32 C
Phnom Penh

របាយ​ការណ៍​៖ ពល​រដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ការ​នៅ​បរទេស​ផ្ញើ​ប្រាក់​មក​ស្រុក​វិញ​សរុប​២៥៦​លាន​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​ទី​ភ្នាក់​ងារ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ និង​ធនាគារ​ពិភព​លោក​ (World Bank)​ នៅ
ទី​ក្រុង​បាង​កក​ កាល​ពី​ម្សិលមិញ ​បាន​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​បរទេស​​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​វិញ​សរុប​ចំនួន​២៥៦​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន​។

របាយការណ៍​ដែល​ចេញ​ដោយ​ធនាគារ​ពិភព​លោក​ និង​អង្គការ​មូលនិធិ​អន្ដរជាតិ​សម្រាប់​​អភិវឌ្ឍន៍​កសិកម្ម​ ដែល​ហៅ​កាត់​ថា អាយហ្វាដ​ (IFAD) មាន​ចំណង​ជើង​ថា ​ការ​ផ្ញើ​ប្រាក់​មក​ស្រុក​នៅ​តំបន់​អាស៊ី ​បាន​រក​ឃើញ​ថា ជន​ចំណាក​ស្រុក​ពី​តំបន់​អាស៊ី​បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ស្រុក​វិញ​សរុប​ចំនួន​២៦០​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១២។

ប្រាក់​ផ្ញើ​ពី​បរទេស​មក​ស្រុក​វិញ​ គឺ​ជា​ប្រភព​ហិរញ្ញ​វត្ថុ​ដ៏​ចាំ​បាច់​មួយ​ សម្រាប់​ក្រុម​គ្រួសារ​នៅ​តាម​ទីជន​បទ​ ដែល​មាន​សាច់​ញាតិ​
វ័យ​ក្មេង​ចេញ​ពី​ស្រុក​ទៅ​បរទេស​ ដើម្បី​ធ្វើ​ការងារ​នៅ​តាម​ទី​ក្រុង ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​។​ សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដែល​អម​
ជាមួយ​នឹង​របាយការណ៍​នេះ ​បាន​បង្ហាញ​ថា “ ក៏​ប៉ុន្ដែ ថ្លៃ​សេវា​ផ្ញើ​ប្រាក់​ខ្ពស់​របស់​ធនាគារ​ ព្រម​ទាំង​​សេវា​កម្ម​ហិរញ្ញវត្ថុ​នៅ​ខាង​ក្រៅ​ទីក្រុង​នៅ​មាន​កម្រិត​ កំពុង​តែ​ធ្វើ​ឲ្យ​ផល​ប្រយោជន៍​នៃ​ប្រាក់​ផ្ញើ​ពីបរទេស​មក​ស្រុក​វិញ​ទាំង​នេះ​សម្រាប់​អ្នក​រស់​នៅ​តាម​ទី​ជន​បទ
​ថយ​ចុះ​អស់​រាប់លាន​ដុល្លារ​។

របាយការណ៍​នេះ មិន​បាន​គូស​បង្ហាញ​ឲ្យ​បាន​ជាក់​លាក់​ថា​ តើ​បញ្ហា​ទាំង​នេះ​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ទទួល​បាន​ប្រាក់​ផ្ញើ​មក​ស្រុក​វិញ​​សរុប​ចំនួន​២៥៦​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​១,៨​ភាគ​រយ​នៃ​ទិន្ន​ផល​ក្នុង​ស្រុក​សរុប​ (GDP) ​កាល​ពី​ឆ្នាំ​មុន​ ធ្ងន់​ធ្ងរ​កម្រិត​ណា​នោះ​ទេ។​ របាយការណ៍​នេះ​បាន​លើក​ឡើង​ថា​ កម្មករ​ដែល​ផ្ញើ​ប្រាក់​មក​ស្រុក​វិញ​ត្រូវ​បាន​គេ​គិត​សេវា​ថ្លៃ​ផ្ញើ​ជា​មធ្យម​ចំនួន
​៥,៥៩​ភាគ​រយ​។

នៅ​ទូ​ទាំង​តំបន់​អាស៊ី​ ចំនួន​ពីរភាគបី​នៃ​ទី​កន្លែង ​ដែល​ប្រជាពល​រដ្ឋ​អាច​ទៅ​យក​ប្រាក់​ផ្ញើ​ពី​បរទេស​មក​ស្រុក​វិញ​បាន​ គឺ​ស្ថិត​នៅ​តាម​
តំបន់​ទីក្រុង​  ជា​រឿង​ពិត​ជាក់​ស្តែង​មួយ​ដែល​កម្រិត​លើ​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ពីប្រាក់​ដែល​ត្រូវ​បាន​ផ្ញើ​ពី​បរទេស។​ ក៏​ប៉ុន្ដែ​ របាយ
ការណ៍​នេះ​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​ ការ​រីក​ដុះ​ដាល​យ៉ាង​ច្រើន​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរ​ញ្ញ​វត្ថុ​ នៅ​តាម​បណ្ដា​ខេត្ត​នានា​ មានន័យ​ថា​ ការ​ទៅ​ទទួល​យក​ប្រាក់​ពីបរទេស​នៅ​តាម​ទី​ជន​បទមាន​ភាព​ប្រសើរ​ជាង​នៅ​ប្រទេស​ផ្សេង​ទៀត​។

របាយការណ៍​នេះ​​បាន​បន្ដ​ទៀត​ថា គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​រួម​ចំណែក​ចំនួន​២៦​ភាគ​រយ​នៃ​ការ​ផ្ញើ​ប្រាក់​ពី​បរទេស​មក​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្ដែ ការ​ចំណាយ​ថ្លៃ​ផ្ញើ​ជា​មធ្យម​អស់​ចំនួន​១០​ភាគ​រយ​នៃ​ប្រាក់​ដែល​គេ​ផ្ញើ​។

របាយការណ៍​នេះ​ចាត់​ទុក​ធនាគារ​ពិភព​លោក​ថា​ ជា​ប្រភព​មួយ​សម្រាប់​បង្ហាញ​ពី​តួលេខ​នៃ​ប្រាក់​ផ្ញើ​ពី​បរទេស​មក​ស្រុក​វិញ​ ក៏​ប៉ុន្ដែ​ របាយការណ៍​កាល​ពី​ឆ្នាំ​២០០៦​ នៅ​លើ​គេហទំព័រ​របស់​អង្គការ​អាយហ្វាដ បាន​បង្ហាញ​ថា ប្រាក់​ផ្ញើ​ពី​បរទេស​មក​កាន់​ប្រទេសកម្ពុជា​
មាន​ចំនួន​សរុប​ជាង​៥៥៩​លាន​ដុល្លារ​ ឬ​ប្រហែល​នឹង​៧,៨​ភាគ​រយ​នៃ​ទិន្នផល​ក្នុង​ស្រុក​សរុប​។

លោក​ស្រី​ សូ ​ផនណារី​ នាយិកា​ប្រតិបត្តិ​រង​ខាង​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា​ ភី​អិល​ស៊ី​ (Acleda Plc.) ​​មាន​ប្រសាសន៍​ថា ​ធនាគារ​នេះ​មាន​សាខា​ចំនួន​២៣៨​សាខា​ ហើយ​ទទួល​បាន​ចំណែក​ទីផ្សារ​ប្រាក់​ផ្ញើ​ពី​បរទេស​ភាគ​ច្រើន​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ “ ​យើង​មាន​សាខា​នៅ​តាម​បណ្តា​ខេត្ត​ មិន​មែន​មាន​តែនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ​ទេ។ មាន​ន័យ
​ថា វា​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អតិថិជន​ ប្រសិន​បើ​គ្រួសារ​របស់​ពួក​គាត់​រស់​នៅ​តាម​ទី​ជនបទ​”។

លោក​ស្រី ​សូ ​ផនណារី​ ​ឲ្យ​ដឹង​ថា​ ​ធនាគារ​អេស៊ីលីដា ​ទទួល​បាន​ប្រាក់​ផ្ញើ​ពី​បរទេស​មក​ស្រុក​ជា​មធ្យម​ចំនួន​៨១​លា​ន​ដុល្លារក្នុង​មួយ​ខែ​ៗ ​ដោយ​​ការ​ចំណាយ​លើ​ថ្លៃ​ផ្ញើ​ចាប់​ផ្តើម​ពី​១០​ដុល្លារ​សម្រាប់​ចំនួន​ប្រាក់​ផ្ញើ​តិច​បំផុត​ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ តួលេខ​សម្រាប់​​ប្រាក់ផ្ញើ​
ពី​បរទេស​មក​ស្រុក​វិញ​ពិត​ប្រាកដ​ គឺ​ពិត​ជា​មានចំនួន​ច្រើន​ជាង​តួលេខ​ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​លើ​របាយការណ៍​នេះ​ទៅ​ទៀត​។

លោក​ មឿន​ តុលា ប្រធាន​កម្មវិធី​ការងារ​នៅ​ឯ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ បាន​មាន​ប្រសាសន៍​ថា ​កម្មករ​ចំណាក​ស្រុក​ជា​ច្រើន​នាក់​ ជា​ពិសេស​គឺ​អ្នក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ស្រុក​វិញ​ក្រៅ​ផ្លូវ​ការ​ ដែល​គេ​មិន​អាច​បញ្ជូល​នៅ​ក្នុង​របាយការណ៍​នេះ​បា​ន​។

លោក​បាន​ថ្លែងថា​“ ​យើង​មាន​ការ​លំបាក​​ណាស់​ មិន​អាច​ដឹង​បាន​ថា តើ​ទឹក​ប្រាក់​ប៉ុន្មាន​ត្រូវ​បាន​បញ្ជូន​មក​ស្រុក​ពិត​ប្រាកដ​នោះ​ទេ។ ​ជួន​កាល​ពួក​គាត់​ប្រើ​​ប្រាស់​ វេស​ស្ទើន​ យូ​នៀន​(Western Union) ក៏​ប៉ុន្ដែ បើ​តាម​អ្វី​ដែល​យើង​ធ្លាប់​បានដឹង​ ពួក​គាត់​ខ្លះ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្ញើ​ប្រាក់​ខុស​ច្បាប់​ ឬ​ក្រៅ​ផ្លូវការ​។

លោក​​បាន​មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ជា​ពួក​គាត់​ផ្ញើ​ប្រាក់​ដោយ​ផ្អែក​លើ​ការ​ជឿ​ទុក​ចិត្ត​ក៏​ដោយ ក៏​ប្រព័ន្ធ​ផ្ញើ​ប្រាក់​ពី​បរទេស​មក​ស្រុក​ក្រៅ​ផ្លូវ​ការ​ទាំង​នេះ​ ប្រហែលជា​មិន​សុទ្ធ​តែ​អាច​ទុក​ចិត្ត​បានទាំងអស់​នោះ​ទេ​ ក៏​ប៉ុន្តែ​វា​ងាយ​ស្រួល​ប្រើ​ប្រាស់​សម្រាប់​កម្ម​ករ​ចំណាក​ស្រុក​ ដែល​មាន​កម្រិត​អប់​រំ​ទាប​ ​ និង​មិន​ចេះ​និយាយ​ភាសា​គេ។

លោក​ស្រី ងួន ​សុខា អគ្គនាយិកា នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ផ្ញើ​ពី​ប្រទេស​ផ្សេងៗ​ ដែល​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ ជា​ពិសេស​សហរដ្ឋ​អាមេរិក​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ការ​ចំណាយ​​មាន​ការ​ប្រកួត​ប្រជែង​ វា​អាច​លៃ​លក​បាន​បើ​ធៀប​នឹង​អត្រា​អន្ដរជាតិ​​។វា​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន​ថ្លៃ​សេវា​ផ្ញើ​ ហើយ​ធនាគារ​នីមួយ​ៗ​មាន​គោល​ការណ៍​ខុស​ៗ​គ្នា​ ហើយ​យើង​បាន​ស្នើ​សុំ​ឲ្យ​ពួក​គេ​បង្ហាញ​តម្លៃ​សេវា​​របស់​ពួក​គេ​ ដើម្បី​ឲ្យ​អតិថិជន​អាច​ប្រៀប​ធៀប​គ្នា​បាន​”៕

ប្រែសម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស