35 C
Phnom Penh

លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ យល់​ព្រម​​​ជួប​បេសកជន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុរិយា ស៊ូបេឌី (Surya Subedi) បេសកជន​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ជួប​ជាមួយ​លោក​ ឈាង វុន តំណាង​រាស្ត្រ​មកពី​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​រដ្ឋ​សភា​ កាលពី​ម្សិលមិញ ហើយ​ត្រូវ​បាន​ប្រាប់​ថា លោក​​នឹង​បានទទួល​​​ការ​​​​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំឡុង​ដំណើរ​​​​ទស្សនកិច្ច​​​​បច្ចុប្បន្ន​​​ និង​​​ជា​​​លើក​ទី​៩ របស់​លោក​​​​មក​កាន់​ប្រទេស​កម្ពុជា​ ។

អំឡុង​ដំណើរ​​​​​ទស្សនកិច្ច​របស់លោក សុរិយា ស៊ូបេឌី កាលពី​ខែ​ធ្នូ​ឆ្នាំមុន​  គ្មាន​មន្ត្រី​រដ្ឋា​ភិបាល​ណាម្នាក់​អនុញ្ញាត​​​ឲ្យ​​​លោក​ជួបតាម​
សំណើ​​​​​​​ទេ​ ខណៈ​​​​លោក​​​ ហ៊ុន សែន ​ប្រកាស​​​​​​ថា លោក​គ្មាន​ពេល​ទទួល​ដំបូន្មាន​ពី​ “ ជន​បរទេស​” ឡើយ​​​។ នេះគឺជា​សញ្ញា​បង្ហាញ​​​ពី​​​ទំនាក់ទំនង​​ប្រេះស្រាំ​រវាង​រដ្ឋាភិបាល​ និង​បេសកជន​រូប​នេះ។

អំឡុង​ជំនួប​​​ជាមួយ​លោក​ ឈាង​​​ វុន​​​ កាល​ពី​​​ម្សិលមិញ​​​ លោក​​​ សុរិយា​​​ ស៊ូបេឌី​​​ បាន​ចាប់​ផ្ដើម​​​​កិច្ចពិភាក្សា​​​ ដោយ​​​លើកឡើង​ថា​​​ លោក​កោត​សរសើរ​ “ ភាពជា​អ្នក​ដឹកនាំ​របស់​​​​[លោកហ៊ុន សែន] ដែល​​​បាន​​​ជួយឲ្យប្រទេស​នេះ​​​​ទទួល​បាន​​​​ និង​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ​”។
លោក​​​ ឈាង​ វុន​​​ មាន​ប្រសាសន៍​តប​​ថា“ ខ្ញុំ​សូម​អបអរ​សាទរ​លោក ព្រោះពេ​លនេះ​​សម្តេច​​​នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា​នឹង​ជួប​​ជាមួយ​លោក​​​​តាម​​​សំណើ​​​។ លើកនេះ​ លោក​អាច​ជួប​សម្តេច​​​នាយក​រដ្ឋ​មន្ត្រី​បាន​ហើយ​។ សម្តេច​​​នឹង​​​​​​ជួប​​​​លោក​​​ពេល
​​​ត្រឡប់​មកពី​បរទេស​វិញ”។

បញ្ហា​ដែល​លោក​​​ សុរិយា​​​ ស៊ូបេឌី​​​ មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ដោះស្រាយ​ អំឡុង​ទស្សនកិច្ច​របស់​លោក​នា​​​ពេល​នេះ គឺពាក់​ព័ន្ធ​​
នឹង​​​​​​​ការ​កែទម្រង់​​​​ប្រព័ន្ធ​​​តុលាការ​ ការ​បោះ​​​ឆ្នោត​​​និង​​​សភា​​​ ព្រមទាំង​ផល​ប៉ះពាល់​នៃ​សម្បទាន​ដី​​​សេដ្ឋកិច្ច​លើ​សិទ្ធិ​របស់​​​ប្រជា​ពលរដ្ឋ​។
នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១១ លោក​​​ សុរិយា​ ស៊ូបេឌី​​​ បាន​សម្ដែង​​​ការ​ព្រួយ​​បារម្ភ​​​ថា​​​ រដ្ឋសភា​ “ កំពុង​​​ធ្លាក់ចុះ​​​” ពី​​​កន្លែង​​​​ដែល​​​មាន​ប្រសិទ្ធភាព​សម្រាប់​​​ការ​​​​ពិភាក្សា​​​​ដេញដោល​​​ ​​ដោយ​​​​គណបក្ស​ប្រឆាំង​ និង​គណបក្ស​តូចៗ​​​​ត្រូវបាន​​​ចាត់ទុក​​​ជា​សត្រូវ​របស់​រដ្ឋាភិបាល​​​ ជាជាង​​​​​​​ “ ដៃគូ​នយោបាយ​​​​ដែល​មាន​ទស្សន​ខុស​គ្នា​”។

កាលពីម្សិលមិញ​​​ លោក​​​ ឈាង​​​ វុន​​​ បាន​ប្រាប់​លោក​ សុរិយា​​​ ស៊ូបេឌី​​​ ថា​​​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​ក្នុង​​​​ក្រុម​ការងារ​​​​​​​ផ្សេងៗ​​​ និង​​​គណៈ​កម្មការ​សភា​ ប៉ុន្តែ​​​ពួកគេ​បាន​​​បដិសេធ​​​​​​មិន​​​ចូលរួម​​​ក្នុង​​​អាណត្តិ​​​​ចុងក្រោយដែល​​​​​​បាន​បញ្ចប់​កាលពី​​​ថ្ងៃទី​​​១០​​​ ខែ​ឧសភា។
លោក​​​ ឈាង​​​ វុន​​​ ថ្លែង​ថា“ ខ្ញុំ​សោក​ស្តាយ​​​ណាស់​​​ដែល​គណបក្ស​ប្រឆាំង​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​គណៈ​កម្មការ​នានានៃ​​​​រដ្ឋ​សភា” ដោយ​​​​បន្ថែម​ថា​​​លោក​ក៏​សោកស្តាយ​​ណាស់​ដែរ​ ដែលលោក​ សុរិយា​​​ ស៊ូបេឌី​​​ ពុំ​មាន​ឱកាស​​​​​បាន​​​ឃើញ​​​​​សកម្មភាព​របស់​តំណាង​រាស្ត្រ​ អំឡុង​ទស្សន​កិច្ច​របស់​លោក​​។

លោកស្រី​​​ មូរ​​​ សុខហួរ​​​ តំណាង​រាស្ត្រគណបក្ស​ សម​​​ រង្ស៊ី​​​ មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​បាន​ប​ដិសេធ​មិន​​​ទទួលយក​​​​សមាជិក​ភាព​​​ក្នុងជួរ​​​គណៈ​កម្មការ​​​សភា​​​​ ដោយ​សារតែ​​សំណើ​​របស់​ខ្លួន​សុំ​ធ្វើជា​ប្រធាន​​គណៈ​កម្មការ​មួយ​ក្នុង​ចំណោម​គណៈ​កម្មការ​ទាំង​ប្រាំបួន​​របស់​រដ្ឋសភា​ត្រូវ​បាន​​​​​បដិសេធ​។

លោក​​​ សុរិយា​​​ ស៊ូបេឌី​​​ និង​លោក​​​ ឈាង​​​ វុន​​​ ក៏​បាន​ពិភាក្សា​អំពី​ច្បាប់​​​​រដ្ឋធម្មនុញ្ញ​ស្តីពី​​​ការ​​​​តម្រូវ​ឲ្យ​​​​មាន​​​ការ​​​រៀបចំ​​​សមាជ​ជាតិ​ប្រចាំ​ឆ្នាំរៀងរាល់​ខែធ្នូ​ ដែល​មាន​ព្រះ​មហាក្សត្រ​ជា​​​​ព្រះ​​​ប្រធាន​ និង​ដែល​​​ “ ផ្តល់លទ្ធភាព​​​​ឲ្យ​ប្រជា​ពល​រដ្ឋ​បានជ្រាប​​​អំពី​​​​បញ្ហា​ផ្សេងៗ​​​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ជាតិ និង​​ពាំនាំ​បញ្ហា​​​និង​​សំណើ​ជូន​រដ្ឋាភិបាល​​​​ដោះស្រាយ​”។

សមាជ​​​ជាតិ​​​មិន​ដែល​ត្រូវបាន​រៀបចំ​​​​​​​​ទេ ហើយ​​​រដ្ឋាភិបាល​​​​បាន​​​បញ្ជាក់​​​ថា ខ្លួន​​​មិន​ឃើញ​​​​​​​​មាន​​​សារៈប្រយោជន៍​​​​​ក្នុងការ​​​រៀបចំ​​​សមាជ​​​នេះ​​​ឡើយ​​​ និង​កំពុង​​​មាន​បំណង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​​​​​​ដើម្បី​កុំឲ្យ​​​មាន​​​ការ​​​តម្រូវ​​​បែបនេះ​​​ទៀត​​​។

លោក​​​ សុរិយា​​​ ស៊ូបេឌី​​​ បាន​ប្រាប់​លោក​ ឈាង​​​ វុន​​​ ថា​​​ “ លោក​​​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទស្សន​វិស័យ​យ៉ាង​ល្អ​​​​​​​ពាក់ព័ន្ធ​​​នឹង​​​មូលហេតុ​​​​ដែល​សមាជ​​​ជាតិ​ត្រូវបាន​បញ្ចូល​​​​ក្នុង​រដ្ឋធម្មនុញ្ញ”។ លោក​​​បាន​​បន្ថែម​ថា“ កម្ពុជា​​​​គឺ​ជា​ប្រទេស​​មាន​​​អធិបតេយ្យ​ភាព​ ហើយ​រដ្ឋសភា​មាន​អំណាច​អធិបតេយ្យ​របស់​​​ខ្លួន​​​ ​ហើយ​​​​ប្រសិន​បើ​រដ្ឋសភា​​​សម្រេច​ថា ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​​​នោះ​​​ ខ្ញុំ​នឹង​ទទួល​យក​”៕

ប្រែសម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស