38.1 C
Phnom Penh

ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ជួប​ជាមួយ​ប្រធាន ​គ.ជ.ប.​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិត​ពិសេស​​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ បាន​​រៀប​ចំ​ជំនួប​សម្ងាត់​រយៈ​ពេល​ពីរម៉ោង​ជាមួយ​លោកអុឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) កាល​ពី​ម្សិលមិញ ហើយ​អំឡុង​ពេល​នោះ ប្រេសិត​ពិសេស​រូប​នេះ​ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​ជ្រើស​រើស​មន្ត្រី​ នៅ​ក្នុង​គ.ជ.ប. និង​ការ​ប្រើ​ប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ អំឡុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​។

អំឡុង​បេសកកម្ម​លើក​ទី​៦​របស់​លោក​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១១លោក សុរិយា ស៊ូបេឌី បាន​សង្កត់​ធ្ងន់​ថា ​ត្រូវ​មាន​កំណែ​ទម្រង់​​ដើម្បី​ធានា​​ថា ការ​បោះ​ឆ្នោត​​ប្រព្រឹត្ត​​ទៅ​ដោយ​​​សេរី និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​របាយ​ការណ៍​​របស់​លោក​ផ្ញើ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​​នៅ​ក្នុង​ទី​ក្រុងហ្សឺណែវ កាលពីឆ្នាំមុន​​ លោក សុរិយា ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា​ មាន​​គុណវិបត្តិ​ជាច្រើន​​ នៅ​ក្នុង​​ការ​គ្រប់​គ្រង​​ការ​បោះ​ឆ្នោត​ ក្នុង​ប្រទេស​កម្ពុជា​ ហើយ​​ត្រូវ​មាន​កំណែ​ទម្រង់​រយៈ​ពេល​យូរ​ និងជា​បន្ទាន់​​​ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​ទំនុក​ចិត្ត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត និង​នៅ​ក្នុង​ការ​ងារ​របស់​គ.ជ.ប.”។

ថ្លែង​ដោយ​ខ្លី​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​លោក អឹុម សួស្ដី លោក សុរិយា ស៊ូបេឌី បាន​ការ​ពារ​បញ្ហា​មួយ​ចំនួន​ ដែល​លោក​លើក​ឡើង​ ប៉ុន្ដែ លោកលើកឡើង​ដោយ​​វិជ្ជមាន​អំពី​កិច្ច​ពិភាក្សា​នេះ​​។

លោក​ សុរិយា ស៊ូបេឌី បាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​ថា ជំនួប​នេះ ទទួល​បាន​ផ្លែ​ផ្កា​ច្រើន​ណាស់។​ខ្ញុំ​​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ពិភាក្សា​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ នៅ​​ក្នុង​​ជំនួប​​នោះ​។ គេ​ក៏​បាន​ផ្ដល់​យោបល់​កែលម្អ​ដល់​ខ្ញុំ​​ពាក់​ព័ន្ធ​នឹង​អនុសាសន៍ ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅ​​​​ក្នុ​របាយការណ៍​របស់​ខ្ញុំ​ដែរ”។

លោក សុរិយា ស៊ូបេឌី បាន​បន្ថែម​ថា ការ​ផ្ដោត​លើ​បេសកកម្ម​សព្វ​ថ្ងៃ​​ និង​បេសកកម្ម​លើ​កទី​៩ របស់​លោកនៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាមួយ​បេសកកម្ម​​ផ្សេងៗ​ទៀត​ គឺផ្ដោត​លើ​​សិទ្ធិ​មនុស្ស​​។

ក​បាន​លើក​ឡើង​ថា “ ខ្ញុំ​មិន​មែន​មក​ទី​នេ​ះ ដើម្បី​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង​ផ្ទាល់​នោះ​ទេ”។ លោក​បាន​បន្ថែម​ថា ខ្ញុំ​ទទួល​បាន​ការ​ឆ្លើយ​តប​មួយ​ចំនួន​ ហើយ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ ខ្ញុំ​ត្រូវ​ការ​ត្រួត​ពិនិត្យ​ព័ត៌មាន​នេះ​ជា​មុន​សិន​ មុន​ពេល​ខ្ញុំ​អាច​ចែក​រំលែក​ទស្សន​របស់​ខ្ញុំ​​​ជា​មួយអស់​លោក​​”។

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១២​របស់​លោក​ លោក សុរិយា ស៊ូបេឌី ​លើក​ឡើង​​ថា លោក​បាន​ដឹង​អំពី​ការ​ប្រើ​ប្រាស់​​​ធនធាន​រដ្ឋ​​​ម្ដង​ហើយ​ម្ដង​ទៀត ​និង​មាន​កាន់​តែ​ច្រើន​​ដោយ​​គណបក្ស​កាន់​អំណាច​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨។
លោក អឹុម សួស្ដី បាន​មាន​ប្រសាសន៍​ថា លោក​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ជួប​​ពិភាក្សា​​ជាមួយប្រេសិត​ពិសេស​អង្គការ​​សហប្រជាជាតិ ហើយ​​បាន​ផ្ដោះ​ប្ដូរ​ទស្សន​គ្នា​ទៅ​វិញ​ទៅ​មកដោយ​បើក​ចំហ​។

លោក អឹុម សួស្ដី លើក​ឡើង​ថា “ លោក សុរិយា ស៊ូបេឌី បាន​ប្រាប់​​គ.ជ.ប.​អំពី​ក្ដី​ព្រួយ​បារម្ភ​របស់​លោក​ថា គេ​បាន​ប្រាប់​លោក​ថា ទ្រព្យ​សម្បត្តិ​រដ្ឋ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ និង​អំពី​ការ​ជ្រើស​រើស​បុគ្គលិក​នៅ​ក្នុង​គ.ជ.ប. ហើយ​បញ្ហា​នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​”។

គោល​បំណង​មួយ​ក្នុង​ចំណោ​ម​គោល​បំណង​សំខាន់​ៗនៃ​បេសកកម្ម​របស់​លោក សុរិយា ស៊ូបេឌី គឺ​ដើម្បី​ឃ្លាំ​មើល​ការ​អនុវត្ត​នូវ​អនុសាសន៍​មួយ​ចំនួន​ដែល​លោក​បាន​ផ្ដល់​​ទៅ​​ឲ្យ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​។

លោក អឹុម សួស្ដី ​មាន​ប្រសាសន៍​ថា“ ​យើង​​បាន​ពន្យល់​​ប្រាប់​លោក​ថា វា​លំបាក​ណាស់​ពាក់​ព័ន្ធ​នឹង​​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បញ្ហា​បច្ចេកទេស​របស់​គ.ជ.ប.។

លោក​ អឹុម សួស្ដី បាន​លើក​ឡើង​ថា “ វា​គឺ​ជា​ឱកាស​ល្អ​ ដែល​យើង​អាច​ពន្យល់​លោក​អំពី​​ស្ថាន​ភាព​ក្នុង​ប្រទេស​កម្ពុជា​ និង​ច្បាប់​ព្រម​ទាំង​បទ​ពិសោធ​របស់​គ.ជ.ប.​ផង​ដែរ​។  លោក​បាន​មា​ន​ប្រ​សាសន៍​បន្ថែមទៀត​ថា លោក សុរិយា ស៊ូបេឌី មិន​បាន​ឆ្លើយ​​តបនឹង​ការ​ពន្យល់​របស់​លោក​អំពី​​​គ.ជ.ប. និង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឡើយ​។

ថ្ងៃ​នេះ​ លោក សុរិយា ស៊ូបេឌី និង​ជួប​ពិភាក្សា​ជាមួយ​លោក ឱម យិុន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​លោក​ក៏ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ផងដែរ​៕

ប្រែសម្រួល​​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស