សាលាដំបូងខេត្តស្វាយរៀងកាលពីម្សិលមិញ បានពន្យារពេលបើកសវនាការពាក់ព័ន្ធនឹងរឿងក្តីរបស់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលត្រូវបានចោទប្រកាន់ពីបទបាញ់កម្មការិនីរោងចក្រចំនួនបីនាក់ឲ្យរងរបួសក្នុងខែកុម្ភៈ ឆ្នាំ២០១២ ដោយសវនាការនេះនឹងត្រូវបានពន្យារពេលរហូតដល់ពាក់កណ្តាលខែមិថុនា។
លោកចៅក្រម លាង សួ មានប្រសាសន៍ថា សវនាការជំនុំជម្រះ ដែលដំបូងឡើយគ្រោងបើកនៅថ្ងៃម្សិលមិញនេះ ត្រូវបានលើកពេលដោយសារតែអវត្តមានរបស់លោក ឈូក បណ្ឌិត និងមេធាវីរបស់លោក ដែលបានដាក់លិខិតស្នើសុំឲ្យមានការលើកពេលបើកសវនាការជំនុំជម្រះនៅថ្ងៃទី១០ ខែឧសភា ពីព្រោះជនសង្ស័យក្នុងករណីបាញ់ប្រហារនេះ ជាប់រវល់នៅក្នុងប្រទេសជប៉ុន។
ចៅក្រម លាង សួ មានប្រសាសន៍ថា “ គាត់និយាយថា ពួកគេជាប់រវល់ចូលរួមសិក្ខាសាលាមួយក្នុងប្រទេសជប៉ុន ហើយ (មេធាវីម្នាក់ទៀតរបស់លោក បណ្ឌិត និយាយ) ថា គាត់ជាប់រវល់ដោះស្រាយរឿងក្តីមួយនៅក្នុងខេត្តកំពង់ចាម មិនអាចមកចូលរួមបានទេ។យើងមិនអាចបើកសវនាការដោយគ្មានវត្តមានរបស់លោក បណ្ឌិត បានឡើយពីព្រោះគាត់គឺជាមនុស្សសំខាន់ក្នុងរឿងក្តីនេះ ដូច្នេះខ្ញុំនឹងបើកសវនាការជំនុំជម្រះរឿងក្តីនេះនៅថ្ងៃទី១២ ខែមិថុនា វិញ”។
ដើមឡើយ សាលាដំបូងខេត្តស្វាយរៀងបានចោទប្រកាន់លោក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនាជុំវិញការបាញ់ប្រហារស្ត្រីទាំងនោះអំឡុងការតវ៉ាមួយរបស់កម្មកររោងចក្រកាត់ដេរ ប៉ុន្តែ ក្រោយមកតុលាការបានលើកលែងការចោទប្រកាន់នេះវិញ។
តាមបញ្ជារបស់ក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍បានសើរើរឿងក្តីនេះឡើងវិញនៅពេលក្រោយមក និងបានចោទប្រកាន់ជាថ្មីលើមន្ត្រីរដ្ឋាភិបាលរូបនេះ ដែលបានសារភាពថា ខ្លួនពិតជាមានអាវុធនៅក្នុងដៃនិងបានផ្ទុះអាវុធអំឡុងការតវ៉ានោះ ក៏ប៉ុន្តែបានបដិសេធថា ខ្លួនមិនបានបាញ់ស្រី្តទាំងបីនាក់នេះទេ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី