឺ​​ជា​ការ​​ស្ម័គ្រ​ចិត្ត​​ស្រុង​។

លោកស្រី​ មែវី ហ្គាល់វិន (Maeve Galvin)​អ្នក​ពិគ្រោះ​យោបល់​ប្រចាំ​កម្មវិធី​រោង​ចក្រ​​ល្អប្រសើរ​នៅ​កម្ពុជា​ បានថ្លែង​កាល​ពី​ថ្ងៃ​សុក្រថា ចាំ​បាច់​ត្រូវ​តែ​​មាន​ការ​ស៊ើប​អង្កេត។លោកស្រី​​ថ្លែង​ថា “អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ការ​ស៊ើប​អង្កេត​ ដើម្បី​បាន​ព័ត៌មាន​ និង​រក​ឲ្យឃើញ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ ព្រម​ទាំង​មូល​ហេតុ​ដែល​បាន​កើត​ឡើង​”៕

ប្រែសម្រួល​ដោយ​ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស