យោងតាមរបាយការណ៍មួយដែលចេញដោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក (World Bank) នៅ ទីក្រុងបាងកក កាលពីម្សិលមិញ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការងារនៅបរទេសបានផ្ញើប្រាក់មកស្រុកវិញសរុបចំនួន២៥៦លានដុល្លារ កាលពីឆ្នាំមុន។
របាយការណ៍ដែលចេញដោយធនាគារពិភពលោក និងអង្គការមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលហៅកាត់ថា អាយហ្វាដ (IFAD) មានចំណងជើងថា ការផ្ញើប្រាក់មកស្រុកនៅតំបន់អាស៊ី បានរកឃើញថា ជនចំណាកស្រុកពីតំបន់អាស៊ីបានផ្ញើប្រាក់ត្រឡប់មកស្រុកវិញសរុបចំនួន២៦០ពាន់លានដុល្លារ កាលពីឆ្នាំ២០១២។
ប្រាក់ផ្ញើពីបរទេសមកស្រុកវិញ គឺជាប្រភពហិរញ្ញវត្ថុដ៏ចាំបាច់មួយ សម្រាប់ក្រុមគ្រួសារនៅតាមទីជនបទ ដែលមានសាច់ញាតិ វ័យក្មេងចេញពីស្រុកទៅបរទេស ដើម្បីធ្វើការងារនៅតាមទីក្រុង ដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ សេចក្ដីថ្លែងការណ៍មួយ ដែលអម ជាមួយនឹងរបាយការណ៍នេះ បានបង្ហាញថា “ ក៏ប៉ុន្ដែ ថ្លៃសេវាផ្ញើប្រាក់ខ្ពស់របស់ធនាគារ ព្រមទាំងសេវាកម្មហិរញ្ញវត្ថុនៅខាងក្រៅទីក្រុងនៅមានកម្រិត កំពុងតែធ្វើឲ្យផលប្រយោជន៍នៃប្រាក់ផ្ញើពីបរទេសមកស្រុកវិញទាំងនេះសម្រាប់អ្នករស់នៅតាមទីជនបទ ថយចុះអស់រាប់លានដុល្លារ។
របាយការណ៍នេះ មិនបានគូសបង្ហាញឲ្យបានជាក់លាក់ថា តើបញ្ហាទាំងនេះកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា ដែលទទួលបានប្រាក់ផ្ញើមកស្រុកវិញសរុបចំនួន២៥៦លានដុល្លារ ឬស្មើនឹង១,៨ភាគរយនៃទិន្នផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុន ធ្ងន់ធ្ងរកម្រិតណានោះទេ។ របាយការណ៍នេះបានលើកឡើងថា កម្មករដែលផ្ញើប្រាក់មកស្រុកវិញត្រូវបានគេគិតសេវាថ្លៃផ្ញើជាមធ្យមចំនួន ៥,៥៩ភាគរយ។
នៅទូទាំងតំបន់អាស៊ី ចំនួនពីរភាគបីនៃទីកន្លែង ដែលប្រជាពលរដ្ឋអាចទៅយកប្រាក់ផ្ញើពីបរទេសមកស្រុកវិញបាន គឺស្ថិតនៅតាម តំបន់ទីក្រុង ជារឿងពិតជាក់ស្តែងមួយដែលកម្រិតលើផលប៉ះពាល់ជាវិជ្ជមានពីប្រាក់ដែលត្រូវបានផ្ញើពីបរទេស។ ក៏ប៉ុន្ដែ របាយ ការណ៍នេះបានធ្វើការកត់សម្គាល់ថា ការរីកដុះដាលយ៉ាងច្រើននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតាមបណ្ដាខេត្តនានា មានន័យថា ការទៅទទួលយកប្រាក់ពីបរទេសនៅតាមទីជនបទមានភាពប្រសើរជាងនៅប្រទេសផ្សេងទៀត។
របាយការណ៍នេះបានបន្ដទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរួមចំណែកចំនួន២៦ភាគរយនៃការផ្ញើប្រាក់ពីបរទេសមកប្រទេសកម្ពុជា ក៏ប៉ុន្ដែ ការចំណាយថ្លៃផ្ញើជាមធ្យមអស់ចំនួន១០ភាគរយនៃប្រាក់ដែលគេផ្ញើ។
របាយការណ៍នេះចាត់ទុកធនាគារពិភពលោកថា ជាប្រភពមួយសម្រាប់បង្ហាញពីតួលេខនៃប្រាក់ផ្ញើពីបរទេសមកស្រុកវិញ ក៏ប៉ុន្ដែ របាយការណ៍កាលពីឆ្នាំ២០០៦ នៅលើគេហទំព័ររបស់អង្គការអាយហ្វាដ បានបង្ហាញថា ប្រាក់ផ្ញើពីបរទេសមកកាន់ប្រទេសកម្ពុជា មានចំនួនសរុបជាង៥៥៩លានដុល្លារ ឬប្រហែលនឹង៧,៨ភាគរយនៃទិន្នផលក្នុងស្រុកសរុប។
លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិរងខាងប្រតិបត្តិការរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី (Acleda Plc.) មានប្រសាសន៍ថា ធនាគារនេះមានសាខាចំនួន២៣៨សាខា ហើយទទួលបានចំណែកទីផ្សារប្រាក់ផ្ញើពីបរទេសភាគច្រើន។
លោកស្រីបានមានប្រសាសន៍ថា “ យើងមានសាខានៅតាមបណ្តាខេត្ត មិនមែនមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ។ មានន័យ ថា វាផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជន ប្រសិនបើគ្រួសាររបស់ពួកគាត់រស់នៅតាមទីជនបទ”។
លោកស្រី សូ ផនណារី ឲ្យដឹងថា ធនាគារអេស៊ីលីដា ទទួលបានប្រាក់ផ្ញើពីបរទេសមកស្រុកជាមធ្យមចំនួន៨១លានដុល្លារក្នុងមួយខែៗ ដោយការចំណាយលើថ្លៃផ្ញើចាប់ផ្តើមពី១០ដុល្លារសម្រាប់ចំនួនប្រាក់ផ្ញើតិចបំផុត ដោយបង្ហាញឲ្យឃើញថា តួលេខសម្រាប់ប្រាក់ផ្ញើ ពីបរទេសមកស្រុកវិញពិតប្រាកដ គឺពិតជាមានចំនួនច្រើនជាងតួលេខ ដែលត្រូវបានបង្ហាញនៅលើរបាយការណ៍នេះទៅទៀត។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅឯមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា កម្មករចំណាកស្រុកជាច្រើននាក់ ជាពិសេសគឺអ្នកដែលទៅធ្វើការនៅប្រទេសថៃ បានផ្ញើប្រាក់ត្រឡប់មកស្រុកវិញក្រៅផ្លូវការ ដែលគេមិនអាចបញ្ជូលនៅក្នុងរបាយការណ៍នេះបាន។
លោកបានថ្លែងថា“ យើងមានការលំបាកណាស់ មិនអាចដឹងបានថា តើទឹកប្រាក់ប៉ុន្មានត្រូវបានបញ្ជូនមកស្រុកពិតប្រាកដនោះទេ។ ជួនកាលពួកគាត់ប្រើប្រាស់ វេសស្ទើន យូនៀន(Western Union) ក៏ប៉ុន្ដែ បើតាមអ្វីដែលយើងធ្លាប់បានដឹង ពួកគាត់ខ្លះប្រើប្រាស់ប្រព័ន្ធផ្ញើប្រាក់ខុសច្បាប់ ឬក្រៅផ្លូវការ។
លោកបានមានប្រសាសន៍ថា បើទោះបីជាពួកគាត់ផ្ញើប្រាក់ដោយផ្អែកលើការជឿទុកចិត្តក៏ដោយ ក៏ប្រព័ន្ធផ្ញើប្រាក់ពីបរទេសមកស្រុកក្រៅផ្លូវការទាំងនេះ ប្រហែលជាមិនសុទ្ធតែអាចទុកចិត្តបានទាំងអស់នោះទេ ក៏ប៉ុន្តែវាងាយស្រួលប្រើប្រាស់សម្រាប់កម្មករចំណាកស្រុក ដែលមានកម្រិតអប់រំទាប និងមិនចេះនិយាយភាសាគេ។
លោកស្រី ងួន សុខា អគ្គនាយិកា នៅធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាទទួលបានប្រាក់ផ្ញើពីប្រទេសផ្សេងៗ ដែលប្រជាជនកម្ពុជា បានធ្វើចំណាកស្រុកទៅ ជាពិសេសសហរដ្ឋអាមេរិក។ លោកស្រីបានមានប្រសាសន៍ថា “ការចំណាយមានការប្រកួតប្រជែង វាអាចលៃលកបានបើធៀបនឹងអត្រាអន្ដរជាតិ។វាផ្អែកទៅលើមូលដ្ឋានថ្លៃសេវាផ្ញើ ហើយធនាគារនីមួយៗមានគោលការណ៍ខុសៗគ្នា ហើយយើងបានស្នើសុំឲ្យពួកគេបង្ហាញតម្លៃសេវារបស់ពួកគេ ដើម្បីឲ្យអតិថិជនអាចប្រៀបធៀបគ្នាបាន”៕
ប្រែសម្រួលដោយ ហួង កុកទៀន