កម្មវិធីរោងចក្រល្អប្រសើររបស់អង្គការពលកម្មអន្តរជាតិបានយល់ព្រមចេញផ្សាយព័ត៌មានបន្ថែមពាក់ព័ន្ធនឹងរោងចក្រកាត់ដេរ ដែលមិនគោរពតាមបទដ្ឋានការងារ ជាកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យរោងចក្រទទួលខុសត្រូវចំពោះសុវត្ថិភាពកម្មកររបស់ខ្លួន។
លោក ម៉ូរីស៊ីអូ ប៊ូស៊ី (Maurizio Bussi)ប្រធានក្រុមការងារសមរម្យប្រចាំអាសីុអាគ្នេយ៍របស់អង្គការពលកម្មអន្តរជាតិ បានលើកឡើងតាមអុីម៉េលកាលពីថ្ងៃអង្គារថា“ កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជានឹងចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងឈ្មោះរោងចក្រមួយចំនួនដែលមិនស្របតាមបទដ្ឋានការងារ។ យើងមានបំណងចេញផ្សាយព័ត៌មាននេះជាសាធារណៈនៅក្នុងឆ្នាំនេះ”។
លោក ប៊ូស៊ី មិនបាននិយាយថា តើមានព័ត៌មានប៉ុន្មានពាក់ព័ន្ធនឹងរោងចក្រ ដែលត្រូវចេញផ្សាយនោះទេ។ ទោះជាយ៉ាងណា
វិធានការណ៍ពិតជាបង្ហាញនូវឆន្ទៈរបស់អង្គការពលកម្មអន្តរជាតិ ក្នុងការធ្វើឲ្យប្រព័ន្ធបច្ចុប្បន្ន ដែលមិនបានបង្ហាញឈ្មោះរោងចក្រ
ដែលបំពានបទបញ្ញត្តិសុវត្ថិភាពនោះ ឲ្យមានតម្លាភាពជាងមុន។
របាយការណ៍មួយចេញផ្សាយកាលពីខែកុម្ភៈ ដោយក្រុមស្រាវជ្រាវមកពីសាលាច្បាប់ស្តែនហ្វត(Stanford Law School) បានចោទប្រកាន់ថា ការខ្វះតម្លាភាពនៅក្នុងកម្មវិធីរោងចក្រល្អប្រសើរពិតជាធ្វើឲ្យបទដ្ឋានរោងចក្រកាត់ដេរដើរថយក្រោយសម្រាប់កម្មករកម្ពុជា បើធៀបទៅនឹងសមភាគីរបស់ខ្លួននៅក្នុងប្រទេសចិន ប្រទេសឥណ្ឌូណេស៊ី និងប្រទេសវៀតណាម។
កាលពីដើមឆ្នាំនេះ ប្លង់សេរោងចក្រវីងស្តាស៊ូ (Wing Star Shoes) របស់តៃវ៉ាន់នៅក្នុងខេត្តកំពង់ស្ពឺ បានបាក់ធ្លាក់សង្កត់កម្មករវ័យក្មេងពីរនាក់ស្លាប់។ ហើយកាលពីដើមសប្ដាហ៍នេះអាហារដ្ឋាននៅឯរោងចក្រកាត់ដេរថប់វើល (Top World) នៅក្នុងរាជធានីភ្នំពេញ បានបាក់បណ្ដាលឲ្យកម្មកររងរបួសចំនួន២៣នាក់។
លោក ប៊ូស៊ី ថ្លែងថា បញ្ហាសំខាន់ពាក់ព័ន្ធនឹងការបញ្ចេញព័ត៌មានជាសាធារណៈនេះ គឺត្រូវធ្វើតាមវិធីមួយ ដែល “ មានអត្ថន័យ និងមានទិសដៅច្បាស់លាស់ ព្រមទាំងមានបទដ្ឋានត្រឹមត្រូវសម្រាប់ការផ្លាស់ប្ដូរ”។ បច្ចុប្បន្ននេះ កម្មវិធីរោងចក្រល្អប្រសើរ ជាការងារស្ម័គ្រចិត្ត ហើយរោងចក្រជាច្រើនបានចូលរួមក៏ព្រោះតែឈ្មោះរបស់ខ្លួនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលដែលបញ្ហាសុវត្ថិភាពត្រូវបានគេរកឃើញ។
លោក ប៊ូស៊ី មានប្រសាសន៍ថា “ យើងចង់ផ្តល់ឱកាសឲ្យរោងចក្រធ្វើជាស្ថាបត្យករក្នុងការកែលម្អរោងចក្រផ្ទាល់ខ្លួន ប៉ុន្ដែមានបញ្ហាមួយចំនួន ដែលរោងចក្រខ្លះមិនបានធ្វើតាមបទដ្ឋានការងារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរោងចក្រមួយចំនួនក៏មានសញ្ញាបង្ហាញថា មានការផ្លាស់ប្ដូរតិចតួចបន្ទាប់ពីមានការផ្តល់ឱកាសឲ្យច្រើន”។
ខណៈដែលកម្មវិធីរោងចក្រល្អប្រសើរមិនបានត្រួតពិនិត្យរោងចក្រវីងស្តាស៊ូនោះ រោងចក្រថប់វើល ដែលផលិតសម្លៀកបំពាក់
សម្រាប់នាំចេញទៅសហរដ្ឋអាមេរិក យីហោហ្គែប (Gap) ត្រូវបានគេត្រួតពិនិត្យ។
យោងតាមលោក ប៊ូស៊ី បានឲ្យដឹងថា សំណង់ដែលបាក់ធ្លាក់កាលពីថ្ងៃច័ន្ទ នៅរោងចក្រនោះ អ្នកត្រួតពិនិត្យរបស់អង្គការអាយឡូ បានចាប់អារម្មណ៍តាំងពីពីរឆ្នាំមុនមកម្លេ៉ះ ដែលនៅពេលនោះទីតាំងនេះត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាកន្លែងមើលថែរក្សាកូនៗរបស់កម្មករនៅរោងចក្រនេះ។
ទោះបីជារោងចក្រនេះបានប្តូរទីតាំងមណ្ឌលមើលថែកូនរបស់កម្មករនេះហើយក៏ដោយ ក៏គេឲ្យកម្មករប្រើកន្លែងនេះសម្រាប់ទទួលទានអាហារពេលសម្រាកដែរ។
លោក ប៊ូស៊ី បានថ្លែងថា “ នៅពេលនេះយើងមិនដឹងថា រោងចក្រណាខ្លះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់កម្មវិធីរោងចក្រល្អប្រសើរ ដែលមានបញ្ហាសំណង់ ដែលអាចបង្កឲ្យមានរបួសស្នាមដល់កម្មករនោះទេ”។ លោក ដេវីត វេ៉ល (David Welsh) នាយកប្រចាំប្រទេសរបស់មណ្ឌលសាមគ្គីភាព(Solidarity Center) ដែលជាអង្គការគាំទ្រកម្មករ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា ខណៈដែលអង្គការពលកម្មអន្តរជាតិសម្រេចចេញផ្សាយព័ត៌មានបន្ថែមពាក់ព័ន្ធនឹងរោងចក្រ្ ដែលមិនស្របតាមបទដ្ឋានការងារគឺជាជំហានវិជ្ជមានមួយនោះ កម្មវិធីនេះ គួរតែបានធ្វើតាំងពីមុនមក ដើម្បីជៀសវាងពីការបិទរោងចក្រ។
លោកថ្លែងថា “ [កម្មវិធីរោងចក្រល្អប្រសើរកាន់តែមានតម្លាភាព ឬក៏អំណាចជាច្រើនដែលពួកគេចង់បានដើម្បីអនុវត្តឲ្យរោងចក្រធ្វើការផ្លាស់ប្ដូរ ឬក៏ដាក់ទោសរោងចក្រណាដែលរកឃើញថា មិនបានធ្វើឲ្យស្របតាមបទដ្ឋាននោះ ពួកគេទំនងជាមិនចង់ស្ថិតក្នុងប្រទេសនេះទៀតទេ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា