27 C
Phnom Penh

កូន​ប្រុស​ឧត្តម​សេនីយ៍​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​​ក្រៅ​ឃុំ ហើយ​ជន​រងគ្រោះ​ ក៏​បាន​ដក​ពាក្យ​បណ្ដឹង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ សាលា​ឧទ្ធរណ៍​បាន​ដោះ​លែង​កូន​ប្រុស​អាយុ​១៧​ឆ្នាំ របស់​លោក​ ដួង ងៀប អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ និង​ជា​ឧត្តម​សេនីយ៍​នគរ​បាល គឺ​រយៈ​ពេល​មួយ​ខែ​បន្ទាប់​ពី​កូន​ប្រុស​ទាំង​ពីរ​របស់​គាត់​ និង​អង្គរក្ស​របស់​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ដក​កាំ​ភ្លើង​ខ្លី​វាយ​អតិថិជន​ម្នាក់​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ស្ថិត​ក្នុង​ខណ្ឌ​ចំការ​មន​ រាជធានីភ្នំពេញ។

លោក ជួន សុ៊នឡេង ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានីភ្នំពេញ ​មាន​ប្រសាសន៍​ ថា ដួង គឹមឡុង កូន​ប្រុស​របស់​លោក ដួង ងៀប បាន​ស្នើ​សុំ​ឲ្យ​​តុលាការដោះ​លែង​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​ ទម្រាំ​​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​ខ្លួន។

លោកចៅក្រម ស៊ុនឡេង មាន​ប្រសាសន៍​ថា “ យើង​បាន​សម្រេច​ដោះ​លែង​ជន​សង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ​”។ ប៉ុន្ដែ​ លោក​បាន​បដិសេធ​មិន​និយាយ​លម្អិត​បន្ថែម​ទៀត​​ចំពោះ​មូល​ហេតុ​​ដោះ​លែង​ក្មេង​ជំទង់​រូប​នេះទេ​។

តុលាការ​កម្ពុជា​កម្រ​ដោះ​លែង​ជន​សង្ស័យ​​ឲ្យ​នៅ​ក្រៅ​ឃុំ​ណាស់​ ពិសេស​ពាក់​ព័ន្ធ​នឹង​ករណីប្រើ​​អំពើ​ហិង្សា​ប្រដាប់​អាវុធ​ និង​ពេល​ដែល​ជន​សង្ស័យ​គំរាម​កំហែង​​សាក្សី​ និង​ដើម​ចោទ​ មុន​ពេល​ជំនុំ​ជម្រះ។ គួរ​រំឭក​ថា ដួង គឹម​ឡុង ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​ទី​១៤ ខែ​មេសា គឺរយៈ​ពេល​មួយ​ថ្ងៃ​បន្ទាប់ពី​មាន​ជម្លោះ​នៅ​ឯ​ភោជនីយ​ដ្ឋាន​នោះ ជាមួយ​នឹង​អង្គរក្ស​ម្នាក់​របស់​ខ្លួន​នៅ​ឯ​ខុន​ដូរបស់​លោក ដួង ងៀប នៅ​ជិត​សណ្ឋា​​​គារ​​​​កាំបូឌីយ៉ាណា។ កាំភ្លើង​ AK-​៤៧​និង​គ្រាប់​​ចំនួន​២០​គ្រាប់​ ត្រូវ​បាន​រឹប​អូស​ពី​រថយន្ត​ប្រណីត​របស់ជន​សង្ស័យ​រូប​នេះ​។ ពីរបី​ថ្ងៃ​ក្រោយ​មក​ កូន​ប្រុស​ទី​២របស់​លោក ដួង ងៀប ឈ្មោះ​ដួង​ ឆាយ អាយុ​២២​ឆ្នាំ​ ក៏​ត្រូវ​បាន​ឪពុក​​នាំ​ទៅ​ប្រគល់​​ឲ្យ​មន្ត្រី​តុលាការ​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​គ្នា​នេះ​ដែរ ប៉ុន្ដែ​អង្គរក្ស​ពីរ​នាក់​ផ្សេង​ទៀត​កំពុង​​​​រត់​គេច​ខ្លួន​។

បង​ប្អូន​ទាំង​ពីរ​នាក់​នេះ គឺ ដួង​ គឹមឡុង និង ដួង ឆាយ ព្រម​ទាំង​អង្គរក្ស​របស់​ពួកគេ​ដែល​ត្រូវ​​បាន​ចាប់​ខ្លួន​កាលពី​ខែ​មុន​នោះ​​ត្រូវ​​​បាន​ចោទ​ប្រកាន់​ពីបទ​បង្ក​របួសស្នាម ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​​​ឯក​ជន ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯពន្ធនាគារ​ប៉េហ្ស៊ី។ ចំណែក​ឯ​អង្គរក្ស​ពីរនាក់​ទៀត​ដែល​​​​រត់គេច​ខ្លួន​នោះ​ ក៏​ត្រូវ​​បាន​ចោទ​ប្រកាន់​ដោយ​​​​កំបាំងមុខដែរ​។

ដោយ​ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ លោក ដួង ងៀប ដែល​មាន​ឋានៈ​ជា​ឧត្តម​សេ​​ន​ីយ៍​ត្រី​នគរ​បាល​ និង​ជា​អនុប្រធាន​នាយក​​​​ដ្ឋាន​នគរ​បាល​អន្តោ​ប្រវេស​ន៍របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ​នោះ​ ​មាន​ប្រសា​​សន៍​ថា កូន​ប្រុស​ទាំង​ពីរ​របស់​លោក​មិន​មាន​កំហុសអ្វីនោះទេ​។ យោង​តាម​លោក ដួង ងៀប បាន​ឲ្យ​ដឹង
​ថា “ ជន​ទី​៣​ដែល​ជា​ជន​​អាថ៌កំបាំង​ឈ្មោះ ​អា ស្នា គឺ​ជា​ជន​ល្មើស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ក៏ប៉ុន្ដែថា ជន​នេះ​ពេល​នេះ​កំពុងរត់​​គេច​ខ្លួន​”។

លោក ដួង ងៀប បាន​មាន​ប្រសាសន៍​អំពី​សំណើ​សុំ​ឲ្យ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​​បាន​​ជោគ​ជ័យ​របស់​កូន​ប្រុស​គាត់​ថា “ខ្ញុំ​គិត​ថា សាលា​ឧទ្ធរណ៍​យល់​ថា ដួង​ គឹម​ឡុង កូន​ប្រុស​របស់​ខ្ញុំ​គឺជា​អនីតិ​ជន​ ហើយ​ថា កូន​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​ទេ​ ហើយ​ក៏​មិនមែន​ជា​ម្ចាស់​កាំ​ភ្លើង​ដែរ​”។ ​លោក ដួង ងៀប ក៏​បាន​អះអាង​ផង​ដែរ​ថា ជន​រងគ្រោះ​​ក្នុង​ការ​វាយ​ប្រហារ​ ដែល​រង​របួស​ក្បាល​ជា​ទម្ងន់​ បន្ទាប់ពី​​ត្រូវ​បាន​គេ​វាយ​នឹង​កាំភ្លើង​ខ្លីនោះ ក៏​បាន​ដក​ពាក្យ​បណ្ដឹង​​​​ប្តឹង​កូន​ប្រុស​របស់គាត់​ដែរ​។

លោកឧត្តម​សេនីយ៍​នគរ​បាល​រូប​នេះ បាន​អះអាង​បន្ត​ថា “ ​ជន​រងគ្រោះបាន​ដក​ពាក្យ​បណ្ដឹង​​ដែល​បាន​ប្តឹង​​កូន​ប្រុស​ខ្ញុំ​ កាលពី​ថ្ងៃ​ទី​១១ ខែឧសភាហើយ​។ ករណីនេះ គឺ​ជា​ការ​យល់​ច្រឡំ ពីព្រោះ​កូន​ប្រុស​របស់​ខ្ញុំ​ [ដួង ឆាយ​] មិន​បាន​វាយ​ជន​រង​គ្រោះ​ទេ។ និយាយ​អំពី​រូប​ភាព​កូន​ប្រុស​របស់​គាត់​ ដែល​​កាន់​កាំ​ភ្លើង ​AK-​៤៧ ដែល​កង​រាជ​អាវុធ​ហត្ថ​និយាយ​ថា ពួកគេ​បាន​រក​ឃើញ​​​​​ក្នុង​រថយន្ត​ម៊ែក​សឺដេស​ របស់​ជន​សង្ស័យ បន្ទាប់​ពីជន​សង្ស័យ​​ត្រូវ​ចាប់​ខ្លួននោះ​ លោក​ ដួង ងៀប ​​មាន​ប្រសាសន៍​ថា កាំ​ភ្លើង​នេះ​មិន​មែន​ជា​របស់កូន​ប្រុស​​អាយុ១៧​ឆ្នាំ​របស់​លោក​ទេ”។

លោក​ រស់ ផល្លា មេធាវី​ការពារ​ជន​រង​គ្រោះ​​ពី​ការ​វាយ​ប្រហារ​​នេះ​ឈ្មោះ​ មុំ លីណា អាយុ​២៨​ឆ្នាំ បាន​បដិសេធ​មិន​និយាយ​​ទេ​កាលពីថ្ងៃ​សុក្រ​។ កាលបរិច្ឆេទ​សម្រាប់​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ មិន​ទាន់​បាន​កំណត់​នៅ​ឡើង​ទេ៕

 ប្រែសម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស