លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតទទួលបន្ទុកសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានអញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីល្ងាចម្សិលមិញ ដើម្បីបំពេញបេសកកម្មស្វែងរកការពិតចុងក្រោយរបស់លោកនៅប្រទេសនេះ ដើម្បីចង់ដឹងថា តើរដ្ឋាភិបាលបានធ្វើឲ្យមានការវិវឌ្ឍអ្វីខ្លះនៅក្នុងការអនុវត្តអនុសាសន៍ជាច្រើនរបស់លោកសម្រាប់ការធ្វើកំណែទម្រង់លទិ្ធប្រជាធិបតេយ្យ។
ដោយបានធ្វើដំណើរប្រាំបីលើកកាលពីពេលមុនមកប្រទេសកម្ពុជានោះ អនុសាសន៍ជាច្រើនរបស់លោក ស៊ូបេឌី បានផ្ដោតទៅលើការធ្វើកំណែទម្រង់រដ្ឋសភា ដីសម្បទានសេដ្ឋកិច្ច និងដំណើរការបោះឆ្នោតរបស់ប្រទេសនេះ។
ដំណើរទស្សនកិច្ចនៅសប្ដាហ៍នេះ មានរយៈពេលមិនដល់ពីរខែផងនៅមុនការបោះឆ្នោតជាតិនៅខែកក្កដា ដែលក្រុមអ្នកសង្កេតការណ៍មួយចំនួន បានព្រមានរួចមកហើយថាមិនសូវមានយុត្តិធម៌ទេក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះនៅប្រទេសកម្ពុជា។
អំឡុងដំណើរទស្សនកិច្ចលើកមុនរបស់លោក ស៊ូបេឌី កាលពីខែធ្នូនោះ មិនមានមន្ត្រីរដ្ឋាភិបាលណាមួយធ្វើតាមសំណើសុំជួបរបស់លោកនោះទេ ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ មានប្រសាសន៍ថា លោកមិនមានពេលទទួលយកអនុសាសន៍ពី “ ជនបរទេស” នោះទេ ដែលជាសញ្ញាមួយបង្ហាញថា ប្រេសិតរូបនេះមិនមានទំនាក់ទំនងមិនល្អជាមួយនឹងរដ្ឋាភិបាល។
ប៉ុន្តែ លោក ជែម ហុីណេន (James Heenan) តំណាងប្រចាំប្រទេសស្ដីទីរបស់ការិយាល័យសិទិ្ធមនុស្សអង្គការសហប្រជាជាតិ ដែលបានជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកស៊ូបេឌី បានមានប្រសាសន៍ថា ប្រេសិតរូបនេះ បានទទួលការបញ្ជាក់រួចហើយដើម្បីជួបមន្ត្រីរដ្ឋាភិបាលមួយចំនួនសម្រាប់ដំណើរទស្សនកិច្ចលើកនេះ ដែលរួមមានលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា គណៈកម្មាធិការនេះរៀបចំកិច្ចប្រជុំមួយជាមួយនឹងលោក ស៊ូបេឌី នៅពេលព្រឹកថ្ងៃអង្គារ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ