31 C
Phnom Penh

និស្សិត​ប្រឆាំងលោក​​​​​ ស៊ូបេឌី​​​ មកពី​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំបូងឡើយ​​​ ការ​និយាយ​​​ប្រឆាំង​លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិត​អង្គ​ការសហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​ឯ​​​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ​​​កាលពី​​​យប់​ថ្ងៃ​អង្គារ​​​ ហាក់បី​​​ដូចជា​​រឿង​ដែល​បាន​​​កើតឡើង​​​ដោយ​​​គ្មាន​​​ការ​​​គ្រោងទុក​​​ជា​មុន​​​
ក៏​ប៉ុន្តែ​​​ កាលពីម្សិលមិញនេះ​​​ មាន​ការ​លា​ត​ត្រដាង​ថា​​​ ម្នាក់​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ការ​ប្រឆាំង​​​នោះ តាមពិត​​​​​​មាន​ទំនាក់ទំនងជាមួយ​​​ក្រុម​យុវជន​មួយ​ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​​​​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។

ហេតុការណ៍​​​ដ៏កម្រ​ ពេល​​​និស្សិត​​​វ័យ​​​ក្មេង​ចោទ​សួរ​ទាំង​កំហឹង​អំពី​ភាព​ឯក​រាជ្យ​របស់​លោក​​​ សុរិយា​​​ ស៊ូបេឌី​​​ ព្រមទាំង​​​លើក​បដា​ទាម​ទារ​ឲ្យ​លោក​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ក្នុង​ការ​ឃ្លាំមើល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​​​ ហាក់ដូច​ជាបាន​​​​ស្តែង​​​ឲ្យ​​​ឃើញ​​​ពី​​​ឥទ្ធិពល​​​​របស់​គណបក្ស​កាន់​អំណាច​ ដែល​បច្ចុប្បន្ន​​​​នេះ​​​​គ្របដណ្តប់​​​​​​​​​​ស្ទើរ​​​គ្រប់​ទី​កន្លែង​​​​​​ក្នុង​​​សង្គម​កម្ពុជា​។

បន្ទាប់​ពី​លោក​ សុរិយា​​​ ស៊ូបេឌី​​​ បាន​បញ្ចប់​ការ​ធ្វើ​បាឋកថា​របស់លោកស្ដីពី​ច្បាប់​វិនិយោគ​​អន្តរជាតិ​ ទៅ​កាន់​និស្សិត​ជាច្រើន​រយ​នាក់​​​​នៅ​​ឯ​សាកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជា​​​រួច​​​ វគ្គ​​​សួរ​​​សំណួរ​​​ទៅកាន់​​​វាគ្មិន​​​​​​​បាន​ក្លាយជា​​​​​​វេទិកា​​​របស់​​​​និស្សិត​ដែល​ចង់​សម្ដែង​កំហឹង​របស់​ខ្លួន​ចំពោះ​អ្ន​ក​ធ្វើ​របាយការណ៍​ពិសេស​រូប​នេះ និង​របាយការណ៍​របស់​លោកស្ដីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

និស្សិត​ដំបូង​គេ​ដែល​បាន​ចាប់​ក្បាល​មីក្រូ​​ឡើង គឺ​យុវជនឈ្មោះ​​​​ ជា ឆេង អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​ផ្នែក​រដ្ឋបាល​សាធារណៈ​នៅ​សាកល​
​​​​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច ដែល​​និយាយ​ថា​​​ ខ្លួន​​​​ច្រាន​ចោល​​របាយការណ៍របស់​​​​លោក​​​ សុរិយា​​​ ស៊ូបេឌី​​​
ហើយ​លើក​ឡើង​យ៉ាង​ម៉ឺង​ម៉ាត់​ថា “ ប្រទេស​​កម្ពុជា​គ្មាន​បញ្ហា​សិទ្ធិមនុស្ស​ទេ”។

បន្ទាប់ពី​យុវជន​រូប​នេះ​និយាយ​ចប់​ និស្សិត​​ប្រាំ​នាក់​ផ្សេងទៀត​​​បាន​ធ្វើការ​រិះ​គន់​ស្រដៀង​​គ្នា​ ចំពោះ​លោក​​​ សុរិយា​​​ ស៊ូបេឌី​​​ និង​របាយ​ការណ៍​របស់​លោក ដែល​មានការ​​​គូសបញ្ជាក់​​​​ពី​ភាព​ទន់​ខ្សោយ​ក្នុង​ប្រព័ន្ធ​តុលាការ​ គោល​នយោបាយ​ដីធ្លី និង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យុវជន​ ជា ឆេង មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​​​បានទេ។ ប៉ុន្តែ​​​​ និស្សិត​រួម​ជំនាន់​ និង​សាស្ត្រាចារ្យ​​​មួយ​រូប​​​​​​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទនីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច បាន​ឲ្យ​​​ដឹង​​​​កាលពី​​​ម្សិលមិញ​​​ថា យុវជន​ ជា ឆេង​​​ គឺ​​​ជា​​​បុគ្គល​​​​​​​​​​​​ល្បី​​​ឈ្មោះ​​​មួយរូប​​​នៅ​​​​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​ និង​ដែល​​​មាន​លោក ហ៊ុន ម៉ានី កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​​​ សែន​​​ ជា​ប្រធាន​។

លោក​​​ ហ៊ុន​​​ ម៉ានី​​​ ក៏​​​ជា​បេក្ខជន​​​ឈរ​ឈ្មោះ​ក្នុងការ​​​បោះឆ្នោត​​​ជ្រើសតាំង​​​​តំណាង​រាស្ត្រ​មណ្ឌល​​​​កំពង់​ស្ពឺ​​​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​
ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នា​ខែ​កក្កដា ខាង​មុខ​នេះ​​​ផង​ដែរ ។ នៅ​ពេល​ត្រូវបាន​​​សាកសួរ​អំពី​យុវជន​​​ ជា​​​ ឆេង​​​ និង​​​​​​​​​ការ​និយាយ​​​ប្រឆាំង​​​លោក​​​ ស៊ូ​​​បេឌី​​​​នេះ​ ​​​ និស្សិត​ម្នាក់​នៅ​សាកលវិទ្យាល័យ​មេគង្គ​​កម្ពុជា​​​ ​​​ដែល​ប្រាប់​ត្រឹម​តែ​​​នាម​ខ្លួនថា​​​​​​​ ចិន្តា​​​ បាន​​និយាយ​ថា “ តើ​បង​​​មិន​ដឹង​ថា​​​ គាត់​ជា​មនុស្ស​ល្បី​ទេ​​​ឬ​​​? គាត់​ជា​មេដឹក​នាំ​ម្នាក់ក្នុង​ចំណោម​មេដឹកនាំ​​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា”។

ទំព័រ​ហ្វេស​ប៊ុក​របស់​ ជា​​​ ឆេង​​​ មាន​​​រូបថត​​​បង្ហាញ​រូប​គេ​ក្នុង​​​​ឯក​សណ្ឋាន​យោធាសម្រាប់​​​និស្សិត​ស្ម័គ្រ​ចិត្ត​ ពេល​រូប​គេ​ទទួល​បាន​អំណោយ​​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំឡុង​​​​ព្រឹត្តិការណ៍​មួយ​ពាក់ព័ន្ធ​​​នឹង​​​ការ​​​​​ផ្សព្វ​ផ្សាយ​​​​កម្មវិធី​​​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទូទាំង​ប្រទេស​របស់លោក​នាយក​រដ្ឋមន្ត្រី។ រូប​ថត​មួយ​ចំនួន​ទៀត​បង្ហាញ​ពី​យុវជន​ ជា ឆេង ថត​រូប​ជាមួយ​លោក​​​ ហ៊ុន ម៉ានី ក្នុង​​​ព្រឹត្តិការណ៍​​​ចំនួន​​​បី​​​ផ្សេងគ្នា​​​ ក្នុងនោះ​​​រួមមាន​​​​ទាំង​រូប​​​ដែល​​​បាន​​​ថត​​​អំឡុង​​​ព្រឹត្តិការណ៍​នៅ​​​​អង្គការ​កាក​បាទ​ក្រហម​ និង​សហ​ភាពសហព័ន្ធ​យុវជន​កម្ពុជា​ផង​ដែរ។

លោក​​​ នួន​​​ ផារ័ត្ន​​​ សមាជិក​អចិន្ត្រៃយ៍​នៃ​សហភាព​​​សហព័ន្ធ​យុវជន​កម្ពុជា បាន​អះ​អាង​​​​​​​ថា ខណៈ​រូបលោក​មិន​ត្រូវ​បាន​​​អនុញ្ញាត​ឲ្យ​និយាយ​ជួស​មុខ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជានោះ ក្រុម​នេះមិន​​ស្ថិត​នៅ​ពីក្រោយ​​ការ​និយាយ​​​ប្រឆាំង​​លោក​ សុរិយា​​​ ស៊ូបេឌី​​​ នៅ​​
សាកល​វិទ្យា​ល័យ​នោះទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​មិន​ដឹង​ថា មាន​រឿង​​​អ្វី​នៅ​ទីនោះទេ”។

លោក​​​ នួន​​​ ផារ័ត្ន​​​ ​អះអាង​ថា យុវជន​ ជា​​​ ឆេង​​​​ មិនមែន​ជា​សមា​ជិក​ពេញ​សិទ្ធិ​​​របស់​សហ​ភាពសហព័ន្ធ​យុវ​ជន​កម្ពុជា​​​ឡើយ​​​។ លោក​បាន​បន្ថែម​ថា “ យើង​ស្គាល់​គាត់​ គាត់​​​​​​ជា​អ្នក​​​ស្ម័គ្រ​ចិត្ត​​ក្នុង​គម្រោង​មួយ​ចំនួន​របស់​យើង​ ប៉ុន្ដែ​​​​គាត់មិន​មែន​ជា​សមាជិក​ទេ។ តាមពិតទៅ​​​ មាន​យុវជន​ដល់ទៅ​​​ជាង​១ម៉ឺន​នាក់​​​ឯណោះ​​​​​​ដែល​បាន​ថត​រូប​ជាមួយ​លោក​ ហ៊ុន ម៉ានី”។

លោក​ បាន​​​ ថេរ៉ូ​​​ សាកល​​​​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​មេគង្គកម្ពុជា​ បាន​​ឲ្យ​​​ដឹង​​​​ថា ការ​ធ្វើ​បាឋកថា​របស់លោក សុរិយា​​​ ស៊ូបេឌី​​​ កាលពី​​​ថ្ងៃ​អង្គារ​​​ ត្រូវបាន​​​គ្រោង​ទុក​​​សម្រាប់​និស្សិត​ចំនួន​៣០០​នាក់ ប៉ុន្ដែ​មាន​​​និស្សិត​យ៉ាង​ហោច​ណាស់​​​​​​​​១០០​នាក់​​​​ទៀត​​​ដែល​​​​​​បាន​បង្ហាញមុខ​ក្នុង​​​ឱកាស​​​នោះ​។

លោក​បានមាន​ប្រសាសន៍​ថា “ វាគ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​នេះ​​​ជា​សង្គម​ប្រជា​ធិបតេយ្យ ដូច្នេះនិស្សិត​អាច​បញ្ចេញ​ទស្សន​​​តាមចិត្តចង់​​​”។ យុវជន​ យូ​​​ ធារិទ្ធ​​​ អាយុ​២៥​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​​​៣​​​ ផ្នែក​បរិញ្ញាបត្រ​ច្បាប់​ក្នុង​កម្មវិធី​សិក្សា​ជា​ភាសា​អង់គ្លេស​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ ដែលមាន​វត្តមាន​អំឡុង​​​ការ​​​​ធ្វើ​បាឋកថា​​​កាលពី​​​ថ្ងៃ​អង្គារ​​​ ដែរ​នោះ​​​ ក៏​បាន​ឲ្យ​​​ដឹង​​​ស្របគ្នា​​​ថា យុវ​ជន​ ជា ឆេង គឺ​ជា​សមា​ជិក​ម្នាក់​នៃ​សហ​ភាព​សហ​ព័ន្ធយុវ​ជន​កម្ពុជា នៅ​សាលក​វិទ្យាល័យ​​ខ្លួន។

យូ ធារិទ្ធ បាន​និយាយ​ថា ខ្លួន​​​មាន​ការ​ភ្ញាក់​ផ្អើល​គួរសម​​​ដែរ​​​ចំពោះការ​និយាយ​​​ប្រឆាំង​​​លោក​​​ ស៊ូបេឌី នេះ។ ថ្វីត្បិត​តែ​នៅ​ក្នុង​សាល​នោះ​ មាន​អ្នក​​​ទះដៃ​អបអរ​សាទរ​ចំពោះ​​​អ្នក​និយាយ​​​ប្រឆាំង​​​ទាំង​នោះ​​ច្រើន​​​ក៏​​​ពិត​​​មែន​​​ ប៉ុន្តែ​​​ យុវជន​ យូ ធារិទ្ធ ជឿ​ថា ក្រៅ​ពី​មនុស្ស​ចន្លោះពី​២០​ទៅ​៥០​នាក់ ដែល​ពាក់ព័ន្ធ​ដោយ​​ផ្ទាល់​ក្នុង​​​​​​ការ​ប្រឆាំង​​​នេះ​​​ ​​​តាមពិត​​​ ពួកគេភាគ​ច្រើន​​​​​​មិន​​​​យល់​ស្រប​ចំពោះ​​​​ការ​រិះគន់​លោក សុរិយា ស៊ូបេឌី ឡើយ​។

យូ ធារិទ្ធ ​និយាយថា “ ​ធម្មតា​ យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ខ្លាច​មិន​ហ៊ាន​ធ្វើការ​តវ៉ា​ទេ។ តាមខ្ញុំ​យល់​​​ ពួកគេ​ប្រហែល​ជា​​​​មាន​ខ្នង​បង្អែក​​នៅ​ពីក្រោយ​ហើយ​​​។​វា​​​ត្រូវ​បាន​រៀប​ចំ​ទុក​មុន​​​ល្អណាស់​​​”។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​ឯក​រាជ្យ​ បាន​ប្រៀប​ធៀប​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ទៅ​នឹង​យុវជនស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រហម​កម្ពុជា និង​ចលនា​កាយរិទ្ធ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ មាន​ការ​ខិត​ខំ​​ខ្លាំងណាស់​​​​ក្នុង​ការ​រៀប​ចំ​ក្រុម​យុវជន​នៅ​ទូទាំង​​​​ប្រទេស​​​​។ វា​ដូចជា​​​​សម័យ​កុម្មុយនីស្ត​​​ដូច្នោះដែរ​​​។ ពួកគេ​តែង​ព្យាយាម​ចង​យុវជន​ភ្ជាប់នឹង​គណ​បក្ស ដើម្បី​ឲ្យ​ពួកគេ​ដើរតាម​​​គោលនយោបាយ​​​​​​បក្ស​”៕

ប្រែសម្រួល​ដោយ តែម សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស