29 C
Phnom Penh

ចៅក្រម​បដិសេធ​ការ​បង្ខិត​បង្ខំ​ក្នុង​​រឿង​ក្តី​វាយ​ដំ​​ពាក់​ព័ន្ធ​ជម្លោះ​ដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឪពុក​ដែល​កូន​ចំនួន​បី​រូប​របស់​ខ្លួន​ត្រូវ​កម្មករ​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​មួយ​វាយ​ដំ​យ៉ាង​ខ្លាំង​ បាន​ចោទ​ប្រកាន់​ចៅក្រម​សាលាដំបូង​ខេត្ត​រតនគិរី​ថា បាន​​​គំរាម​បញ្ជូន​កូន​ប្រុស​ចំនួន​ពីរ​នាក់​​របស់​ខ្លួន​ម្នាក់​អាយុ​១៤​ឆ្នាំ និង​​ម្នាក់​ទៀត​អាយុ​២១​ឆ្នាំ​ ទៅ​ពន្ធនាគារ​ ប្រសិន​បើ​មិន​ព្រម​ទទួល​យកប្រាក់​សំណង​ជំងឺ​ចិត្ត​១.០០០​ដុល្លារ​​ និងមិន​ព្រម​​​ដក​ពាក្យ​បណ្ដឹង​ពី​ការ​វាយ​ដំ​របស់​ខ្លួន​ទេនោះ​។

លោក រី សារុ៉ន កំពុងប្ដឹង​ម្ចាស់​ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូ​ឈ្មោះ​ ឌីអិម​ គ្រុប ដើម្បី​ទារ​ប្រាក់​​​សំណង​៤០.០០០​ដុល្លារ​​​ដោយ​សារ​​កម្មករ​​​ក្រុម​ហ៊ុន​នេះ​បាន​យក​ដំបង​ឈើ​និង​ដែក​វាយ​​កូន​របស់​គាត់​បី​នាក់ និង​អ្នក​ជិត​ខាង​ម្នាក់​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា។

ជន​រង​គ្រោះ​ទាំង​បួន​​នាក់​បាន​ព្យាយាម​បញ្ឈប់​កម្មករ​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នេះ​មិន​ឲ្យ​កាប់​រាន​ដី​ដែល​ពួក​គេ​អះអាង​ថា ជា​របស់​គ្រួសារ​ខ្លួន​ នៅ​ពេល​ពួក​គេ​ត្រូវ​​​បាន​វាយ​ដំ​នោះ​។ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ រួម​ទាំង​កូន​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​របស់​លោក សារុ៉ន​​ ផងដែរ។

កូន​ប្រុស​អាយុ​១៤​ឆ្នាំ​របស់​លោក សារុ៉ន ដំបូង​​ឡើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះបន្ទាន់​ ដោយ​សារ​តែ​មាន​ស្នាម​​របួស​នៅ​លើ​ក្បាល​។ ជន​រង​គ្រោះ​រូប​នេះ​ បាន​ត្រឡប់​មក​​ខេត្ត​រតនគិរី​វិញ​ហើយ​ ហើយ​
​កំពុង​តែ​សម្រាក​ព្យាបាល​​មុខ​របួស​ហើម​ខួរ​ក្បាល​នៅ​ក្នុង​គ្លីនិក​​មួយ​នៅ​ទីនោះ​។

កម្ម​ករ​ចំនួន​បួន​នាក់​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ឌីអិម​ គ្រុប ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​ បន្ទាប់​​ពី​ការ​វាយ​ដំ​នោះ​​ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​។

ទោះ​បី​ជា​យ៉ាង​ណា ​អំឡុង​ការ​សាក​សួរ​នៅ​​ឯ​សាលាដំបូង​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ពុធ​ ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក ដែល​បាន​ប្ដឹង​ក្រុមហ៊ុន​​ឌីអិម គ្រុប លោក សារុ៉ន បាន​អះ​អាង​​ថា លោក អេង ចំណាប់ ចៅក្រម​ស៊ើប​សួរ​​បាន​គំរាម​បញ្ជូ​ន​កូន​ប្រុស​ចំនួន​ពីរនាក់​របស់​លោក​​ទៅ​ពន្ធ​នាគារ ជា​មួយ​នឹង​បុរស​ជន​រង​គ្រោះ ​​​ដែល​ត្រូវ​វាយ​ដំម្នាក់​ទៀត​ លុះត្រា​តែ​លោក​ចុះ​ហត្ថលេខា​​ព្រម​ព្រៀង​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត​១.០០០​ដុល្លារ និង​ព្រម​​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ ប៉ុន្តែ​​​រឿង​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កូនស្រីអាយុ​១២​ឆ្នាំ​រ​បស់​គាត់​ទេ​។

លោក​ សារុ៉ន ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា លោក​ចៅក្រម​ អេង ចំណាប់ បាន​គំរាម​ចោទ​​ប្រកាន់​កូន​ប្រុស​របស់​លោក និង​កូន​ប្រុស​របស់​អ្នក​ជិត​ខាង​​ម្នាក់​ទៀត​ពី​បទ​វាយ​ដំ​លើ​កម្មករ​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូនេះ​ បើ​ពុំ​ដូច្នេះ​ទេ​នឹង​ប្រែ​ក្លាយ​ពួក​គេ​ឲ្យ​ទៅ​ជា​ជន​ល្មើស​វិញ​​ គឺ​​មិន​មែន​ជា​ជន​រង​គ្រោះ​ដោយ​​សារ​ការ​វាយ​ដំ​នេះ​ឡើយ​។

លោក​បាន​​និយាយ​​តាម​​ទូរស័ព្ទ​កាល​ពី​ម្សិល​មិញ​ថា “ ចៅក្រម​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ផ្ដិត​​មេដៃ​លើ​លិខិត​មួយ​ ដើម្បី​ទទួល​យក​ប្រាក់​សំណង​ ដែល​ត្រូវ​បង់​ឲ្យ​កូន​ប្រុស​ចំនួន​បីនាក់​របស់​ខ្ញុំ និង​អ្នក​ជិត​ខាង​ដែល​រង​របួស​ម្នាក់​ផង​ដែរ​”។

លោក​ សារុ៉ន ​និយាយ​ថា “ ​លោក​ចៅក្រម​​បាន​គំរាម​ថា កូន​ប្រុស​ពៅ​របស់​ខ្ញុំ ក៏​នឹង​ត្រូវ​​ជាប់​​ពន្ធ​នាគារ​ដែរ​ បន្ទាប់​ពី​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​​វិញ​។ ​ដោយ​ការ​គំរាម​​បែប​នេះ​​ លោក សារុ៉ន ​​និយាយ​ថា លោក​បាន​យល់​ព្រម​ផ្ដិត​មេ​ដៃ​លើ​លិខិត​មួយ​ច្បាប់​​ដែល​មាន​បន្ទាត់​នៅ​ខាង​ក្រោម​លិខិត​នេះ​ចំនួន​ពីរ​បន្ទាត់​​ត្រូវ​ទុក​នៅ​ទំនេរ ហើយ​ត្រូវ​លោក​​ចៅក្រម ចំណាប់​ បាន​​បំពេញ​ដោយ​ខ្លួន​ឯង​ដោយ​លើក​ឡើង​ថា លោក សារុ៉ន យល់​ព្រម​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត​១.០០០​ដុល្លារ​។

លោក​បាន​និយាយ​ថា “ ចៅក្រម​បាន​លើក​ឡើង​ថា កូន​ប្រុស​របស់​ខ្ញុំ​នឹង​មិន​ទទួល​រង​ការ​ចោទ​ប្រកាន់​នោះ​ឡើយ រីឯ​កម្មករ​ចំនួន​បួន​នាក់​ទៀត​ ក៏​នឹង​ត្រូវ​ដោះ​លែង​ដែរ​”។ លោក​បាន​បន្ដ​ថា “ វា​អយុត្តិធម៌​ណាស់​សម្រាប់​កូន​ប្រុស​របស់​ខ្ញុំ​ ពីព្រោះ​ចៅក្រម​លម្អៀង​ទៅ​​ខាង​ក្រុមហ៊ុន”។

លោកចៅក្រម ចំណាប់ បដិសេធចំពោះ​​ការ​បង្ខិត​បង្ខំ​លោក សារុ៉ន ឲ្យ​ចុះ​ហត្ថលេខា​ ប៉ុន្ដែ ​លោក​បាន​លើក​ឡើ​ង​ថា ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០.០០០​ដុល្លារ​​ដែល​លោក​ សារុ៉ន ទាម​ទារ​គឺ​វា​ច្រើន​ពេក​ហើយ​ ពីព្រោះ​កម្មករ​ចំនួន​បួន​នាក់​ដែល​ជាប់​ពន្ធនាគារ​សុទ្ធ​តែ​ក្រីក្រ​។

លោក​ចៅក្រម​បាន​មាន​ប្រសាសន៍​ថា“ ខ្ញុំ​​មិន​បាន​បង្ខំ​ឲ្យ​ពួក​គេ​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​១.០០០​ដុល្លារ​ឡើយ។ ខ្ញុំ​គ្រាន់​តែ​បាន​ពន្យល់​ដល់​ពួក​គេ​ថា កម្មករ​ទាំង​នេះ​សុទ្ធតែ​ក្រីក្រ​ ហេតុ​ដូច្នេះ​ហើយ​ពួក​គេ​មិន​អាច​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ដែល​មាន​ចំនួន​យ៉ាង​ច្រើនបែប​នេះបាន​ទេ​”។

ទោះ​ជា​យ៉ាងណា​ លោក​ចៅក្រម​ ចំណាប់បាន​បញ្ជាក់​ថា លោក​ពិត​ជា​បាន​លើក​ឡើង​ថា កូន​ប្រុស​ដែល​រង​របួស​របស់​លោក សារុ៉ននិង​អ្នក​ជិត​ខាង​គឺ​សុទ្ធតែ​ជា​ជន​សង្ស័យ​ពី​បទ​វាយ​ដំ​ទៅ​លើ​បុគ្គលិក​ក្រុមហ៊ុន​ចម្ការកៅស៊ូ​ទាំង​បួន​នាក់​នោះពិតមែន​​។

លោក​ចៅក្រម​ ចំណាប់ ​​មាន​ប្រសា​​​សន៍​ថា លោក​​បាន​​សន្និដ្ឋាន​​ដូច្នេះ​​​ផ្អែក​តាម​​អ្វី​​ដែល​​​កម្មករ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​បាន​ប្រាប់​លោក​​​។ លោក​បាន​បន្ថែម​ថា “ យើង​មិន​ទាន់​ដឹង​នៅ​​​​ឡើយ​​​​ទេថា នរណា​នឹង​ត្រូវ​ចូល​​ពន្ធនា​​​គារ​​​​
ពីព្រោះ​យើង​កំពុង​ស៊ើប​អង្កេត​ ដើម្បី​ស្វែង​រក​ការពិត​នៅ​ឡើយ​”។

កូន​ប្រុស​ច្បង​របស់​លោក សារុ៉ន ឈ្មោះ រី សុខលាភ អាយុ​២១​ឆ្នាំ​ ដែល​​បាន​ចូល​រួម​នៅ​ក្នុង​ការ​សាក​សួរ​កាល​ពី​ថ្ងៃ​ពុធ​ផង​ដែរ​​នោះ​បាន​រៀប​រាប់​ពី​រឿង​របស់​ឪពុក​ខ្លួន ​ ហើយ​បាន​បន្ថែម​ថា ចៅក្រម​ក៏​បាន​ត្រួត​ពិនិត្យ​មើល
​មុខ​របួស​នៅ​លើ​ក្បាល​ និង​នៅ​លើ​ដៃ​ខាង​ស្ដាំ​ដែល​រង​ការ​វាយ​ប្រហារ​​ អំឡុង​ការ​វាយ​ដំ​នៅ​ក្នុង​ចម្ការ​កៅស៊ូ​​ដែរ​ ប៉ុន្ដែ បាន​ត្រឹម​តែ​ទទួល​ស្គាល់​ថា របួស​ទាំង​នេះ​ហាក់​ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរ​ណ៍អ៊ីចឹង​។

ជន​រង​គ្រោះ សុខលាភ បាន​រៀប​រាប់ថា “ ​លោក ចៅក្រម​បាន​លើក​ឡើង​ថា អ្នក​ឯង​ក៏​នឹង​ត្រូវ​ចូល​ពន្ធ​នាគារ​ដែរ​ ប្រសិន​បើ​ខ្្ញុំ​រក​ឃើញ​ថា របួស​ទាំង​នេះ​កើត​ចេញ​ពី​ការ​វាយ​ដំ​នោះ​ ពី​ព្រោះ​អ្នក​ក៏​បាន​វាយ​ដំ​កម្មករ​ទាំង​នោះ​ដែរ”។
លោក សារុ៉ន បាន​និយាយ​ថា ការ​សាក​សួរ​កាល​ពី​ថ្ងៃ​ពុធ​មិន​មែន​ជា​ភាព​មិន​ប្រក្រតី​ជា​លើក​ទី១​ នៅ​ក្នុង​ករណី​​​​វាយ​ដំ​នេះ​ទេ​។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​ក្រឡាបញ្ជី​ម្នាក់​​​បាន​ទទួល​យក​ និងបោះ​ត្រា​លើ​ពាក្យ​បណ្ដឹង​ដំបូង​របស់​លោក សារុ៉ន ដែល​បាន​ប្ដឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូឌីអិម​ គ្រុប ដែល​ជា​ថៅកែ​កម្មករ​ទាំង​បួន​នាក់​នោះ​។ ប៉ុន្ដែ បើ​យោង​តាម​លោកសារុ៉​ន វិញ​ បាន​ឲ្យ​ដឹង​ថា ក្រឡា​បញ្ជី​ដដែល​នោះ​ក៏​បាន​​សរសេរ​​ពាក្យ​បណ្ដឹង​ទី​២​​ដោយ​ខ្លួន​ឯង​ផង​ដែរ ជា​ពាក្យ​បណ្តឹង​ដែល​បាន​ប្តឹង​​កម្មករ​ទាំង​បួន​នាក់​នោះ​ មិន​មែន​​ប្តឹង​ក្រុម​​​ហ៊ុន​ចម្ការកៅស៊ូ​ឌីអិម គ្រុប ឡើយ​។

លោក​ ឆាយ ធី អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចា​ំ​ខេត្ត​រតនគិរី ដែល​បាន​ជួយ​លោក​ សារុ៉ន នៅ​ក្នុង​​បណ្ដឹង​ដំបូង​របស់​លោក​ បាន​លើក​ឡើង​ថា លោក​កំពុង​តែ​​ពិនិត្យ​​ពី​ការ​ចោទ​ប្រកាន់​នេះ​។​ លោក​បាន​​មាន​ប្រសាសន៍​ថា “ ​យើង​បាន​ចាត់​តាំង​មេធាវី​ម្នាក់​រួច​ហើយ​ឲ្យ​ទៅ​ស៊ើប​អង្កេត​ករណី​នេះ​ ហើយ​យើង​នឹង​ដាក់​សំណើ​ទៅ​កាន់​ប្រធាន​តុលាការ​ ដើម្បី​សុំ​ឲ្យ​មាន​ការ​ចាត់​តាំង​ចៅក្រម​ថ្មី ប្រសិន​បើ​មេធាវី​របស់​យើង​រក​ឃើញ​ថា ចៅក្រម​ស៊ើប​​​​​សួរ​បច្ចុប្បន្ន​​លម្អៀង​នោះ”។

លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា ដែល​ជា​​អង្គ​ការ​​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ បាន​មាន​ប្រសាសន៍​ថា ច្បាប់​ចែង​ថា ក្មេង​អាយុ​​១៤​ឆ្នាំ ឬក៏លើស​ពីនេះ​​អាច​ជាប់​ពន្ធនាគារ​។ ប៉ុន្ដែ លោក​បាន​លើក​ឡើង​ថា ច្បាប់​ក៏​តម្រូវ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​មិន​លម្អៀង​ផង​ដែរ​។

លោក សុក សំអឿន បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​កូន​ប្រុស​របស់​លោក​ សារុ៉ន ពី​បទ​វាយ​​កម្មករ​​ក្រុមហ៊ុន​មុន​​ការ​ស៊ើប​អង្កេត​​ចប់​សព្វ​គ្រប់​នោះ គឺ​ជា​ការ​រំលោភ​បំពាន​ក្រម​សីលធម៌​យ៉ាង​ខ្លាំង​។ លោក​បាន​មាន​ប្រសាសន៍​ថា “ មួយ​គឺ​អយុត្តិធម៌ មួយ​គឺ​គ្មាន​ក្រម​សីលធម៌​ ហើយ​បុគ្គល​នោះ​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​ពី​ឧត្តម​​ក្រុម​ប្រឹក្សា​​នៃ​អង្គ​ចៅក្រម​​ ពី​ព្រោះ​ចៅក្រម​ស៊ើប​សួរ​ត្រូវ​តែ​អព្យាក្រឹត​”។

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ឌីអិម គ្រុប បាន​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​ភូមិ​នៅ​ក្នុង​ខេត្ត​រតនគិរី​ជាច្រើន​ឆ្នាំ​មក​ហើយ​។

កាល​ពី​ឆ្នាំ​មុន​លោកអនុសេនីយ៍ត្រី​ ស៊ិន វ៉ាន់នី​ អាយុ​៥០​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បាញ់​​អ្នក​ភូមិ​អាយុ​២០​ឆ្នាំ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ឆ្លង​កាត់​ដី​ដែល​មាន​ជម្លោះ​​ជា​យូរ​មក​ហើយ​រវាង​អ្នក​ភូមិ​ជន​ជាតិ​ភាគតិច ​និង​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ឲ្យ​រង​របួស​។

លោក វ៉ាន់នី ត្រូវ​បាន​គេ​ស្គាល់​នៅ​ពេល​នោះ​ថា ជា​សន្ដិសុខ​ម្នាក់​ដែល​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ឌីអិម គ្រុប នៅ​ក្នុង​ស្រុក​លំផាត់។ក្រុមហ៊ុន​ឌីអិម​ គ្រុប មិន​អាច​ទាក់​ទង​សុំ​​ការ​បំភ្លឺ​បាន​ឡើយ៕

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)
ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស