28 C
Phnom Penh

អ្នក​ដែល​មាន​ភក្ដី​ភាព​សរសើរ​​គណបក្ស​​ប្រជា​ជ​ន​ នៅ​ទិវា​ចង​កំហឹង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​នៃ​របប​ខ្មែរ​ក្រហម  ទាហាន​ក្មេង​ៗ​​ដែល​មាន​​កែវ​ភ្នែក​​សាហាវ​ប្រដាប់​ដោយ​កាំភ្លើង​​អាកា-៤៧ បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ដែល​ក្នុង​នោះមាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ បុរស​ចំណាស់​មាន​ជំងឺ​ម្នាក់​ដែល​កំពុង​តែ​បន្ដោក​សេរ៉ូម​ និង​កុមារ​ៗ​។

ពួក​គេ​ទាំ​ង​នោះ​គ្មាន​នរណា​ម្នាក់​រួច​ខ្លួន​ឡើយ​ ហើយ​ក្រោយ​មក​ពួក​គេ​ជា​ច្រើន​នាក់​​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​។
ជីវិត​រស់​នៅ​ក្នុង​របប​នេះ​ជួប​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ កុមារៗ​ស្រេក​ឃ្លាន​ និង​ទទួល​បាន​របប​អាហារ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ចំណែក​ឯ​បុរសនិង​ស្ត្រីៗ​​ត្រូវ​បាន​​វាយ​សម្លាប់​នឹង​ខ្នងពូថៅ​ និង​ត្បូងចប​ដោយ​​​​គ្មាន​ក្ដី​មេត្តា​ព្រម​ទាំង​អារ​​ក​នឹង​​ធាង​ត្នោត​។ ស្នូរ​បាញ់​កាំភ្លើង​បាន​លាន់​ឮកង​រំពង​ពេញ​អាកាសា​អម​ដោយ​សំណើច​គួរ​ឲ្យ​ខ្លាច​ ដែល​មើល​ទៅ​ហាក់​​ដូច​ជា​ឈុត​ឆាក​មួយ​នៅ​ក្នុង​ខ្សែ​ភាពយន្ដ​ហូលីវូដអ៊ីចឹង​។

ការ​សម្ដែង​បែប​នេះ​ បង្កើត​បាន​ជា​ផ្ទាំ​ង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ ក្នុង​ទិវា​ចង​កំហឹង​កាល​ពី​ម្សិលមិញ​ ដែល​ជា​ការ​សម្ដែង​ឡើង​វិញ​ប្រចាំ​ឆ្នាំ​ដើម្បី​ធ្វើ​​ត្រាប់​តាម​អំពើឃោរ​ឃៅ​យង់​ឃ្ន​ង​របស់​ខ្មែរ​ក្រហម​​ ដែល​បា​ន​កើត​ឡើង​នៅ​វាល​ពិឃាត​ជើង​ឯក ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​។

​ដោយ​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៨៤ ព្រឹត្តិការណ៍​​​​កាល​ពី​ម្សិលមិញ​ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​ប្រមាណ​២.០០០​នាក់​ ជា​ថ្ងៃ​រំឭក​មួយ​ដែល​ហាក់​ដូច​ជា​​​មិន​សូវ​​មាន​ភាព​ឧឡា​រិក​​​​ប៉ុន្មាន​ទេ​ ហើយ​ហាក់​ដូចជា​​យុទ្ធនា​​​ការ​​​​មួយ​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ច្រើន​ជាង​​​ទៅ​​​វិញ​​​ទេ​​​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នាខែ​កក្កដា ខាង​មុខ​នេះ​។​​​

មាស ម៉េងថុង តំណាង​សមាគម​ក្មេង​វត្ត​ ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ថា “ ប្រសិន​បើ​គ្មាន​ថ្ងៃ​៧មករា​ទេ​នោះ​ គណ​បក្ស​ប្រឆាំង​ក៏​គ្មាន​ឱកាស​បង្កើត​គណបក្ស​ប្រឆាំង​បាន​ដែរ​”។ ៧មករា​សំដៅ​ដល់​ថ្ងៃ​​ដែល​កង​កម្លាំង​វៀត​ណាម និង​ប្រជា​ជន​កម្ពុជា ដែល​ផ្ដាច់​ខ្លួន​​ពី​របប​ ប៉៉ុល ពត ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា​នាពេល​បច្ចុប្បន្ន បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​។

​អ្នក​ស្មោះ​ត្រង់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​កោត​សរសើរ​​គណបក្ស​​នេះ ដោយ​​ការលើក​ឡើង​ពី​​សារ​មួយ​ដដែល​ពេញ​មួយ​ព្រឹក​នោះ​។

លោក ឡេង ផល្លី ដែល​បាន​ផ្ដាច់​ខ្លួន​ចេញ​​ពី​គណបក្ស​ សម រង្ស៊ី និង​ដែល​ពេល​នេះ​មាន​ឋានៈ​ជា​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​ផែន​ការ​
មាន​ប្រសាសន៍​ថា “ ដើម្បី​ធ្វើ​ឲ្យ​ប្រទេសមាន​​ស្ថិរភាព​ខាង​នយោបាយ និង​សុខ​សន្ដិភាព ​ យើងចាំ​បាច់​ត្រូវ​អនុវត្ត​តាម​គោល​នយោ​បាយឈ្នះ​ៗ​​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន”។

លោក​​បន្ដ​ថា “ ​យើង​នឹង​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា  ហើយ​នឹង​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ពី​ព្រោះ​យើង​ជឿ​ទុក​ចិត្ត​ និង​ជឿជាក់​ថា មានតែសម្ដេច​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទេ ដែល​​អាច​ដឹក​នាំ​រដ្ឋាភិបាល​បាន​”។ ​ក្នុង​ឈុត​ឆាក​ចុង​ក្រោយ​នៃ​ការ​សម្ដែង​​​នេះ​សម្រាប់​អ្នក​ទស្សនា​ ដែល​ភាគ​ច្រើន​ជា​ព្រះសង្ឃ ​មន្ត្រី​រដ្ឋាភិបាល និង​សិស្ស​ និស្សិត​កាល​ពី​ម្សិលមិញនោះ​ ការ​បរាជ័យ​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្ហាញ​ឲ្យ​ ឃើញ​​តាម​រយៈ​ស្ត្រី​ក្មេង​ៗ​ ដែល​កាន់​រូប​ថត​លោក ជា​ ស៊ីម ប្រធាន​គណបក្ស​​​​ប្រ​​​ជាជន​កម្ពុជា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជា​ជនកម្ពុជា និង​លោក​ ហ៊ុន សែន។ បុរស​ក្មេង​ៗ​ដែល​នៅ​ក្បែរ​គ្នា កាន់​ទង់​ចំនួន​បី​ផ្សេង​ៗ​គ្នា​របស់​គណបក្ស​កាន់​អំណាច​ គឺ​ទង់​រណសិរ្ស​សាមគ្គី​​​​សង្គ្រោះ​ជាតិ​កម្ពុជា​ ទង់​សាធារណរដ្ឋ​ប្រជា​មានិតកម្ពុជា និង​​ទង់​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​​​នា​ពេល​បច្ចុប្បន្ន​។

អ្នក​ស្រី​ ម៉ាត់ សាយណុប តំណាង​បង​ប្អូន​ខ្មែរ​អុីស្លាម​​​ បាន​លើក​ឡើង​អំពី​ការ​បំពាន​លើ​ជំនឿ​របស់​អ្នក​ស្រី​​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​​
បាន​ថ្លែង​អំណរ​គុណ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ចំពោះ​ការ​ជួយ​សង្គ្រោះ​សហ​គមន៍​របស់​អ្នក​ស្រី។

អ្នក​ស្រី​ ​​​ម៉ាត់ សាយណុប បាន​និយាយ​​​បន្ថែម​​​ទៀត​​​​ថា “ យុវជន​និង​បង​ប្អូន​​ខ្មែរ​អុីស្លាម​​គាំ​ទ្រ​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​​ឲ្យ​ដឹក​នាំ​ប្រទេស​ជា​រៀង​រហូត​”។

លោក​ សេក សាវុត ព្រឹទ្ធបុរស​មហា​វិទ្យាល័យ​នាដ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​ដឹក​នាំ​ការ​សម្ដែង​ក្នុង  “ ​ទិវា​ចង​កំហឹង” នេះ​កាល​ពី​ម្សិលមិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា ជីវិត​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់ ហើយ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​ ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ចាប់​តាំង​ពី​ពេល​នោះ​មក​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ថ្ងៃ​នេះ​ គឺ​ជា​ ‘ទិវា​ចង​កំហឹង’ ហើយ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ត្រូវ​តែ​ចង​ចាំ​ទុក…។ ប្រជា​ពល​រដ្ឋ​ចង​ចាំ​សម្ដេច​ ហ៊ុន សែន និង​ត្រូវ​ចាំ​ថា ត្រូវ​​ទៅ​បោះ​ឆ្នោត​”។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា វា​គួរ​ឲ្យ​សោក​ស្ដាយ ​ដែល​​
ឃើញ​​​​គណបក្ស​ប្រជាជន​កម្ពុជា​យក​​​ទិវា​​ចង​ចាំ​ធ្វើ​​នយោបាយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ វា​គួរ​ឲ្យ​​សោក​ស្ដាយ​ណាស់​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ដ​ប្រើ​ប្រាស់​ការ​សម្លាប់​ដ៏​គួរ​ឲ្យ​រន្ធត់​ទាំង​នេះ​ ដើម្បី​កេង​ចំណេញ​នយោបាយ​។ ខ្ញុំ​គិត​ថា ប្រជា​ពល​រដ្ឋ​​បាន​ដឹង​ពី​គោល​បំណង​នៃ​ព្រឹត្តិការណ៍​នេះ​ហើយ​។​គណបក្ស​របស់​ពួកគេ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ហេតុអ្វី​បាន​ជា​ពួក​​គេ​មិន​និយាយ​ពី​រឿង​នោះ​ផង​?”។ លោក​បាន​បន្ថែម​ថា ស្ទីល​នយោបាយ​​ខ្មែរ​ក្រហម​នៅ​តែ​មាន​ក្នុង​រដ្ឋា​​​ភិបាល​ ជា​ឧទាហរណ៍​ដូច​ជា​ ការ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​ជា​ដើម​។

ទោះ​យ៉ាង​ណា​  កាលពី​ម្សិលមិញ​មាន​មនុស្ស​ម្នាក់​មិន​បាន​និយាយ​ពី​នយោបាយ​ទេ។បន្ទាប់​ពី​លែង​ចាប​ក្នុង​ទ្រុង​នៅ​ឯ​ជើង​ឯក​ លោក កែប ជុតិមា អតីត​អភិបាល​រាជ​ធានី​ភ្នំពេញ​ ដែល​កំពុង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ និង​ដែល​​បានចូល​រួម​​ធ្វើ​ជា​គណៈ​អធិបតី​ក្នុង​ព្រឹត្តិ​​​ការណ៍​ កាល​ពី​ម្សិលមិញ​ បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​អំពី​យុទ្ធនា​​​ការ​នេះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​អា​ច​អត្ថាធិប្បាយ​បាន​ទេ​ ពី​ព្រោះ​ថ្ងៃ​នេះ យើង​ជា​អ្នក​រៀប​ចំ​ព្រឹត្តិការ​ណ៍​នេះ​ឡើង​ ហើយ​ខ្ញុំ​មាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ”៕

ប្រែសម្រួល​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស