កាលពីថ្ងៃសៅរ៍ សហជីពក្នុងស្រុកជាង២០សហជីពបានជំរុញឲ្យសាលាដំបូងខេត្តស្វាយរៀងផ្តន្ទាទោសលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលត្រូវបានចោទប្រកាន់ពីបទបាញ់អ្នកតវ៉ានៅឯរោងចក្រមួយកាលពីខែកុម្ភៈឆ្នាំ២០១២ អំឡុងការតវ៉ាដោយហិង្សា ដែលធ្វើឲ្យកម្មការិនីរោងចក្រកាត់ដេរចំនួនបីនាក់រងរបួស ។
សហភាពការងារកម្ពុជា និងសហភាពសហជីពកម្ពុជា ស្ថិតក្នុងចំណោមសហជីពដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះ មុនការបើកសវនាការជំនុំជម្រះលោក ឈូក បណ្ឌិត ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកមួយចេញកាលពីថ្ងៃសុក្រផ្ញើឲ្យក្រុមហ៊ុនយីហោអន្តរជាតិ ដែលមានក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាម៉ាក ពូម៉ា ដែលទិញផលិតផលពីរោងចក្រដែលកម្មកររងរបួសធ្វើការនោះ សហជីពជាតិ និងអន្តរជាតិជាង៣០ បានអំពាវនាវឲ្យក្រុមហុ៊ុនផលិតសម្លៀកបំពាក់កីឡារបស់អាល្លឺម៉ង់នេះ ជំរុញឲ្យមានការផ្តន្ទាទោសលោក បណ្ឌិត។
លិខិតនេះលើកឡើងថា “ វិធាននិងបទដ្ឋានរបស់អស់លោក ទាមទារឲ្យមាននីតិរដ្ឋ ប្រាក់ខែ និងសេរីភាពនៃការជួបជុំ ប៉ុន្តែអស់លោកមិនបានធ្វើអ្វីមួយដើម្បីជួយកម្មករបានទេ នៅពេលដែលគេប្រើប្រព័ន្ធយុត្តិធម៌អនុញ្ញាតឲ្យមន្ត្រីសាធារណៈបាញ់ប្រហារបាតុករបីនាក់ ដោយគ្រាន់តែតវ៉ា ដើម្បីសុំដំឡើងប្រាក់ខែ”។
“ យើងចង់ឲ្យអស់លោកប្រាប់រដ្ឋាភិបាលកម្ពុជាថា អាជីវកម្មរបស់អស់លោកពឹងផ្អែកលើឯករាជភាពរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជា និងការរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារការបាញ់ប្រហារដ៏សាហាវនៅបាវិត”។
កន្លងមក សាលាដំបូងខេត្តបានចោទប្រកាន់លោក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា ប៉ុន្តែក្រោយមកបានលើកលែងការចោទប្រកាន់នេះ បើទោះជាមានសេចក្តីរាយការណ៍ពីសាក្សី រាប់ទាំងការបំភ្លឺពីមន្ត្រីនគរបាលម្នាក់ថា គាត់បានឃើញលោក បណ្ឌិត បាញ់សំដៅក្រុមបាតុករក៏ដោយ។
សាលាឧទ្ធរណ៍បានពិនិត្យរឿងក្តីនេះឡើងវិញបន្ទាប់ពីក្រសួងយុត្តិធម៌បានបង្គាប់ឲ្យមានការសើុបអង្កេតឡើងវិញ។បន្ទាប់ពីពិនិត្យភ័ស្តុតាងរួចហើយ សាលាឧទ្ធរណ៍បានចោទប្រកាន់លោក ឈូក បណ្ឌិត ពីបទដូចគ្នានេះ ហើយបញ្ជូនសំណុំរឿងនេះទៅតុលាការខេត្តវិញ។ លោក បណ្ឌិត បានប្រាប់សាលាឧទ្ធរណ៍ថា លោកបានដកកាំភ្លើងខ្លីបាញ់មែន ប៉ុន្តែមិនដឹងថាគ្រាប់ចេញទៅណាទេ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី