27 C
Phnom Penh

គណបក្ស​នយោ​បាយ​ចាប់​ឆ្នោត​យក​លេខ​រៀង​​​លើ​សន្លឹក​ឆ្នោត​​នៅ​ឯទីស្នាក់​ការ​ គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ ខណៈ​ដែល​គណបក្ស​នយោ​បាយ​ខ្មែរ​ចាប់​ឆ្នោត​ដើម្បី​​យក​​លេខ​រៀង​​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​​​ គណបក្ស​ធំៗ​ពីរ​​មាន​ជំនឿថា ខ្លួន​ចាប់​បាន​លេខ​​មាន​សំណាង​។
​តំណាង​គណបក្ស​ទាំង​ប្រាំ​បី​ ដែល​បាន​ចុះ​​​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​​ទៅ​​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដែល​មាន​ទ​ី​តាំង​នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ចាប់​ឆ្នោត​​យក​​លេខ​រៀង​គណបក្ស​របស់​ខ្លួន​នៅ​ក្នុង​សន្លឹក​ឆ្នោត​។ ​មន្ត្រី​​សង្ឃ​ជាន់​ខ្ពស់​ពី​រ​អង្គ​មក​ពី​វត្ត​ឧណ្ណាលោម និង​វត្តបទុម​បានជ្រើស​រើស​ស្រោម​សំបុត្រ​ចំនួន​ប្រាំ​បី​ ពី​ជើង​​​ពាន​​​​មួយ​ ដោយ​​ក្នុង​ស្រោម​សំបុត្រ​នី​មួយ​ៗ​មាន​​រូប​សញ្ញា​​របស់​​​​គណបក្ស​នីមួយ​ៗ។​

គណបក្ស​​សញ្ជាតិ​ខ្មែរ ​ដែលគេ​ពុំ​សូវ​​​ស្គាល់​នោះ​ទទួល​បាន​លេខ​រៀង​ទី​១ ។ នេះ​មាន​ន័យ​ថា រូប​សញ្ញា​របស់​គណបក្ស​នេះ​​ដែល​មាន​រង្វង់​មូល​ពី​រ​​ត្រួត​​លើ​គ្នា​​នោះ​នឹង​ស្ថិត​នៅ​លើ​គេ​ក្នុង​សន្លឹក​ឆ្នោត​។​ គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​​លេខ​រៀង​ទី​៤ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​លេខ​រៀង​ទី៧ ​​​ ឬ​ទី​២​ពី​ក្រោម​។

​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​បាន​លេខ​រៀង​ទី២។​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​បាន​លេខ​រៀង​ទី​៣ គណបក្ស​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ខ្មែរ​បាន​លេខ​រៀង​ទី​៥និង​គណបក្ស​ខ្មែរ​​ឈប់​​ក្រ​បាន​​លេខ​រៀង​ទី​៦។ ហើយ​លេខ​រៀង​​​ចុង​ក្រោយ​គេទី​៨ គឺ​គណបក្ស​សម្ពន្ធ​ប្រជា​​ធិប​តេយ្យ ​​ដែល​មាន​រូប​​ជួង​នៅ​ក្នុង​រង្វង់។​

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​​បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​នោះ​ថា “ លេខ​៧​គឺ​ជា​លេខ​សំណាង​។ លេខ​៧​គឺ​ដូច​ជា​លេខ​០០៧ ជា​លេខ​ចារកម្ម​​ឈ្មោះ ជែម​ស៍ បន (James Bond)​​
អ៊ីចឹង​។ ០០៧គឺ​ជា​លេខ​ល្អ​នៅ​ក្នុង​ភាព​យន្ត​… ខ្ញុំ​គាំ​ទ្រ​លេខ​នេះ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​ជឿថា អ្នក​បោះ​ឆ្នោត​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​របស់​យើង​”។

លោក ឈាង​ វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​សប្បាយ​ចិត្ត​ដូច​គ្នា​ដែរ​​ចំពោះ​លេខ​រៀង​ទី​៤​របស់​គណបក្ស​​លោក​។ លោក​បាន​មាន​ប្រសាសន៍​​ថា“ លេខ​៤ គឺ​ជា​លេខ​ល្អ​សម្រាប់​គណបក្ស​របស់​យើង​។ ក្នុង​ការ​បោះ​ឆ្នោត​កាល​ពីឆ្នាំ​២០០៨ យើង​ទទួល​បាន​៩០​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ទាំង​១២៣ ដែល​ពេល​នោះ​យើង​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ដែរ។ ហើយ​ពេល​នេះ​ យ៉ាង​តិច​​ក៏​យើង​អាច​ទទួល​បាន​៩០​អាសនៈ​ដែរ​”។​​
​លោក​​បន្ដ​ថា “ លេខ​៤ គឺ​ជា​លេខ​ល្អ ដូច​ជា​ព្រហ្ម​មុខ​៤​នៃ​ប្រាសាទ​បាយ័ន​អ៊ីចឹង”។

​លោក ហឺ រ៉ុង ប្រធាន​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​របស់​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នោះ​បាន​មានប្រសាសន៍​ថា សប្ដាហ៍​ក្រោយ​រោង​ពុម្ព​ ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​នឹង​​ចាប់​ផ្តើម​បោះ​ពុម្ព​សន្លឹក​ឆ្នោត​ចំនួន​១២.៣២៥.៦៥០​សន្លឹក​ សម្រាប់​ការ​បោះ​ឆ្នោត​នេះ៕

​ប្រែ​សម្រួល​ដោយ ហម​ សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស