28 C
Phnom Penh

ការ​បោះ​ឆ្នោត​ជិត​មក​ដល់ហើយ ប៉ុន្តែ​នៅ​តែ​មិន​សូវ​មាន​បេក្ខជន​ជាស្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កម្ពុជា​ហាក់ដូច​ជា​មិន​អាច​សម្រេចបាន​នូវ​​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​ខ្លួន​​ក្នុង​​​ការ​បង្កើន​តំណាង​រាស្ត្រ​ជា​ស្ត្រី​នៅ​ក្នុង​រដ្ឋសភា​នោះទេ ​បន្ទាប់ពី​គណ​បក្សនយោ​​បាយ​​ដែលចូលរួម​​​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​បាន​ចុះ​ឈ្មោះ​បេក្ខ​ជន​ជា​ស្ត្រី​តិច​ជា​ង​ការ​រំពឹង​ទុក​​នោះ​។

គោលដៅ​អភិវឌ្ឍន៍សហស្ស​វត្សរ៍ស្តី​ពី​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​ផ្តល់​អំណាច​ដល់​ស្ត្រី​លើក​ឡើង​ថា រដ្ឋ​សភា​ចាំ​បាច់​ត្រូវ​មាន​តំណាងរាស្ត្រ​ជាស្ត្រី​ឲ្យ​​ច្រើន​ជាង​នេះ​ ហើយ​ដាក់​ទិស​ដៅ​ឲ្យ​បាន​៣០​ភាគរយ​នៅ​ឆ្នាំ​២០១៥។ យោង​តាម​តួលេខ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ឲ្យ​ដឹង​ថា ស្ថិ​ត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​បច្ចុប្បន្ន​ មាន​សមាជិក​សភា​ជា​ស្ត្រី​តែ​២១ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាជិក​សភា​ទាំង​អស់ ហើយ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ គឺ​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ប្រ​ទេស​កម្ពុជាក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​ដៅ​អភិវឌ្ឍន៍សហស្ស​វត្សរ៍ឆ្នាំ​២០១៥ ពី​ព្រោះ​អាណត្ត​ិរបស់​រដ្ឋា​ភិបាលក្នុង​មួ​យ​អាណត្តិ​ៗ​មាន​ប្រាំ​ឆ្នាំ។

ខណៈដែល​មាន​គណបក្ស​ចំនួន​ប្រាំ​បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​បាន​ដាក់​បេក្ខ​ជន និង​បេក្ខជន​បម្រុង​ជា​មធ្យម​២៦០នាក់​ នោះ ​បេក្ខជន​ជា​បុរស​​មាន​ច្រើន​​ជា​ងស្ត្រី​ឆ្ងាយណាស់ ហើយ​​ក្នុង​ចំណោម​បេក្ខ​ជន​ដែល​បាន​ចុះ​ឈ្មោះ​នោះ បេក្ខ​ជន​ជា​ស្ត្រី​មាន​ចំនួន​តិច​តួច​ត្រូវ​បាន​ដាក់​ឈ្មោះ​នៅ​លើគេ​ក្នុង​បញ្ជី​បោះ​ឆ្នោត​។

បេក្ខ​ជន​នៅក្នុង​បញ្ជី​​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​ដោយ​សារ​​​តំណាង​យេនឌ័រ ពីព្រោះ​នៅ​ពេល​ដែល​គណបក្ស​​មួយ​ឈ្នះ​​បាន​អាសនៈ​ច្រើន​ក្នុង​មណ្ឌល​មួួយ អាសនៈ​នោះ​ត្រូវ​ផ្តល់​ទៅ​ឲ្យ​បេក្ខ​ជន​ដែល​មាន​ឈ្មោះ​នៅ​លើគេ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​នោះ​មុន​គេ​។អ្នក​ដែលមាន​ឈ្មោះ​ក្រោម​ៗ​​មាន​ឱកាស​តិចជាង​ឆ្ងាយណាស់​ក្នុង​ការទទួល​បាន​អាសនៈលុះ​ណា​តែ​គណបក្ស​ឈ្នះ​​បាន​​​អាសនៈច្រើន​នៅ​ក្នុង​មណ្ឌល​​តែ​មួយ។

យោង​តាម​តួ​លេខ​ផ្លូវការ​ដែល​ផ្តល់​ដោយគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​​ឆ្នោត​ (គ.ជ.ប​.) បាន​ឲ្យ​ដឹង​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ចុះ​ឈ្មោះ​បេក្ខជន​ជា​ស្ត្រី​ចំនួន​២០​រូប និង​បេក្ខ​ជន​បម្រុង​២៨​រូប គណបក្ស​ហ្វុ៊នស៊ិន​ប៉ិច​​បាន​ចុះ​ឈ្មោះ​បេក្ខជន​ជាស្ត្រី​១២រូប និង​បេក្ខ​ជន​បម្រុង​១៩រូប និង​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​ប្រឆាំងច្របាច់​បញ្ចូលគ្នា បាន​ចុះ​ឈ្មោះ​បេក្ខ​ជន​ជា​ស្ត្រី​តែ​១២រូប និង​បេក្ខជន​បម្រុង​១៩​រូប​ប៉ុណ្ណោះ​។

សូម្បី​តែ​គណបក្ស​សម្ពន្ធ​ប្រជា​ធិបតេយ្យ​ ដែល​គេមិនសូវស្គាល់​ផងនោះ​ធ្វើ​បាន​ល្អ​ជាង​​​គណបក្ស​ប្រឆាំ​ង​ដ៏​​ធំ​​នេះ​ទៅទៀត​ ដោយ​ចុះ​ឈ្មោះ​បេក្ខ​ជន​ជាស្ត្រី​ចំនួន​១៥រូប និង​ដាក់​បេក្ខ​ជន​បម្រុង​​ចំនួន​៣៦រូប​ឯណោះ​ ចំណែក​ឯ​គណ​បក្ស​តូច​ជាង​គេ​ក្នុង​ប្រទេសកម្ពុជា​ គឺ​​គណបក្ស​សញ្ជាតិ​​ខ្មែរ​បាន​ចុះឈ្មោះ​បេក្ខ​ជន​ជា​ស្ត្រី​ចំនួន​២១រូប​ និង​បេក្ខជន​បម្រុង​៣៤​រូប រី​ឯគណបក្ស​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​​បាន​ដាក់​បេក្ខជនជាស្ត្រី​ចំនួន​៣៧រូប និង​បេក្ខ​ជន​បម្រុង​៥២រូប។

តួលេខ​ស្រដៀង​គ្នាេនះ​សម្រាប់​គណ​បក្ស​ខ្មែរ​ឈប់ក្រ និង​គណបក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្មែរមិន​ទាន់​បាន​ចុះ​ឈ្មោះ​បេក្ខជន​​នៅ​ឡើយ​ទេ។នៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រដែលស្ថិត​នៅ​លើ​គេ​ ចំនួន​ស្ត្រី​ ថយចុះ​ជាង​មុន​ច្រើន​ណាស់។

នៅក្នុង​ចំណោម​បេក្ខជន​ជា​ស្ត្រី​​ដែល​មាន​ឈ្មោះ​នៅ​លើ​គេ​ គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ពីរ​រូប គណបក្ស​សង្គ្រោះ​ជាតិ​មាន​បួនរូប គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​មាន​បីរូប និង​គណបក្ស​សម្ពន្ធ​ប្រជា​ធិបតេយ្យ​មាន​បីរូប​។ គណបក្ស​សញ្ជាតិខ្មែរ​មាន​មួយរូប។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌នៅ​កម្ពុជា​ (ខុម​ហ្វ្រែល)បានមាន​ប្រសាសន៍ថា “ មាន​បេក្ខ​ជន​ជាស្ត្រី​តិច​ជាង​ការ​បោះ​ឆ្នោត​មុន​ៗ”។

លោកបាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា លោក​ប៉ាន់​ប្រមាណថា មាន​បេក្ខជន​ជា​ស្ត្រី​តែ​១៥ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ក្រោយ​នេះ។
លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ពិត​ជាមាន​ការ​ព្រួយ​បារម្ភថា បេក្ខជន​ជា​ស្ត្រី​មិន​អាច​​មាន​​ចំនួន​ដូចគ្នា​នឹង​សមាជិក​សភា​ជាស្ត្រី​បច្ចុប្បន្នទេ។
លោក​បាន​មាន​ប្រសាសន៍ថា ហេតុ​ផល​មួយ​ក្នុង​ចំណោម​នោះ ​គឺ​ផ្តោត​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ដ៏ស្វិតស្វាញដែលបាន​កើត​ឡើង​រវាងគណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង។

ប៉ុន្តែ​ការ​បក​ស្រាយ​មួយ​ទៀត​អាច​ជាទិដ្ឋ​ភាព​នយោបាយ​​ដែល​មាន​បុរស​ភាគ​ច្រើន​ ហើយ​ការ​ពិត​គឺថា​បុរសនៅ​ក្នុង​ប្រទេស​​កម្ពុជា​មាន​ប្រាក់​ច្រើន​ និ​ងមាន​អំណាច។ លោក គល់ បញ្ញា​ បាន​មាន​ប្រសា​សន៍ថា ដោយ​ខ្វះ​ការ​យល់​ដឹង​និង​ការ​ស្វែង​យល់​ពី​តម្រូវ​ការ​ក្នុង​ការ​ឲ្យ​មាន​តុល្យភាព​យេនឌ័រ​បាន​សមរម្យ​ជាង​នេះ​ នៅ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ ធ្វើឲ្យ​ចំនួន​ដែលមានតិច​នោះ​កាន់តែ​បាក់​ទឹក​ចិត្ត។

លោក​បាន​បន្ថែម​ថា ខ្ញុំ​គិត​ថា​ គណបក្ស​នយោបាយ​មិន​មាន​ឆន្ទៈពិត​ប្រាកដ​ក្នុង​ការ​ដាក់​បេក្ខជន​ជា​ស្ត្រីតែម្តង​។ លោក​បាន​មាន​ប្រសាសន៍ថា យើង​បាន​សន្យា​ប្រាប់​ពិភពលោក​ថា នឹង​ឆ្លើយតប​ទៅ​នឹង​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ ក្នុង​ការ​សម្រេច​ឲ្យ​បាន​តំណាងរាស្ត្រជាស្ត្រី​៣០​ភាគរយ​ ដូច្នេះ​នេះ​គឺ​ជាការ​បេ្តជ្ញាចិត្ត​របស់​យើង​ ហើយ​យើង​គិត​ថា​ ការ​សម្រេច​ចិត្ត​គួរ​តែ​មាន​ស្ត្រី​ចូលរួមដែល​អាច​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ជាង។

លោកស្រី មូរ សុខហួរ បេក្ខជន​​របស់​គណ​បក្ស​សង្គ្រោះជាតិ​ ដែល​ជា​អតី​ត​សមាជិក​សភា គណបក្ស​សម រង្ស៊ី និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី បាន​មាន​ប្រសាសន៍ថា​មិនមាន​បេក្ខជន​ជាស្ត្រី​ច្រើន​មក​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ទេ បើ​ទោះ​ជា​គណបក្ស​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ដាក់​បញ្ចូល​ពួកគាត់​ក៏ដោយ។
លោកស្រី​ មូរ សុខហួរ បាន​មាន​ប្រសា​សន៍ថា មាន​ហេតុផល​ច្រើន​ [ហេតុអ្វី​បាន​ជា​មាន​ស្ត្រី​មិន​គ្រប់​គ្រាន់មក​ចុះឈ្មោះ]។ គណបក្ស​របស់​យើង​​បាន​ព្យាយាម​ដាក់​បេក្ខជន​ជា​ស្ត្រី ប៉ុន្តែ​យើង​គិត​ថា ពួកគាត់​ដែលមាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់នោះ​មិន​ចង់​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​តួនាទី​ដ៏ខ្ពស់នេះ​ឡើយ។

លោកស្រី​បាន​មាន​ប្រសាសន៍ថា នេះ​គឺ​ជា​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍ដែល​ប្រទេស​កម្ពុជា​មិន​អាច​ឆ្លើយតបបាន។ មិន​មាន​ការ​គាំទ្រ​គ្រប់​គ្រាន់​ពី​សង្គម ឬ​រដ្ឋាភិបាល​ដែល​លើក​ឡើង​ថា ស្ត្រី​អាច​ធ្វើអ្វី​ផ្សេង​ពី​នេះ។ មន្ត្រី​​​គណបក្ស​នេះ​​បាន​​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី​ មូរ សុខហួរ  បាន​ធ្វើជា​សហប្រធាន​កិច្ច​ប្រជុំ​របស់​គណបក្ស​សង្គ្រោះជាតិ​​ដែល​នៅ​ក្នុង​នោះ​កម្មវិធី​នយោ​បាយគណ​បក្ស​ស្តី​ពី​ស្ត្រី​ដែល​ត្រូវ​បាន​ពិភាក្សា​នោះ​គឺ​ការ​​គាំពារ​សុខភាព ផ្លូវ​កាយ ផ្លូវ​ចិត្ត​ និង​សុខភាព​បន្តពូជ​របស់​ស្ត្រី​គឺ​ជា​អាទិភាព។

នៅ​ឯ​កិច្ច​ពិភាក្សា​នោះ​ លោកស្រី គឹម ណាតស៊ីម បេក្ខជន​បម្រុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់​ស្ពឺ​​មាន​ប្រសាសន៍ថា ប្រាក់​អាច​ជា​ឧបសគ្គ​ដ៏សំខាន់​​ចំពោះ​ស្ត្រី​ដែល​ចង់​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ពីព្រោះ​ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​ធ្វើ​យុទ្ធនាការ​ដោយ​ខ្លួន​ឯង។ លោកស្រី​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​គិត​ថា
ខ្ញុំ​សកម្ម​ និង​មាន​ប្រជាប្រិយភាព​គ្រប់​គ្រាន់​ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ប្រាក់​ច្រើន​ក្នុង​ការ​ចំណាយ​ពេល​ធ្វើ​​យុទ្ធនាការ​ឃោសនា​ឡើយ”។

លោកស្រី រស់ សុភាព អនុប្រធាន​គណៈ​កម្មាធិការ​លើក​កម្ពស់​ស្ត្រី​ក្នុង​ឆាក​នយោ​បាយ(CPWP)​ បាន​មាន​ប្រសា​សន៍ថា ការ​ខកខាន​មិន​បាន​ចុះ​ឈ្មោះ​ស្ត្រី​ឲ្យ​បាន​ច្រើន​គឺ​ជា​ការ​ខក​ចិត្ត​ និង​ការ​បាត់​បង់​​​ឱកាស​ក្នុងការ​ធ្វើឲ្យ​មាន​តុល្យភាព​យេនឌ័រ​ឡើង​វិញ ហើយ​ផ្តោត​​បន្ថែម​ទៀត​ទៅ​លើ​សុខភាព​និង​ការ​អប់រំ​នៅ​​​ក្នុង​តួនាទី​​ជា​អ្នក​​ធ្វើ​សេចក្តី​​សម្រេច​។

លោកស្រី រស់ សុភាព បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ តាម​រយៈការ​ពិភាក្សា​របស់​យើង ហើយ​វេទិកា​បាន​រកឃើញ​ថា​ សូម្បី​ស្ត្រី​វ័យក្មេង ដែលមាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ទទួលបាន​ការ​ផ្តល់​ដំបូន្មាន​ពី​ក្រុម​គ្រួសារ​របស់​ខ្លួន​កុំ​ឲ្យ​ប្រឡូក​ក្នុង​នយោបាយ​​ ពីព្រោះ​វា​ជា​បញ្ហា​គ្រោះ​ថ្នាក់​សម្រាប់​សង្គម​នៅ​ពេល​នេះ។
លោកស្រី ហូ ណូន សមាជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសា​សន៍ថា លោក​ស្រី​គិត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បានទទួល​ជោគ​ជ័យ​ដោយ​មាន​ស្ត្រី​កាន់តែ​ច្រើន​ចូលរួម​ក្នុងនយោ​បាយ​ ប៉ុន្តែ​បាន​បន្ថែមថា ស្ត្រី​គួរ​តែ​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​ ដូច្នេះ​​ពួកគាត់​អាច​ចូលរួម​បាន តែ​ជួនកាល​ស្ត្រី​ខ្លួន​ឯង​មិន​មាន​ទំនុក​ចិត្ត​គ្រប់​គ្រាន់តែ​ម្តង៕

ប្រែសម្រួលដោយ សោម សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស