ប័ណ្ណសារ

EU មិន​ស៊ើប​អង្កេត​​បញ្ហា​ដី​សម្បទាន​នៅ​​កម្ពុជា​​ទេ នា​ពេល​នេះ​

By

May 20, 2013

សមាជិក​​គណ​ៈកម្មការ​ពាណិជ្ជកម្ម​ និង​តំណាង​ក្រសួង​ការ​បរទេស​របស់​សហ​ភាព​អឺរ៉ុប​បាន​ទាត់​ចោល​សំណើ​ពី​សមាជិក​សភា​អឺរ៉ុប​១៣នាក់​ ដែល​បាន​ស្នើ​សុំ​​ឲ្យ​ពួក​គេ​បើក​ការ​ស៊ើប​​​អង្កេតជា​បន្ទាន់​ក្នុង​​បញ្ហា​ដី​សម្បទាន​​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដែល​រង​ការ​រិះ​គន់​​យ៉ាង​ខ្លាំង​នោះ ប៉ុន្តែ​បាន​លើក​ឡើង​​ថា ​ខ្លួន​​កំពុង​ឃ្លាំ​មើល​​បញ្ហា​នេះ​​យ៉ាង​ដិតដល់​។

នៅ​ក្នុង​លិខិត​កាលពី​ខែ​មីនា​ផ្ញើជូន​លោក​ ការែ៉ល ដឺហ្គូត (Karel De Gucht)​ ​សមាជិក​គណៈកម្មការ​ពាណិជ្ជកម្ម​​​ និង​លោកស្រី ខា ធើរីន អាស្តុន (Catherine Ashton) តំណាង​ជាន់​​ខ្ពស់​របស់​សហ​ភាព​អឺរ៉ុបទទួល​បន្ទុក​​គោល​នយោ​បាយ​សន្តិ​សុខ​ និង​កិច្ច​ការ​បរទេស​នោះ សមា​ជិក​សភា​អឺរ៉ុប​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ក្នុង​​បញ្ហា​ដីសម្បទាន​ ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​។ ពួកគេ​ក៏​បាន​ស្នើ​ផង​ដែរ​ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​នេះ​បង្ហាញ​លទ្ធផល​ដូច​ការ​អះអាង​របស់​ខ្លួនមែន​ សូម​ឲ្យ​សហ​ភាព​អឺរ៉ុប​ផ្អាក​​​ការ​លើក​លែង​​ពន្ធ​​ដល់​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​​អឺរ៉ុប ក្រោម​គម្រោង​ទំនិញ​គ្រប់​យ៉ាង​​លើក​លែង​តែ​អាវុធ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​​របស់​សហភាព​អឺរ៉ុប​។

សំណើ​របស់​ពួកគេ​ធ្វើ​ឡើង​តាម​សេចក្ដី​សម្រេច​​របស់​សភា​អឺរ៉ុប​ដែល​បាន​អនុ​ម័ត​កាលពីខែ​តុលា។​ នៅ​ក្នុង​ការ​ឆ្លើយ​តប​រួម​គ្នា​មួយ ​កាល​ពី​ថ្ងៃទី​១៥​ ខែ​ឧសភា ទៅ​កាន់​សមាជិក​សភា​អឺរ៉ុប​​ទាំង​១៣​រូបនោះ លោក ដឺ​ហ្គូត និង​លោកស្រី​អាស្តុន បាន​បង្ហើប​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​សម្រាប់​​ការ​ស៊ើប​អង្កេត​មិន​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយទេ ប៉ុន្ដែ​នឹង​បើក​​ការ​សើុប​អង្កេត​ ​ប្រសិន​​បើ​ស្ថាន​ភាពនេះ​​កាន់​តែ​ធ្ងន់​ឡើង​។

ពួកគេ​​បាន​លើក​ឡើង​ថា “ គណៈ​កម្មការ​សហភាព​អឺរ៉ុប​កំពុងបន្ដ​ត្រួត​ពិនិត្យ​​ស្ថាន​ភាព​នេះយ៉ាង​ហ្មត់​ចត់​។ ប្រសិន​បើ​​​​​ល​ក្ខខណ្ឌ​ស្រប​​ច្បាប់​សម្រាប់ការ​ដក​ហូត​ការអនុគ្រោះ​ពន្ធ​មាន​​​​នៅ​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​​នោះ​​ គណៈ​​ម្មការ​នេះ​នឹង​ត្រៀម​ចាត់​វិធានការ​ ប្រសិន​បើ​ករណី​នេះ​កើត​មាន​ពិត​ប្រាកដ​មែន​”។

បច្ចុប្បន្ន​នេះ គណៈ​កម្មការ​នេះ​រង់​ចាំ​ឲ្យ​ការ​រំលោភ​សិទ្ធិមនុស្ស​មាន​សភាព​​“ ធ្ងន់​ និង​ជា​ប្រព័ន្ធ​” សិន​ មុន​ពេល​ខ្លួន​ចាប់​ផ្ដើម​ការ​​ស៊ើប​អង្កេត​ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រព័ន្ធ​អនុ​គ្រោះ​ទូទៅ​របស់​ប្រទេស​កម្ពុជា។​ នៅក្នុង​របាយការណ៍​​មួយ​ស្ដីអំពី​ដីសម្ប​ទានក្នុង​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំមុន​ លោក សុរិយា ស៊ូបេឌី (Surya Subedi)​អ្នក​​ធ្វើ​របាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្ដីអំពី​សិទ្ធិ​មនុស្ស​នៅក្នុង​​ប្រទេសនេះ ​មាន​ប្រសាសន៍​ថា ការ​រំលោភ​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ដីសម្បទាន​ “ មាន​សភាព​ធ្ងន់​និង​រីក​រាល​ដាល​”។

ខណៈ​ដែល​​​ពួកគេ​​ចែក​រំលែក​ការ​ព្រួយ​​បារម្ភ​របស់​សមាជិក​សភា​អឺរ៉ុបអំពី​ដី​សម្បទាន​​ក្នុង​ប្រទេស​កម្ពុជា​ លោក ដឺ​ហ្គូត និង​លោកស្រីអាស្តុន ​មាន​ប្រសាសន៍​ថា “ ទោះជា​យ៉ាង​​ណា​ដំណោះ​ស្រាយ​របស់​យើង​គឺ​ត្រូវ​ប្រើ​វិធី​សាស្ត្រ​​ ដែល​អាច​ដំណើរការ​ដោយ​ស្រប​ច្បាប់​ និង​បម្រើ​គោល​បំណង​នៃការ​អភិវឌ្ឍ​ប្រកប​​​ដោយ​​​និរន្តរភាព​របស់​​ប្រទេស​កម្ពុជា​​​​​​​ជា​ធំ”។

មន្ត្រី​​ទាំង​ពីរ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា សហ​ភាព​អឺរ៉ុប​បាន​សម្ដែង​នូវ​ការ​​ព្រួយ​បារម្ភ​ដល់​កម្ពុជា​ “ ក្នុង​កម្រិត​មួយ​ខ្ពស់​បំផុត​”។នៅ​ឯកិច្ច​ប្រជុំ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន កាលពីខែ​វិច្ឆិកា លោក ហឺមែន វ៉ាន់​​រុំពុយ (Herman van Rompuy) ប្រធាន​ក្រុម​ប្រឹក្សា​​សហភាព​អឺរ៉ុប​បាន​សង្កត់​ធ្ងន់​លើ​ការ​ព្រួយ​បារម្ភ​របស់​សភា​អឺរ៉ុប ទាំង​អំពី​ដី​សម្ប​ទាន​ និង​​ខ្លាច​ថា ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ខែ​កក្កដា ​មិន​សេរី និង​យុត្តិ​ធម៌ ។

លោក ដឺហ្គូត បាន​មាន​ប្រសាសន៍​ថា រូប​លោក​ផ្ទាល់​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​បារម្ភ​របស់​សហ​ភាព​អឺរ៉ុប​ពាក់​ព័ន្ធ​នឹង​ដីសម្បទាន“ ក្នុង​លក្ខខណ្ឌ​ពិត​ប្រាកដ​​មួយ​” ​ក្នុង​កិច្ច​ប្រជុំ​ឆ្នាំ​នេះ និង​ឆ្នាំ​មុន​ជាមួយ​នឹង​លោក​ ចម ប្រសិទ្ធរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​។

លោក ដឺហ្គូត បាន​លើក​ឡើង​ក្នុង​លិខិត​នោះ​ថា “ ខ្ញុំ​សូម​រំឭក​ដល់​លោក​រដ្ឋ​មន្ត្រីអំពី​ផល​ប៉ះពាល់​ដែល​ថា ការ​ដក​ចេញ​ពី​​គម្រោង​​​ទំនិញ​គ្រប់​យ៉ាង​​លើក​លែង​តែ​អាវុធ​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ភាព​នេះ​បាន​ប្រសើរ​​ឡើង​ និង​ដើម្បី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​តម្លាភាព និង​និរន្ដភាព​​នៃការ​អភិវឌ្ឍកម្ពុជា​”។

យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​សហ​ភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ទំនិញ​ចេញ​ពីប្រទេស​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​ការ​កើន​ឡើង​ទ្វេ​ដង​ដូច​ការ​នាំ​ចេញ​​របស់​កម្ពុជា​ទៅ​កាន់​ដៃគូ​ពាណិជ្ជកម្ម​ដទៃ​ទៀត​​ក្នុង​ឆ្នាំ​២០១២ដែរ ហើយ​ទំហំ​នៃការ​នាំចេញ​នេះ​មាន​ទឹក​ប្រាក់​រហូត​ដល់​២,៣​​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​នោះ។

ខណៈ​ដែល​ពាណិជ្ជកម្ម​ភាគច្រើន គឺជា​ផលិត​ផល​​សម្លៀក​បំពាក់​នោះ សហភាព​អឺរ៉ុប​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ផ្ដល់​លទ្ធភាព​រួច​ពន្ធ​ទៅ​ឲ្យ​​ស្ករ​ស​កម្ពុជា​ ដោយ​សារ​តែ​​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ការ​​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​​ចម្ការ​អំពៅ​ពីរ​កន្លែង​នៅ​ក្នុង​ខេត្ត​កោះកុង​។ ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​នេះ​ថា​បាន​​​ប្លន់​​​យក​​​ដីស្រែ​កសិកម្ម​របស់​ខ្លួន​ ជួន​កាល​ប្រើ​អំពើ​ហិង្សា និង​មិន​បាន​សង​ប្រាក់​សំណង​ដល់​ពួកគេសូម្បី​តែ​​បន្តិច​បន្តួច​​។

នៅ​ពេល​នេះ​ ប្រជា​ពល​រដ្ឋចំនួន​២០០​គ្រួសារ​ ក្នុង​ចំណោម​គ្រួសារ​ទាំង​នោះ​ កំពុង​ប្ដឹង​ក្រុម​ហ៊ុន​ស្ករ​ស​ Tate ​& Lyle របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ដែល​បញ្ជា​ទិញ​ពី​ចម្ការ​នេះ តាម​រយៈ​ម្ចាស់​ក្រុម​ហ៊ុន​​ជា​ជន​ជាតិ​ថៃ​ ដើម្បី​ទាម​ទារ​ប្រាក់​សំណង​រាប់​លាន​ដុល្លារ។ ចំណែក​​រដ្ឋាភិបាល​កម្ពុជា​វិញ​បាន​លើក​ឡើង​ថា ដីសម្បទាន​បែប​នោះ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃកិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន ដើម្បី​លុប​បំបាត់​ភាព​ក្រី​ក្រ​​នៅ​តាម​សហ​គមន៍​ដាច់​ស្រយាល។

នៅ​ក្នុង​លិខិត​របស់​ខ្លួន​ លោក ដឺហ្គូត និង​​លោកស្រី អាស្តុន បាន​កោត​សរសើរ​ដល់​គំនិត​ផ្តួច​ផ្ដើម​​ចំនួនពីរ​ក្នុងការ​កែ​ទម្រង់​ដី​​​ ដែល​រដ្ឋាភិបាល​បាន​អនុវត្ត​កាលពីឆ្នាំមុន​ គឺ​ទី១ ផ្អាក​ការ​ផ្ដល់​ដី​សម្បទានថ្មី​ជា​បណ្ដោះ​អាសន្ន ខណៈ​ពេល​​ខ្លួន​ត្រួត​ពិនិត្យ​ភាព​ស្រប​ច្បាប់​នៃ​ការ​ផ្ដល់​ដីសម្បទាន​ដែល​បាន​ផ្ដល់រួច​​ហើយ​នោះ​ និង​ទី២ គឺ​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ថ្មីដល់​ប្រជា​ពល​រដ្ឋ​រាប់​ម៉ឺន​គ្រួសារ​។ ដោយ​ទទួល​យក​ទាំង​អស់​គ្នា​ លោក ដឺហ្គូត និង​លោកស្រី អាស្តុន បាន​ហៅ​គំនិត​ផ្ដួច​ផ្ដើម​នោះថា ជា “ ជំហាន​ដំបូង​” ក្នុង​ការ​ធានា​ឲ្យ​កម្ពុជា​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​​៕

រែសម្រួល​ដោយ ហម សុផាណ្ណា​