ភូមិប្រមា, ខេត្តក្រចេះ-មួយឆ្នាំបន្ទាប់ពីមានការឆ្មក់ចូលដោយទាហានទ្រង់ទ្រាយធំនៅទីនេះ ដែលបានបណ្ដាលឲ្យក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ស្លាប់ និងអ្នកភូមិរាប់រយគ្រួសារត្រូវបណ្ដេញចេញពីដីធ្លីរបស់ខ្លួននោះ នៅមានស្លាកស្នាមតិចតួចនៃជម្លោះដីធ្លីដំបូង ដែលបានធ្វើឲ្យភូមិដាច់ស្រយាលនេះក្លាយជាកន្លែងគួរឲ្យភ័យខ្លាច។
ប៉ុន្ដែ ក្រុមហ៊ុនថ្មីមួយ និងដីសម្បទានសង្គមកិច្ចដែលរដ្ឋាភិបាលបានប្រគល់ឲ្យអ្នកដែលត្រូវបណ្ដេញចេញផ្សេងៗទៀត នៅក្នុងខេត្តនេះ កំពុងតែធ្វើឲ្យមានបញ្ហាថ្មីៗកើតឡើងនៅក្នុងតំបន់នេះ។ ប៉ុន្មានខែមុនពេលទាហានឆ្មក់ចូលភូមិប្រមា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ អ្នកភូមិរាប់រយគ្រួសារបានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចម្ការកៅស៊ូក្នុងស្រុកមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជនឈ្មោះ កាសូទីម ដោយសារតែមានការចោទប្រកាន់ថា ក្រុមហ៊ុននេះ បានលុកលុយចូលដីស្រែរបស់ពួកគាត់។ អ្នកភូមិទាំងនេះ បានបិទផ្លូវនៅក្បែរនោះជាច្រើនដង ហើយមានរយៈពេលតែពីរខែមុនពេលមានការដុតខ្ទមមួយដែលពួកគាត់បានចោទថា ក្រុមហ៊ុននេះបានសាងសង់នៅ លើដីរបស់ពួកគាត់។
ដោយមានការតវ៉ាពីអ្នកភូមិជាច្រើនគ្រួសារ ដែលត្រូវគេបណ្ដេញចេញជាយូរមកហើយពីភូមិប្រមានោះ ក្នុងរយៈពេលប៉ុន្មានខែ ដែលមានការលំបាកនេះហាក់
ដូចជាមិនសូវមានការចងចាំអ្វីសោះ អំឡុងពេលចុះទៅទីនោះ កាលពីសប្ដាហ៍មុន លើកលែងតែបន្ទាយទាហានថ្មីមួយស្ថិតនៅជាយទីប្រជុំជននោះ និងទាហានប្លែកៗមុខជិះម៉ូតូចល័តចុះឡើង នៅតាមផ្លូវដីធំនោះ។ តែផ្ទុយទៅវិញអ្នកភូមិនៅតំបន់ដាច់ស្រយាលនេះ បាននាំគ្នាកាប់ដីទាំងអត់ធ្មត់ ដើម្បីត្រៀមខ្លួនសម្រាប់រដូវបង្កបង្កើនផលថ្មីមួយទៀត។
ប៉ុន្ដែ ជម្លោះដីធ្លីចាស់ៗកំពុងធ្វើឲ្យជម្លោះដីធ្លីថ្មីកើតឡើងនៅទីនេះ ដោយសារតែគម្រោងរបស់ក្រុមហ៊ុនកសិឧស្សាហកម្មមួយផ្សេងទៀត នៅក្នុងតំបន់នេះ និងដោយសារតែរដ្ឋាភិបាលខ្លួនឯងផ្ទាល់ចង់ប្រែក្លាយដីទំហំជិត១៩.០០០ហិកតា នៅជាយភូមិនេះ ឲ្យទៅជាដីសម្បទានសង្គមកិច្ចសម្រាប់អ្នកភូមិជាច្រើនគ្រួសារនៅទូទាំងខេត្តេនះ រួមទាំងអ្នកគ្មានដីធ្លី និងគ្មានទីជម្រក ដោយសារតែជម្លោះដីធ្លីផងដែរ។
អ្នកភូមិដែលនៅសេសសល់នៅក្នុងភូមិប្រមា លើកឡើងថា ដីសម្បទានសេដ្ឋកិច្ចទាំងពីរនេះ បានចូលដល់ដីស្រែរបស់ពួកគាត់។ លោក កាន សុវណ្ណ អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិ១០នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃឆ្មក់ចូលកាលពីឆ្នាំ២០១២នោះ និងត្រូវបានផ្តន្ទាទោស រួមជាមួយនឹងលោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសម្បុកឃ្មុំ ពីបទប៉ុនប៉ងបង្កើតចលនាអបគមន៍ នៅក្នុងភូមិប្រមា។
លោកបានមានប្រសាសន៍ថា ដីសម្បទានសង្គមកិច្ចថ្មីរបស់រដ្ឋាភិបាល ធ្វើឲ្យប៉ះពាល់ដល់ដីទំហំបួនហិកតា ដែលគ្រួសាររបស់លោកធ្លាប់ធ្វើស្រែនៅក្នុងភូមិប្រមាអស់រយៈពេលប្រាំបីឆ្នាំមកហើយនោះ។ លោកបាននិយាយនៅក្នុងកិច្ចសម្ភាសមួយកាលពីសប្ដាហ៍មុននៅក្នុងភូមិរបស់លោកថា “ខ្ញុំសង្ឃឹមថា ខ្ញុំនៅតែអាចធ្វើស្រែលើដីទំហំបួនហិកតារបស់ខ្ញុំ ប៉ុន្ដែ ឥឡូវនេះ គេនឹងឈូសឆាយយកដីរបស់ខ្ញុំហើយ ហើយខ្ញុំគ្មានសង្ឃឹមទេ ខ្ញុំមិនដឹងថា នឹងត្រូវធ្វើដូចម្ដេច ដើម្បីអាចរកប្រាក់មកចិញ្ចឹមគ្រួសាររបស់ខ្ញុំបានឡើយ”។
លោកបន្ថែមថា មិនដូចអ្នកភូមិជាច្រើនទៀតនៅក្នុងភូមិប្រមាទេ លោកមិនបានឆ្លើយដាក់លោក ម៉ម សូណង់ដូ នៅក្នុងរឿងបង្កើតចលនាអបគមន៍ដែលត្រូវបានគេចោទនេះទេ ហើយអង្គការសិទ្ធិមនុស្សបានចាត់ទុករឿងនេះថា ជារឿងប្រឌិតឡើង ដើម្បីបិទបាំងការបណ្ដេញអ្នកភូមិចេញពីដីនេះ ហើយលោកត្រូវសាលារាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ កាលពីថ្ងៃទី១ ខែតុលា។
ទោះជាសាលាឧទ្ធរណ៍ដោះលែងលោកម៉ម សូណង់ដូ លោក កាន សុវណ្ណ និងបុរសពីរនាក់ផ្សេងទៀត នៅក្នុងភូមិប្រមា កាលពីខែមីនាក៏ដោយ ក៏លោក កាន សុវណ្ណ ដែលបដិសេធថា មិនជាប់ពាក់ព័ន្ធនៅក្នុងចលនាអបគមន៍ ឬនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនកាសូទីមនោះ ឥឡូវនេះកំពុងតែប្រយុទ្ធប្រឆាំង ដើម្បីដីស្រែរបស់គាត់ដែរ។
ចាប់តាំងពីគ្រឿងចក្រឈូសឆាយដីពីរគ្រឿង បានមកដល់ទីនេះ កាលពីពីរសប្ដាហ៍មុន ហើយបានចាប់ផ្ដើមឈូសឆាយដីព្រៃខ្លះៗនៅក្បែរនោះ លោក កាន សុវណ្ណ និងអ្នកភូមិប្រមាណ៥០នាក់ផ្សេងទៀត បានតវ៉ានៅពេលព្រឹកព្រលឹម ស្ទើររៀងរាល់ថ្ងៃ នៅក្នុងភូមិនេះ។ ក្រុមអ្នកបើកគ្រឿងចក្រឈូសឆាយ បានបោះជំរំតូចមួយចម្ងាយពីរគីឡូម៉ែត្រ ពីផ្លូវដីដ៏ធំនោះ។ ហើយពេលទៅបំពេញទស្សនកិច្ច កាលពីថ្ងៃពុធ អំឡុងពេលថ្ងៃត្រង់ ដែលមានពពកហោះហើរយឺតៗ អ្នកបើកគ្រឿងចក្រឈូសឆាយប្រហែលប្រាំមួយនាក់បានចំណាយពេលឥតប្រយោជន៍ដោយនាំគ្នាលេងបៀ នៅក្រោមតង់តូចមួយ។
ស្លៀកពាក់ក្នុងឯកសណ្ឋានអាវពណ៌គគី និងខោទាហានប៉ារ៉ានោះ គឺមេដឹកនាំក្រុមឈ្មោះ ចាន់ គង់ មន្ត្រីបច្ចេកទេសរបស់មន្ទីរនគរូបនីយកម្មដែនដី និងសំណង់
ខេត្តក្រចេះ។ លោក ចាន់ គង់ បានមានប្រសាសន៍ថា រដ្ឋាភិបាលមានផែនការកាប់រានដីទំហំ១៨.៨៣៨ហិកតា ហើយនាំអ្នកភូមិចំនួន៣.០០០គ្រួសារដែលគ្មានទីលំនៅដោយសារជម្លោះដីធ្លីផ្សេងៗ នៅទូទាំងខេត្តឲ្យមករស់នៅក្នុងដីដែលកាប់រាននេះ។
លោកបានច្រានចោលការអះអាងរបស់អ្នកភូមិជាច្រើនគ្រួសារដែលថា ដីសម្បទាននេះ បានប៉ះពាល់ដល់ដីស្រែជាយូរមកហើយរបស់អ្នកភូមិ ហើយបានមានប្រសាសន៍ថា ការអះអាងទាំងនោះ គឺគ្រាន់តែជាការឆ្លៀតឱកាស ដើម្បីចាប់យកដីធ្លី ដែលខ្លួនមិនធ្លាប់បានធ្វើស្រែពីមុនមកប៉ុណ្ណោះ។ លោកលើកឡើងថា “ លោកបានឃើញផ្ទាល់ភ្នែកហើយ។ តើអ្នកភូមិទាំងនេះមើលទៅដូចជាអ្នកដែលធ្លាប់រស់នៅទីនេះអស់រយៈពេលប្រាំបីឆ្នាំមកហើយដែរឬទេ? ដោយសំឡឹងមើលទៅកាន់ដីដែលកាប់រាន លោកបានមានប្រសាសន៍ថា “ ខ្ញុំបានពន្យល់ទៅអ្នកភូមិទាំងអស់នេះ ប៉ុន្ដែពួកគាត់មិនយល់ពីអ្វីដែលខ្ញុំបានពន្យល់ឡើយ”។
លោក ចាន់ គង់ បានមានប្រសាសន៍ថា លោកបានដោះស្រាយជាមួយអ្នកតវ៉ាមួយចំនួន ដែលប្រដាប់ដោយពូថៅ និងកាំបិតរួចហើយ ហើយបានលើកឡើងថា ពួកគេជាមនុស្សប្រមឹក។ ទោះបីជាគ្រឿងចក្រឈូសឆាយទាំងនេះ មិនទាន់បានឈូសឆាយដល់ដីទំហំបួនហិកតារបស់លោក កាន សុវណ្ណ ដែលនៅក្បែរនោះក្ដី តែប្រពន្ធរបស់លោកឈ្មោះ ស្រេង ផូ បាននិយាយថា អាជ្ញាធរមូលដ្ឋានមិនបានអនុញ្ញាតឲ្យពួកគេធ្វើស្រែលើដីនេះ ចាប់តាំងពីមានការឆ្មក់ចូល កាលពីឆ្នាំមុន
មកម្លេ៉ះ។
អ្នកស្រី ស្រេង ផូ បាននិយាយពេលកំពុងឈរនៅក្បែរស្រែរបស់ខ្លួនថា “ ខ្ញុំនៅតែព្រួយបារម្ភ ពីព្រោះសម្បីតែដីរបស់ខ្ញុំនៅទីនេះ ក៏គេមិនអនុញ្ញាតឲ្យខ្ញុំធ្វើស្រែដែរ។ ខ្ញុំព្រួយបារម្ភខ្លាចគេយកដីរបស់ខ្ញុំនៅពេលអានាគត”។ ពេលទាក់ទងតាមរយៈទូរស័ព្ទ លោកមេភូមិ ជា ជិន បានលើកឡើងថា នៅមានដីស្រែច្រើនជាងនេះទៀត កំពុងជួបបញ្ហា។លោកបានមានប្រសាសន៍ថា បងប្អូនខ្មែរអុីស្លាមជាច្រើនគ្រួសារដែលរដ្ឋាភិបាលបានបញ្ជូនឲ្យទៅរស់នៅក្នុងដីសម្បទានសង្គម
កិច្ចនៅក្នុងភូមិនេះ បានកាប់រានដីព្រៃទំហំ៥៨០ហិកតា ដែលរដ្ឋាភិបាលបានអនុម័តជាព្រៃសហគមន៍នៅក្នុងភូមិនេះ និងជាព្រៃដែលអ្នកភូមិចំនួន៦០០គ្រួសារពឹងផ្នែកនិងអាស្រ័យផលលើនោះ។
លោកលើកឡើងថា “ យើងបានប្រមែប្រមូលអ្នកភូមិចំនួន៥០នាក់ ទៅទីនោះដើម្បីបញ្ឈប់បងប្អូនខ្មែរអុីស្លាមកុំឲ្យយកពូថៅនិងកាំាបិតកាប់រានព្រៃតទៅទៀត”។
ពេលទាក់ទងកាលពីម្សិលមិញ លោក សម សារិទ្ធ អភិបាលស្រុក បានអះអាងថា បងប្អូនខ្មែរអុីស្លាម ជិត១.០០០គ្រួសារមកពីកន្លែងផ្សេងៗក្នុងខេត្តនេះ ត្រូវបានបញ្ជូនទៅតំបន់នោះដើម្បីឲ្យកាន់កាប់ដីនៅក្នុងដីសម្បទានសង្គមកិច្ចថ្មីនេះ”។
លោក សារិទ្ធ បានមានប្រសាសន៍ថាលោកបានចុះទៅភូមិនេះដើម្បីជួបជាមួយអ្នកភូមិដែលកំពុងមានបញ្ហាដោយផ្ទាល់ ប៉ុន្តែលោក បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្តឡើយ។ លោកមេភូមិបានលើកឡើងថា អ្នកភូមិចំនួន៧៤គ្រួសារផ្សេងទៀតក៏បានចោទប្រកាន់ក្រុមហ៊ុនចម្ការកៅស៊ូថ្មីថា បានលុកលុយចូលដីរបស់ពួកគាត់នៅក្នុងតំបន់នេះផងដែរ។
លោក ចាន់ គង់ អ្នកដឹកនាំក្រុមកាប់រានព្រៃនៅក្នុងដីសម្បទានសង្គមកិច្ចនេះ បានលើកឡើងថា លោកមិនបានដឹងអំពីជម្លោះនេះទេ ប៉ុន្តែលោកបានបញ្ជាក់ថា មានដីសម្បទានទំហំ៥.០០០ហិកតា នៅក្នុងតំបន់នេះ ត្រូវបានកាប់រានដើម្បីដាំកៅស៊ូ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង