សមាជិកគណៈកម្មការពាណិជ្ជកម្ម និងតំណាងក្រសួងការបរទេសរបស់សហភាពអឺរ៉ុបបានទាត់ចោលសំណើពីសមាជិកសភាអឺរ៉ុប១៣នាក់ ដែលបានស្នើសុំឲ្យពួកគេបើកការស៊ើបអង្កេតជាបន្ទាន់ក្នុងបញ្ហាដីសម្បទានសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ដែលរងការរិះគន់យ៉ាងខ្លាំងនោះ ប៉ុន្តែបានលើកឡើងថា ខ្លួនកំពុងឃ្លាំមើលបញ្ហានេះយ៉ាងដិតដល់។
នៅក្នុងលិខិតកាលពីខែមីនាផ្ញើជូនលោក ការែ៉ល ដឺហ្គូត (Karel De Gucht) សមាជិកគណៈកម្មការពាណិជ្ជកម្ម និងលោកស្រី ខា ធើរីន អាស្តុន (Catherine Ashton) តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសនោះ សមាជិកសភាអឺរ៉ុបបានស្នើសុំឲ្យមានការស៊ើបអង្កេតជាបន្ទាន់ក្នុងបញ្ហាដីសម្បទាន ដែលពួកគេបានចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង។ ពួកគេក៏បានស្នើផងដែរថា ប្រសិនបើការស៊ើបអង្កេតនេះបង្ហាញលទ្ធផលដូចការអះអាងរបស់ខ្លួនមែន សូមឲ្យសហភាពអឺរ៉ុបផ្អាកការលើកលែងពន្ធដល់ទំនិញនាំចេញរបស់កម្ពុជាទៅអឺរ៉ុប ក្រោមគម្រោងទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ
ជាផ្នែកមួយនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប។
សំណើរបស់ពួកគេធ្វើឡើងតាមសេចក្ដីសម្រេចរបស់សភាអឺរ៉ុបដែលបានអនុម័តកាលពីខែតុលា។ នៅក្នុងការឆ្លើយតបរួមគ្នាមួយ កាលពីថ្ងៃទី១៥ ខែឧសភា ទៅកាន់សមាជិកសភាអឺរ៉ុបទាំង១៣រូបនោះ លោក ដឺហ្គូត និងលោកស្រីអាស្តុន បានបង្ហើបឲ្យដឹងថា លក្ខខណ្ឌសម្រាប់ការស៊ើបអង្កេតមិនទាន់បានឆ្លើយតបនៅឡើយទេ ប៉ុន្ដែនឹងបើកការសើុបអង្កេត ប្រសិនបើស្ថានភាពនេះកាន់តែធ្ងន់ឡើង។
ពួកគេបានលើកឡើងថា “ គណៈកម្មការសហភាពអឺរ៉ុបកំពុងបន្ដត្រួតពិនិត្យស្ថានភាពនេះយ៉ាងហ្មត់ចត់។ ប្រសិនបើលក្ខខណ្ឌស្របច្បាប់សម្រាប់ការដកហូតការអនុគ្រោះពន្ធមាននៅក្នុងប្រព័ន្ធអនុគ្រោះទូទៅនោះ គណៈម្មការនេះនឹងត្រៀមចាត់វិធានការ ប្រសិនបើករណីនេះកើតមានពិតប្រាកដមែន”។
បច្ចុប្បន្ននេះ គណៈកម្មការនេះរង់ចាំឲ្យការរំលោភសិទ្ធិមនុស្សមានសភាព“ ធ្ងន់ និងជាប្រព័ន្ធ” សិន មុនពេលខ្លួនចាប់ផ្ដើមការស៊ើបអង្កេត ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រព័ន្ធអនុគ្រោះទូទៅរបស់ប្រទេសកម្ពុជា។ នៅក្នុងរបាយការណ៍មួយស្ដីអំពីដីសម្បទានក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុន លោក សុរិយា ស៊ូបេឌី (Surya Subedi)អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ មានប្រសាសន៍ថា ការរំលោភសិទ្ធិពាក់ព័ន្ធនឹងដីសម្បទាន “ មានសភាពធ្ងន់និងរីករាលដាល”។
ខណៈដែលពួកគេចែករំលែកការព្រួយបារម្ភរបស់សមាជិកសភាអឺរ៉ុបអំពីដីសម្បទានក្នុងប្រទេសកម្ពុជា លោក ដឺហ្គូត និងលោកស្រីអាស្តុន មានប្រសាសន៍ថា “ ទោះជាយ៉ាងណាដំណោះស្រាយរបស់យើងគឺត្រូវប្រើវិធីសាស្ត្រ ដែលអាចដំណើរការដោយស្របច្បាប់ និងបម្រើគោលបំណងនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសកម្ពុជាជាធំ”។
មន្ត្រីទាំងពីរក៏បានលើកឡើងផងដែរថា សហភាពអឺរ៉ុបបានសម្ដែងនូវការព្រួយបារម្ភដល់កម្ពុជា “ ក្នុងកម្រិតមួយខ្ពស់បំផុត”។នៅឯកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីខែវិច្ឆិកា លោក ហឺមែន វ៉ាន់រុំពុយ (Herman van Rompuy) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបបានសង្កត់ធ្ងន់លើការព្រួយបារម្ភរបស់សភាអឺរ៉ុប ទាំងអំពីដីសម្បទាន និងខ្លាចថា ការបោះឆ្នោតជាតិនៅខែកក្កដា មិនសេរី និងយុត្តិធម៌ ។
លោក ដឺហ្គូត បានមានប្រសាសន៍ថា រូបលោកផ្ទាល់បានសង្កត់ធ្ងន់ទៅលើការបារម្ភរបស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងដីសម្បទាន“ ក្នុងលក្ខខណ្ឌពិតប្រាកដមួយ” ក្នុងកិច្ចប្រជុំឆ្នាំនេះ និងឆ្នាំមុនជាមួយនឹងលោក ចម ប្រសិទ្ធរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក ដឺហ្គូត បានលើកឡើងក្នុងលិខិតនោះថា “ ខ្ញុំសូមរំឭកដល់លោករដ្ឋមន្ត្រីអំពីផលប៉ះពាល់ដែលថា ការដកចេញពីគម្រោងទំនិញគ្រប់យ៉ាងលើកលែងតែអាវុធអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើឲ្យស្ថានភាពនេះបានប្រសើរឡើង និងដើម្បីផ្ដោតការយកចិត្តទុកដាក់លើតម្លាភាព និងនិរន្ដភាពនៃការអភិវឌ្ឍកម្ពុជា”។
យោងតាមតួលេខចុងក្រោយរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា ការនាំទំនិញចេញពីប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុបមានការកើនឡើងទ្វេដងដូចការនាំចេញរបស់កម្ពុជាទៅកាន់ដៃគូពាណិជ្ជកម្មដទៃទៀតក្នុងឆ្នាំ២០១២ដែរ ហើយទំហំនៃការនាំចេញនេះមានទឹកប្រាក់រហូតដល់២,៣ពាន់លានដុល្លារ ក្នុងឆ្នាំនោះ។
ខណៈដែលពាណិជ្ជកម្មភាគច្រើន គឺជាផលិតផលសម្លៀកបំពាក់នោះ សហភាពអឺរ៉ុបទទួលរងនូវការរិះគន់យ៉ាងខ្លាំង ចំពោះការផ្ដល់លទ្ធភាពរួចពន្ធទៅឲ្យស្ករសកម្ពុជា
ដោយសារតែមានការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្សនៅចម្ការអំពៅពីរកន្លែងនៅក្នុងខេត្តកោះកុង។ ប្រជាពលរដ្ឋរាប់រយគ្រួសារបានចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅនេះថាបានប្លន់យកដីស្រែកសិកម្មរបស់ខ្លួន ជួនកាលប្រើអំពើហិង្សា និងមិនបានសងប្រាក់សំណងដល់ពួកគេសូម្បីតែបន្តិចបន្តួច។
នៅពេលនេះ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងចំណោមគ្រួសារទាំងនោះ កំពុងប្ដឹងក្រុមហ៊ុនស្ករស Tate & Lyle របស់ចក្រភពអង់គ្លេសនៅក្នុងទីក្រុងឡុងដ៍ដែលបញ្ជាទិញពីចម្ការនេះ តាមរយៈម្ចាស់ក្រុមហ៊ុនជាជនជាតិថៃ ដើម្បីទាមទារប្រាក់សំណងរាប់លានដុល្លារ។ ចំណែករដ្ឋាភិបាលកម្ពុជាវិញបានលើកឡើងថា ដីសម្បទានបែបនោះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីលុបបំបាត់ភាពក្រីក្រនៅតាមសហគមន៍ដាច់ស្រយាល។
នៅក្នុងលិខិតរបស់ខ្លួន លោក ដឺហ្គូត និងលោកស្រី អាស្តុន បានកោតសរសើរដល់គំនិតផ្តួចផ្ដើមចំនួនពីរក្នុងការកែទម្រង់ដី ដែលរដ្ឋាភិបាលបានអនុវត្តកាលពីឆ្នាំមុន
គឺទី១ ផ្អាកការផ្ដល់ដីសម្បទានថ្មីជាបណ្ដោះអាសន្ន ខណៈពេលខ្លួនត្រួតពិនិត្យភាពស្របច្បាប់នៃការផ្ដល់ដីសម្បទានដែលបានផ្ដល់រួចហើយនោះ និងទី២ គឺការចែកប័ណ្ណកម្មសិទ្ធិដីធ្លីថ្មីដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ ដោយទទួលយកទាំងអស់គ្នា លោក ដឺហ្គូត និងលោកស្រី អាស្តុន បានហៅគំនិតផ្ដួចផ្ដើមនោះថា ជា “ ជំហានដំបូង” ក្នុងការធានាឲ្យកម្ពុជាមានសិទ្ធិកាន់កាប់ដីធ្លី៕
រែសម្រួលដោយ ហម សុផាណ្ណា