លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានរៀបចំជំនួបសម្ងាត់រយៈពេលពីរម៉ោងជាមួយលោកអុឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីម្សិលមិញ ហើយអំឡុងពេលនោះ ប្រេសិតពិសេសរូបនេះ បានសម្ដែងក្ដីព្រួយបារម្ភអំពីការជ្រើសរើសមន្ត្រី នៅក្នុងគ.ជ.ប. និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ អំឡុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
អំឡុងបេសកកម្មលើកទី៦របស់លោកក្នុងប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១១លោក សុរិយា ស៊ូបេឌី បានសង្កត់ធ្ងន់ថា ត្រូវមានកំណែទម្រង់ដើម្បីធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរបាយការណ៍របស់លោកផ្ញើទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវ កាលពីឆ្នាំមុន លោក សុរិយា ស៊ូបេឌី បានមានប្រសាសន៍ថា មានគុណវិបត្តិជាច្រើន នៅក្នុងការគ្រប់គ្រងការបោះឆ្នោត ក្នុងប្រទេសកម្ពុជា ហើយត្រូវមានកំណែទម្រង់រយៈពេលយូរ និងជាបន្ទាន់ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានទំនុកចិត្ត នៅក្នុងការបោះឆ្នោត និងនៅក្នុងការងាររបស់គ.ជ.ប.”។
ថ្លែងដោយខ្លីទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជួបពិភាក្សាជាមួយលោក អឹុម សួស្ដី លោក សុរិយា ស៊ូបេឌី បានការពារបញ្ហាមួយចំនួន ដែលលោកលើកឡើង ប៉ុន្ដែ លោកលើកឡើងដោយវិជ្ជមានអំពីកិច្ចពិភាក្សានេះ។
លោក សុរិយា ស៊ូបេឌី បានប្រាប់អ្នកយកព័ត៌មានថា ជំនួបនេះ ទទួលបានផ្លែផ្កាច្រើនណាស់។ខ្ញុំមានបញ្ហាជាច្រើនដែលត្រូវពិភាក្សា ហើយខ្ញុំសប្បាយចិត្តណាស់ ដែលទទួលបានការឆ្លើយតប នៅក្នុងជំនួបនោះ។ គេក៏បានផ្ដល់យោបល់កែលម្អដល់ខ្ញុំពាក់ព័ន្ធនឹងអនុសាសន៍ ដែលខ្ញុំបានលើកឡើងនៅក្នុរបាយការណ៍របស់ខ្ញុំដែរ”។
លោក សុរិយា ស៊ូបេឌី បានបន្ថែមថា ការផ្ដោតលើបេសកកម្មសព្វថ្ងៃ និងបេសកកម្មលើកទី៩ របស់លោកនៅក្នុងប្រទេសកម្ពុជា ជាមួយបេសកកម្មផ្សេងៗទៀត គឺផ្ដោតលើសិទ្ធិមនុស្ស។
កបានលើកឡើងថា “ ខ្ញុំមិនមែនមកទីនេះ ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោតដោយខ្លួនឯងផ្ទាល់នោះទេ”។ លោកបានបន្ថែមថា ខ្ញុំទទួលបានការឆ្លើយតបមួយចំនួន ហើយដូចអ្វីដែលខ្ញុំបានលើកឡើង ខ្ញុំត្រូវការត្រួតពិនិត្យព័ត៌មាននេះជាមុនសិន មុនពេលខ្ញុំអាចចែករំលែកទស្សនរបស់ខ្ញុំជាមួយអស់លោក”។
នៅក្នុងរបាយការណ៍ឆ្នាំ២០១២របស់លោក លោក សុរិយា ស៊ូបេឌី លើកឡើងថា លោកបានដឹងអំពីការប្រើប្រាស់ធនធានរដ្ឋម្ដងហើយម្ដងទៀត និងមានកាន់តែច្រើនដោយគណបក្សកាន់អំណាច នៅមុនការបោះឆ្នោតជាតិឆ្នាំ២០០៨។ លោក អឹុម សួស្ដី បានមានប្រសាសន៍ថា លោកសប្បាយចិត្តណាស់ ដែលបានជួបពិភាក្សាជាមួយប្រេសិតពិសេសអង្គការសហប្រជាជាតិ ហើយបានផ្ដោះប្ដូរទស្សនគ្នាទៅវិញទៅមកដោយបើកចំហ។
លោក អឹុម សួស្ដី លើកឡើងថា “ លោក សុរិយា ស៊ូបេឌី បានប្រាប់គ.ជ.ប.អំពីក្ដីព្រួយបារម្ភរបស់លោកថា គេបានប្រាប់លោកថា ទ្រព្យសម្បត្តិរដ្ឋត្រូវបានយកទៅប្រើប្រាស់ នៅក្នុងការឃោសនាបោះឆ្នោត និងអំពីការជ្រើសរើសបុគ្គលិកនៅក្នុងគ.ជ.ប. ហើយបញ្ហានេះ មិនមែនជារឿងថ្មីនោះទេ”។
គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗនៃបេសកកម្មរបស់លោក សុរិយា ស៊ូបេឌី គឺដើម្បីឃ្លាំមើលការអនុវត្តនូវអនុសាសន៍មួយចំនួនដែលលោកបានផ្ដល់ទៅឲ្យរដ្ឋាភិបាល ដើម្បីធ្វើឲ្យសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង។
លោក អឹុម សួស្ដី មានប្រសាសន៍ថា“ យើងបានពន្យល់ប្រាប់លោកថា វាលំបាកណាស់ពាក់ព័ន្ធនឹងច្បាប់នៅក្នុងប្រទេសកម្ពុជា និងបញ្ហាបច្ចេកទេសរបស់គ.ជ.ប.។
លោក អឹុម សួស្ដី បានលើកឡើងថា “ វាគឺជាឱកាសល្អ ដែលយើងអាចពន្យល់លោកអំពីស្ថានភាពក្នុងប្រទេសកម្ពុជា និងច្បាប់ព្រមទាំងបទពិសោធរបស់គ.ជ.ប.ផងដែរ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា លោក សុរិយា ស៊ូបេឌី មិនបានឆ្លើយតបនឹងការពន្យល់របស់លោកអំពីគ.ជ.ប. និងកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។
ថ្ងៃនេះ លោក សុរិយា ស៊ូបេឌី និងជួបពិភាក្សាជាមួយលោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយលោកក៏ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលផងដែរ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង