លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានមានប្រសាសន៍កាលពីម្សិលមិញថា លោក សុរិយា
ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមិនបានដឹងគ្រប់ជ្រុងជ្រោយអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាទេ ហើយបានប្រើឈ្មោះអង្គការសហប្រជាជាតិ ដើម្បីបន្ដរបៀបវារៈផ្ទាល់ខ្លួនរបស់លោក។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរម៉ោងជាមួយលោក សុរិយា ស៊ូបេឌី នៅឯទីស្ដីការគណៈរដ្ឋមន្ត្រីលោក ឱម យ៉ិនទៀង បានមានប្រសាសន៍ថាលោកបានជំរុញឲ្យប្រេសិតពិសេស ដែលកំពុងបំពេញបេសកកម្មលើកទី៩របស់ខ្លួនក្នុងគោលបំណងស្វែងរកការពិតស្ដីពីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បើកភ្នែក និងត្រចៀករបស់លោកផង កុំបើកតែមាត់ នៅពេលវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក ឱម យ៉ិនទៀង ទំនងជាបានមានប្រសាសន៍សំដៅទៅលើប្រេសិតពិសេសរូបនេះថា “ អង្គការសហប្រជាជាតិមានយន្ដការផ្ទាល់ខ្លួន ប៉ុន្ដែ ខ្ញុំខ្លាចក្រែងថា បុគ្គលមួយរូបកំពុងតែប្រើឈ្មោះរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើអ្វីដែលខុស”។ លោកបានមានប្រសាសន៍ថា “ លោក សុរិយា ស៊ូបេឌី បានលើកឡើងថា ការផ្ដល់យោបល់របស់លោកគ្មានបំណងបង្ខំឲ្យធ្វើអ្វីនោះទេ រដ្ឋាភិបាលអាចទទួលយក ឬក៏មិនទទួលយកក៏ស្រេចតែចិត្ត។ មាត់របស់លោកនិយាយថា ដូច្នេះ ប៉ុន្ដែសកម្មភាពរបស់លោកវិញ គឺគាបសង្កត់ [រដ្ឋាភិបាល]។
លោក ឱម យុិនទៀង បានលើកឡើងថាគណៈកម្មាធិការសិទ្ធិមនុស្សរបស់លោក បានបញ្ជូនរបាយការណ៍ពាក់កណ្ដាលអាណត្តិទៅឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងហ្សឺណែវកាលពីឆ្នាំមុនដោយរៀបរាប់ពីការវិវឌ្ឍដែលប្រទេសកម្ពុជាសម្រេចបានតាមអនុសាសន៍ចំនួន៩១ចំណុចស្តីពីសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានទទួលយកកាលពីឆ្នាំ២០០៩។
ទោះជាយ៉ាងណា លោក ឱម យ៉ិនទៀងមានប្រសាសន៍ថា លោក សុរិយា ស៊ូបេឌី មិនបានចំណាយពេលអានរបាយការណ៍នេះឡើយ ហេតុដូច្នេះហើយលោកទំនងជាលើកឡើងម្ដងទៀតពាក់ព័ន្ធនឹងអនុសាសន៍សិទ្ធិមនុស្ស នៅពេលលោកធ្វើរបាយការណ៍លើកក្រោយ។
លោក ឱម យ៉ិនទៀង បានបន្ដថា “ ខ្ញុំបានប្រាប់គាត់ថា ដោយផ្អែកលើរបាយការណ៍ស្ដីពីអនុសាសន៍របស់គាត់ វាបានបញ្ជាក់ឲ្យឃើញថា គាត់មិនបានអានរបាយការណ៍ឆ្លើយតបរបស់យើង ដែលបានបញ្ជូនទៅឲ្យគាត់ឡើយ។ របាយការណ៍ដែលយើងបានធ្វើកាលពីឆ្នាំ២០១២ ស្ដីពីសិទ្ធិមនុស្ស គាត់មិនបានអានសូម្បីតែមួយបន្ទាត់ឡើយ”។
លោកបានមានប្រសាសន៍ថា “ បឹងកក់ ដីសម្បទាន ការបោះឆ្នោត និងតុលាការយើងបានសរសេររបាយការណ៍នោះមួយចំណុចម្តងៗ ប៉ុន្ដែ គាត់បានសួរសំណួរដដែលៗ ដែលមានន័យថា គាត់មិនបានអានមួយទំព័រ ឬក៏មួយបន្ទាត់ណាឡើយ”។ លោកបន្តថា នៅថ្ងៃនេះគាត់បានសុំរបាយការណ៍នោះពីខ្ញុំមួយច្បាប់ដែលមានន័យថាគាត់មិនបានទទួលរបាយការណ៍នោះទេ”។
លោក សុរិយា ស៊ូបេឌី ជាប្រេសិតពិសេសទី៣របស់អង្គការសហប្រជាជាតិ និងយ៉ាងហោចណាស់ក៏ជាមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទី៤ ដែលបានទទួលរងការរិះគន់ចំពោះការវាយតម្លៃត្រង់របស់លោកអំពីស្ថានភាពសិទ្ធិមនុស្សមិនល្អក្នុងប្រទេសកម្ពុជា។
លោក យ៉ាស់ ហ្គាយ (Yash Ghai) សាស្ត្រាចារ្យច្បាប់ជនជាតិកេនយ៉ា ដែលជាប្រេសិតពិសេសមុនលោក សុរិយា ស៊ូបេឌី បានលាលែងពីតំណែងរបស់លោក កាលពីខែកញ្ញាឆ្នាំ២០០៨ មួយឆ្នាំបន្ទាប់ពីរបាយការណ៍មួយក្នុងចំណោមរបាយការណ៍មួយចំនួនរបស់លោក បានលើកឡើងថា “ ការរំលោភបំពានដោយចេតនានិងជាប្រព័ន្ធលើសិទ្ធិមនុស្សបានក្លាយទៅជាចំណុចស្នូលសម្រាប់ការកាន់អំណាចរបស់រដ្ឋាភិបាល” ហើយរបាយការណ៍នេះ ក៏បានលើកឡើងដែរថា ប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាខ្វះឯករាជភាព។
មន្ត្រីរដ្ឋាភិបាលបានរិះគន់ខ្លាំងៗម្ដងហើយម្ដងទៀតចំពោះលោក យ៉ាស់ ហ្គាយអំឡុងអាណត្តិរយៈពេលបីឆ្នាំរបស់លោក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកលោក យ៉ាស់ ហ្គាយ ថា ជាមនុស្ស “ ឈ្លើយ” “ ភ្លីភ្លើ” និងគ្រាន់តែជា “ ភ្ញៀវទេសចររយៈពេលវែងម្នាក់” តែប៉ុណ្ណោះ។
នៅក្នុងលិខិតលាលែងពីតួនាទីរបស់លោក លោក យ៉ាស់ ហ្គាយ បានលើកឡើងថា លោកសង្ឃឹមថា អ្នកបន្ដកិច្ចការពីលោកនឹងទទួលបានការគាំទ្រច្រើនពីសំណាក់អង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិហើយថា រូបលោកគិតថា លោកត្រូវតែការពារខ្លួនលោកទប់ទល់នឹងការរិះគន់ខ្លាំងៗពីសំណាក់រដ្ឋាភិបាល។
លោក យ៉ាស់ ហ្គាយ បានលើកឡើងនៅក្នុងលិខិតរបស់លោកថា “ខ្ញុំមិនអាចនិយាយថា ខ្ញុំទទួលបានការគាំទ្រយ៉ាងច្រើនបែបនេះ ហើយនេះគ្រាន់តែលើកទឹកចិត្តដល់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាឲ្យបន្ដរិះគន់រូបខ្ញុំតែប៉ុណ្ណោះ”។ វាក៏ជាផ្លូវដ៏រលាក់មួយសម្រាប់អ្នកមុនលោក យ៉ាស់ ហ្គាយ ដែរ។
លោក ហ៊ុន សែន បានចាត់ទុកលោក ភិតធើ ឡឺព្រិច (Peter Leuprecht) សាស្ត្រាចារ្យច្បាប់អូស្ត្រាលី ដែលបានបម្រើការងារជាអ្នក
ធ្វើរបាយការណ៍ពិសេស ចាប់ពីឆ្នាំ២០០០រហូតដល់ពេលលោកលាលែងពីតំណែងកាលពីឆ្នាំ២០០៥ ថាជាមនុស្ស “ភ្លីភ្លើ”។
នៅក្នុងរបាយការណ៍ជាច្រើនដែលត្រូវបានធ្វើឡើងនៅអំឡុងអាណត្តិការងាររបស់ខ្លួន លោក ឡឺព្រិច បានលើកឡើងអំពីការបណ្ដេញចេញដោយបង្ខំ និងបានរៀបរាប់អំពីការជួបប្រជុំជាមួយប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅទៅកាន់ “ទីតាំងដែលមានមីនច្រើន”។
លោក ភិតធើ ឡឺព្រិច ក៏បានបញ្ជាក់ពី “ការប្រមូលផ្ដុំអំណាចកាន់តែខ្លាំងឡើង នៅក្នុងដៃរបស់នាយករដ្ឋមន្ត្រី នៅពីក្រោយរបបប្រជាធិបតេយ្យដែលគ្មានស្ថិរភាព”។ លោក ហ៊ុន សែន ក៏បានរិះគន់អង្គការសហប្រជាជាតិផងដែរ នៅអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (Ban Ki-moon)មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយបានស្នើសុំឲ្យបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា និងឲ្យដកលោក គ្រីស្ដូហ្វេ ប៉េសូ (Christophe Peschoux) តំណាងប្រចាំប្រទេសរបស់ការិយាល័យសិទ្ធិមនុស្សនេះ ដែលលោកបានមានប្រសាសន៍ថា ជាអ្នកនាំពាក្យរបស់គណបក្សប្រឆាំង ដែលមិនសហការជាមួយរដ្ឋាភិបាល។
កាលពីខែមីនាឆ្នាំ២០១១ អង្គការសហប្រជាជាតិបានផ្ទេរលោក ប៉េសូ ទៅទីក្រុងហ្សឺណែវ ប៉ុន្ដែបានលើកឡើងថា វាមិនមែនដោយសារតែសម្ពាធរបស់រដ្ឋា ភិបាលទេ។ កាលពីឆ្នាំ១៩៩៧ លោក ហ៊ុន សែន បានថ្លែងថា លោក ម៉ារី រ៉ូប៊ីសុន (Marry Robison) ឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានរាយការណ៍បំផ្លើសអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ដែលកើតមានបន្ទាប់ពីការប្រយុទ្ធគ្នានៅឆ្នាំនោះ និងមានរថក្រោះប្រយុទ្ធនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
មានប្រសាសន៍ដោយខ្លីទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញ លោក សុរិយា ស៊ូបេឌី បានប្រាប់ថា លោកបានពិភាក្សាជាមួយលោក ឱម យិុនទៀង អំពីដំណើរការត្រួតពិនិត្យជាសាកលនិងទៀងទាត់អំពីសិទ្ធិមនុស្សនៅកម្ពុជាដែលបានបញ្ចប់ និងធ្វើរបាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីខែតុលារួចហើយ។
លោកបានមានប្រសសន៍ថា វា “ បានកើតឡើងអំឡុងកិច្ចពិភាក្សា” និងដោយមានជំនួយពីការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា “ ដំណើរការនេះកំពុងវិវឌ្ឍទៅមុខហើយ”។
ក្រោយមក ពេលសួរតាមអុីម៉េលអំពីការលើកឡើងរបស់លោក ឱម យិុនទៀង ដែលថា លោកកំពុងប្រើប្រាស់ឈ្មោះរបស់អង្គការសហប្រជាជាតិ ដើម្បីបន្ដរបៀបវារៈផ្ទាល់ខ្លួនរបស់លោកនោះ លោក សុរិយា ស៊ូបេឌី មិនបានឆ្លើយតបភ្លាមៗទេ។ លោក ឱម យិុនទៀង ក៏មានបំណងមាក់ងាយការងាររបស់លោក សុរិយា ស៊ូបេឌី ផងដែរ កាលពីម្សិលមិញ ដោយបានអះអាងថា បទដ្ឋាននៃរបាយការណ៍របស់លោកគឺ “ អន់ជាងអាជ្ញាកណ្ដាលក្នុងកីឡាបាល់ទាត់ នៅអឺរ៉ុបទៅទៀត”។
នេះមិនមែនជាលើកទី១ទេ ដែល លោកឱម យិុនទៀង បានរិះគន់បេសកកម្មស្វែងរកការពិតនៅកម្ពុជារបស់លោក សុរិយា ស៊ូបេឌី ដែលផ្ដោតជាសំខាន់លើផលប៉ះពាល់ដល់សិទ្ធិមនុស្សពាក់ព័ន្ធនឹងការបោះឆ្នោត ដីសម្បទាន និងឯករាជភាពរបស់តុលាការ។
កាលពីខែកញ្ញា ឆ្នាំមុន លោក ឱម យិុនទៀង បានធ្វើការរិះគន់បន្ទាប់ពីមានការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពីសំណាក់លោកសុរិយា ស៊ូបេឌី ហើយការវាយតម្លៃនោះត្រូវបានបញ្ជូនទៅឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួចហើយ។លោកបានចោទប្រកាន់ លោក សុរិយា ស៊ូបេឌី ថា បានបម្រើគណបក្សប្រឆាំងនិងព្យាយាមរារាំងការងាររបស់ប្រព័ន្ធតុលាការជាតិ តាមរយៈការត្រួតពិនិត្យលើឯករាជភាពរបស់តុលាការ។
កាលពីម្សិលមិញ លោក ឱម យិុនទៀង បានពិនិត្យប្រធានបទរបស់គណបក្សប្រឆាំងម្ដងទៀត ដោយលើកឡើងថា របាយការណ៍របស់លោក សុរិយា ស៊ូបេឌី ត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងរដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា “ របាយការណ៍របស់គាត់ត្រូវបានប្រើប្រាស់សម្រាប់ជាផលប្រយោជន៍នយោបាយរបស់គណបក្សប្រឆាំង”។ លោកបានមានប្រសាសន៍បន្ដថា “ ទាំងនោះគឺជារបាយការណ៍បង្កបញ្ហាមិនមែនជារបាយការណ៍សម្រាប់ដោះស្រាយបញ្ហានោះទេ”។
លោក សុរិយា ស៊ូបេឌី តែងតែនិយាយថា បេសកកម្មរបស់លោកនៅកម្ពុជា ដែលគ្មានប្រាក់ខែនោះ ធ្វើឡើងដោយឯករាជ្យ ហើយថា របាយការណ៍របស់លោកគឺជាការឆ្លុះបញ្ចាំងគ្រប់ផ្នែកនៃសង្គម៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
និង ហម សុផាណ្ណា