លោក សុន ឆ័យ សមាជិកសភាគណបក្សសម រង្ស៊ី បានចោទលោក ជាម យៀប សមាជិករដ្ឋសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាថា បានប្រើអំណាចរបស់លោក ដើម្បីបំភិតបំភ័យគណបក្សប្រឆាំង បន្ទាប់ពីលោកបានស្នើឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភាកាលពីដើមខែនេះបង្កកប្រាក់ខែរបស់សមាជិកសភាគណបក្សប្រឆាំង។
លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុរបស់រដ្ឋសភា លើកឡើងក្នុងលិខិតមួយផ្ញើជូនលោក ហេង សំរិន ថា សមាជិកសភាចំនួន១១រូប ដែលមានផែនការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្នុងខែកក្កដា សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនោះ មិនអាចធ្វើការដោយស្របច្បាប់នៅក្នុងរដ្ឋសភាទៀតទេ។
ប៉ុន្តែរដ្ឋធម្មនុញ្ញ និងច្បាប់អំពីការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ដែលលោក ជាម យៀប បានលើកឡើងនោះគ្រាន់តែចែងថា សភាជិកសភាមិនមានសិទ្ធិជាសមាជិកភាពសភាទេ ប្រសិនបើពួកគេឈប់ធ្វើជាសមាជិករបស់គណបក្ស ដែលខ្លួនជាប់ឆ្នោតនោះ។
លោក សុន ឆ័យ បានសរសេរលិខិតជូនលោក ហេង សំរិន កាលពីថ្ងៃព្រហស្បតិ៍ “ ស្នើសុំឲ្យប្រាប់លោក ជាម យៀប សមាជិកសភា ឈប់ប្រើអំណាចរបស់លោក ក្នុងនាមជាប្រធានគណៈកម្មការរដ្ឋសភា ដើម្បីបំភិតបំភ័យសមាជិកសភាពាក់ព័ន្ធនឹងការបង្កកប្រាក់ខែ”។
លិខិតនោះលើកឡើងថា “ ខ្ញុំសូមជម្រាបលោកប្រធានថា រហូតមកទល់ពេលនេះ គ្មានសមាជិកសភាមកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សណា បានប្រកាសលាលែងជាផ្លូវការពីគណបក្សទាំងពីរនេះទេ”។
លិខិតនេះក៏បានលើកឡើងដែរថា សមាជិកសភាទាំងនេះបានក្លាយជាសមាជិករបស់គណបក្សសង្គ្រោះជាតិកាលពីក្នុងខែមេសា គឺមិនដល់ប្រាំមួយខែផង មុនការបោះឆ្នោត ដែលយោងតាមច្បាប់ មានន័យថា ពួកគេមិនចាំបាច់បោះបង់អាសនៈរបស់ខ្លួនទេ និងនៅតែមានសិទ្ធិទទួលប្រាក់ខែរបស់ខ្លួន។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បានមានប្រសាសន៍ថា ប្រាក់ខែរបស់សមាជិកសភាដកចេញបាន ប្រសិនសមាជិកភាពក្នុងរដ្ឋសភារបស់ពួកគេ អស់សុពលភាព ហើយករណីរបស់បេក្ខជនគណបក្សសង្គ្រោះជាតិមិនមែនដូច្នេះឡើយ។
លោក គល់ បញ្ញា មានប្រសាសន៍ថា “ មិនគួរប្រើរដ្ឋសភាដើម្បីគាបសង្កត់ផ្នែកនយោបាយលើគណបក្សណាមួយទេ”។ លោកបន្ថែមថា លោកគិតថា លោក ហេង សំរិន គួរតែកែតម្រូវលោក ជាម យៀប ជាសាធារណៈ“ ជាគំរូចំពោះអ្នកផ្សេងទៀត”។
លោក គាំ កុសល នាយខុទ្ទកាល័យរបស់លោក ហេង សំរិន បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលលិខិតពីលោក ជាម យៀប និង លោក សុន ឆ័យ នៅឡើយទេ។ លោកមានប្រសាសន៍ថា “ ខ្ញុំជាប់រវល់នៅខេត្ត។ ខ្ញុំនឹងពិនិត្យមើលលិខិតទាំងនេះ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី