34 C
Phnom Penh

និស្សិត​​​​នៅ​​​​​​សាកល​​​វិទ្យា​​​ល័យ​មួយ​​​​​ សួរ​ចំអក​​​​​​​​លោក ស៊ូបេឌី នៅ​ពេល​​ដែលរូប​​លោក​​កំពុង​តែ​ធ្វើ​​​បាឋក​​​ថា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​​​ លោក ​​​សុរិយា ស៊ូបេឌី ​​​(Surya Subedi) ប្រេសិត​​​ពិសេស​​​អង្គការ​​​​សហប្រជា​​​ជាតិទទួល​​​បន្ទុកសិទ្ធិ​​​មនុស្ស​​​​​​ ត្រូវ​​​បាននិស្សិត​​​រាប់​​​រយ​​​នាក់​​​ នៅ​​​សាកល​​​វិទ្យា​​​ល័យមួយ​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ចំអក​​​ឲ្យ​​​ ដោយ​​​ពួក​​​គេ​​​បាន​​​ចោទ​​​សួរ​​​អំពី​​​អព្យាក្រឹតភាពរបស់​​​លោក​​​ហើយ​​​បាន​​​លើក​​​​​​បដា​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក​​​បញ្ចប់កិច្ច​​​ការ​​​របស់​​​ខ្លួន​​​នៅក្នុងប្រទេស​​​កម្ពុជា​​​។

លោក សុរិយា ស៊ូបេឌី អ្នក​​​ធ្វើ​​​របាយ​​​ការណ៍​​​​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជាជាតិ បាន​​​ធ្វើ​​​បាឋកថា ទៅ​​​កាន់​​​និស្សិត​​​ប្រមាណ១.០០០​​​នាក់​​​ នៅ​​​ក្នុង​​​សាល​​​មួយ​​​នៃ​​​សាកល​​​វិទ្យាល័យ​​​មេគង្គ​​​កម្ពុជា​​​​​​ស្ដី​​​ពី​​​ប្រធានបទ​​​ “ ​​​ផល​​​លំបាក​​​នៃ​​​ការ​​​សម្រុះ​​​សម្រួល​ដល់​ការ​ប្រកួត​ប្រជែង​​​​ផល​​​ប្រយោជន៍​​​​​​ក្នុង​​​ច្បាប់​​​វិនិយោគ​​​បរទេស​”​។​​​

លោក សុរិយា ស៊ូបេឌី ជាសាស្ត្រាចារ្យ​​​ផ្នែក​​​ច្បាប់​​​អន្ដរជាតិ នៅសាកល​​​វិទ្យាល័យ​​​​លីដ(University of Leeds) ប្រទេស​​​អង់គ្លេស​​​បាន​​​លើក​​​ឡើង​​​តាម​​​លក្ខណ​​​ៈបច្ចេកទេស​​​ និង​​​ជា​​​ទូទៅ​​​អំពី​​​សារៈ​​​សំខាន់​​​នៃ​​​ការ​​​ការ​​​ពារ​​​តាមផ្លូវ​​​ច្បាប់​​​សម្រាប់​​​បណ្ដា​​​វិនិយោគិន​​​អន្ដរជាតិ​​​ព្រមទាំង​​​វិធាន​​​នានា​​​ផងដែរ​​​ ដើម្បី​​​ទប់​​​ស្កាត់​​​មិនឲ្យ​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​ពី​​​សំណាក់​​​ក្រុមហ៊ុ​​​ន​​​នានា​​​ ដោយ​​​លោក​​​គ្រាន់​​​តែ​​​លើក​​​ឡើង​​​ពី​​​ប្រទេស​​​កម្ពុជា​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​។

លោក សុរិយា ស៊ូបេឌី បាន​​​ធ្វើ​​​សេចក្ដី​​​សន្និដ្ឋាន​​​នៅ​​​ចុង​​​បញ្ជប់​​​នៃ​​​បាឋកថា​​​របស់​​​លោក​​​ថា “ អ្នក​​​ទាំង​​​អស់​​​គ្នា​​​ជាយុវជន​​​ គឺ​​​ជា​​​សេចក្ដីសង្ឃឹម​​​សម្រាប់​​​ប្រទេស​​​នេះ។ ​​​អនា​​​គត​​​​គឺ​​​​ជា​​​របស់​​​អ្នក​​​ ហើយ​​​​ត្រូវ​​​ប្រុង​​​ប្រយ័ត្ន និង​​​យល់​​​ដឹង​​​ពី​​​ការ​​​វិវឌ្ឍ​​​នេះ ហើយ​​​ត្រៀម​​​ខ្លួន​​​ក្លាយ​​​ជា​​​ថ្នាក់​​​ដឹក​​​នាំ​​​នា​​​ពេលអនាគត​​​នៅក្នុង​​​សង្គមនេះ។ សូម​​​អរគុណ​​​”។

នៅ​​​ពេល​​​បើក​​​ឱកាស​​​សម្រាប់​​​ឲ្យ​​​និស្សិត​​​សាក​​​សួរ​​​ យុវជន​​​ ជា ឆេង អាយុ​​​២៣​​​ឆ្នាំ ជា​​​និស្សិត​​​រដ្ឋបាលសាធារណៈ​​​នៃ​​​សាកល​​​វិទ្យា​​​ល័យភូមិន្ទ​​​នីតិសាស្ត្រ និង​​វិទ្យាសាស្ត្រ​​​សេដ្ឋ​​​កិច្ច​​​បានយក​ក្បាល​មេក្រូ​មក​និយាយ​។

សំដៅ​​​ដល់​​​របាយការណ៍មួយ​​​របស់​​​លោក​សុរិយា ស៊ូបេឌី ស្ដី​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​កក្កដាឆ្នាំ​​​មុន​​​ ដែល​​​ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​ឆ្លើយ​​​តប​​​ទាំង​​​ខឹង​​​សម្បា​​​នាពេល​​​នោះ យុវជន ​ជា ​ឆេង សួរ​​​ថា “ លោក​​​និយាយ​​​ថា ​កម្ពុជា​​​គឺ​​​ជា​​​ឋាន​​​​នរក​​​ផ្នែក​​​សិទ្ធិ​​​មនុស្ស​​​។ របាយការណ៍​​​របស់​​​​លោកមាន​​​១៨០​​​ទំព័រ​​​ដែល​​​រៀប​​​រាប់​​​ពី​​​រឿង​​​អាក្រក់​​​ៗ​​​របស់​​​ប្រទេសកម្ពុជា។ ហេតុ​​​អ្វី​​​?”
និស្សិត​​​រូប​​​នេះ បានបន្ដ​​​ថា “ សំណួរ​​​មួយ​​​ទៀត​​​គឺ​​​ថា ហេតុអ្វី​​​បាន​​​ជា​​​យើង​​​ត្រូវ​​​ការ​​​អ្នក​ធ្វើ​​​​របាយការណ៍​​​ពិសេស​​​សម្រាប់​​​ប្រទេស​កម្ពុជា? ពីព្រោះ​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា បើ​​​ប្រៀប​​​ធៀប​​​ទៅនឹង​​​បណ្ដា​​​ប្រទេស​​​ផ្សេង​​​ទៀត​​​ ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​ប្រសើរ​​​ជាង​​​គេ​​​ឆ្ងាយ​​​ណាស់​​​”។

ដោយ​​​ទទួល​​​បាន​​​ការ​​​ទះដៃ​​​អប​​​អរ​​​សាទរ​​​យ៉ាង​​​ខ្លាំង​​​ពី​​​អ្នកចូល​​​រួម​​​ យុវជន  ជា ឆេង បាន​​​លើក​​​ឡើង​​​បន្ដ​​​ថា “ ប្រទេស​​​កម្ពុជា​​​គ្មានបញ្ហា​​​សិទ្ធិ​​​មនុស្ស​​​ទេ​​​​​​។ កម្ពុជា​​​គឺ​​​ជា​​​រដ្ឋ​​​អធិបតេយ្យ​​”។

បន្ទាប់​​​មក​​​និស្សិត​​​ប្រាំនាក់​​​ទៀត​​​មក​​​ពី​​​សាកល​​​វិទ្យាល័យ​​​មេគង្គកម្ពុជា និង​​​សាកលវិទ្យាល័យ​​​មួយ​​​ចំនួន​​​ផ្សេង​​​ទៀត​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ បាន​​​​ចាប់​យក​ក្បាល​មេក្រូ​និយាយ​រិះ​គន់​ដល់​​​​របាយការណ៍​​​របស់​​​លោក សុរិយា ​ស៊ូបេឌី ​ដែល​​​រៀប​​​រាប់​​​ពី​​​បញ្ហា​​​នានា​​​ដូច​​​ជា សិទ្ធិ​​​ដីធ្លី ​ភាព​​​ឯករាជ្យ​​​នៃ​​​ប្រព័ន្ធ​​​តុលាការ និង​​​កំណែ​​​ទម្រង់​​​បោះឆ្នោត​​​ ដោយ​​​ទទួល​​​បាន​​​ការ​​​ទះដៃ​​​​អបអរ​​​សាទរ​​​កាន់​​​តែ​​​ខ្លាំង​​​ពីយុវជន​​​ទាំងនោះ​​​។​​​

និស្សិត​​​ម្នាក់​​​ទៀត​​​ដែល​​​ប្រាប់​​​ឈ្មោះ ​​​ត្រឹមរ័ត្ន និង​​​ចាត់​​​ទុក​​​ខ្លួន​​​ឯង​​ថា ជា “ ​និស្សិត​​​ធម្មតា​​​ម្នាក់​​​” បាន​​​និយាយ​​​ថា រូប​​​គេ​​​ធ្លាប់​​​បាន​​​អាន​​​របាយការណ៍​​​របស់​​​លោក​​​ សុរិយា ស៊ូបេឌី។

យុវជន​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​ទៅ​​​ប្រេសិត​​​អង្គការសហប្រជាជាតិរូប​​​នេះ​​​ថា“​​​ របាយ​ការណ៍​​​នេះ រៀប​​​រាប់​​​រឿង​​​អាក្រក់​​​ៗ​​​ប្រហែល​
​​​មួយ​​​លាន​​​ ដែល​​​ទាក់​​​ទង​​​ទៅ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត ច្បាប់ ដីធ្លី អចលនទ្រព្យ​​​។ លទ្ធផល​​​ [គឺ​​​ថា លោក​​​យល់​​​ស្រប​​​តាម​​​] មនុស្ស​​​មួយ​​​ក្រុម​​​តូច​​​ដែល​​​យើង​​​ហៅ​​​ថា គណបក្ស​​​ប្រឆាំង​​​”។ យុវជន​​​រូប​​​នេះ​​​បានបន្ដ​​​ថា “ ​​​ដូច្នេះថ្ងៃ​​​នេះខ្ញុំ​​​គ្មាន​​​សំណួរ​​​អ្វី​​​ទេ ព្រោះ​​​ខ្ញុំ​​​ខក​​​ចិត្ត​​​នឹង​​​លោក​ជា​​​ខ្លាំង​​​”។

និស្សិត​​​ម្នាក់​​​ទៀត ​​​ដែល​​​មិនបានប្រាប់​​​ឈ្មោះ​​​​​​បាន​​​និយាយ​​​ថា របាយការណ៍​​​របស​​់​​​លោក​​​ សុរិយា ស៊ូបេឌី “ ពេញ​​​ដោយ​​​ភាព​អាថ៌​​​​​​កំបាំង​​​”។និស្សិត​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ ​​​ជន​​​បរទេស​​​មិន​​​ស្គាល់​​​ប្រទេស​​​កម្ពុជា​​​ច្បាស់​​​ទេ។ ប៉ុន្ដែ ក្នុង​​​នាម​​​ជា​​​ពល​​​រដ្ឋ​​​កម្ពុជាម្នាក់ ​នៅ​ពេលខ្ញុំអាន​​​របាយការណ៍​​​​​​របស់​​​លោក​​​វា​​​មិន​​​អាច​​​ជឿ​​​បានទេ​​​”។

និស្សិត​​​ម្នាក់​​​ទៀត​​​ឈ្មោះ ចិត្រ ​ស៊ីដេត ​អាយុ​​​​២៤​​​ឆ្នាំ​​​ ដែល​​​កំពុង​​​សិក្សា​​​ថ្នាក់​​​អនុ​បណ្ឌិត​​​​ផ្នែកច្បាប់​​​សិទ្ធិមនុស្ស ​នៅ​សាកល​វិទ្យាល័យ​​​មេគង្គកម្ពុជា​​​ បាននិយាយ​​​ថា ​បន្ទាប់​​​​ពី​​​ពិធី​​​នោះ​​​នាង​​​បាន​​​សួរ​​​សំណួរ​​​ធម្មតា​​​ដោយ​សារ​​​តែ​​​នាង​​​គិតថា លោក ​សុរិយា ​ស៊ូបេឌី ​បានចាត់​​​ទុក​​​ប្រទេស​​​កម្ពុជាក្នុង​​​ផ្លូវ​​​មិនត្រឹមត្រូវ​​​។

​​​នាង​​​សួរ​​​ថា“ បណ្ដា​​​ប្រទេស​​​ផ្សេង​ទៀត​​​មាន​​​​បញ្ហា​​​សិទ្ធិមនុស្ស​​ ចុះ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ប្រទេស​​​ទាំងនោះ​​​គ្មាន​​​អ្នក​​​ធ្វើ​​​របាយ​ការណ៍​​​ពិសេស​​​?”

លោក សុរិយា ស៊ូបេឌី បាន​​​ថ្លែង​​​ទៅ​​​កាន់​​​និស្សិត​​​ទាំង​​​នោះ​​​ថា លោក​​​ស្វាគមន៍​​​សំណួរ​​​របស់​​​ពួក​​​គេ​​​។ លោក​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​ស្ដាប់​​​ទាំង​​​អស់​​​ថា “ ខ្ញុំ​​​រីករាយ​​​ណាស់​​​ដែលប្អូន​​​ៗ​​​មានការ​​​ជំរុញ​​​លើកទឹកចិត្ត​​​ក្នុង​​​ការ​​​សួរ​​​សំណួរបែប​​​នេះ​​​។ ដូច​​​ខ្ញុំ​​​បាន​​​លើក​​​ឡើង​​​នៅ​ពេល​​​ខ្ញុំ​​​ធ្វើ​​​សេចក្ដីសន្និដ្ឋាន​​​​​​ក្នុងបាឋកថា​​​របស់​​​ខ្ញុំ​​​ហើយ​​​ថា អនាគត​​​ជា​​​របស់​​​ប្អូន​​​ៗ​​​”។

លោក​​​លើក​​​ឡើង​​​ថា “ ប៉ុន្ដែ ប្អូន​​​ៗ​​​ម្នាក់​​​ៗ​​​​នឹង​​​ដឹង​​​ពី​​​សារៈសំខាន់​​​នៃ​​​កិច្ច​​​ការ​​​របស់​​​ខ្ញុំ​​​ក្នុង​រយៈ​​​ពេល២០​​​ឆ្នាំ​​ គឺ​​​នៅ​​​ពេលប្អូន​​​ៗ​​​ឈាន​​​ចូល​ដល់​​​ពិភព​​​ពិត​​​ប្រាកដ​​​មួយ​​​ នៅ​​​ពេលប្អូន​​​ៗ​​​ដឹង​​​ពី​​​ស្ថាន​​​ភាព​​​របស់​​​មនុស្ស​​​ម្នាក់​​​ដែល​​​កំពុង​​​តែ​​​ប្រឈម​​​នឹង​​​ការ​​​គំរាមកំហែង​​​បណ្ដេញ​ចេញ​ពីដីធ្លី​​​ដែលពួក​​​គាត់​​​បាន​​​រស់​​​នៅ​​​ទី​​​នោះ​​​អស់​រយៈ​​​ពេល​​​ជាយូ​​រ​​​មកហើយ​​​”។

លោក សុរិយា ស៊ូបេឌី ក៏​​​បាន​​​គូស​​​បញ្ជាក់​​​ដែរ​​​ថា ប្រទេស​​​កម្ពុជា​​​​​​មិន​​​ត្រូវ​​​បាន​​​ចុច​​​ឈ្មោះ​​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​ដែល​​​មាន​​​អ្នក​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​ចំនួន​​​៧៧​​​រូប​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​ពី​​​​​បណ្ដា​​​​ប្រទេស​​​​​ និង​​បញ្ហានានា​​​នោះ​​​ទេ​​​។

លោក សុរិយា ស៊ូបេឌី បាន​​​អះអាង​​​ថា “ ​​​ខ្ញុំមិន​​​លម្អៀង​​​ទេ ខ្ញុំ​​​មាន​​​គោល​​​ដៅ​​​ច្បាស់​​​លាស់​​​ ខ្ញុំ​​​ឯករាជ្យ”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀតថា “ ខ្ញុំ​​​អាចយល់​​​បាន​​​ពី​​​អារម្មណ៍​​​របស់​​​ប្អូន​​​ៗ ប៉ុន្ដែ ទន្ទឹមនឹង​​​នេះ គោលបំណង​​​នៃ​​​បាឋកថា​​​របស់​​​ខ្ញុំ​​​​​​មិន​​​មែន​​​និយាយ​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ប្រទេស​​​កម្ពុជានោះទេ​​​ គឺ​និយាយ​​​អំពី​​​ច្បាប់​​​វិនិយោគ​​​អន្ដរជាតិ​​​”។

នៅពេល​​​បាឋកថា​​​របស់​​​ប្រេសិត​​​រូប​​​នេះ​​​ឈានដល់​​​ទីបញ្ចប់​​​និស្សិត​​​ទាំងនោះ​​​បានយក​​​ទៅ​​​ក្រៅ​​​នូវ​​​បដា​​​ ដែល​​ពួកគេ​​​បានត្រៀម​​​ជាមួយ​​​​នឹង​​​សារ​​​ជា​​​ភាសា​​​អង់គ្លេស​​​ រួម​​​មាន​​​​​​“ សូម​​​កុំឲ្យ​​​មាន​​​អ្នក​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​អង្គការ​​​សហ​
ប្រជាជាតិ​​​សម្រាប់​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​ទៀត​​​​អី​​​។ សុរិយា ស៊ូបេឌី គ្មានយុត្តិធម៌​​​ទេ​​​សម្រាប់​​​កម្ពុជា​​​”។ នៅ​​​ពេលពួកគេ​​​បង្ហាញ​​​បដា​​​ទាំង​នេះ​​​ពួកគេ​​​​​ស្រែក​ព្រមៗ​​​គ្នា​​​ជា​​​ភាសា​​​អង់គ្លេស​ថា “ អាក្រក់​ណាស់”។

ពិធី​​​នេះបានបិទ​​​ ដោយ​​​លោក អិច ​សេង ​សាកលវិទ្យាធិការ​នៃ​​​​​​សាកល​វិទ្យាល័យ​​​​នេះ ​លើក​​​ឡើង​​​ថា វា​​​ជា​​​រឿង​​​សំខាន់​​​ដែល​​​ត្រូវ​​​មា​​ន​​​​វេទិកាស្ដី​​​ពី​​​សិទ្ធិ​​​មនុស្ស។

លោក សុរិយា​​ ស៊ូបេឌី ​​​ដើរ​​​ចេញស្ងាត់​​​ៗ​​​ពី​​​សាល​​​ថ្លែង​​​បាឋកថា​​​តាម​​​ច្រក​ក្រោយ​​​នៅ​​​​ពេល​​​ក្រុមនិស្សិត​​​លើក​​​បដា​​​របស់​​​ខ្លួន​​​ប្រឆាំង​​​នឹង​​​លោក សុរិយា ស៊ូបេឌី និង​​​នាំ​​​គ្នា​​​ថត​​​រូប​​​៕

ប្រែសម្រួល​​​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស