32 C
Phnom Penh

កម្មករ​​​២៣​​​នាក់​​​រង​របួស​ក្នុងករណី​​​​បាក់រលំ​​​អគារ​​​បរិភោគអាហារ​​​នៅរោង​​​ចក្រ​​​កាត់ដេរ​​​មួយ​​​ក្នុង​​​​ខណ្ឌមានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ និង​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹងថា ​អគារ​បរិភោគ​​​​អាហារ​​​របស់​​​រោង​​​ចក្រ​​​មួយ នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​​ក្នុងរាជធានី​​​ភ្នំពេញ​​​ ដែល​​​ផ្គត់ផ្គង់សម្លៀក​​​បំពាក់ទៅឲ្យក្រុមហ៊ុន ហ្គេប (Gap)នៅសហរដ្ឋអាមេរិក បាន​​​បាក់​​​រលំ​​​ចូលក្នុង​​​ស្រះទឹក​​​មួយ​​​កាល​​​ពីម្សិលមិញ ដោយបណ្ដាល​​​ឲ្យ​​​កម្មករ​រោង​​​ចក្រជាង​​​២០​​​នាក់ ដែល​​​កំពុង​​​បរិភោគ​​​អាហារ​​​​​​​​ថ្ងៃត្រង់​​​រងរបួស។

យោង​​​តាម​​​លោក មៅ រិទិ្ធ ​នាយ​ប៉ុស្ដិ៍​នគរ​បាល​​​សង្កាត់​បានឲ្យដឹងថា សាល​បរិភោគ​អាហារ​​​​ដែលជា​​​ផ្នែក​​​មួយ​​​របស់​​​រោង​​​ចក្រ​កាត់ដេរ​​​ថប់​វើល ហ្គាមិន នៅ​សង្កាត់​ក្បាល​​​កោះ ​ប៉ុន្តែ ស្ថិត​នៅ​​​ក្រៅ​​​អគារធំ​​​បាន​​​បាក់​រលំ​​​នៅ​​​ម៉ោង១១​​​ និង​​​៤០នាទីព្រឹក​។ លោកបាន​បន្ថែមថា ស្ពាន​បេតុង​​​មួយ​តភ្ជាប់​​​អាហារដ្ឋាន​ ដែល​​​​​​សង់​​​ពី​​​លើ​​​ស្រះ​​​ទឹក​ស្អុយ​​​មួយ ​​​ទៅ​​​ផ្លូវធំ​​​ក៏​​​បាន​​​បាក់​​​ផង​​​ដែរ។

លោក គួច ចំរើន អភិបាល​ខណ្ឌ​ បាន​​​មាន​​​ប្រសាសន៍ថា“ កម្មកររោង​​​ចក្រ១៣​​​នាក់ ​ដែល​មាន​​​ស្ត្រីមាន​ផ្ទៃ​ពោះ​ប្រាំខែម្នាក់ ត្រូវ​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរពេទ្យមិត្តភាព ​ខ្មែរ-សូវៀត ​រីឯ​កម្មករ​​​១០នាក់ផ្សេង​​​ទៀត ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​​ខណ្ឌ​”។ លោក​បាន​មាន​ប្រសាសន៍​​​បន្ថែមថា មូលហេតុនៃការ​​​បាក់​រលំអាហារ​​ដ្ឋាន​​នេះ នៅ​​​ម​​​ិន​​​ទាន់​​​ដឹង​​​ច្បាស់​​​នៅឡើយទេ។

ដោយនិយាយ​​​ពី​​​មន្ទីរពេទ្យ ​អ្នកស្រី ​សាយភារម្យ អាយុ២៧​​​ឆ្នាំ ជាស្ត្រីមាន​ផ្ទៃ​ពោះ​នោះ​បាន​​​និយាយថា អ្នកស្រីបានឮសំឡេង​លាន់​យ៉ាង​​​ខ្លាំងនៅ​​​មុនពេល​វា​បាក់រលំចូលក្នុង​​​ស្រះទឹក​​​ស្អុយ​​​​នោះ។ អ្នកស្រី បាន​​​និយាយថា ដោយ​សារ​អ្នកស្រី​​​នៅ​​​ក្បែរ​​​ច្រកចេញ ​អ្នក​ស្រី​​​​
បាន​​​ចាប់ផ្ដើម​​​រត់ឆ្លង​​​កាត់ស្ពាន​​​នេះ​​​ភ្លាម។

អ្នកស្រី សាយ ភារម្យ ​​​និយាយថា “ សាល​​នេះ បាន​​​បាក់រលំ ហើយ​​​ខ្ញុំ​​​បាន​​​​រត់ចេញ​​​មក​​​ក្រៅ​យ៉ាង​លឿន​។ពេល​​​ខ្ញុំរត់​មក​​​ដល់ពាក់​​​កណ្ដាល​​​ស្ពាននេះ ស្ពាន​​​នេះ ក៏​​​បាន​​​បាក់​​​​​ស្រប​​​គ្នាជា​​​មួយ​​​នឹង​​​សាល​​​​នេះ​ផង​ដែរ​”។​ អ្នក​ស្រីបាន​​​បន្ថែមថា កម្មករ​​​ផ្សេង​​​ទៀត បាន​​​ធ្លាក់​​​ចូល​​​​ក្នុង​​​ទឹក និង​​​បាន​​​ហែល​​​ម​​​ក​​​​លើ​គោក​វិញ។ អ្នកស្រី សាយ ភារម្យ បាន​​​និយាយ​​​ថា ​ទារក​ក្នុងផ្ទៃ​​​របស់អ្នកស្រី​​​មិនមានបញ្ហា​​​អ្វី​​​នោះ​​​ទេ។
កម្មករ​​​ភាគច្រើន​​​គ្រាន់តែមាន​​​ស្នាមជាំ និង​​​ដាច់​សាច់​​​ប៉ុណ្ណោះ។

លោក ស៊ាង យ៉ុន តំណាង​​​ឲ្យ​​​សម្ព​ន្ធ​​​សហ​ជីពប្រជាធិបតេយ្យ​​​កម្មករកាត់ដេរ​​​​​​កម្ពុជា ​បាន​​​មាន​​​ប្រសាសន៍ថា រោង​​​ចក្រ​​​នេះបាន​​​យក​​​ខ្សាច់​​​លុបស្រះ​​​​​​នេះ​​​កាល​​​ពីមុន។

លោក គុច ឧសភា ប្រធាន​​​រដ្ឋបាល​​​រោង​​​ចក្រ​​​នេះ បាន​​​មាន​​​ប្រសាសន៍ថា តំណាង​​​រោង​​​ចក្រ​​​នឹងពិភាក្សា​​​​អំពី​ការ​ផ្ដល់​សំណង​​​ដល់កម្មករ​​​រង​​​របួស​​​នៅ​​​ថ្ងៃ​​​នេះ ហើយ​លោក​​​​បាន​​​បដិសេធ​​​ថា​​​ រោង​​​ចក្រ​​​​មិន​បាន​​​ចាក់​ខ្សាច់​លុប​​​ស្រះ​​​នេះទេ។

ឧបទ្ទវហេតុ​​​នេះ បាន​​​កើត​​​មាន​​​ឡើង​​​ត្រឹម​តែ​​​រយៈពេល​​​ប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់​​​ពី​​​រោង​​​ចក្រ​​​មួយផ្សេង​​​ទៀត នៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​បាក់​​​ប្លង់​សេ​សង្កត់​​​​កម្មករ​​​ពីរ​​​នាក់ស្លាប់។

កាលពី​​​ម្សិលមិញ មន្ត្រីរដ្ឋាភិបាល និង​​​​រោង​​​ចក្រ ​​​បាន​​​ឲ្យ​​​ដឹងថា រោង​​​ចក្រ​​​ផលិត​​​ស្បែកជើង វីង ស្តា ស៊ូ ដែលមានជនជាតិតៃវ៉ាន់ជា​​​ម្ចាស់នោះ មានសុវត្ថិភាព​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ឲ្យ​​​​កម្មករ​​​ត្រឡប់​​​​​​មក​​​ធ្វើការ​​​វិញ។

លោក អ៊ុំ មាន រដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ បាន​​​មាន​​​ប្រសាសន៍ថា “ ថ្ងៃ​​​ស្អែក​​​កម្មករ​​​នឹង​​​ត្រឡប់​​​មក​​​ធ្វើការ​​​វិញ ​ដូច្នេះ ​សង្វាក់​
ផលិតកម្ម នឹង​​​មិន​​​ត្រូវ​​​បានប៉ះពាល់​​​នោះ​​​ទេ”​។

ប៉ុន្តែ ក្រុមហ៊ុន ផលិតសម្ភារ​កីឡា​ជប៉ុនយីហោ​ អាសុីក បាន​​​និយាយ​​​ថា ​​​​​​រោង​​​ចក្រនេះ​​​មិន​​​គួរ​​​បើក​​​ដំណើរការ​​​នៅ​​​មុន​ពេល​​​​ធ្វើ​អធិ​ការ​​​កិច្ចសុវត្ថិភាព​​ឲ្យ​បាន​​​ត្រឹម​​​ត្រូវ​នោះទេ។

នៅ​​​ក្នុងអុីម៉េល​មួយ ពី​​​ប្រទេស​​​ជប៉ុន ​លោក​ កាតស៊ុមិ ហ្វូណាកូសុី (Katsumi Funakoshi) ​អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​​​ទំនង​​​សាធា​រណៈ​​​របស់​ក្រុម​ហ៊ុន​សាជីវកម្មអាសុីក បាន​​​លើក​​​ឡើង​​​ថា “ អាទិភាព​​​ដំបូង​​​របស់ ​ក្រុម​ហ៊ុន​អាសុីក គឺ​​​សើុបអង្កេត​​​រក​​​មូល​​​ហេតុ​​​នៃ​​​​ឧបទ្ទវ​ហេតុ​នេះ​​​និង​​​ដើម្បី​​​ធានា​​​ថា កម្មករ ដែល​​​រង​​​របួស ទទួលបាន​​​ការ​​​ថែ​​​ទាំ​​​ត្រឹម​​​ត្រូវ ​​​និង​​​សម​ស្រប។ផលិតកម្ម​​​អាច​​​​​​បន្ត​​​ដំណើរការបាន​​​លុះណា​​​តែ​​ចប់​ការ​​​សើុប​អង្កេត​ពី​​​​គ្រប់​​​ភាគី​​​ពាក់ព័ន្ធទាំង​​​អស់​សិន ហើយ​​​រោង​​​ចក្រ​​​ត្រូវ​​​ប្រកាស​ពី​​​​សុវត្ថិភាព​​​១០០​​​ភាគរយ ដើម្បី​​​ឲ្យ​​​កម្មករ​​​​ចូល​ធ្វើ​ការ​​​​វិញ”។

លោកស្រី មូរ សុខហួរ បេក្ខជន​​​ឈរ​​​ឈ្មោះ​​​បោះឆ្នោត​​​របស់​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ ​ដែល​​​​ជា​​​គណបក្ស​​​ប្រឆាំង ដែល​​​បាន​​​ចុះ​​​ទៅ​​​ជួប​​​គ្រួសារ​​​កម្មករ​​​ពីរ​​​នាក់ ដែល​​​បាន​ស្លាប់ ​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​នៅ​​​ស្រុក គង ពិសី បាន​​​មាន​​​ប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ​​​កំពុង​​​ស្នើ​​​សុំ ឲ្យ​​​មាន​​​ការ​​​ធ្វើអធិការ​​​កិច្ច​​​ប្រកប​​​ដោយ​​​តម្លាភាព​​​នៅ​​​រោង​​​ចក្រផលិតស្បែក​​​ជើង​វីង ​ស្តាស៊ូ ក៏ដូចជា​​​គ្រប់​​​រោង​​​ចក្រ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ។

លោកស្រីក៏​​​បាន​​​អំពាវនាវឲ្យ​​​មាន​​​​ការ​​ផ្តន្ទា​ទោស​​​ដល់គ្រប់ប​​​ុគ្គល​​​ទាំង​​​អស់ ដែល​​​​​​​ជាប់ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​សំណង់​ខុស​​​ច្បាប់​​​របស់អគារ​​​នេះ។លោក ស្រី មូរ សុខហួរ បានមាន​​​ប្រសាសន៍​ថា “ យើង​​​ត្រូវ​​​មានការ​​​ទទួល​​​ខុសត្រូវ  ហើយសម្រាប់​​​ខ្លួនខ្ញុំ ក្រុម​មន្ត្រី​ហាក់ដូច​​​ជា​​​មិន​​​​មាន​ការ​ទទួល​ស្គាល់​​កំហុស​ឡើយ។​​​គួរតែមាន​​​ការ​​​ចោទ​​​ប្រកាន់ និង​​​​ការ​ផ្តន្ទា​ទោស​​​​ឲ្យ​​​បាន​​​ធ្ងន់​​​ចំពោះ​​​​​​ការ​​​ស្លាប់​​​​កម្មករ​ទាំង​​នេះ”៕

(រាយការណ៍បន្ថែមដោយ Dene-Hern Chen)
    ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស